ជំពូក ១៤
មាតុភូមិនិវត្តន៍របស់ជនជាតិអ៊ីស្រាអែល
1 ព្រះអម្ចាស់អាណិតអាសូរដល់ពូជពង្សលោកយ៉ាកុប ព្រះអង្គនៅតែជ្រើសរើស ជនជាតិអ៊ីស្រាអែលដដែល ព្រះអង្គនឹងឲ្យគេទៅរស់នៅលើទឹកដីរបស់ខ្លួនវិញ។ ជនបរទេសនឹងមកជ្រកកោន ហើយរួមរស់ជាមួយកូនចៅលោកយ៉ាកុប។
2 ជាតិសាសន៍នានានឹងជួយជនជាតិអ៊ីស្រាអែល ឲ្យវិលត្រឡប់ទៅមាតុភូមិរបស់ខ្លួនវិញ។ នៅលើទឹកដីរបស់ព្រះអម្ចាស់ អ៊ីស្រាអែលនឹងយកអ្នកទាំងនោះធ្វើជាទាសាទាសី។ ជនជាតិអ៊ីស្រាអែលនឹងចាប់អស់អ្នកដែលបានចាប់ពួកគេទៅជាឈ្លើយ យកមកជាឈ្លើយវិញ ហើយយកអស់អ្នកដែលធ្លាប់សង្កត់សង្កិនខ្លួន ធ្វើជាចំណុះវិញ។
ព្រះបន្ទូលប្រឆាំងនឹងស្តេចស្រុកបាប៊ីឡូន
3 អ៊ីស្រាអែលអើយ ក្រោយពីអ្នកនឿយហត់ និងរងទុក្ខវេទនាជាច្រើន ហើយបន្ទាប់ពីអ្នកធ្វើជាទាសករយ៉ាងសែនលំបាកនោះមក ព្រះអម្ចាស់នឹងប្រោសប្រទានឲ្យអ្នកបានសម្រាក។ 4 ពេលនោះ អ្នកនឹងច្រៀងចំអកឲ្យស្តេចស្រុកបាប៊ីឡូនដូចតទៅ:
ស្តេចដែលជិះជាន់គេ ទៅណាបាត់ហើយ?
អំណាចផ្ដាច់ការ ទៅណាបាត់ហើយ?
5 ព្រះអម្ចាស់ផ្តួលរំលំអំណាចដ៏ឃោរឃៅ
ព្រះអង្គបំបាក់ដំបងរាជ្យរបស់ជនកំណាច
6 គឺមនុស្សដែលមានចិត្តកាចសាហាវ
វាយធ្វើបាបប្រជាជនឥតស្រាកស្រាន្ត
មនុស្សដែលមានចិត្តកំរោល
ហើយយកប្រជាជាតិទាំងឡាយធ្វើជាចំណុះ
និងតាមព្យាបាទពួកគេឥតត្រាប្រណី។
7 ឥឡូវនេះ ផែនដីទាំងមូលបានសុខសាន្តត្រាណ
មនុស្សម្នានាំគ្នាស្រែកហ៊ោយ៉ាងសប្បាយ
8 សូម្បីតែដើមស្រល់ និងដើមឈើធំៗ
នៅស្រុកលីបង់ក៏មានអំណរសប្បាយ
ដោយឃើញអ្នកអស់ឫទ្ធិដែរ
គឺដើមឈើទាំងនោះនាំគ្នាពោលថា:
“តាំងពីអ្នករលំមក
គ្មាននរណាឡើងមកកាប់យើងទៀតទេ!”។
9 ស្តេចកំណាចអើយ!
ក្នុងស្ថានមច្ចុរាជ ក៏មានភាពជ្រួលជ្រើម
រង់ចាំទទួលអ្នកដែរ
មច្ចុរាជដាស់វិញ្ញាណក្ខ័ន្ធអ្នកធំទាំងអស់
គឺដាស់វិញ្ញាណក្ខ័ន្ធស្តេចទាំងប៉ុន្មាន
របស់ប្រជាជាតិនានា
ឲ្យងើបពីបល្ល័ង្ករបស់ខ្លួនដែរ។
10 វិញ្ញាណក្ខ័ន្ធទាំងនោះនឹងពោលមកកាន់អ្នកថា:
“អុញ ព្រះករុណាអស់ឫទ្ធិដូចយើងដែរតើ!
គឺមិនខុសពីយើងទេ!។
11 ភាពថ្កុំថ្កើងរបស់អ្នកបានធ្លាក់ទៅក្នុង
ស្ថានមច្ចុរាជ ដោយមានសំឡេងពិណកំដរផង
ដង្កូវនឹងធ្វើជាពូក ជាភួយរបស់អ្នក”។
12 ឱផ្កាយព្រឹកដ៏ភ្លឺអើយ
ម្ដេចក៏អ្នកធ្លាក់ពីលើមេឃមកដូច្នេះ?
អ្នកធ្លាប់បង្ក្រាបប្រជាជាតិទាំងឡាយ
ម្ដេចអ្នកដួលដល់ដីយ៉ាងនេះ?
13 អ្នកតែងតែពោលថា:
“យើងនឹងឡើងទៅលើមេឃ ហើយលើក
បល្ល័ង្ករបស់យើងឡើងឲ្យខ្ពស់ជាងផ្កាយ
របស់ព្រះជាម្ចាស់ទៅទៀត។
យើងនឹងអង្គុយលើភ្នំនៅខាងជើងបំផុត
ជាកន្លែងដែលព្រះទាំងឡាយជួបជុំគ្នា។
14 យើងនឹងឡើងទៅលើ ខ្ពស់ជាងពពកទៅទៀត
យើងនឹងបានដូចព្រះដ៏ខ្ពង់ខ្ពស់បំផុត”។
15 ឥឡូវនេះ អ្នកបែរជាធ្លាក់ចុះមកដល់ស្ថាន
មច្ចុរាជ គឺក្នុងរណ្ដៅដ៏ជ្រៅនេះទៅវិញ។
16 អស់អ្នកដែលឃើញអ្នក គេខំប្រឹងសម្លឹងមើល
ដោយយកចិត្តទុកដាក់ ហើយសួរគ្នាថា:
“អ្នកនេះឬដែលបានធ្វើឲ្យកក្រើកផែនដី
និងរំលំអាណាចក្រទាំងឡាយ
17 ព្រមទាំងធ្វើឲ្យពិភពលោកក្លាយទៅជា
ទីស្មសានដ៏ស្ងាត់ជ្រងំ
និងកម្ទេចទីក្រុងនានា
ហើយមិនដែលដោះលែងឈ្លើយសឹក
ទាល់តែសោះនុ៎ះ?”។
18 ស្តេចរបស់ប្រជាជាតិនានាសុទ្ធតែសម្រាក
យ៉ាងរុងរឿង ក្នុងផ្នូររបស់ខ្លួន។
19 ចំពោះអ្នកវិញ
គេបានបោះសាកសពអ្នកចោលឆ្ងាយពីផ្នូរ
គួរឲ្យខ្ពើម ដូចកូនដែលគេរំលូតចោល
ឬដូចសាកសពដែលគេដើរជាន់។
មានសាកសពរបស់អស់អ្នកដែលគេ
សម្លាប់ដោយមុខដាវនៅគរពីលើអ្នក
ហើយសាកសពទាំងនោះត្រូវគេច្រានទម្លាក់
ទៅលើថ្មនៅបាតរណ្ដៅ។
20 អ្នកពុំបានសម្រាកនៅក្នុងផ្នូរជាមួយស្តេចឯទៀតៗទេ
ព្រោះអ្នកបានបំផ្លាញស្រុករបស់អ្នក
និងសម្លាប់ប្រជារាស្ដ្ររបស់អ្នក។
ទៅថ្ងៃមុខ គេនឹងលែងនឹកនាដល់ឈ្មោះ
ពូជដ៏កំណាចរបស់អ្នកទៀតហើយ។
21 ព្រោះតែកំហុសរបស់ឪពុក
ចូរប្រុងប្រៀបខ្លួន សម្លាប់រង្គាលកូនប្រុសៗ
របស់គេចោលទៅ
ក្រែងលោគេក្រោកឡើងរុករានទន្ទ្រានផែនដី
ហើយសង់ក្រុងពាសពេញលើពិភពលោក។
22 ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «យើងនឹងក្រោកឡើង ប្រឆាំងនឹងជនជាតិបាប៊ីឡូន យើងនឹងលុបបំបាត់ឈ្មោះបាប៊ីឡូន ព្រមទាំងពូជពង្ស និងខ្សែស្រឡាយរបស់គេ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ 23 យើងនឹងធ្វើឲ្យស្រុករបស់គេក្លាយទៅជាព្រៃរនាម ដែលមានតែសត្វកាំប្រមារស់នៅ យើងនឹងបោសក្រុងបាប៊ីឡូន ឥតទុកអ្វីឲ្យនៅសល់ឡើយ» -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។
ព្រះបន្ទូលប្រឆាំងនឹងស្រុកអាស្ស៊ីរី
24 ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូល
ដាច់អហង្ការថា៖
“យើងបានគ្រោងទុកយ៉ាងណា
យើងក៏នឹងប្ដេជ្ញាចិត្តធ្វើយ៉ាងនោះដែរ
យើងបានសម្រេចយ៉ាងណា
ហេតុការណ៍ក៏នឹងកើតមានយ៉ាងនោះដែរ។
25 យើងនឹងកម្ទេចពួកអាស្ស៊ីរីក្នុងទឹកដីរបស់យើង
យើងនឹងជាន់ឈ្លីពួកគេនៅលើភ្នំរបស់យើង
យើងនឹងយកនឹមដែលអាស្ស៊ីរីដាក់លើ
ប្រជាជនរបស់យើងចេញ
ហើយយើងក៏នឹងយកអម្រែកដែលគេដាក់លើ
ស្មាប្រជាជនយើងនោះចេញដែរ”។
26 នេះជាការដែលព្រះអង្គបានសម្រេចធ្វើ
ចំពោះផែនដីទាំងមូល
ព្រះអង្គនឹងលាតព្រះហស្ដប្រហារ
ប្រជាជាតិទាំងអស់។
27 បើព្រះអម្ចាស់នៃពិភពទាំងមូលសម្រេចដូច្នេះ
គ្មាននរណាអាចកែប្រែឡើយ
ពេលព្រះអង្គលាតព្រះហស្ដប្រហារហើយ
គ្មាននរណាអាចបញ្ឈប់ព្រះអង្គបានទេ។
ព្រះបន្ទូលប្រឆាំងនឹងជនជាតិភីលីស្ទីន
28 នៅឆ្នាំដែលព្រះបាទអខាសសោយទិវង្គត
ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ:
29 ភីលីស្ទីនទាំងមូលអើយ
មិនត្រូវរីករាយ ដោយឃើញដំបងដែល
ធ្លាប់វាយអ្នក បានបាក់នោះឡើយ!
ដ្បិតនឹងមានពស់វែកមួយ
កើតចេញពីពូជរបស់ពស់នោះ
ហើយក៏នឹងមានពស់អសិរពិសកើតចេញ
ពីពងរបស់ពស់វែកនោះដែរ។
30 ពេលនោះ ព្រះអម្ចាស់នឹងថែរក្សា
មនុស្សកំសត់ទុរគត
ព្រះអង្គនឹងនាំមនុស្សក្រីក្រទៅរកកន្លែង
សម្រាកយ៉ាងសុខសាន្ត។
ផ្ទុយទៅវិញ ព្រះអង្គនឹងធ្វើឲ្យ
ពូជពង្សរបស់អ្នកស្លាប់ដោយអត់ឃ្លាន
រីឯអ្នកដែលនៅសល់ នឹងស្លាប់ដោយមុខដាវ។
31 ទ្វារក្រុងអើយ ចូរសោកសង្រេងទៅ!
ទីក្រុងអើយ ចូរស្រែកយំទៅ!
ស្រុកភីលីស្ទីនទាំងមូលរលាយសូន្យហើយ
ដ្បិតមានផ្សែងហុយមកពីទិសខាងជើង
ខ្មាំងសត្រូវលើកទ័ពមកទាំងអស់គ្នា
ឥតបាត់ម្នាក់ណាឡើយ។
32 តើយើងត្រូវឆ្លើយយ៉ាងដូចម្ដេចទៅទូត
របស់ស្រុកភីលីស្ទីន?
ត្រូវឆ្លើយថា “ព្រះអម្ចាស់បានសង់ក្រុងស៊ីយ៉ូនឡើង
ហើយជនទុរគតក្នុងចំណោមប្រជារាស្ដ្ររបស់
ព្រះអង្គនឹងជ្រកកោននៅក្នុងក្រុងនោះ”។