ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ពាក្យ​លំនាំ

«អេសាយ»ក្នុង​ភាសា​ហេប្រឺ​មាន​ន័យ​ថា «ព្រះ‌អម្ចាស់​សង្គ្រោះ»។ ឈ្មោះ​របស់​លោក​អេសាយ​ហាក់​ដូច​ជា​ចង់​សង្ខេប​អត្ថ‌ន័យ​នៃ​ខ្លឹម‌សារ​របស់​កណ្ឌ​គម្ពីរ​អេសាយ​នេះ​ទាំង​មូល។ ប៉ុន្តែ ការ​សង្គ្រោះ​ដែល​ព្រះ‌ជាម្ចាស់​ប្រទាន​មក ជួន​កាល មិន​ស្រប​តាម​ចិត្ត​ប៉ង‌ប្រាថ្នា​របស់​មនុស្ស​ទេ ហេតុ​នេះ​ហើយ​បាន​ជា​នៅ​ក្នុង​គម្ពីរ​អេសាយ មាន​សេចក្ដី​ខ្លះ​ធ្វើ​ឲ្យ​យើង​ងឿង‌ឆ្ងល់ អំពី​របៀប ដែល​ព្រះ‌អម្ចាស់​សង្គ្រោះ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ។ យើង​អាច​បែង​ចែក​កណ្ឌ​គម្ពីរ​អេសាយ​ទាំង​៦៦​ចំពូក ជា​បី​ផ្នែក យោង​តាម​យុគ‌សម័យ​បី​នៃ​ប្រវត្តិ‌សាស្ត្រ​របស់​ប្រជា‌រាស្ដ្រ​អ៊ីស្រា‌អែល។

ផ្នែក​ទី​មួយ(ចំពូក​១‑៣៩): ព្រះ‌បន្ទូល​ក្នុង​ផ្នែក​នេះ រៀប‌រាប់​ចាប់​ពី​ឆ្នាំ ៧៤០ ដល់ ៧០០ មុន​គ.ស.។ លោក​អេសាយ​ថ្លែង​ព្រះ‌បន្ទូល​នៅ​ក្រុង​យេរូ‌សាឡឹម ក្នុង‌រយៈ​កាល​មួយ​ដ៏​វឹក‌វរ គឺ​នៅ​គ្រា​ដែល​មាន​វិបត្តិ​អន្តរ‌ជាតិ​មួយ​ធ្ងន់‌ធ្ងរ : ស្រុក​អេស៊ីប ដែល​ជា​មហា​អំណាច​ប៉ែក​ខាង​ត្បូង កំពុង​តែ​ចុះ​ឱន​ថយ ហើយ​ស្រុក​អាស្ស៊ីរី​ដែល​នៅ​ខាង​ជើង​ចេះ​តែ​ពង្រឹង​អំណាច​ខ្លាំង​ឡើងៗ។

នៅ​ឆ្នាំ ៧៣៥ មុន​គ.ស. គឺ​នៅ​គ្រា​ដែល​ព្រះ‌បាទ​អខាស​គ្រង​រាជ្យ​នៅ​ក្រុង​យេរូ‌សាឡឹម រាជា‌ណា‌ចក្រ​ស៊ីរី និង​អេប្រា‌អ៊ីម (អ៊ីស្រា‌អែល​ខាង​ជើង) បាន​ព្រួត​គ្នា​ប្រឆាំង​នឹង​រាជា‌ណា‌ចក្រ​យូដា ដើម្បី​បង្ខំ​នគរ​នេះ​ឲ្យ​ចូល​ដៃ​ជា​មួយ​ពួក​គេ ត‌ទល់​នឹង​ការ​គំរាម‌កំហែង​របស់​ជន​ជាតិ​អាស្ស៊ីរី។

នៅ​ឆ្នាំ ៧២២‑៧២១: រាជា‌ណា‌ចក្រ​អ៊ីស្រា‌អែល​ខាង​ជើង​ត្រូវ​រលាយ គឺ​កង‌ទ័ព​អាស្ស៊ីរី​វាយ​យក​បាន​ក្រុង​សាម៉ារី ហើយ​កៀរ​ប្រជាជន​ទៅ​ជា​ឈ្លើយ​សឹក។

នៅ​ឆ្នាំ ៧០១: កង‌ទ័ព​អាស្ស៊ីរី​ឡោម‌ព័ទ្ធ​ក្រុង​យេរូ‌សាឡឹម ហើយ​លេប​ទឹក​ដី​យូដា​បន្តិច​ម្ដងៗ។ ក្នុង‌រយៈ​កាល​នោះ ព្យាការី​អេសាយ​ប្រកាស​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់​យ៉ាង​តឹង‌រ៉ឹង​បំផុត។ លោក​ស្តី​បន្ទោស​ជន​ជាតិ​អ៊ីស្រា‌អែល ដោយ​ប្រកាស​ថា ព្រះ‌ជាម្ចាស់​អនុញ្ញាត​ឲ្យ​ជន​ជាតិ​អាស្ស៊ីរី​មក​គំរាម‌កំហែង​ជន​ជាតិ​អ៊ីស្រា‌អែល ដើម្បី​ដាក់​ទោស​ពួក​គេ ព្រោះ​ពួក​គេ​បោះ‌បង់​ចោល​ព្រះ‌អង្គ។ លោក​ក៏​បាន​ប្រកាស​ជំទាស់​នឹង​នយោ‌បាយ​របស់​អ្នក​ដឹក​នាំ ដែល​គិត‌គូរ​រក​មធ្យោ‌បាយ​រំដោះ​ស្រុក ដោយ​ពឹង​លើ​កម្លាំង​មនុស្ស​លោក។ លោក​ប្រកាស​ប្រឆាំង​នឹង​មេ​ដឹក​នាំ ដែល​ចេះ​តែ​ប្រើ​អំណាច​ជិះ‌ជាន់ រំលោភ​លើ​សិទ្ធិ​ប្រជាជន​ទន់​ខ្សោយ ព្រម​ទាំង​ប្រឆាំង​នឹង​មេ​ដឹក​នាំ​សាសនា​ដែល​ឆ្លៀត​ឱកាស​កេង‌ប្រវ័ញ្ច​ប្រជាជន​ក្រីក្រ ហើយ​លោក​ក៏​បន្ទោស​ជន​ជាតិ​អ៊ីស្រា‌អែល​ចំពោះ​មហិច្ឆតា​ចង់​ក្លាយ​ទៅ​ជា​មហា​ប្រទេស​ដែរ។

ប៉ុន្តែ នៅ​ពេល​មាន​ទុក្ខ​លំបាក​មក​ដល់ ព្រះ‌បន្ទូល​ដែល​លោក​ថ្លែង បាន​ក្លាយ​ទៅ​ជា​ពាក្យ​លើក​ទឹក​ចិត្ត​ប្រជាជន​មិន​ឲ្យ​ភ័យ​តក់‌ស្លុត ឬ​បាក់​ទឹក​ចិត្ត​ឡើយ។ ក្នុង​គ្រប់​កាលៈ‌ទេសៈ​ទាំង​អស់ ព្យាការី​អេសាយ​ប្រកាស​ឲ្យ​ប្រជាជន​កែ‌ប្រែ​ចិត្ត​គំនិត ហើយ​ជឿ​ទុក​ចិត្ត​លើ​ព្រះ‌ជាម្ចាស់ និង​ទុក​ចិត្ត​លើ​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គ។ លោក​ណែ‌នាំ​ប្រជាជន​ឲ្យ​ប្រព្រឹត្ត​អំពើ​ផ្សេងៗ ស្រប​តាម​ជំនឿ​របស់​ខ្លួន ទោះ‌បី​ក្នុង​ផ្នែក​សង្គម ឬ​ផ្នែក​នយោ‌បាយ និង​ក្នុង​ជីវិត​របស់​បុគ្គល​ម្នាក់ៗ​ក្តី។

យើង​អាច​ចែក​ផ្នែក​ទី​មួយ​នេះ​ដូច​ត​ទៅ:

• ចំពូក ១‑១២; ២៨‑៣៣: ព្រះ‌បន្ទូល​ស្តី​អំពី​រាជា‌ណា‌ចក្រ​យូដា និង​រាជា‌ណា‌ចក្រ​អ៊ីស្រា‌អែល។

• ចំពូក ១៣‑២៣: ព្រះ‌បន្ទូល​ស្តី​អំពី​ប្រជា‌ជាតិ​ឯ​ទៀតៗ គឺ​មាន​បាប៊ីឡូន ភីលី‌ស្ទីន និង​ម៉ូអាប់។ ល។

• ចំពូក ២៤‑២៧; ៣៤‑៣៥: ស្ថាន‌ភាព​វឹក‌វរ​នៅ​គ្រា​ចុង​ក្រោយ​បំផុត។

• ចំពូក ៣៦‑៣៩: ព្រឹត្តិ‌ការណ៍​ផ្សេងៗ​នៅ​រជ្ជ‌កាល​ព្រះ‌បាទ​អេសេ‌ខ្យាស ដែល​ជា​កំណត់​ហេតុ​ដូច​គ្នា​នឹង​កណ្ឌ​គម្ពីរ​ពង្សា‌វតារ‌ក្សត្រ​ដែរ។

ផ្នែក​ទី​ពីរ (ចំពូក​៤០-៥៥): ពេល​ខ្លះ គេ​ហៅ​ផ្នែក​នេះ​ថា«គម្ពីរ​សម្រាល​ទុក្ខ​អ៊ីស្រា‌អែល»។ ក្នុង​ផ្នែក​នេះ មាន​រៀប‌រាប់​អំពី​ជន​ជាតិ​បាប៊ីឡូន ដែល​ឡើង​ជា​មហា​អំណាច​គ្រប់‌គ្រង​នៅ​តំបន់​នោះ ជំនួស​ជន​ជាតិ​អាស្ស៊ីរី។ កង‌ទ័ព​បាប៊ីឡូន​វាយ​យក​បាន​ក្រុង​យេរូ‌សាឡឹម​នៅ​ឆ្នាំ ៥៨៧ មុន​គ.ស. ហើយ​កៀរ​ប្រជាជន​យក​ទៅ​ជា​ឈ្លើយ​សឹក។ ពេល​នោះ ប្រជាជន​ដែល​ជាប់​ជា​ឈ្លើយ​នាំ​គ្នា​បាក់​ទឹក​ចិត្ត ហើយ​គិត​ថា​ព្រះ‌ជាម្ចាស់​បាន​បោះ‌បង់​ចោល​ពួក​គេ។

ក្នុង​ផ្នែក​នេះ ព្យាការី​ប្រកាស​ថា ព្រះ‌ជាម្ចាស់​នឹង​ប្រើ​ព្រះ‌ចៅ​ស៊ីរូស ជា​ស្តេច​នៃ​ចក្រ‌ភព​ពែរ្ស ឲ្យ​រំដោះ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ ព្រម​ទាំង​នាំ​ពួក​គេ​វិល​មក​កាន់​ទឹក​ដី​សន្យា​វិញ។ តាម‌រយៈ​ការ​រំដោះ​នេះ ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​ប្រកាស​ឲ្យ​ប្រជាជន​ដឹង​ថា ព្រះ‌អង្គ​ជា​ព្រះ‌អាទិករ​នៃ​ពិភព‌លោក​នេះ ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​ប្រកាស ហើយ​អ្វីៗ​ដែល​ព្រះ‌អង្គ​គ្រោង​ទុក មុខ​តែ​សម្រេច​ជា​រូប‌រាង​មិន​ខាន។ រីឯ​ព្រះ​របស់​សាសន៍​ដទៃ​វិញ សុទ្ធ​តែ​ឥត​ប្រយោជន៍ ព្រោះ​ពុំ​អាច​ធ្វើ​អ្វី​កើត​ឡើយ។

នៅ​ក្នុង​ព្រះ‌បន្ទូល​ដែល​ផ្តល់​សេចក្ដី​សង្ឃឹម​នេះ មាន​កំណាព្យ​បួន​ថ្លែង​អំពី «អ្នក​បម្រើ​របស់​ព្រះ‌ជាម្ចាស់» (៤២.១‑៤; ៤៩.១-៦; ៥០.៤-៩; ៥២.១៣-៥៣.១២) ដែល​គេ​ចាត់​ទុក​ជា​រូប‌ភាព​មួយ​របស់​ព្រះ‌យេស៊ូ ក្នុង​សម្ពន្ធ‌មេត្រី​ថ្មី(សូម​អាន​កិច្ច‌ការ ៨.៣០-៣៥)។

ផ្នែក​ទី​បី (ចំពូក ៥៦‑៦៦): ពេល​ជន​ជាតិ​អ៊ីស្រា‌អែល​ដែល​ត្រូវ​គេ​កៀរ​ទៅ​ជា​ឈ្លើយ​សឹក វិល​មក​ដល់​ស្រុក​វិញ ពួក​គេ​រស់​នៅ​យ៉ាង​លំបាក កំសត់​ទុរគត គឺ​ទី‌ក្រុង​បាក់‌បែក មាន​សត្រូវ​យាយី​ជុំ‌វិញ ហើយ​អ្នក​ដែល​ស្មោះ‌ត្រង់​នឹង​ព្រះ‌ជាម្ចាស់​មាន​នៅ​សល់​តែ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ…។

ប៉ុន្តែ ព្យាការី​ប្រកាស​ថា ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អម្ចាស់​បាន​ចាត់​លោក​ឲ្យ​មក​ប្រកាស​ដំណឹង‌ល្អ​ដល់​ជន​ក្រីក្រ និង​ថែ​ទាំ​អ្នក​ដែល​បាក់​ទឹក​ចិត្ត…(ចំពូក ៦១)។ ក្រោយ​មក ព្រះ‌យេស៊ូ​ប្រកាស​ថា ព្រះ‌អង្គ​យាង​មក​បំពេញ​ព្រះ‌បរម‌កិច្ច​របស់​ព្រះ‌អង្គ​នៅ​ផែន‌ដី ដូច​ព្យាការី​បាន​ប្រកាស​ទុក​មែន (លូកា ៤.១៦‑២១)។