ជំពូក ៩

ប្រជាជន​ដែល​ជាប់​ជា​ឈ្លើយ​សឹក ហើយ​វិល​មក​រស់​នៅ​ក្រុង​យេរូ‌សាឡឹម​វិញ

1 គេ​បាន​ជំរឿន​ប្រជាជន​អ៊ីស្រា‌អែល​ទាំង​មូល តាម​ក្រុម​គ្រួសារ​របស់​គេ ហើយ​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្តេច​ស្រុក​អ៊ីស្រា‌អែល។
ប្រជាជន​យូដា​ត្រូវ​ខ្មាំង​កៀរ​ទៅ​ជា​ឈ្លើយ នៅ​ស្រុក​បាប៊ីឡូន ព្រោះ​តែ​ពួក​គេ​មិន​ស្មោះ‌ត្រង់​នឹង​ព្រះ‌ជាម្ចាស់។ 2 អស់​អ្នក​ដែល​បាន​វិល​មក​វិញ​មុន​គេ​បង្អស់ ហើយ​កាន់​កាប់​ទឹក​ដី​ជា​កម្ម‌សិទ្ធិ​របស់​ខ្លួន​នៅ​តាម​ក្រុង​នានា នោះ​គឺ​ប្រជាជន​អ៊ីស្រា‌អែល​ធម្មតា ពួក​បូជា‌ចារ្យ ពួក​លេវី និង​ពួក​នេធីនីម។ 3 កូន​ចៅ​យូដា កូន​ចៅ​បេនយ៉ាមីន កូន​ចៅ​អេប្រាអ៊ីម និង​ម៉ាណាសេ​ខ្លះ នាំ​គ្នា​តាំង​ទី​លំ‌នៅ នៅ​ក្រុង​យេរូ‌សាឡឹម។
4 ក្នុង​កុល‌សម្ព័ន្ធ​យូដា​មាន​លោក​អ៊ូតាយ ជា​កូន​របស់​លោក​អាំមី‌ហ៊ូដ ជា​ចៅ​របស់​លោក​អុមរី ជា​ចៅ‌ទួត​របស់​លោក​អ៊ីមរី និង​ជា​ចៅ‌លួត​របស់​លោក​បានី ក្នុង​អំបូរ​ពេរេស។ 5 ក្នុង​អំបូរ​សេឡា មាន​លោក​អសាយ៉ា ជា​រៀម‌ច្បង​គេ និង​កូន​ចៅ​របស់​គាត់។ 6 ក្នុង​អំបូរ​សេរ៉ា​មាន លោក​យេអូអែល និង​បង‌ប្អូន​របស់​គាត់។ សរុប​ទាំង​អស់​មាន​៦៩០ នាក់។
7 ក្នុង​កុល‌សម្ព័ន្ធ​បេនយ៉ាមីន​មាន​លោក​សាលូ ជា​កូន​របស់​លោក​មេស៊ូឡាម ជា​ចៅ​របស់​លោក​ហូដា‌វីយ៉ា និង​ជា​ចៅ‌ទួត​របស់​លោក​ហាសេនូអា។ 8 លោក​យីបនេយ៉ា​ជា​កូន​របស់​លោក​យេរ៉ូហាំ។ លោក​អេឡា​ជា​កូន​របស់​លោក​អ៊ូស៊ី ហើយ​លោក​អ៊ូស៊ី​ត្រូវ​ជា​កូន​របស់​លោក​មីករី ជា​ចៅ​របស់​លោក​មេស៊ូឡាម ជា​ចៅ‌ទួត​របស់​លោក​សេផាទីយ៉ា ជា​ចៅ‌លួត​របស់​លោក​រេអ៊ូអែល និង​ជា​ចៅ​លា​របស់​លោក​យីបនីយ៉ា។ 9 អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​មេ​ដឹក​នាំ​លើ​ក្រុម​គ្រួសារ​របស់​គេ​រៀងៗ​ខ្លួន។ បង‌ប្អូន​របស់​ពួក​គេ​ទាំង​អស់ រាប់​តាម​តំណ​វង្ស​ត្រកូល​របស់​ពួក​គេ មាន​ចំនួន ៩៥៦​នាក់។
10 ក្នុង​ក្រុម​បូជា‌ចារ្យ មាន​លោក​យេដា‌យ៉ា លោក​យេហូ‌យ៉ារីប លោក​យ៉ាគីន 11 លោក​អសារីយ៉ា ជា​កូន​របស់​លោក​ហ៊ីលគីយ៉ា ជា​ចៅ​របស់​លោក​មេស៊ូឡាម ជា​ចៅ‌ទួត​របស់​លោក​សាដុក ជា​ចៅ‌លួត​របស់​លោក​មេរ៉ាយ៉ូត ជា​ចៅ​លា​របស់​លោក​អហ៊ីទូប ជា​អ្នក​គ្រប់‌គ្រង​លើ​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់។ 12 លោក​អដាយ៉ា​ជា​កូន​របស់​លោក​យេរ៉ូហាំ ជា​ចៅ​របស់​លោក​ប៉ាសួរ ជា​ចៅ‌ទួត​របស់​លោក​ម៉ាល់គីយ៉ា។ លោក​ម៉ាសាយ ជា​កូន​របស់​លោក​អឌីអែល ជា​ចៅ​របស់​លោក​យ៉ាសេរ៉ា ជា​ចៅ‌ទួត​របស់​លោក​មេស៊ូ‌ឡាម ជា​ចៅ‌លួត​របស់​លោក​មេស៊ីល‌លេមេត ជា​ចៅ​លា​របស់​លោក​អ៊ីមែរ 13 ព្រម​ទាំង​បង‌ប្អូន​របស់​ពួក​គេ ដែល​សុទ្ធ​តែ​ជា​មេ​ដឹក​នាំ​លើ​ក្រុម​គ្រួសារ​របស់​ខ្លួន មាន​ចំនួន​ទាំង​អស់​១៧៦០​នាក់។ អ្នក​ទាំង​នោះ​ជា​មនុស្ស​ប៉ិន‌ប្រសប់​បំពេញ​ការ‌ងារ​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់។
14 ក្រុម​លេវី​មាន​សេម៉ាយ៉ា ជា​កូន​ហាស៊ូប ជា​ចៅ​របស់​លោក​អាសរីកាំ ជា​ចៅ‌ទួត​របស់​លោក​ហាសាប៊ីយ៉ា ក្នុង​អំបូរ​មេរ៉ារី។ 15 លោក​បាកបាការ លោក​ហេរេស លោក​កាឡាល លោក​ម៉ាតាណា ជា​កូន​របស់​លោក​មីកា ជា​ចៅ​របស់​លោក​ស៊ីករី ជា​ចៅ‌ទួត​របស់​លោក​អសាភ។ 16 លោក​អូបាឌី ជា​កូន​របស់​លោក​សេម៉ាយ៉ា ជា​ចៅ​របស់​លោក​កាឡាល ជា​ចៅ‌ទួត​របស់​លោក​យេឌូទូន។ លោក​បេរេគីយ៉ា ជា​កូន​របស់​លោក​អេសា ជា​ចៅ​របស់​លោក​អែល‌កាណា ដែល​រស់​នៅ​តាម​ភូមិ​របស់​ពួក​នេតូផា។
17 ក្រុម​ឆ្មាំ​ទ្វារ លោក​សាលូម លោក​អគូប លោក​តាលម៉ូន លោក​អហ៊ីម៉ន និង​បង‌ប្អូន​របស់​គេ។ លោក​សាលូម​ជា​មេ​ដឹក​នាំ។ 18 មក​ទល់​នឹង​ពេល​នោះ ពួក​គេ​តែង‌តែ​យាម​នៅ​ខ្លោង​ទ្វារ​ហ្លួង នៅ​ប៉ែក​ខាង​កើត។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​ពួក​ឆ្មាំ​ទ្វារ​នៃ​ជំរំ​កូន​ចៅ​លេវី។ 19 លោក​សាលូម​ជា​កូន​របស់​លោក​កូរេ ជា​ចៅ​របស់​លោក​អេប៊ីយ៉ាសាប់ ជា​ចៅ‌ទួត​របស់​លោក​កូរេ ព្រម​ទាំង​បង‌ប្អូន​រួម​ត្រកូល​របស់​គាត់ គឺ​ពូជ‌ពង្ស​កូរេ មាន​ភារ‌កិច្ច​ជា​អ្នក​យាម​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់។ បុព្វ‌បុរស​របស់​ពួក​គេ​ក៏​ធ្លាប់​ធ្វើ​ជា​អ្នក​យាម​នៅ​ច្រក​ចូល​ពន្លា​របស់​ព្រះ‌អម្ចាស់​ដែរ 20 ដោយ​មាន​លោក​ភីនេអាស ជា​កូន​របស់​លោក​អេឡា‌សារ ធ្វើ​ជា​អ្នក​ដឹក​នាំ។ ព្រះ‌អម្ចាស់​បាន​គង់​ជា​មួយ​លោក។ 21 លោក​សាការី​ជា​កូន​របស់​លោក​មេសេ‌លេមីយ៉ា ជា​ឆ្មាំ​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់។ 22 អស់​អ្នក​ដែល​គេ​ជ្រើស‌រើស​ឲ្យ​ធ្វើ​ជា​ឆ្មាំ​ទ្វារ ហើយ​ជំរឿន​តាម​ភូមិ​របស់​ពួក​គេ​មាន​ចំនួន​ទាំង​អស់​២១២​នាក់។ ព្រះ‌បាទ​ដាវីឌ និង​លោក​សាមូអែល​ជា​គ្រូ​ទាយ​បាន​តែង‌តាំង​ពួក​គេ​ឲ្យ​បំពេញ​មុខ‌ងារ​នេះ។ 23 ដូច្នេះ ពួក​គេ និង​កូន​ចៅ​របស់​ពួក​គេ ក៏​បំពេញ​មុខ‌ងារ​ជា​ឆ្មាំ​ទ្វារ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ គឺ​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អង្គ។ 24 មាន​ពួក​ឆ្មាំ​ទ្វារ​នៅ​ទិស​ទាំង​បួន គឺ​ខាង​កើត ខាង​លិច ខាង​ជើង និង​ខាង​ត្បូង។ 25 រីឯ​បង‌ប្អូន​របស់​ពួក​គេ​ដែល​រស់​នៅ​តាម​ភូមិ​នានា ត្រូវ​ចូល​មក​ជួយ​ការ‌ងារ​របស់​ពួក​គេ​យូរៗ​ម្ដង ក្នុង​អំឡុង​ពេល​ប្រាំ​ពីរ​ថ្ងៃ។ 26 ពួក​លេវី​ទាំង​បួន​នាក់ ដែល​ជា​មេ​លើ​ពួក​ឆ្មាំ​ទ្វារ នៅ​បំពេញ​ការ‌ងារ​របស់​ខ្លួន​ជាប់​រហូត។ លើស​ពី​នោះ ពួក​គេ​ក៏​មើល​ខុស​ត្រូវ​លើ​បន្ទប់​ផ្សេងៗ និង​ទ្រព្យ​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់​ដែរ។ 27 ពេល​យប់ ពួក​គេ​ស្នាក់​នៅ​ជុំ‌វិញ​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ ដ្បិត​ពួក​គេ​មាន​ភារ‌កិច្ច​យាម​ព្រះ‌ដំណាក់ និង​បើក​ទ្វារ​រៀង​រាល់​ព្រឹក។
28 ពួក​លេវី​ខ្លះ​មាន​ភារ‌កិច្ច​ថែ‌រក្សា​គ្រឿង​បរិក្ខារ សម្រាប់​ប្រើ‌ប្រាស់​ក្នុង​ព្រះ‌ដំណាក់ គឺ​ពួក​គេ​ត្រូវ​រាប់​នៅ​ពេល​យក​ចេញ​មក​ប្រើ ហើយ​ពេល​យក​ទៅ​ទុក​វិញ ក៏​ត្រូវ​រាប់​ដែរ។ 29 អ្នក​ខ្លះ​ទទួល​ភារ‌កិច្ច​ថែ‌រក្សា​គ្រឿង​បរិក្ខារ​ឯ​ទៀតៗ និង​គ្រឿង​សម្ភារៈ​នៅ​ក្នុង​ទី‌សក្ការៈ ព្រម​ទាំង​ម្សៅ​ម៉ដ្ត ស្រា​ទំពាំង‌បាយ‌ជូរ ប្រេង គ្រឿង​ក្រអូប និង​ប្រេង​ក្រអូប​ផ្សេងៗ​ផង។ 30 ពួក​បូជា‌ចារ្យ​ខ្លះ​ទទួល​បន្ទុក​ផ្នែក​ខាង​ផ្សំ​ប្រេង​ក្រអូប។ 31 លោក​ម៉ាទីតា​ជា​ពួក​លេវី ហើយ​ជា​កូន​ច្បង​របស់​លោក​សាលូម ក្នុង​ពូជ‌ពង្ស​របស់​លោក​កូរេ មាន​ភារ‌កិច្ច​ធ្វើ​នំ​ដែល​ចម្អិន​ដោយ​ប្រើ​ពុម្ព។ 32 រីឯ​បង‌ប្អូន​របស់​ពួក​គេ​ពី​អំបូរ​គើហាត់​មាន​ភារ‌កិច្ច​ចាត់​ចែង​មើល​នំបុ័ង ដែល​ត្រូវ​រៀប​ថ្វាយ​ព្រះ‌អម្ចាស់ រៀង​រាល់​ថ្ងៃ​សប្ប័ទ*។
33 ពួក​អ្នក​ចម្រៀង ដែល​សុទ្ធ​តែ​ជា​មេ​ដឹក​នាំ​ក្រុម​គ្រួសារ​លេវី អាស្រ័យ​នៅ​តាម​បន្ទប់​នានា ក្នុង​ព្រះ‌ដំណាក់។ ពួក​គេ​មិន​ធ្វើ​ការ​អ្វី​ផ្សេង​ទៀត​ឡើយ ដ្បិត​ពួក​គេ​ត្រូវ​បំពេញ​មុខ‌ងារ​របស់​ខ្លួន​ទាំង​ថ្ងៃ ទាំង​យប់។
34 នេះ​ហើយ​ជា​មេ​ដឹក​នាំ​របស់​ក្រុម​គ្រួសារ​នៃ​កុល‌សម្ព័ន្ធ​លេវី តាម​តំណ​វង្ស​ត្រកូល​របស់​ពួក​គេ។ អ្នក​ទាំង​នោះ​រស់​នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម។
35 រីឯ​លោក​យេអ៊ីអែល ជា​អ្នក​សង់​ក្រុង​កាបូន រស់​នៅ​ក្នុង​ក្រុង​នោះ។ ប្រពន្ធ​របស់​គាត់​ឈ្មោះ​ម៉ាកា។ 36 កូន​របស់​គាត់ មាន​អាប់ដូន ជា​កូន​ច្បង បន្ទាប់​មក សួរ គីស បាល នែរ ណាដាប 37 កេឌ័រ អហ៊ីយ៉ូ សាការី និង​មីកឡូត។ 38 លោក​មីកឡូត​ជា​ឪពុក​របស់​លោក​ស៊ីម៉ាម។ អ្នក​ទាំង​នោះ​ក៏​រស់​នៅ​ក្រុង​យេរូ‌សាឡឹម​ជា​មួយ​បង‌ប្អូន​របស់​គេ​ដែរ។

ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​សាអ៊ូល

39 លោក​នែរ​ជា​ឪពុក​របស់​លោក​គីស លោក​គីស​ជា​ឪពុក​របស់​ព្រះ‌បាទ​សាអ៊ូល ព្រះ‌បាទ​សាអ៊ូល​ជា​បិតា​របស់​សម្តេច​យ៉ូណាថាន ម៉ាលគី-‌ស៊ូអា អប៊ី‌ណាដាប់ និង​អេសបាល។ 40 កូន​របស់​សម្តេច​យ៉ូណាថាន​គឺ មេរីប-‌បាល ហើយ​លោក​មេរីប-‌បាល​ជា​ឪពុក​របស់​លោក​មីកា។ 41 កូន​របស់​លោក​មីកា​មាន​ពីតូន មេឡេក និង​តារេអា។ 42 លោក​អខាស​ជា​ឪពុក​របស់​លោក​យ៉ារ៉ា លោក​យ៉ារ៉ា ជា​ឪពុក​របស់​លោក​អលេ‌មេត លោក​អលេ‌មេត​ជា​ឪពុក​របស់​លោក​អាសម៉ាវេ និង​លោក​ស៊ីមរី។ លោក​ស៊ីមរី ជា​ឪពុក​របស់​លោក​ម៉ូសា 43 លោក​ម៉ូសា​ជា​ឪពុក​របស់​លោក​ប៊ីនេអា លោក​ប៊ីនេអា​ជា​ឪពុក​របស់​លោក​រេផាយ៉ា លោក​រេផាយ៉ា​ជា​ឪពុក​របស់​លោក​អេលេសា លោក​អេលេសា ជា​ឪពុក​របស់​លោក​អសេល។ 44 លោក​អសេល​មាន​កូន​ប្រុស​ប្រាំ‌មួយ​នាក់ ឈ្មោះ​អាសរី‌កាំ បូករូ អ៊ីស្មាអែល សេរីយ៉ា អូបាឌី និង​ហាណន។ អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​កូន​របស់​លោក​អសេល។