ជំពូក ២៥
ក្រុមចម្រៀង
1 ព្រះបាទដាវីឌ និងពួកមេទ័ព បានញែកកូនចៅលោកអសាភ កូនចៅលោកហេម៉ន និងកូនចៅលោកយេឌូទូន ទុកដោយឡែកសម្រាប់ច្រៀងថ្លែងព្រះបន្ទូលដោយលេងពិណ ឃឹម និងស្គរកំដរផង។ អស់អ្នកដែលត្រូវបំពេញមុខងារជាអ្នកចម្រៀង មានដូចតទៅ:
2 កូនចៅរបស់លោកអសាភមានលោកសាគួរ លោកយ៉ូសែប លោកនេតានីយ៉ា និងលោកអសារេឡា។ ពួកគេស្ថិតនៅក្រោមការដឹកនាំរបស់លោកអសាភ ដែលច្រៀងថ្លែងព្រះបន្ទូល តាមបញ្ជារបស់ស្តេច។
3 រីឯកូនចៅរបស់លោកយេឌូទូនមានលោកកេដេលីយ៉ា លោកសេរី លោកយេសាយ៉ា លោកហាសាប៊ីយ៉ា លោកម៉ាទីទីយ៉ា និងលោកស៊ីម៉ាយ។ អ្នកទាំងប្រាំមួយរូបនេះស្ថិតនៅក្រោមការដឹកនាំរបស់លោកយេឌូទូន ជាឪពុក ដែលច្រៀងថ្លែងព្រះបន្ទូល ដោយប្រគំពិណ លើកតម្កើង និងសរសើរព្រះអម្ចាស់។
4 កូនចៅរបស់លោកហេម៉នមានលោកប៊ូគីយ៉ា លោកម៉ាតានីយ៉ា លោកអ៊ូស៊ីអែល លោកសេប៊ួអែល លោកយេរីម៉ូត លោកហាណានីយ៉ា លោកហាណានី លោកអេលីយ៉ាតា លោកគីដាលទី លោករ៉ូម៉ាមទី-អេស៊ែរ លោកយ៉ូបេកាសា លោកម៉ាឡូទី លោកហូទៀរ និងលោកម៉ាហាស៊ីយ៉ូត។ 5 អ្នកទាំងនេះសុទ្ធតែជាកូនចៅរបស់លោកហេម៉ន ជាគ្រូទាយរបស់ស្តេច ដែលថ្លែងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីលើកតម្កើងឫទ្ធានុភាពរបស់ព្រះអង្គ។ ព្រះជាម្ចាស់ប្រោសប្រទានឲ្យលោកហេម៉នមានកូនប្រុស ១៤នាក់ និងកូនស្រី៣នាក់។ 6 ពួកគេច្រៀងនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ក្រោមការដឹកនាំរបស់ឪពុក ទាំងប្រគំស្គរ ឃឹម និងពិណកំដរផង។ ពួកគេបម្រើការងារក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់។
លោកអសាភ លោកយេឌូទូន និងលោកហេម៉ន ស្ថិតនៅក្រោមបញ្ជារបស់ស្តេច។
7 ពួកគេមានចំនួនទាំងអស់ ២៨៨ នាក់ ដោយគិតទាំងបងប្អូនរបស់ពួកគេ ដែលជាអ្នកជំនាញខាងចម្រៀងតម្កើងព្រះអម្ចាស់ ហើយចេះបង្រៀនដែរ។ 8 ពួកគេចាប់ឆ្នោត ដើម្បីកំណត់មុខងាររៀងៗខ្លួន គឺទាំងអ្នកតូច ទាំងអ្នកធំ ទាំងគ្រូ ទាំងសិស្ស។ 9 ឆ្នោតទីមួយត្រូវលើលោកយ៉ូសែប ជាកូនរបស់លោកអសាភ។ ឆ្នោតទីពីរត្រូវលើលោកកេដេលីយ៉ា ព្រមទាំងកូន និងបងប្អូនរបស់គាត់ ដែលមានចំនួនដប់ពីរនាក់។ 10 ឆ្នោតទីបីត្រូវលើលោកសាគួរ ព្រមទាំងកូន និងបងប្អូនរបស់គាត់ ដែលមានចំនួនដប់ពីរនាក់។ 11 ឆ្នោតទីបួនត្រូវលើលោកយីសេរី ព្រមទាំងកូន និងបងប្អូនរបស់គាត់ ដែលមានចំនួនដប់ពីរនាក់។ 12 ឆ្នោតទីប្រាំត្រូវលើលោកនេតានីយ៉ា ព្រមទាំងកូន និងបងប្អូនរបស់គាត់ ដែលមានចំនួនដប់ពីរនាក់។ 13 ឆ្នោតទីប្រាំមួយត្រូវលើលោកប៊ូគីយ៉ាព្រមទាំងកូន និងបងប្អូនរបស់គាត់ ដែលមានចំនួនដប់ពីរនាក់។ 14 ឆ្នោតទីប្រាំពីរត្រូវលើលោកយេសារេឡា ព្រមទាំងកូន និងបងប្អូនរបស់គាត់ ដែលមានចំនួនដប់ពីរនាក់។ 15 ឆ្នោតទីប្រាំបីត្រូវលើលោកយេសាយ៉ាព្រមទាំងកូន និងបងប្អូនរបស់គាត់ ដែលមានចំនួនដប់ពីរនាក់។ 16 ឆ្នោតទីប្រាំបួនត្រូវលើលោកម៉ាតានីយ៉ាព្រមទាំងកូន និងបងប្អូនរបស់គាត់ ដែលមានចំនួនដប់ពីរនាក់។ 17 ឆ្នោតទីដប់ត្រូវលើលោកស៊ីម៉ាយ ព្រមទាំងកូន និងបងប្អូនរបស់គាត់ ដែលមានចំនួនដប់ពីរនាក់។ 18 ឆ្នោតទីដប់មួយត្រូវលើលោកអសារេអែល ព្រមទាំងកូន និងបងប្អូនរបស់គាត់ ដែលមានចំនួនដប់ពីរនាក់។ 19 ឆ្នោតទីដប់ពីរត្រូវលើលោកហាសានីយ៉ា ព្រមទាំងកូន និងបងប្អូនរបស់គាត់ ដែលមានចំនួនដប់ពីរនាក់។ 20 រីឯឆ្នោតទីដប់បីត្រូវលើលោកស៊ូបាអែល ព្រមទាំងកូន និងបងប្អូនរបស់គាត់ ដែលមានចំនួនដប់ពីរនាក់។ 21 ឆ្នោតទីដប់បួនត្រូវលើលោកម៉ាទីទីយ៉ា ព្រមទាំងកូន និងបងប្អូនរបស់គាត់ ដែលមានចំនួនដប់ពីរនាក់។ 22 ឆ្នោតទីដប់ប្រាំត្រូវលើលោកយេរេម៉ុត ព្រមទាំងកូន និងបងប្អូនរបស់គាត់ ដែលមានចំនួនដប់ពីរនាក់។ 23 ឆ្នោតទីដប់ប្រាំមួយត្រូវលើលោកហាណានីយ៉ា ព្រមទាំងកូន និងបងប្អូនរបស់គាត់ ដែលមានចំនួនដប់ពីរនាក់។ 24 ឆ្នោតទីដប់ប្រាំពីរត្រូវលើលោកយ៉ូបេកាសា ព្រមទាំងកូន និងបងប្អូនរបស់គាត់ ដែលមានចំនួនដប់ពីរនាក់។ 25 ឆ្នោតទីដប់ប្រាំបីត្រូវលើលោកហាណានី ព្រមទាំងកូន និងបងប្អូនរបស់គាត់ ដែលមានចំនួនដប់ពីរនាក់។ 26 ឆ្នោតទីដប់ប្រាំបួនត្រូវលើលោកម៉ាឡូទី ព្រមទាំងកូន និងបងប្អូនរបស់គាត់ ដែលមានចំនួនដប់ពីរនាក់។ 27 ឆ្នោតទីម្ភៃត្រូវលើលោកអេលីយ៉ាតា ព្រមទាំងកូន និងបងប្អូនរបស់គាត់ ដែលមានចំនួនដប់ពីរនាក់។ 28 ឆ្នោតទីម្ភៃមួយត្រូវលើលោកហូទៀរ ព្រមទាំងកូន និងបងប្អូនរបស់គាត់ ដែលមានចំនួនដប់ពីរនាក់។ 29 ឆ្នោតទីម្ភៃពីរត្រូវលើលោកគីដាល់ទី ព្រមទាំងកូន និងបងប្អូនរបស់គាត់ ដែលមានចំនួនដប់ពីរនាក់។ 30 ឆ្នោតទីម្ភៃបីត្រូវលើលោកម៉ាហាស៊ីយ៉ូត ព្រមទាំងកូន និងបងប្អូនរបស់គាត់ ដែលមានចំនួនដប់ពីរនាក់។ 31 ឆ្នោតទីម្ភៃបួនត្រូវលើលោករូម៉ាមទី-អេស៊ែរ ព្រមទាំងកូន និងបងប្អូនរបស់គាត់ ដែលមានចំនួនដប់ពីរនាក់។