ជំពូក ១០
រាជ្យរបស់ព្រះបាទដាវីឌ
ស្តេចសាអ៊ូលសោយទិវង្គត
(១សាមូអែល ៣១.១-១៣)
1 កងទ័ពភីលីស្ទីនបានវាយប្រហារកងទ័ពអ៊ីស្រាអែល ធ្វើឲ្យពលទាហានអ៊ីស្រាអែលបាក់ទ័ពនៅមុខពួកភីលីស្ទីន។ ទាហានអ៊ីស្រាអែលជាច្រើនបានស្លាប់នៅលើភ្នំគីលបោ។ 2 ពួកភីលីស្ទីនបានដេញតាមព្រះបាទសាអ៊ូល និងបុត្រៗរបស់ស្តេចយ៉ាងប្រកិត។ ពួកគេសម្លាប់សម្តេចយ៉ូណាថាន សម្តេចអប៊ីណាដាប់ និងសម្តេចម៉ាល់គីស៊ូអា ជាបុត្ររបស់ព្រះបាទសាអ៊ូល។ 3 បន្ទាប់មក គេសម្រុកទៅលើព្រះបាទសាអ៊ូល។ ទ័ពបាញ់ព្រួញបានដេញតាមទាន់ព្រះបាទសាអ៊ូល ធ្វើឲ្យព្រះអង្គតក់ស្លុតយ៉ាងខ្លាំង។ 4 ស្តេចមានរាជឱង្ការទៅសេនា ដែលកាន់គ្រឿងសាស្ត្រាវុធរបស់ស្តេចថា៖ «ចូរហូតដាវរបស់ឯងចាក់យើងមក ព្រោះយើងមិនចង់ឲ្យសាសន៍ដទៃសម្លាប់យើង ហើយប្រមាថមើលងាយយើងទេ»។ សេនានោះមិនហ៊ានសម្លាប់ស្តេចឡើយ ព្រោះគាត់ភ័យខ្លាចយ៉ាងខ្លាំង។ ដូច្នេះ ព្រះបាទសាអ៊ូលក៏ហូតដាវ ហើយផ្តួលខ្លួនលើមុខដាវនោះទៅ។ 5 កាលសេនាដែលកាន់គ្រឿងសាស្ត្រាវុធរបស់ស្តេចឃើញស្តេចសោយទិវង្គតដូច្នេះ គាត់ក៏ហូតដាវ រួចផ្តួលខ្លួនលើមុខដាវដែរ។ 6 ដូច្នេះ ព្រះបាទសាអ៊ូល និងបុត្រាទាំងបីអង្គ ព្រមទាំងញាតិវង្សទាំងអស់ បាត់បង់ជីវិតក្នុងពេលជាមួយគ្នា។ 7 កាលជនជាតិអ៊ីស្រាអែលទាំងអស់ ដែលស្ថិតនៅក្នុងជ្រលងភ្នំ ឃើញថាអ៊ីស្រាអែលបាក់ទ័ព ហើយព្រះបាទសាអ៊ូល ព្រមទាំងបុត្រា សុគតអស់នោះ ពួកគេក៏បោះបង់ទីក្រុងចោល រត់ភៀសខ្លួនអស់ទៅ។ កងទ័ពភីលីស្ទីនចូលមកកាន់កាប់ក្រុងទាំងនោះ។
8 ស្អែកឡើង ពួកភីលីស្ទីននាំគ្នាមកប្រមូលរបស់របរដែលនៅជាប់នឹងសាកសព ហើយឃើញសពរបស់ព្រះបាទសាអ៊ូល និងបុត្រាទាំងបីអង្គ នៅលើភ្នំគីលបោ។ 9 ពួកគេក៏ដោះអ្វីៗទាំងអស់ចេញពីសពរបស់ស្តេច ព្រមទាំងកាត់ក និងយកគ្រឿងសាស្ត្រាវុធទៅជាមួយ រួចផ្ញើដំណឹងនេះទៅគ្រប់ទីកន្លែង ក្នុងស្រុកភីលីស្ទីនទាំងមូល ឲ្យប្រកាសនៅតាមវិហារនៃព្រះរបស់គេ និងប្រកាសប្រាប់ប្រជាជន។ 10 បន្ទាប់មក ពួកគេយកគ្រឿងសាស្ត្រាវុធរបស់ព្រះបាទសាអ៊ូលទៅតម្កល់ទុកក្នុងវិហារនៃព្រះរបស់គេ ហើយយកព្រះសិរសារបស់ស្តេចទៅព្យួរនៅក្នុងវិហារព្រះដាកុន។ 11 កាលអ្នកក្រុងយ៉ាបេស ក្នុងស្រុកកាឡាដ ដឹងអំពីហេតុការណ៍ទាំងប៉ុន្មាន ដែលពួកភីលីស្ទីនបានប្រព្រឹត្តចំពោះសពរបស់ព្រះបាទសាអ៊ូល 12 ទាហានដ៏ចំណានទាំងប៉ុន្មាននៅក្រុងនោះ នាំគ្នាចេញដំណើរទៅយកសពរបស់ព្រះបាទសាអ៊ូល និងបុត្រា នាំមកក្រុងយ៉ាបេសវិញ។ ពួកគេរើសធាតុយកទៅបញ្ចុះក្រោមដើមជ្រៃមួយនៅក្រុងយ៉ាបេស ហើយនាំគ្នាតមអាហារចំនួនប្រាំពីរថ្ងៃ។
13 ព្រះបាទសាអ៊ូលសោយទិវង្គត ព្រោះតែស្តេចបានប្រព្រឹត្តខុស ដោយក្បត់នឹងព្រះអម្ចាស់ គឺស្តេចពុំកាន់តាមព្រះបន្ទូលរបស់ព្រះអម្ចាស់ឡើយ ផ្ទុយទៅវិញ ស្តេចបានទៅរកគ្រូអន្ទងខ្មោចទស្សន៍ទាយឲ្យ។ 14 ស្តេចពុំបានទូលសួរព្រះអម្ចាស់ទេ ហេតុនេះ ព្រះអង្គធ្វើឲ្យស្តេចសោយទិវង្គត ហើយផ្ទេររាជសម្បត្តិទៅឲ្យព្រះបាទដាវីឌ ជាបុត្ររបស់លោកយេសាយវិញ។