ជំពូក ២០
អ៊ីស្រាអែលដណ្ដើមយកក្រុងរ៉ាបា
(២សាមូអែល ១១.១, ១២.២៦-៣០)
1 មួយឆ្នាំក្រោយមក នៅរដូវដែលស្តេចនានាមានទម្លាប់ចេញទៅធ្វើសឹក លោកយ៉ូអាប់បានដឹកនាំទ័ពចេញទៅកម្ទេចស្រុកអាំម៉ូន ហើយឡោមព័ទ្ធក្រុងរ៉ាបា។ រីឯព្រះបាទដាវីឌ ព្រះអង្គគង់នៅក្រុងយេរូសាឡឹម។ លោកយ៉ូអាប់វាយយកបានក្រុងរ៉ាបា រួចបំផ្លាញក្រុងនោះចោល។ 2 ព្រះបាទដាវីឌយកមកុដដែលស្ថិតនៅលើសិរសាស្តេចរបស់ជនជាតិអាំម៉ូន មកុដនោះធ្វើអំពីមាស ទម្ងន់សាមសិបគីឡូក្រាម ហើយមានដាំត្បូងពេជ្រទៀតផង។ គេយកមកុដនោះមកបំពាក់លើព្រះសិរសារបស់ព្រះបាទដាវីឌ។ ព្រះបាទដាវីឌក៏បានរឹបអូសយកជ័យភ័ណ្ឌយ៉ាងច្រើនពីក្រុងនោះ។ 3 រីឯប្រជាជននៅក្នុងក្រុងនោះវិញ ព្រះបាទដាវីឌបានជន្លៀសយកមកជាឈ្លើយ ហើយបង្ខំឲ្យអារឈើ ដាប់ថ្ម កាប់អុស។ ព្រះបាទដាវីឌប្រព្រឹត្តដូច្នេះ ចំពោះក្រុងឯទៀតៗរបស់ជនជាតិអាំម៉ូនដែរ។ បន្ទាប់មក ស្តេចវិលត្រឡប់មកក្រុងយេរូសាឡឹមវិញជាមួយកងទ័ពទាំងមូល។
ជ័យជម្នះលើជនជាតិភីលីស្ទីន
(២សាមូអែល ២១.១៨-២២)
4 ក្រោយមក ជនជាតិអ៊ីស្រាអែលធ្វើសង្គ្រាមជាមួយជនជាតិភីលីស្ទីននៅកេស៊ែរ។ នៅគ្រានោះ លោកស៊ីបាកាយ ជាអ្នកស្រុកហ៊ូសា សម្លាប់លោកស៊ីផាយ ជាមនុស្សម្នាក់ក្នុងចំណោមកូនចៅរេផាអ៊ីម ហើយជនជាតិភីលីស្ទីនត្រូវបរាជ័យ។
5 បន្ទាប់មក មានកើតសង្គ្រាមជាថ្មីជាមួយជនជាតិភីលីស្ទីន។ លោកអែលហាណន ជាកូនរបស់លោកយ៉ាអៀរ បានសម្លាប់លោកឡាមី ជាអ្នកក្រុងកាថ ដែលត្រូវជាប្អូនរបស់លោកកូលីយ៉ាត។ ដងលំពែងរបស់លោកឡាមី មានរាងដូចផ្សំកីតម្បាញ។ 6 ក្រោយមក មានកើតសង្គ្រាមជាថ្មីទៀតនៅក្រុងកាថ។ ពេលនោះ មានទាហានភីលីស្ទីនម្នាក់មាឌធំ មានម្រាមដៃ ម្រាមជើង ម្ខាងប្រាំមួយ សរុបទាំងអស់ម្ភៃបួន។ គាត់ជាកូនចៅរបស់លោករ៉ាផាដែរ។ 7 គាត់បានហៅជនជាតិអ៊ីស្រាអែល ឲ្យចេញមកតទល់នឹងគាត់។ ដូច្នេះ លោកយ៉ូណាថាន ជាកូនរបស់លោកសាម៉ា និងជាក្មួយរបស់ព្រះបាទដាវីឌ បានសម្លាប់អ្នកនោះចោល។ 8 ទាហានភីលីស្ទីន ដែលព្រះបាទដាវីឌ និងពលទាហាន បានសម្លាប់នោះ សុទ្ធតែជាកូនចៅរបស់លោករ៉ាផានៅក្រុងកាថ។