ជំពូក ១៨

ជ័យ‌ជម្នះ​របស់​ព្រះ‌បាទ​ដាវីឌ​លើ​ស្រុក​ជិត​ខាង

(២​សាមូអែល ៨.១-១៤)

1 ក្រោយ​មក ព្រះ‌បាទ​ដាវីឌ​វាយ​ឈ្នះ​ជន​ជាតិ​ភីលីស្ទីន ហើយ​បង្ក្រាប​ពួក​គេ ព្រម​ទាំង​ដណ្ដើម​យក​ក្រុង​កាថ និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ​ពី​កណ្ដាប់​ដៃ​របស់​ពួក​គេ។ 2 ព្រះ‌បាទ​ដាវីឌ​ក៏​វាយ​ឈ្នះ​ជន​ជាតិ​ម៉ូអាប់​ដែរ។ ជន​ជាតិ​ម៉ូអាប់​ធ្លាក់​ខ្លួន​ចំណុះ​ព្រះ‌បាទ​ដាវីឌ ហើយ​ត្រូវ​ថ្វាយ​សួយសារ‌អាករ​ផង។ 3 ព្រះ‌បាទ​ដាវីឌ​វាយ​ឈ្នះ​ព្រះ‌បាទ​ហាដា‌ដេស៊ែរ ជា​ស្តេច​ស្រុក​សូបា នៅ​ក្រុង​ហាម៉ាត់ ក្នុង​ពេល​ដែល​ព្រះ‌បាទ​ហាដា‌ដេស៊ែរ​កំពុង​តែ​ទៅ​កាន់​កាប់​តំបន់​ទន្លេ​អឺប្រាត។ 4 ព្រះ‌បាទ​ដាវីឌ​រឹប​អូស​យក​បាន​រទេះ​ចម្បាំង​ចំនួន​១ ០០០​គ្រឿង​ពី​ព្រះ‌បាទ​ហាដា‌ដេស៊ែរ ព្រម​ទាំង​ទ័ព‌សេះ ៧ ០០០ នាក់ និង​ទ័ព​ថ្មើរ​ជើង​ចំនួន​២០ ០០០ នាក់។ ស្តេច​ទុក​សេះ​ប្រមាណ​មួយ‌រយ​ក្បាល ហើយ​កាត់​សរសៃ​កែង​ជើង​សេះ​ទាំង​ប៉ុន្មាន​ទៀត។ 5 ពេល​នោះ ជន​ជាតិ​ស៊ីរី​នៅ​ក្រុង​ដាម៉ាស លើក​គ្នា​មក​ជួយ​ព្រះ‌បាទ​ហាដា‌ដេស៊ែរ ជា​ស្តេច​ស្រុក​សូបា។ ព្រះ‌បាទ​ដាវីឌ​ក៏​វាយ​ឈ្នះ​ពួក​គេ ហើយ​សម្លាប់​អស់​ចំនួន ២២ ០០០ នាក់។ 6 ព្រះ‌បាទ​ដាវីឌ​បាន​ដាក់​ទេសា‌ភិបាល​ឲ្យ​ត្រួត‌ត្រា​លើ​ស្រុក​ស៊ីរី ហើយ​ជន​ជាតិ​ស៊ីរី​ធ្លាក់​ខ្លួន​ចំណុះ​ព្រះ‌បាទ​ដាវីឌ ព្រម​ទាំង​ត្រូវ​ថ្វាយ​សួយសារ‌អាករ​ផង។ ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ​ព្រះ‌បាទ​ដាវីឌ​មាន​ជ័យ‌ជម្នះ នៅ​គ្រប់​កន្លែង​ដែល​ស្តេច​យាង​ទៅ។ 7 ព្រះ‌បាទ​ដាវីឌ​រឹប​អូស​យក​ខែល​មាស​ពី​ពួក​មេ‌ទ័ព​របស់​ព្រះ‌បាទ​ហាដា‌ដេស៊ែរ ហើយ​នាំ​យក​មក​ក្រុង​យេរូ‌សាឡឹម។ 8 ព្រះ‌បាទ​ដាវីឌ​រឹប​អូស​យក​លង្ហិន​យ៉ាង​ច្រើន​សន្ធឹក‌សន្ធាប់​ពី​ក្រុង​ទីបហាត និង​ក្រុង​គូន ដែល​ជា​ក្រុង​របស់​ព្រះ‌បាទ​ហាដា‌ដេស៊ែរ។ ក្រោយ​មក ព្រះ‌បាទ​សាឡូម៉ូន​បាន​យក​លង្ហិន​ទាំង​នោះ​ទៅ​សិត​ធ្វើ​អាង​ធំ សសរ និង​គ្រឿង​ប្រដាប់​ប្រដា​លង្ហិន​នៅ​ក្នុង​ព្រះ‌វិហារ។
9 កាល​ព្រះ‌បាទ​តូអ៊ូ ជា​ស្តេច​ក្រុង​ហាម៉ាត់ ជ្រាប​ថា ព្រះ‌បាទ​ដាវីឌ​បាន​វាយ​ឈ្នះ​កង‌ទ័ព​ទាំង​មូល​របស់​ព្រះ‌បាទ​ហាដា‌ដេស៊ែរ ជា​ស្តេច​ក្រុង​សូបា 10 ស្តេច​ក៏​ចាត់​សម្តេច​ហាដូរ៉ាម ជា​បុត្រ ឲ្យ​ចូល​មក​គាល់​ព្រះ‌បាទ​ដាវីឌ ទាំង​នាំ​យក​វត្ថុ​អំពី​មាស​ប្រាក់ និង​លង្ហិន​មក​ជា​មួយ​ផង ដើម្បី​អប‌អរ‌សាទរ​ចំពោះ​ជ័យ‌ជម្នះ​លើ​ព្រះ‌បាទ​ហាដា‌ដេស៊ែរ ព្រោះ​ព្រះ‌បាទ​តូអ៊ូ​ធ្វើ​សឹក​សង្គ្រាម​ទល់​នឹង​ព្រះ‌បាទ​ហាដា‌ដេស៊ែរ​ដែរ។ 11 ព្រះ‌បាទ​ដាវីឌ​យក​វត្ថុ​ទាំង​នោះ​ទៅ​ថ្វាយ​ព្រះ‌អម្ចាស់ ដូច​មាស​ប្រាក់​ដែល​ស្តេច​យក​បាន​ពី​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​ដែរ គឺ​មាន​ជន​ជាតិ​អេដុម ជន​ជាតិ​ម៉ូអាប់ ជន​ជាតិ​អាំម៉ូន ជន​ជាតិ​ភីលីស្ទីន និង​ជន​ជាតិ​អាម៉ា‌ឡេក។
12 លោក​អប៊ីសាយ ជា​កូន​របស់​អ្នក​ស្រី​សេរូយ៉ា បាន​ប្រហារ​ជន​ជាតិ​អេដុម​អស់ ១៨ ០០០ នាក់ នៅ​ជ្រលង​ភ្នំ​អំបិល។ 13 លោក​ដាក់​ទេសា‌ភិបាល​ឲ្យ​ត្រួត‌ត្រា​លើ​ស្រុក​អេដុម​ទាំង​មូល ហើយ​ជន​ជាតិ​អេដុម​ធ្លាក់​ខ្លួន​ចំណុះ​ព្រះ‌បាទ​ដាវីឌ។ ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ​ព្រះ‌បាទ​ដាវីឌ​មាន​ជ័យ‌ជម្នះ នៅ​គ្រប់​កន្លែង​ដែល​ស្តេច​យាង​ទៅ។

បញ្ជី​រាយ​នាម​មន្ត្រី​របស់​ព្រះ‌បាទ​ដាវីឌ

(២​សាមូអែល ៨.១៥-១៨)

14 ព្រះ‌បាទ​ដាវីឌ​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល ហើយ​គ្រប់‌គ្រង​ប្រជា‌រាស្ដ្រ​ដោយ​សុចរិត និង​យុត្តិធម៌។ 15 លោក​យ៉ូអាប់ កូន​របស់​អ្នក​ស្រី​សេរូយ៉ា ជា​មេ‌បញ្ជា‌ការ​កង‌ទ័ព។ លោក​យ៉ូសាផាត កូន​របស់​លោក​អហ៊ី‌លូដ ជា​អ្នក​នាំ​ពាក្យ​របស់​ស្តេច។ 16 លោក​សាដុក កូន​របស់​លោក​អហ៊ី‌តូប និង​លោក​អប៊ី‌មេឡេក កូន​របស់​លោក​អប៊ីយ៉ាតា ជា​បូជា‌ចារ្យ។ លោក​សាវ៉ូហា​ជា​លេខា‌ធិការ​របស់​ស្តេច។ 17 លោក​បេណាយ៉ា កូន​របស់​លោក​យេហូ‌យ៉ាដា ជា​មេ‌បញ្ជា‌ការ​លើ​ពួក​កេរេទី និង​ពួក​ពេលេទី។ រីឯ​បុត្រ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌បាទ​ដាវីឌ មាន​នាទី​ជា​ជំនួយ​ការ​ពិសេស​របស់​ស្តេច។