ជំពូក ១៣
ការដង្ហែហិបសម្ពន្ធមេត្រីចូលក្រុងយេរូសាឡឹម
(២សាមូអែល ៦.១-១១)
1 ព្រះបាទដាវីឌបានប្រជុំពិភាក្សាជាមួយពួកមេបញ្ជាការកងពលធំ និងពួកមេបញ្ជាការកងពលតូច ព្រមទាំងមេដឹកនាំទាំងអស់។ 2 ស្តេចមានរាជឱង្ការទៅកាន់អង្គប្រជុំអ៊ីស្រាអែលទាំងមូលថា៖ «ប្រសិនបើអ្នករាល់គ្នាយល់ឃើញថាជាការប្រសើរ ហើយបើការនេះមកពីព្រះអម្ចាស់ ជាព្រះនៃយើងមែន ចូរផ្ញើសារទៅជូនបងប្អូនយើងនៅគ្រប់ទីកន្លែង ក្នុងស្រុកអ៊ីស្រាអែលទាំងមូល និងជូនពួកបូជាចារ្យ ពួកលេវី ដែលរស់នៅតាមក្រុងនានារបស់ពួកគេ ដើម្បីអញ្ជើញពួកគេមកជួបជុំជាមួយយើងទាំងអស់គ្នា។ 3 បន្ទាប់មក យើងនាំគ្នាដង្ហែហិបរបស់ព្រះនៃយើងយកមកវិញ ដ្បិតនៅរជ្ជកាលរបស់ព្រះបាទសាអ៊ូល យើងពុំបាននឹកដល់ហិបនេះទេ»។ 4 អង្គប្រជុំទាំងមូលក៏យល់ស្រប ព្រោះប្រជាជនទាំងមូលពេញចិត្តនឹងសំណើនេះ។ 5 ព្រះបាទដាវីឌបានប្រមូលជនជាតិអ៊ីស្រាអែលទាំងមូល ចាប់តាំងពីជ្រោះស្រុកអេស៊ីបរហូតដល់ច្រកចូលក្រុងហាម៉ាត់ ដើម្បីដង្ហែហិបរបស់ព្រះជាម្ចាស់ពីគៀរីយ៉ាត-យេអារីម។ 6 ព្រះរាជាយាងទៅក្រុងបាសា គឺគៀរីយ៉ាត-យេអារីម ដែលស្ថិតនៅស្រុកយូដាជាមួយជនជាតិអ៊ីស្រាអែលទាំងមូល ដើម្បីដង្ហែហិបព្រះជាម្ចាស់ គឺព្រះអម្ចាស់ដែលគង់នៅកណ្ដាលពួកខេរូប៊ីម* ហើយហិបនោះជាកម្មសិទ្ធិរបស់ព្រះអង្គផ្ទាល់។ 7 គេដាក់ហិបរបស់ព្រះជាម្ចាស់នៅលើរទេះថ្មីមួយ ហើយដង្ហែពីផ្ទះរបស់លោកអប៊ីណាដាប់ ដោយមានលោកអ៊ូសា និងលោកអហ៊ីយ៉ូ ជាអ្នកបររទេះនោះ។ 8 ព្រះបាទដាវីឌ និងជនជាតិអ៊ីស្រាអែលទាំងមូល សប្បាយរីករាយ នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ គេនាំគ្នារាំតាមចង្វាក់ពិណ ឃឹម ស្គរ ឈិង ព្រមទាំងផ្លុំត្រែយ៉ាងរំពង និងស្រែកច្រៀងផង។ 9 កាលមកដល់លានស្រូវរបស់លោកគីដុន លោកអ៊ូសាលើកដៃទៅទប់ហិប ព្រោះគោធ្វើឲ្យហិបនោះផ្អៀងចង់ធ្លាក់។ 10 ពេលនោះ ព្រះអម្ចាស់ព្រះអង្គព្រះពិរោធនឹងលោកអ៊ូសា ហើយប្រហារជីវិតលោក ព្រោះលោកបានលើកដៃពាល់ហិប។ លោកអ៊ូសាបាត់បង់ជីវិតនៅទីនោះ នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់។ 11 ព្រះបាទដាវីឌរំជួលព្រះហឫទ័យយ៉ាងខ្លាំង ដោយឃើញព្រះអម្ចាស់ប្រហារជីវិតលោកអ៊ូសាដូច្នេះ។ ហេតុនេះហើយបានជាគេហៅកន្លែងនោះថា “ពេរេស-អ៊ូសា” រហូតដល់សព្វថ្ងៃ។ 12 នៅថ្ងៃនោះ ព្រះបាទដាវីឌភ័យខ្លាចព្រះជាម្ចាស់ ហើយមានរាជឱង្ការថា៖ «យើងយកហិបរបស់ព្រះជាម្ចាស់ ចូលទៅក្នុងដំណាក់របស់យើងមិនកើតទេ»។ 13 ព្រះបាទដាវីឌមិនបានយកហិបរបស់ព្រះអម្ចាស់ទៅដំណាក់នៅបុរីព្រះបាទដាវីឌទេ តែស្តេចបានឲ្យគេនាំយកហិបនោះទៅទុកនៅផ្ទះលោកអូបេដ-អេដុម ជាអ្នកស្រុកកាថ។ 14 ហិបរបស់ព្រះអម្ចាស់ស្ថិតនៅផ្ទះរបស់លោកអូបេដ-អេដុម គឺនៅជាមួយគ្រួសាររបស់គាត់ចំនួនបីខែ។ ព្រះអម្ចាស់ប្រទានពរដល់ក្រុមគ្រួសាររបស់លោកអូបេដ-អេដុម និងអ្វីៗទាំងអស់ដែលគាត់មាន។