ជំពូក ២៧
ការចាត់ចែងអាជ្ញាធរទាហាន
1 នេះជាបញ្ជីជនជាតិអ៊ីស្រាអែល ដែលត្រូវបម្រើការងារថ្វាយស្តេច តាមចំនួនមេក្រុមគ្រួសារ មេបញ្ជាការ មេកង មេក្រុម និងនាយទាហាន ដែលជាជំនួយរបស់ស្តេច ក្នុងការចែកវេនកងពលចេញទៅប្រតិបត្តិការ រៀងរាល់ខែ ក្នុងមួយឆ្នាំៗ។ កងពលនីមួយៗមានទាហាន ២៤ ០០០ នាក់។
2 កងពលទីមួយ ដែលចេញប្រតិបត្តិការនៅខែទីមួយ ដឹកនាំដោយលោកយ៉ាសូបាម ជាកូនរបស់លោកសាប់ឌី។ កងពលរបស់គាត់មានទាហាន ២៤ ០០០ នាក់។ 3 លោកយ៉ាសូបាមជាពូជពង្សរបស់លោកពេរេស។ ក្នុងខែទីមួយនោះ គាត់ជាអ្នកដឹកនាំមេបញ្ជាការកងទ័ពទាំងអស់។ 4 កងពលទីពីរ ដែលចេញប្រតិបត្តិការនៅខែទីពីរ ដឹកនាំដោយលោកដូដាយ ជាពូជពង្សរបស់លោកអហូអា។ កងពលរបស់គាត់មានទាហាន ២៤ ០០០ នាក់ ហើយមានលោកមីកឡូតជាសហមេបញ្ជាការ។ 5 មេបញ្ជាការរបស់កងពលទីបី ដែលចេញប្រតិបត្តិការនៅខែទីបី គឺលោកបេណាយ៉ា ជាកូនរបស់បូជាចារ្យយេហូយ៉ាដា។ កងពលរបស់គាត់មានទាហាន ២៤ ០០០ នាក់។ 6 លោកបេណាយ៉ាជាវីរបុរសម្នាក់ក្នុងចំណោមវីរបុរសទាំងសាមសិបនាក់ ហើយគាត់ជាមេដឹកនាំរបស់ពួកគេផង។ លោកអាំមីសាដាប់ ជាកូនរបស់គាត់ ក៏ស្ថិតនៅក្នុងកងពលនេះដែរ។ 7 កងពលទីបួន ដែលចេញប្រតិបត្តិការនៅខែទីបួន ដឹកនាំដោយលោកអសាអែល ជាប្អូនរបស់លោកយ៉ូអាប់។ កូនរបស់គាត់គឺ លោកសេបាឌីយ៉ា ជាមេបញ្ជាការរង។ កងពលរបស់គាត់មានទាហាន ២៤ ០០០ នាក់។ 8 កងពលទីប្រាំ ដែលចេញប្រតិបត្តិការនៅខែទីប្រាំ ដឹកនាំដោយលោកមេបញ្ជាការសាមូតនៃអំបូរយីសរ៉ា។ កងពលរបស់គាត់មានទាហាន ២៤ ០០០ នាក់។ 9 កងពលទីប្រាំមួយ ដែលចេញប្រតិបត្តិការនៅខែទីប្រាំមួយ ដឹកនាំដោយលោកអ៊ីរ៉ា ជាកូនរបស់លោកអ៊ីកែស ជាអ្នកក្រុងតេកូអា។ កងពលរបស់គាត់មានទាហាន ២៤ ០០០ នាក់។ 10 កងពលទីប្រាំពីរ ដែលចេញប្រតិបត្តិការនៅខែទីប្រាំពីរ ដឹកនាំដោយលោកហេលែស ជាពូជពង្សរបស់លោកពេឡូន ក្នុងកុលសម្ព័ន្ធអេប្រាអ៊ីម។ កងពលរបស់គាត់មានទាហាន ២៤ ០០០ នាក់។ 11 កងពលទីប្រាំបី ដែលចេញប្រតិបត្តិការនៅខែទីប្រាំបី ដឹកនាំដោយលោកស៊ីបបេកាយ ជាពូជពង្សរបស់លោកហ៊ូសាយនៃអំបូរសេរ៉ា។ កងពលរបស់គាត់មានទាហាន ២៤ ០០០ នាក់។ 12 កងពលទីប្រាំបួន ដែលចេញប្រតិបត្តិការនៅខែទីប្រាំបួន ដឹកនាំដោយលោកអប៊ីយេស៊ែរ ជាអ្នកភូមិអាណាតូត ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន។ កងពលរបស់គាត់មានទាហាន ២៤ ០០០ នាក់។ 13 កងពលទីដប់ ដែលចេញប្រតិបត្តិការនៅខែទីដប់ ដឹកនាំដោយលោកម៉ារ៉ាយ ជាអ្នកស្រុកនេតូផា នៃអំបូរសេរ៉ា។ កងពលរបស់គាត់មានទាហាន ២៤ ០០០ នាក់។ 14 កងពលទីដប់មួយ ដែលចេញប្រតិបត្តិការនៅខែទីដប់មួយ ដឹកនាំដោយលោកបេណាយ៉ា ជាអ្នកស្រុកពីរ៉ាតូន ក្នុងកុលសម្ព័ន្ធអេប្រាអ៊ីម។ កងពលរបស់គាត់មានទាហាន ២៤ ០០០ នាក់។ 15 កងពលទីដប់ពីរ ដែលចេញប្រតិបត្តិការនៅខែទីដប់ពីរ ដឹកនាំដោយលោកហែលដាយ ជាអ្នកស្រុកនេតូផានៃអំបូរអូតនីអែល។ កងពលរបស់គាត់មានទាហាន ២៤ ០០០ នាក់។
ការចាត់ចែងអាជ្ញាធរស៊ីវិល
16 មេដឹកនាំកុលសម្ព័ន្ធនានានៃជនជាតិអ៊ីស្រាអែលមានដូចតទៅ:
មេដឹកនាំរបស់កុលសម្ព័ន្ធរូបេន គឺលោកអេលីយេស៊ែរ ជាកូនរបស់លោកស៊ីគរី។ មេដឹកនាំកុលសម្ព័ន្ធស៊ីម៉ូន គឺលោកសេផាទីយ៉ា ជាកូនរបស់លោកម៉ាកា។ 17 មេដឹកនាំកុលសម្ព័ន្ធលេវី គឺលោកហាសាប៊ីយ៉ា ជាកូនរបស់លោកកេមូអែល។ រីឯមេដឹកនាំកូនចៅរបស់លោកអរ៉ុន គឺលោកសាដុក។ 18 មេដឹកនាំកុលសម្ព័ន្ធយូដាគឺលោកអេលីហ៊ូ ជាបងរបស់ព្រះបាទដាវីឌ។ មេដឹកនាំកុលសម្ព័ន្ធអ៊ីសាការមានលោកអូមរី ជាកូនរបស់លោកមីកាអែល។ 19 មេដឹកនាំកុលសម្ព័ន្ធសាប៊ូឡូនគឺលោកយីសម៉ាយ៉ា ជាកូនរបស់លោកអូបាឌីយ៉ា។ មេដឹកនាំកុលសម្ព័ន្ធណែបថាលី គឺលោកយេរីម៉ុត ជាកូនរបស់អាសរីអែល។ 20 មេដឹកនាំកុលសម្ព័ន្ធអេប្រាអ៊ីម គឺលោកហូសេ ជាកូនរបស់លោកអសាស៊ីយ៉ា។ មេដឹកនាំកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាលគឺលោកយ៉ូអែល ជាកូនរបស់លោកពេដាយ៉ា។ 21 មេដឹកនាំកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាលទៀត នៅស្រុកកាឡាដ គឺលោកអ៊ីដូ ជាកូនរបស់លោកសាការី។ មេដឹកនាំកុលសម្ព័ន្ធបេនយ៉ាមីន គឺលោកយ៉ាស៊ីអែល ជាកូនរបស់លោកអាប់នែរ។ 22 មេដឹកនាំកុលសម្ព័ន្ធដាន់ គឺលោកអសារែល ជាកូនរបស់លោកយេរូហាំ។ អស់លោកទាំងនេះសុទ្ធតែជាមេដឹកនាំរបស់កុលសម្ព័ន្ធនានានៃជនជាតិអ៊ីស្រាអែល។
23 ព្រះបាទដាវីឌពុំបានរាប់ចំនួនអស់អ្នកដែលមានអាយុតិចជាងម្ភៃឆ្នាំទេ ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលថា ព្រះអង្គនឹងធ្វើឲ្យជនជាតិអ៊ីស្រាអែលកើនចំនួនច្រើន ដូចផ្កាយនៅលើមេឃ។ 24 លោកយ៉ូអាប់ ជាកូនរបស់អ្នកស្រីសេរូយ៉ា ចាប់ផ្តើមជំរឿនប្រជាជន តែពុំបានបង្ហើយទេ ដ្បិតព្រះអម្ចាស់ព្រះអង្គព្រះពិរោធទាស់នឹងអ៊ីស្រាអែល ព្រោះតែការនេះ។ ដូច្នេះ ចំនួនសរុបរបស់ប្រជាជន ពុំមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ព្រះបាទដាវីឌឡើយ។
អ្នកគ្រប់គ្រងរាជទ្រព្យ
25 លោកអាសម៉ាវេត កូនរបស់លោកអឌីអែល ជាអ្នកមើលខុសត្រូវលើរាជទ្រព្យ។ រីឯទ្រព្យសម្បត្តិនៅតាមស្រែចម្ការ តាមក្រុង តាមភូមិ និងតាមដំណាក់នានា មានលោកយ៉ូណាថាន កូនរបស់លោកអសារីយ៉ា ជាអ្នកមើលខុសត្រូវ។ 26 លោកអេសរី ជាកូនរបស់លោកកេលូប មើលខុសត្រូវលើពួកកសិករ ដែលធ្វើស្រែចម្ការថ្វាយស្តេច។ 27 លោកស៊ីម៉ាយ ជាអ្នកក្រុងរ៉ាម៉ា មើលខុសត្រូវលើចម្ការទំពាំងបាយជូររបស់ស្តេច។ លោកសាបឌី ជាអ្នកស្រុកសេផាម មើលខុសត្រូវលើកន្លែងទុកស្រាទំពាំងបាយជូរនៅតាមចម្ការ។ 28 លោកបាលហាណន ជាអ្នកក្រុងកេឌែរ មើលខុសត្រូវលើចម្ការអូលីវ និងចម្ការឧទុម្ពរនៅតំបន់វាលទំនាប។ លោកយ៉ូអាស ជាអ្នកមើលខុសត្រូវលើឃ្លាំងដាក់ប្រេង។ 29 លោកស៊ីតរ៉ាយ ជាអ្នកស្រុកសារ៉ូន មើលខុសត្រូវលើហ្វូងគោ នៅស្រុកសារ៉ូន។ លោកសាផាត ជាកូនរបស់លោកអាដឡាយ មើលខុសត្រូវលើហ្វូងគោ នៅតាមជ្រលងភ្នំ។ 30 លោកអប៊ីល ជាជនជាតិអ៊ីស្មាអែល មើលខុសត្រូវលើហ្វូងអូដ្ឋ។ លោកយេឌីយ៉ា ជាអ្នកស្រុកមេរ៉ូណូត មើលខុសត្រូវលើហ្វូងលា។ 31 លោកយ៉ាស៊ីស ជាជនជាតិហាការ មើលខុសត្រូវលើហ្វូងចៀម និងពពែ។ អស់លោកទាំងនេះសុទ្ធតែជាអ្នកគ្រប់គ្រងលើទ្រព្យសម្បត្តិរបស់ព្រះបាទដាវីឌ។
អ្នកជំនិតរបស់ព្រះបាទដាវីឌ
32 លោកយ៉ូណាថាន ដែលត្រូវជាឪពុកមារបស់ព្រះបាទដាវីឌ មាននាទីជាទីប្រឹក្សារបស់ស្តេច។ លោកជាមនុស្សមានប្រាជ្ញាឈ្លាសវៃ ហើយចេះដឹងជ្រៅជ្រះ។ លោកយេហ៊ីអែល ជាកូនរបស់លោកហាក់មូនី ជាគ្រូបាធ្យាយបុត្ររបស់ស្តេច។ 33 លោកអហ៊ីតូផែលក៏ជាទីប្រឹក្សារបស់ស្តេចដែរ។ លោកហ៊ូសាយ ជាជនជាតិអារគី ជាមិត្តរបស់ស្តេច។ 34 លោកយេហូយ៉ាដាជាកូនរបស់លោកបេណាយ៉ា និងលោកអប៊ីយ៉ា បានបន្តមុខងាររបស់លោកអហ៊ីតូផែល។ លោកយ៉ូអាប់ជាមេបញ្ជាការកងទ័ពរបស់ស្តេច។