ជំពូក ៥

កុល‌សម្ព័ន្ធ​រូបេន

1 នេះ​ជា​កូន​ចៅ​របស់​លោក​រូបេន ជា​កូន​ច្បង​របស់​លោក​អ៊ីស្រា‌អែល -លោក​រូបេន​នេះ​ជា​កូន​ច្បង​មែន តែ​ដោយ​គាត់​បាន​លួច​រួម​ដំណេក​ជា​មួយ​ប្រពន្ធ​ចុង​របស់​ឪពុក សិទ្ធិ​ជា​កូន​ច្បង​ត្រូវ​បាន​ផ្ទេរ​ទៅ​ឲ្យ​កូនៗ​របស់​លោក​យ៉ូសែប ជា​កូន​របស់​លោក​អ៊ីស្រា‌អែល។ ដូច្នេះ គេ​មិន​អាច​រាប់​លោក​រូបេន ជា​កូន​ច្បង​បាន​ទេ។ 2 រីឯ​លោក​យូដា​វិញ គាត់​មាន​អំណាច​ជាង​បង‌ប្អូន​ទាំង​ប៉ុន្មាន​របស់​គាត់​មែន ដ្បិត​ស្តេច​ដែល​គ្រប់‌គ្រង​លើ​ជន​ជាតិ​អ៊ីស្រា‌អែល​កើត​ចេញ​ពី​គាត់ តែ​សិទ្ធិ​ជា​កូន​ច្បង នៅ​តែ​បាន​ទៅ​លើ​លោក​យ៉ូសែប​ដដែល។
3 កូន​របស់​លោក​រូបេន ដែល​ត្រូវ​ជា​កូន​ច្បង​របស់​លោក​អ៊ីស្រា‌អែល មាន​ហេណុក ប៉ាល់លូ ហេស្រន និង​ការមី។
4 រីឯ​កូន​ចៅ​របស់​លោក​យ៉ូអែល​មាន​រាយ​នាម​តាម​តំណ​វង្ស​ត្រកូល ជា​បន្ត​បន្ទាប់​គ្នា ដូច​ត​ទៅ: គឺ​សេម៉ាយ៉ា កុក ស៊ីម៉ាយ 5 មីកា រេអាយ៉ា បាល 6 និង​បេរ៉ា​ដែល​ត្រូវ​ព្រះ‌ចៅ​ទីកឡាត-‌ពីលេស៊ែរ ជា​ស្តេច​ស្រុក​អាស្ស៊ីរី នាំ​ទៅ​ជា​ឈ្លើយ។ លោក​បេរ៉ា​ជា​មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​រូបេន។ 7 បង‌ប្អូន​របស់​គាត់​មាន​ឈ្មោះ​ក្នុង​បញ្ជី‌រាយ​នាម តាម​អំបូរ តាម​វង្ស​ត្រកូល ដូច​ត​ទៅ: អ្នក​ទី​មួយ​គឺ​លោក​យីអែល បន្ទាប់​មក លោក​សាការី 8 លោក​បេឡា​ជា​កូន​របស់​លោក​អសាស ជា​ចៅ​របស់​លោក​សេម៉ា និង​ជា​ចៅ‌ទួត​របស់​លោក​យ៉ូអែល។
កុល‌សម្ព័ន្ធ​រូបេន​រស់​នៅ​ក្នុង​តំបន់ ដែល​គិត​ចាប់​ពី​ក្រុង​អារ៉ូអ៊ែរ រហូត​ដល់​ក្រុង​នេបូ និង​បាល-‌មេអូន។ 9 នៅ​ទិស​ខាង​កើត ពួក​គេ​លាត​សន្ធឹង​ចាប់​តាំង​ពី​ទន្លេ​អឺប្រាត រហូត​ដល់​វាល​រហោ‌ស្ថាន ដ្បិត​គេ​មាន​ហ្វូង​សត្វ​ជា​ច្រើន​នៅ​ស្រុក​កាឡាដ។ 10 នៅ​រជ្ជ‌កាល​របស់​ព្រះ‌បាទ​សាអ៊ូល កូន​ចៅ​រូបេន​បាន​ច្បាំង​នឹង​ជន​ជាតិ​ហាកា‌រេន ហើយ​គ្រប់‌គ្រង​លើ​ជន​ជាតិ​នោះ ព្រម​ទាំង​រស់​នៅ​ក្នុង​ជំរំ​របស់​ពួក​គេ ក្នុង​តំបន់​ប៉ែក​ខាង​កើត​ស្រុក​កាឡាដ​ទាំង​មូល។

កុល‌សម្ព័ន្ធ​កាដ

11 ពូជ‌ពង្ស​របស់​លោក​កាដ​រស់​នៅ​ក្បែរ​ពូជ‌ពង្ស​របស់​រូបេន ក្នុង​ស្រុក​បាសាន និង​រហូត​ដល់​សាលកា។ 12 លោក​យ៉ូអែល​ជា​មេ​ដឹក​នាំ​របស់​ពួក​គេ អ្នក​បន្ទាប់​គឺ​លោក​សាផាម រួច​ហើយ​មាន​លោក​យ៉ាណាយ និង​លោក​សាផាត់ នៅ​ស្រុក​បាសាន។ 13 បង‌ប្អូន​ពួក​គេ​ប្រាំ​ពីរ​នាក់​ទៀត​មាន​ឈ្មោះ​តាម​ក្រុម​គ្រួសារ ដូច​ត​ទៅ: មីកាអែល ស៊ូឡាម សេបា យ៉ូរ៉ា យេកាន ស៊ីអា និង​អេប៊ែរ។ 14 អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​លោក​អប៊ីហែល។ លោក​អប៊ីហែល​ជា​កូន​របស់​លោក​ហ៊ូរី លោក​ហ៊ូរី​ជា​កូន​របស់​លោក​យ៉ារ៉ូអា លោក​យ៉ារ៉ូអា​ជា​កូន​របស់​លោក​កាឡាដ លោក​កាឡាដ​ជា​កូន​របស់​លោក​មីកាអែល លោក​មីកាអែល​ជា​កូន​របស់​លោក​យេស៊ីសាយ លោក​យេស៊ីសាយ ជា​កូន​របស់​លោក​យ៉ាដូ លោក​យ៉ាដូ​ជា​កូន​របស់​លោក​ប៊ូស។ 15 លោក​អហ៊ី​ជា​កូន​របស់​លោក​អាប់ឌីអែល និង​ជា​ចៅ​របស់​លោក​គូនី ជា​មេ​ដឹក​នាំ​លើ​ក្រុម​គ្រួសារ​របស់​គេ។ 16 អ្នក​ទាំង​នោះ​រស់​នៅ​ក្នុង​ស្រុក​កាឡាដ ស្រុក​បាសាន ព្រម​ទាំង​ស្រុក​ភូមិ​ទាំង​ប៉ុន្មាន ដែល​នៅ​ជុំ‌វិញ​តំបន់​នោះ និង​វាល​ស្មៅ​ដែល​នៅ​ជុំ‌វិញ​ក្រុង​សារ៉ូន រហូត​ដល់​ព្រំ‌ប្រទល់​ស្រុក​របស់​គេ។ 17 អ្នក​ទាំង​នោះ​មាន​ឈ្មោះ​ក្នុង​បញ្ជី​ជំរឿន​ប្រជាជន នៅ​រជ្ជ‌កាល​ព្រះ‌បាទ​យ៉ូថាម ជា​ស្តេច​ស្រុក​យូដា និង​រជ្ជ‌កាល​ព្រះ‌បាទ​យេរ៉ូបោម ជា​ស្តេច​ស្រុក​អ៊ីស្រា‌អែល។

កង‌ទ័ព​របស់​កុល‌សម្ព័ន្ធ​ខាង​កើត

18 កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណាសេ​ចំនួន​ពាក់​កណ្ដាល មាន​ទាហាន​ចំនួន ៤៤៧៦០​នាក់ ដែល​អាច​ចេញ​ទៅ​ធ្វើ​សឹក​សង្គ្រាម​បាន ហើយ​សុទ្ធ​តែ​ជា​មនុស្ស​អង់‌អាច​ក្លា‌ហាន ពូកែ​ប្រើ​ខែល ប្រើ​ដាវ បាញ់​ធ្នូ និង​ថ្នឹក​ខាង​ចម្បាំង។ 19 ពួក​គេ​លើក​គ្នា​ទៅ​ច្បាំង​នឹង​ជន​ជាតិ​ហាការេន យេទួរ ណាភីស និង​ណូដាប់។ 20 នៅ​ពេល​ច្បាំង ពួក​គេ​បាន​ទូល‌អង្វរ​សូម​ព្រះ‌ជាម្ចាស់​ជួយ ហើយ​ដោយ​ពួក​គេ​ទុក​ចិត្ត​លើ​ព្រះ‌អង្គ​នោះ ព្រះ‌អង្គ​ក៏​ជួយ​ពួក​គេ​ឲ្យ​មាន​ជ័យ‌ជម្នះ​លើ​កង‌ទ័ព​ហាការេន និង​បក្ស​ពួក។ 21 ពួក​គេ​រឹប​អូស​យក​បាន​ហ្វូង​សត្វ​របស់​ខ្មាំង គឺ​មាន​អូដ្ឋ​៥០ ០០០ ក្បាល ចៀម ២៥០ ០០០ ក្បាល និង​លា​២ ០០០ ក្បាល ព្រម​ទាំង​ចាប់​បាន​មនុស្ស​មួយ​សែន​នាក់។ 22 ខ្មាំង​សត្រូវ​ក៏​ខាត​បង់​ជីវិត​មនុស្ស​ជា​ច្រើន​នាក់​ដែរ ដ្បិត​ចម្បាំង​នោះ​កើត​ពី​ព្រះ‌ជាម្ចាស់។ ពួក​គេ​តាំង​ទី​លំ‌នៅ​លើ​ទឹក​ដី​របស់​ខ្មាំង រហូត​ដល់​គ្រា​ដែល​ពួក​គេ​ជាប់​ជា​ឈ្លើយ​សឹក។

កុល‌សម្ព័ន្ធ​ម៉ាណាសេ​ចំនួន​ពាក់​កណ្ដាល ដែល​នៅ​ត្រើយ​ខាង​កើត​ទន្លេ​យ័រដាន់

23 កុល‌សម្ព័ន្ធ​ម៉ាណាសេ​ចំនួន​ពាក់​កណ្ដាល​តាំង​ទី​លំ‌នៅ​លើ​ទឹក​ដី​នោះ ចាប់​តាំង​ពី​ស្រុក​បាសាន​រហូត​ដល់​ស្រុក​បាល-‌ហ៊ែរម៉ូន ភ្នំ​ស៊ីនៀរ និង​ភ្នំ​ហ៊ែរម៉ូន ហើយ​ពួក​គេ​កើន​ចំនួន​ឡើង​ជា​ច្រើន។ 24 រីឯ​មេ​ដឹក​នាំ​លើ​ក្រុម​គ្រួសារ​របស់​ពួក​គេ​មាន​លោក​អេភែរ លោក​យីសៃ លោក​អេលីអែល លោក​អាសរីអែល លោក​យេរេមី លោក​ហូដា‌វីយ៉ា និង​លោក​យ៉ាឌីអែល។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​មនុស្ស​ខ្លាំង​ពូកែ និង​មាន​ឈ្មោះ​ល្បី ហើយ​ជា​មេ​ដឹក​នាំ​លើ​ក្រុម​គ្រួសារ​របស់​គេ។

25 ប៉ុន្តែ ពួក​គេ​ពុំ​បាន​ស្មោះ‌ត្រង់​នឹង​ព្រះ​នៃ​ដូន‌តា​របស់​ពួក​គេ​ទេ ពួក​គេ​បែរ​ទៅ​គោរព​បម្រើ​ព្រះ​របស់​ជាតិ​សាសន៍​ទាំង‌ឡាយ នៅ​ក្នុង​ស្រុក​នោះ គឺ​ជាតិ​សាសន៍​ដែល​ព្រះ‌ជាម្ចាស់​បាន​បំផ្លាញ​ចេញ​ពី​មុខ​ពួក​គេ។ 26 ហេតុ​នេះ ព្រះ​របស់​ជន​ជាតិ​អ៊ីស្រា‌អែល​បាន​បណ្តាល​ចិត្ត​ព្រះ‌បាទ​ពូល និង​ព្រះ‌បាទ​ទីកឡាត-‌ពីលេស៊ែរ ជា​ស្តេច​ស្រុក​អាស្ស៊ីរី ឲ្យ​វាយ​លុក​ទឹក​ដី​របស់​ពួក​គេ។ ព្រះ‌បាទ​ទីកឡាត-‌ពីលេស៊ែរ​ក៏​បាន​កៀរ​កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណាសេ​ចំនួន​ពាក់​កណ្ដាល ទៅ​ជា​ឈ្លើយ​សឹក នៅ​តំបន់​ហាឡា ហាប៊រ និង​ហារ៉ា ដែល​នៅ​ក្បែរ​ទន្លេ​នៃ​ស្រុក​កូសាន ហើយ​ពួក​គេ​រស់​នៅ​ទី​នោះ​រហូត​ដល់​សព្វ​ថ្ងៃ។

កុល‌សម្ព័ន្ធ​លេវី

27 កូន​របស់​លោក​លេវី​មាន គែរសូន គើហាត់ និង​មេរ៉ារី។ 28 កូន​របស់​លោក​គើហាត់​មាន អាំរ៉ាម យីសារ ហេប្រូន និង​អ៊ូស៊ីអែល។ 29 កូន​របស់​លោក​អាំរ៉ាម​មាន អរ៉ុន ម៉ូសេ និង​មៀរីយ៉ាម។ កូន​របស់​លោក​អរ៉ុន​មាន ណាដាប អប៊ីហ៊ូ អេឡាសារ និង​អ៊ីតាម៉ារ។ 30 លោក​អេឡាសារ​ជា​ឪពុក​របស់​លោក​ភីនេអាស លោក​ភីនេអាស​ជា​ឪពុក​របស់​លោក​អប៊ីសួ 31 លោក​អប៊ីសួ​ជា​ឪពុក​របស់​លោក​ប៊ូគី លោក​ប៊ូគី​ជា​ឪពុក​របស់​លោក​អ៊ូស៊ី 32 លោក​អ៊ូស៊ី​ជា​ឪពុក​របស់​លោក​សេរ៉ាយ៉ា លោក​សេរ៉ាយ៉ា​ជា​ឪពុក​របស់​លោក​មេរ៉ាយ៉ូត 33 លោក​មេរ៉ាយ៉ូត​ជា​ឪពុក​របស់​លោក​អម៉ារីយ៉ា លោក​អម៉ារីយ៉ា​ជា​ឪពុក​របស់​លោក​អហ៊ីទូប 34 លោក​អហ៊ីទូប​ជា​ឪពុក​របស់​លោក​សាដុក លោក​សាដុក​ជា​ឪពុក​របស់​លោក​អហ៊ីម៉ាស 35 លោក​អហ៊ីម៉ាស​ជា​ឪពុក​របស់​លោក​អសារីយ៉ា លោក​អសារីយ៉ា​ជា​ឪពុក​របស់​លោក​យ៉ូហាណន 36 លោក​យ៉ូហាណន​ជា​ឪពុក​របស់​លោក​អសារីយ៉ា ជា​បូជា‌ចារ្យ​បំពេញ​មុខ‌ងារ​ក្នុង​ព្រះ‌វិហារ ដែល​ព្រះ‌បាទ​សាឡូម៉ូន​បាន​សង់ នៅ​ក្រុង​យេរូ‌សាឡឹម។ 37 លោក​អសារីយ៉ា​ជា​ឪពុក​របស់​លោក​អម៉ារីយ៉ា លោក​អម៉ារីយ៉ា​ជា​ឪពុក​របស់​លោក​អហ៊ីទូប 38 លោក​អហ៊ីទូប​ជា​ឪពុក​របស់​លោក​សាដុក លោក​សាដុក​ជា​ឪពុក​របស់​លោក​សាលូម 39 លោក​សាលូម​ជា​ឪពុក​របស់​លោក​ហ៊ីលគីយ៉ា លោក​ហ៊ីលគីយ៉ា​ជា​ឪពុក​របស់​លោក​អសារីយ៉ា 40 លោក​អសារីយ៉ា​ជា​ឪពុក​របស់​លោក​សេរ៉ាយ៉ា លោក​សេរ៉ាយ៉ា​ជា​ឪពុក​របស់​លោក​យេហូ‌សាដាក។ 41 នៅ​គ្រា​ដែល​ព្រះ‌អម្ចាស់​ឲ្យ​ព្រះ‌បាទ​នេប៊ូ‌កានេសារ កៀរ​អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម​ទៅ​ជា​ឈ្លើយ នោះ​លោក​យេហូ‌សាដាក ក៏​ត្រូវ​គេ​នាំ​យក​ទៅ​ដែរ។