ជំពូក ១៦

1 កាល​ដង្ហែ​ហិប​របស់​ព្រះ‌ជាម្ចាស់​ទៅ​ដល់​ហើយ គេ​ក៏​តម្កល់​នៅ​កណ្ដាល​ព្រះ‌ពន្លា ដែល​ព្រះ‌បាទ​ដាវីឌ​បាន​បម្រុង​ទុក រួច​គេ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល* និង​យញ្ញ‌បូជា​មេត្រី‌ភាព នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់។ 2 កាល​ព្រះ‌បាទ​ដាវីឌ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​យញ្ញ‌បូជា​មេត្រី‌ភាព​ចប់​សព្វ​គ្រប់​ហើយ ស្តេច​ក៏​ប្រទាន​ពរ​ដល់​ប្រជាជន ក្នុង​នាម​ព្រះ‌អម្ចាស់។ 3 បន្ទាប់​មក ព្រះ‌រាជា​ប្រទាន​ម្ហូប​អាហារ​ដល់​ប្រជាជន​អ៊ីស្រា‌អែល​ទាំង​អស់ ទាំង​ប្រុស ទាំង​ស្រី ម្នាក់ៗ​ទទួល​បាន​នំបុ័ង​មួយ​ដុំ ដំណាប់​លម៉ើ​មួយ​ដុំ និង​នំ​ទំពាំង‌បាយ‌ជូរ​ក្រៀម​មួយ​ដុំ។
4 ព្រះ‌បាទ​ដាវីឌ​ចាត់​ក្រុម​លេវី​ខ្លះ​ឲ្យ​បម្រើ​ការ‌ងារ​នៅ​ខាង​មុខ​ហិប​របស់​ព្រះ‌អម្ចាស់ ដើម្បី​ធ្វើ​ពិធី​រំឭក លើក​តម្កើង និង​ច្រៀង​សរសើរ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រា‌អែល 5 គឺ​មាន​លោក​អសាភ​ជា​មេ​ដឹក​នាំ បន្ទាប់​មក មាន​លោក​សាការី​ជា​មេ​ដឹក​នាំ​រង ព្រម​ទាំង​លោក​យេអែល លោក​សេមី‌រ៉ាម៉ូត លោក​យេហ៊ីអែល លោក​ម៉ាទីទីយ៉ា លោក​អេលីយ៉ាប លោក​បេណាយ៉ា លោក​អូបេដ-‌អេដុម និង​លោក​យេអែល ដែល​សុទ្ធ​តែ​ជា​អ្នក​លេង​ភ្លេង គឺ​មាន​ឃឹម និង​ពិណ ហើយ​លោក​អសាភ​ជា​អ្នក​វាយ​ឈិង។ 6 លោក​បូជា‌ចារ្យ​បេណាយ៉ា និង​លោក​យ៉ាហា‌ស៊ីអែល ផ្លុំ​ត្រែ នៅ​មុខ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌ជាម្ចាស់​ជា‌និច្ច។ 7 គឺ​ថ្ងៃ​នោះ​ហើយ​ដែល​ព្រះ‌បាទ​ដាវីឌ​បាន​ចាត់​លោក​អសាភ ព្រម​ទាំង​បង‌ប្អូន​របស់​គាត់ ឲ្យ​ប្រារព្ធ​ពិធី​លើក​តម្កើង​ព្រះ‌អម្ចាស់​ជា​លើក​ដំបូង​បង្អស់។

ទំនុក‌តម្កើង

8 «ចូរ​នាំ​គ្នា​លើក​តម្កើង​ព្រះ‌អម្ចាស់
ចូរ​ប្រកាស​ព្រះ‌នាម​ព្រះ‌អង្គ!
ចូរ​ថ្លែង​អំពី​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គ
ប្រាប់​ប្រជា‌ជាតិ​នានា!
9 ចូរ​ច្រៀង​តម្កើង​ព្រះ‌អង្គ
ចូរ​ស្មូត្រ​ទំនុក‌តម្កើង​ថ្វាយ​ព្រះ‌អង្គ!
ចូរ​រៀប​រាប់​អំពី​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន
ដែល​ព្រះ‌អង្គ​បាន​ធ្វើ!
10 ចូរ​ខ្ពស់​មុខ​ឡើង ព្រោះ​អ្នក​រាល់​គ្នា
ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ​ដ៏‌វិសុទ្ធ!
អស់​អ្នក​ស្វែង​រក​ព្រះ‌អម្ចាស់​អើយ
ចូរ​សប្បាយ​ចិត្ត​ចុះ!
11 ចូរ​ស្វែង​រក​ព្រះ‌អម្ចាស់​ប្រកប​ដោយ​ព្រះ‌ចេស្ដា
ចូរ​ស្វែង​រក​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ
ឥត​ឈប់​ឈរ​ឡើយ!
12 ចូរ​នឹក​ដល់​ការ​អស្ចារ្យ​ផ្សេងៗ
ដែល​ព្រះ‌អង្គ​បាន​ធ្វើ
ចូរ​នឹក​ដល់​ឫទ្ធិ‌បាដិ‌ហារិយ៍ និង​ការ​ជំនុំ‌ជម្រះ
ទាំង​ប៉ុន្មាន​ដែល​ព្រះ‌អង្គ​បាន​សម្រេច។
13 អ្នក​រាល់​គ្នា​ជា​ពូជ‌ពង្ស​របស់​លោក​អ៊ីស្រា‌អែល
ដែល​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ
អ្នក​រាល់​គ្នា​ជា​កូន​ចៅ​របស់​លោក​យ៉ាកុប
ដែល​ព្រះ‌អង្គ​បាន​ជ្រើស‌រើស!
14 មាន​តែ​ព្រះ‌អម្ចាស់​ទេ ដែល​ជា​ព្រះ​របស់​យើង
ព្រះ‌អង្គ​គ្រប់‌គ្រង​លើ​ផែន‌ដី​ទាំង​មូល។
15 ចូរ​នឹក​ដល់​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អង្គ​ជា‌និច្ច
គឺ​ជា​ព្រះ‌បន្ទូល​ដែល​នៅ​ស្ថិត‌ស្ថេរ
រហូត​ដល់​មួយ​ពាន់​តំណ
16 គឺ​សម្ពន្ធ‌មេត្រី​ដែល​ព្រះ‌អង្គ​បាន​ចង​ជា​មួយ
លោក​អប្រាហាំ
ព្រម​ទាំង​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​បាន​សន្យា
ជា​មួយ​លោក​អ៊ីសាក។
17 ព្រះ‌អង្គ​បាន​បញ្ជាក់​សម្ពន្ធ‌មេត្រី​នេះ
ជា​មួយ​លោក​យ៉ាកុប ទុក​ជា​សម្ពន្ធ‌មេត្រី
អស់​កល្ប‌ជានិច្ច​ជា​មួយ​ជន​ជាតិ​អ៊ីស្រា‌អែល។
18 គឺ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា:
«យើង​នឹង​ប្រគល់​ស្រុក​កាណាន​ឲ្យ​អ្នក
ទុក​ជា​ចំណែក​មត៌ក»។
19 នៅ​គ្រា​នោះ អ្នក​រាល់​គ្នា​ជា​ក្រុម​មួយ​ដ៏​តូច
ដែល​ចូល​មក​រស់​នៅ​លើ​ទឹក​ដី​ស្រុក​កាណាន។
20 អ្នក​រាល់​គ្នា​ធ្វើ​ដំណើរ​ពី​ស្រុក​មួយ​ទៅ​ស្រុក​មួយ
ពី​នគរ​មួយ​ទៅ​នគរ​មួយ​ទៀត។
21 ប៉ុន្តែ ព្រះ‌អង្គ​មិន​អនុញ្ញាត​ឲ្យ​នរណា​ម្នាក់
សង្កត់‌សង្កិន​អ្នក​រាល់​គ្នា​ទេ
ដើម្បី​ការ‌ពារ​អ្នក​រាល់​គ្នា
ព្រះ‌អង្គ​បាន​បន្ទោស​ស្តេច​នានា​ថា:
22 «កុំ​ប៉ះ‌ពាល់​អស់​អ្នក​ដែល​យើង​បាន​ចាក់​ប្រេង
អភិសេក​នេះ​ឡើយ
កុំ​ធ្វើ​បាប​ព្យាការី​របស់​យើង​ឲ្យ​សោះ!»។
23 មនុស្ស​នៅ​លើ​ផែន‌ដី​ទាំង​មូល​អើយ
ចូរ​ច្រៀង​ថ្វាយ​ព្រះ‌អម្ចាស់!
ចូរ​ប្រកាស​ជា​រៀង​រាល់​ថ្ងៃ
អំពី​ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ។
24 ចូរ​ប្រកាស​អំពី​សិរី‌រុង​រឿង​របស់​ព្រះ‌អង្គ
នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា
ហើយ​ប្រកាស​អំពី​ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ​របស់
ព្រះ‌អង្គ នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​អស់!
25 ដ្បិត​ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏​ប្រសើរ​ឧត្ដម
ដែល​យើង​ត្រូវ​តែ​សរសើរ​តម្កើង​អស់​ពី​ចិត្ត
ព្រះ‌អង្គ​គួរ​ជា​ទី​ស្ញែង​ខ្លាច​ជាង
ព្រះ​ផង​ទាំង​ពួង។
26 ព្រះ​ទាំង​ប៉ុន្មាន​របស់​សាសន៍​នានា
សុទ្ធ​តែ​ឥត​បាន​ការ​អ្វី​ទាំង​អស់
រីឯ​ព្រះ‌អម្ចាស់ ព្រះ‌អង្គ​បាន​បង្កើត​ផ្ទៃ​មេឃ។
27 មាន​ពន្លឺ​រស្មី​ចិញ្ចែង‌ចិញ្ចាច​ចាំង​ចេញ​ពី
ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អង្គ
ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ​ពោរ‌ពេញ​ទៅ​ដោយ
ឫទ្ធិ‌បារមី និង​អំណរ​សប្បាយ។
28 ប្រជា‌ជាតិ​ទាំង‌ឡាយ​អើយ
ចូរ​នាំ​គ្នា​លើក​តម្កើង​សិរី‌រុង​រឿង​ព្រះ‌អម្ចាស់
ហើយ​ថ្លែង​អំពី​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ
29 ចូរ​លើក​តម្កើង​សិរី‌រុង​រឿង​នៃ​ព្រះ‌នាម
របស់​ព្រះ‌អម្ចាស់!
ចូរ​នាំ​គ្នា​យក​តង្វាយ​ចូល​មក​ចំពោះ​ព្រះ‌ភ័ក្ត្រ
របស់​ព្រះ‌អង្គ!
ចូរ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់
នៅ​ពេល​ព្រះ‌អង្គ​សម្ដែង​ភាព​វិសុទ្ធ
របស់​ព្រះ‌អង្គ!
30 មនុស្ស​នៅ​លើ​ផែន‌ដី​ទាំង​មូល​អើយ
ចូរ​ញាប់‌ញ័រ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ​ចុះ!
ពិភព‌លោក​រឹង‌មាំ ឥត​រង្គើ​សោះ​ឡើយ
31 ចូរ​ឲ្យ​ផ្ទៃ​មេឃ​មាន​អំណរ​សប្បាយ
និង​ឲ្យ​ផែន‌ដី​បាន​រីក‌រាយ​ដ៏​លើស‌លប់!
ចូរ​ប្រកាស​នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា​ថា
ព្រះ‌អម្ចាស់​គ្រង​រាជ្យ!
32 ចូរ​ឲ្យ​សមុទ្រ និង​អ្វីៗ​នៅ​ក្នុង​សមុទ្រ
បន្លឺ​សំឡេង​យ៉ាង​អឺង‌កង!
ចូរ​ឲ្យ​ស្រែ​ចម្ការ និង​អ្វីៗ​នៅ​ទី​នោះ
ត្រេក‌អរ​សប្បាយ!
33 ចូរ​ឲ្យ​ព្រៃ​ព្រឹក្សា​ទាំង​ប៉ុន្មាន​ស្រែក​ហ៊ោ
នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់!
ដ្បិត​ព្រះ‌អង្គ​យាង​មក​គ្រប់‌គ្រង​ផែន‌ដី។
34 ចូរ​លើក​តម្កើង​ព្រះ‌អម្ចាស់
ដ្បិត​ព្រះ‌អង្គ​សប្បុរស
ព្រះ‌ហឫទ័យ​មេត្តា​ករុណា​របស់​ព្រះ‌អង្គ
នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!
35 ចូរ​ទូល​ព្រះ‌អង្គ​ថា:
ព្រះ‌សង្គ្រោះ​របស់​យើង​ខ្ញុំ​អើយ
សូម​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​ផង
សូម​ប្រមូល​ផ្តុំ​យើង​ខ្ញុំ ហើយ​យក​យើង​ខ្ញុំ
ចេញ​ពី​ចំណោម​ប្រជា‌ជាតិ​នានា
ដើម្បី​ឲ្យ​យើង​ខ្ញុំ​លើក​តម្កើង
ព្រះ‌នាម​ដ៏‌វិសុទ្ធ​របស់​ព្រះ‌អង្គ និង​បាន​ខ្ពស់​មុខ
ដោយ​សរសើរ​តម្កើង​ព្រះ‌អង្គ!
36 សូម​លើក​តម្កើង​ព្រះ‌អម្ចាស់
ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រា‌អែល
តាំង​ពី​ដើម​រៀង​មក
ហើយ​អស់‌កល្ប​ត​រៀង​ទៅ!»។
ពេល​នោះ ប្រជាជន​ទាំង​មូល​ឆ្លើយ​ថា
«អាម៉ែន សូម​សរសើរ​តម្កើង​ព្រះ‌ជាម្ចាស់!»។
37 ព្រះ‌បាទ​ដាវីឌ​ចាត់​លោក​អសាភ និង​បង‌ប្អូន​របស់​គាត់ ឲ្យ​បំពេញ​មុខ‌ងារ នៅ​មុខ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់​ជា​រៀង​រាល់​ថ្ងៃ ឥត​ដែល​អាក់‌ខាន ដូច​បាន​កំណត់​ទុក។ 38 ស្តេច​ចាត់​លោក​អូបេដ-‌អេដុម​ជា​កូន​របស់​លោក​យេឌូទូន និង​លោក​ហូសា ព្រម​ទាំង​បង‌ប្អូន​របស់​គាត់​ហុក‌សិប​ប្រាំ‌បី​នាក់ ឲ្យ​ធ្វើ​ជា​ឆ្មាំ​ទ្វារ។ 39 ស្តេច​ក៏​ចាត់​លោក​បូជា‌ចារ្យ​សាដុក និង​បូជា‌ចារ្យ​ឯ​ទៀតៗ ជា​បង‌ប្អូន​របស់​គាត់ ឲ្យ​បំពេញ​មុខ‌ងារ​នៅ​មុខ​ព្រះ‌ពន្លា​របស់​ព្រះ‌អម្ចាស់ ដែល​ស្ថិត​លើ​ទួល​ខ្ពស់ នៅ​កាបូន 40 ដើម្បី​ថ្វាយ​តង្វាយ​ដុត​ជា​អចិន្ត្រៃយ៍​ចំពោះ​ព្រះ‌អម្ចាស់ លើ​អាសនៈ​សម្រាប់​ថ្វាយ​តង្វាយ​ដុត ទាំង​ព្រឹក ទាំង​ល្ងាច ស្រប​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​មាន​ចែង​ទុក​ក្នុង​វិន័យ ដែល​ព្រះ‌អម្ចាស់​បាន​បង្គាប់​ដល់​ប្រជាជន​អ៊ីស្រា‌អែល។ 41 លោក​ហេម៉ន និង​លោក​យេឌូទូន ព្រម​ទាំង​អ្នក​ឯ​ទៀតៗ ដែល​គេ​បាន​ជ្រើស‌រើស​តាម​ឈ្មោះ ដើម្បី​លើក​តម្កើង​ព្រះ‌អម្ចាស់ ក៏​មក​ចូល​រួម​ជា​មួយ​បូជា‌ចារ្យ​ទាំង​នោះ​ដែរ ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​របស់​ព្រះ‌អង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ! 42 លោក​ហេម៉ន និង​លោក​យេឌូ‌ទូន ក៏​ទទួល​ខុស​ត្រូវ​លើ​ត្រែ និង​ឈិង​របស់​ពួក​តន្ដ្រី‌ករ ព្រម​ទាំង​ឧបករណ៍​ឯ​ទៀតៗ សម្រាប់​ប្រគំ​បទ​ចម្រៀង​ថ្វាយ​ព្រះ‌ជាម្ចាស់។ កូន​ចៅ​របស់​លោក​យេឌូ‌ទូន​ក៏​មាន​មុខ‌ងារ​ជា​ឆ្មាំ​នៅ​មាត់​ទ្វារ​ដែរ។
43 ប្រជាជន​ទាំង​អស់​នាំ​គ្នា​វិល​ត្រឡប់​ទៅ​ផ្ទះ​រៀងៗ​ខ្លួន ហើយ​ព្រះ‌បាទ​ដាវីឌ​ក៏​វិល​ទៅ​ដំណាក់​វិញ ដើម្បី​ប្រទាន​ពរ​ដល់​រាជ‌វង្ស។