ជំពូក ១៥

ហិប​នៃ​សម្ពន្ធ‌មេត្រី​មក​ដល់​ក្រុង​យេរូ‌សាឡឹម

(២​សាមូអែល ៦.១២-២៣)

1 ព្រះ‌បាទ​ដាវីឌ​បាន​សង់​ដំណាក់​ជា​ច្រើន​នៅ​បុរី​ព្រះ‌បាទ​ដាវីឌ។ ស្តេច​ក៏​រៀប‌ចំ​កន្លែង​មួយ​សម្រាប់​ហិប​របស់​ព្រះ‌ជាម្ចាស់ ព្រម​ទាំង​ដំឡើង​ព្រះ‌ពន្លា ដើម្បី​តម្កល់​ហិប​នេះ​ផង។ 2 ពេល​នោះ ស្តេច​មាន​រាជ‌ឱង្ការ​ថា៖ «មាន​តែ​ក្រុម​លេវី​ទេ​ដែល​មាន​សិទ្ធិ​សែង​ហិប​របស់​ព្រះ‌ជាម្ចាស់ ដ្បិត​ព្រះ‌អម្ចាស់​បាន​ជ្រើស‌រើស​ពួក​គេ ដើម្បី​សែង​ហិប​របស់​ព្រះ‌អង្គ និង​មើល​ថែ​ទាំ​រហូត​ត​ទៅ»។ 3 ព្រះ‌បាទ​ដាវីឌ​បាន​ប្រមូល​ផ្តុំ​ជន​ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល នៅ​ក្រុង​យេរូ‌សាឡឹម ដើម្បី​ដង្ហែ​ហិប​របស់​ព្រះ‌អម្ចាស់ មក​តម្កល់​នៅ​កន្លែង​ដែល​ស្តេច​បាន​រៀប‌ចំ​ទុក។ 4 ព្រះ‌បាទ​ដាវីឌ​ក៏​បាន​ប្រមូល​កូន​ចៅ​លោក​អរ៉ុន ព្រម​ទាំង​ក្រុម​លេវី 5 គឺ​ក្នុង​ចំណោម​កូន​ចៅ​លោក​គើហាត់ មាន​លោក​អ៊ូរីអែល​ជា​មេ​ដឹក​នាំ និង​បង‌ប្អូន​របស់​គាត់ ១២០ នាក់ 6 ក្នុង​ចំណោម​កូន​ចៅ​លោក​មេរ៉ារី មាន​លោក​អសាយ៉ា ជា​មេ​ដឹក​នាំ និង​បង‌ប្អូន​របស់​គាត់ ២២០ នាក់ 7 ក្នុង​ចំណោម​កូន​ចៅ​លោក​គែរសូន មាន​លោក​យ៉ូអែល​ជា​មេ​ដឹក​នាំ និង​បង‌ប្អូន​របស់​គាត់ ១៣០ នាក់ 8 ក្នុង​ចំណោម​កូន​ចៅ​លោក​អេលី‌សាផន មាន​លោក​សេម៉ាយ៉ា​ជា​មេ​ដឹក​នាំ និង​បង‌ប្អូន​របស់​គាត់ ២០០ នាក់ 9 ក្នុង​ចំណោម​កូន​ចៅ​លោក​ហេប្រូន មាន​លោក​អេលីអែល​ជា​មេ​ដឹក​នាំ និង​បង‌ប្អូន​របស់​គាត់ ៨០ នាក់ 10 ក្នុង​ចំណោម​កូន​ចៅ​លោក​អ៊ូស៊ីអែល មាន​លោក​អមី‌ណាដាប់​ជា​មេ​ដឹក​នាំ និង​បង‌ប្អូន​របស់​គាត់ ១១២​នាក់។ 11 ព្រះ‌បាទ​ដាវីឌ​កោះ​ហៅ​លោក​បូជា‌ចារ្យ​សាដុក និង​លោក​បូជា‌ចារ្យ​អប៊ីយ៉ាថារ ព្រម​ទាំង​ក្រុម​លេវី គឺ​មាន​លោក​អ៊ូរីអែល លោក​អសាយ៉ា លោក​យ៉ូអែល លោក​សេម៉ាយ៉ា លោក​អេលីអែល និង​លោក​អមី‌ណាដាប់។ 12 ស្តេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ពួក​គេ​ថា៖ «អស់​លោក​ជា​មេ​ដឹក​នាំ​នៃ​ក្រុម​គ្រួសារ​លេវី ដូច្នេះ ចូរ​អស់​លោក និង​បង‌ប្អូន​របស់​អស់​លោក ញែក​ខ្លួន​ឲ្យ​វិសុទ្ធ ដើម្បី​ទៅ​ដង្ហែ​ហិប​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល មក​តម្កល់​នៅ​កន្លែង​ដែល​យើង​បាន​រៀប‌ចំ​ទុក។ 13 កាល​ពី​លើក​មុន អស់​លោក​មិន​បាន​ចូល​រួម​ទេ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ពួក​យើង បាន​ប្រហារ​ពួក​យើង ដ្បិត​ពួក​យើង​ពុំ​បាន​ទៅ​ដង្ហែ​ហិប​មក​តាម​ក្បួន​តម្រា​របស់​ព្រះ‌អង្គ​ឡើយ»។ 14 ក្រុម​បូជា‌ចារ្យ និង​ក្រុម​លេវី​នាំ​គ្នា​ញែក​ខ្លួន​ឲ្យ​វិសុទ្ធ ដើម្បី​ទៅ​ដង្ហែ​ហិប​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល។ 15 កូន​ចៅ​លេវី​បាន​យក​ឈើ​ស្នែង​មក​ស៊ក ហើយ​សែង​ហិប​របស់​ព្រះ‌អម្ចាស់​លើ​ស្មា ដូច​លោក​ម៉ូសេ​បាន​បង្គាប់ ស្រប​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។
16 ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​មេ​ដឹក​នាំ​របស់​ក្រុម​លេវី ឲ្យ​ចាត់​បង‌ប្អូន​របស់​ពួក​គេ​ដែល​ជា​អ្នក​ចម្រៀង ឲ្យ​យក​ឧបករណ៍​ភ្លេង មាន​ឃឹម ពិណ និង​ឈិង មក​ប្រគំ​យ៉ាង​ពីរោះ ដើម្បី​សម្ដែង​នូវ​អំណរ​សប្បាយ។ 17 ក្រុម​លេវី​បាន​ចាត់​គ្នា​ឲ្យ​បំពេញ​មុខ‌ងារ​របស់​ខ្លួន គឺ​លោក​ហេម៉ន​ជា​កូន​របស់​លោក​យ៉ូអែល ហើយ​ក្នុង​ចំណោម​បង‌ប្អូន​របស់​គាត់ មាន​លោក​អសាភ​ជា​កូន​របស់​លោក​បេរេគីយ៉ា បន្ទាប់​មក ក្នុង​ចំណោម​កូន​ចៅ​របស់​លោក​មេរ៉ារី ជា​បង‌ប្អូន​របស់​ពួក​គេ មាន​លោក​អេតន​ជា​កូន​របស់​លោក​គូសាយ៉ា។ 18 បន្ទាប់​មក​ទៀត មាន​ក្រុម​លេវី​ដែល​នៅ​ក្រោម​បង្គាប់​លោក​ទាំង​នោះ គឺ​លោក​សាការី លោក​បេន លោក​យ៉ាស៊ីអែល លោក​សេមី‌រ៉ាម៉ូត លោក​យេហ៊ី‌អែល លោក​អ៊ូនី លោក​អេលីយ៉ាប លោក​បេណាយ៉ា លោក​ម៉ាសេយ៉ា លោក​ម៉ាទី‌ទីយ៉ា លោក​អេលី‌ផេលេ លោក​មីកនេយ៉ា លោក​អូបេដ-‌អេដុម និង​លោក​យេអែល ដែល​សុទ្ធ​តែ​ជា​ឆ្មាំ​ទ្វារ។ 19 ក្រុម​ចម្រៀង​មាន​លោក​ហេម៉ន លោក​អសាភ និង​លោក​អេតន ដែល​កាន់​ឈិង​ពី​លង្ហិន ដើម្បី​ប្រគំ​ឲ្យ​ឮ​រំពង​ផង។ 20 រីឯ​លោក​សាការី លោក​យ៉ាស៊ីអែល លោក​សេមី‌រ៉ាម៉ូត លោក​យេហ៊ីអែល លោក​អ៊ូនី លោក​អេលីយ៉ាប លោក​ម៉ាសេយ៉ា និង​លោក​បេណាយ៉ា ជា​អ្នក​កាន់​ពិណ​ដែល​មាន​សំឡេង​ខ្ពស់។ 21 លោក​ម៉ាទី‌ទីយ៉ា លោក​អេលី‌ផេលេ លោក​មីកនេយ៉ា លោក​អូបេដ-‌អេដុម លោក​យេអែល លោក​អសាស៊ីយ៉ា ជា​អ្នក​កាន់​ពិណ​ដែល​មាន​ខ្សែ​ប្រាំ‌បី​សម្រាប់​នាំ​មុខ​ចម្រៀង។ 22 លោក​កេណាយ៉ា ជា​មេ​ដឹក​នាំ​ក្រុម​លេវី​ផ្នែក​ខាង​លី​សែង បាន​ទទួល​បន្ទុក​មើល​ការ​ខុស​ត្រូវ​លើ​ការ​សែង​ហិប​នេះ ព្រោះ​គាត់​មាន​សមត្ថ‌ភាព។ 23 លោក​បេរេគីយ៉ា និង​លោក​អែល‌កាណា ជា​ឆ្មាំ​ឈរ​នៅ​ជិត​ហិប។ 24 លោក​បូជា‌ចារ្យ​សេបានីយ៉ា យ៉ូសាផាត នេតា‌នីអែល អម៉ាសាយ សាការី បេណាយ៉ា និង​អេលីស៊ែរ ជា​អ្នក​ផ្លុំ​ត្រែ នៅ​ខាង​មុខ​ហិប​របស់​ព្រះ‌ជាម្ចាស់។ លោក​អូបេដ-‌អេដុម និង​លោក​យេហ៊ីយ៉ា ក៏​ជា​ឆ្មាំ​ដែល​ឈរ​នៅ​ជិត​ហិប​ដែរ។
25 បន្ទាប់​មក ព្រះ‌បាទ​ដាវីឌ ព្រម​ទាំង​ពួក​ព្រឹទ្ធាចារ្យ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល និង​ពួក​មេ‌ទ័ព នាំ​គ្នា​ចេញ​ទៅ​ដង្ហែ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់ ពី​ផ្ទះ​របស់​លោក​អូបេដ-‌អេដុម​យ៉ាង​សប្បាយ​រីក‌រាយ។ 26 ព្រះ‌ជាម្ចាស់​ជួយ​ការ‌ពារ​ក្រុម​លេវី ដែល​សែង​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់ ហើយ​គេ​បាន​យក​គោ​បា​ប្រាំ​ពីរ​ក្បាល និង​ចៀម​ឈ្មោល​ប្រាំ​ពីរ​ក្បាល ថ្វាយ​ជា​យញ្ញ‌បូជា។ 27 ព្រះ‌បាទ​ដាវីឌ​ពាក់​អាវ​ធំ​ធ្វើ​ពី​ក្រណាត់​ព្រែ ហើយ​ក្រុម​លេវី​ដែល​សែង​ហិប ក្រុម​ចម្រៀង និង​លោក​កេណាយ៉ា​ជា​មេ​ដឹក​នាំ​ក្រុម​សែង ក៏​ស្លៀក​ពាក់​ដូច្នោះ​ដែរ។ ព្រះ‌បាទ​ដាវីឌ​ពាក់​អាវ​អេផូដ​ធ្វើ​ពី​ក្រណាត់​ទេស‌ឯក។ 28 ប្រជាជន​អ៊ីស្រា‌អែល​ទាំង​មូល​ដង្ហែ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់ ដោយ​សម្រែក​ជយ‌ឃោស សំឡេង​ប៉ី ត្រែ និង​ឈិង ព្រម​ទាំង​ប្រគំ​ឃឹម និង​ពិណ​យ៉ាង​រំពង​ផង។
29 កាល​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់​ហែ​ចូល​មក​ដល់​បុរី​ព្រះ‌បាទ​ដាវីឌ ព្រះ‌នាង​មិកាល់ ជា​បុត្រី​របស់​ស្តេច​សាអ៊ូល បាន​អើត​តាម​បង្អួច ឃើញ​ព្រះ‌បាទ​ដាវីឌ​លោត​កព្ឆោង ព្រះ‌នាង​ក៏​មាន​ចិត្ត​មើល‌ងាយ​ព្រះ‌បាទ​ដាវីឌ។