ជំពូក ២៦

ក្រុម​ឆ្មាំ​ទ្វារ

1 ពួក​ឆ្មាំ​ទ្វារ​ចែក​ជា​ក្រុមៗ​ដូច​ត​ទៅ:
ក្នុង​ចៅ​លោក​កូរេ មាន​លោក​មេសេ‌លេមីយ៉ា​ជា​កូន​របស់​លោក​កូរេ និង​ជា​ចៅ​របស់​លោក​អសាភ។ 2 កូន​របស់​លោក​មេសេ‌លេមីយ៉ា​គឺ​លោក​សាការី ជា​កូន​ច្បង លោក​យេឌី‌យ៉ាអែល​ជា​កូន​បន្ទាប់ លោក​សេបា‌ឌីយ៉ា​ជា​កូន​ទី​បី លោក​យ៉ាតនី‌អែល​ជា​កូន​ទី​បួន 3 លោក​អេឡាំ​ជា​កូន​ទី​ប្រាំ លោក​យ៉ូហាណន​ជា​កូន​ទី​ប្រាំ‌មួយ និង​លោក​អេលី‌យ៉ូណៃ​ជា​កូន​ទី​ប្រាំ​ពីរ។
4 កូន​របស់​លោក​អូបេដ-‌អេដុម​មាន​លោក​សេម៉ាយ៉ា​ជា​កូន​ច្បង លោក​យេហូ‌សេបាត​ជា​កូន​បន្ទាប់ លោក​យ៉ូអា​ជា​កូន​ទី​បី លោក​សាការ​ជា​កូន​ទី​បួន លោក​នេតា‌នេអែល​ជា​កូន​ទី​ប្រាំ 5 លោក​អាំមីអែល​ជា​កូន​ទី​ប្រាំ‌មួយ លោក​អ៊ីសាការ​ជា​កូន​ទី​ប្រាំ​ពីរ លោក​ពេអ៊ូលតៃ​ជា​កូន​ទី​ប្រាំ‌បី ដ្បិត​ព្រះ‌ជាម្ចាស់​ប្រទាន​ពរ​ដល់​លោក។
6 លោក​សេម៉ាយ៉ា ជា​កូន​របស់​លោក​អូបេដ-‌អេដុម បង្កើត​បាន​កូន​ប្រុសៗ ដែល​មាន​សិទ្ធិ​គ្រប់‌គ្រង​លើ​ក្រុម​គ្រួសារ​របស់​ពួក​គេ ដ្បិត​ពួក​គេ​ជា​វីរ‌បុរស​ដ៏​អង់‌អាច។ 7 កូន​របស់​លោក​សេម៉ាយ៉ា​មាន​លោក​អូតនី លោក​រេផាអែល លោក​អូបេដ លោក​អែល​សេបាដ ព្រម​ទាំង​បង‌ប្អូន​របស់​គាត់​គឺ លោក​អេលី និង​លោក​សេម៉ា‌គីយ៉ា ដែល​ជា​មនុស្ស​ដ៏​អង់‌អាច។ 8 អ្នក​ទាំង​នេះ​ជា​កូន​ចៅ​របស់​លោក​អូបេដ-‌អេដុម។ ខ្លួន​គេ​ផ្ទាល់ និង​កូន​ចៅ ព្រម​ទាំង​បង‌ប្អូន​របស់​គេ ជា​មនុស្ស​អង់‌អាច ព្រោះ​ពួក​គេ​សុទ្ធ​តែ​យក​ចិត្ត​ទុក​ដាក់​បំពេញ​មុខ‌ងារ។ កូន​ចៅ​របស់​លោក​អូបេដ-‌អេដុម​មាន​ចំនួន​ទាំង​អស់ ៦២​នាក់។
9 លោក​មេសេ‌លេមីយ៉ា ព្រម​ទាំង​កូន និង​បង‌ប្អូន​របស់​គាត់ មាន​ចំនួន ១៨​នាក់​សុទ្ធ​តែ​ជា​មនុស្ស​អង់‌អាច។
10 រីឯ​កូន​របស់​លោក​ហូសា ដែល​ជា​ពូជ‌ពង្ស​របស់​លោក​មេរ៉ារី មាន: លោក​ស៊ីមរី​ជា​មេ​ក្រុម​គ្រួសារ គាត់​មិន​មែន​ជា​កូន​ច្បង​ទេ តែ​ឪពុក​គាត់​បាន​លើក​គាត់​ឲ្យ​ធ្វើ​ជា​មេ​ក្រុម​គ្រួសារ 11 លោក​ហ៊ីលគីយ៉ា​ជា​កូន​បន្ទាប់ លោក​តេបា‌លីយ៉ា​ជា​កូន​ទី​បី លោក​សាការី​ជា​កូន​ទី​បួន។ កូន​ចៅ និង​បង‌ប្អូន​របស់​លោក​ហូសា មាន​ចំនួន​ទាំង​អស់ ១៣​នាក់។
12 ពួក​ឆ្មាំ​ទ្វារ​បែង​ចែក​ជា​ក្រុមៗ ហើយ​ទាំង​មេ​ដឹក​នាំ ទាំង​ឆ្មាំ​ទ្វារ​ឯ​ទៀតៗ​ជា​បង‌ប្អូន​របស់​គេ មាន​មុខ‌ងារ​យាម​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។ 13 ពួក​គេ​ចាប់​ឆ្នោត​ដើម្បី​ចែក​គ្នា​យាម​ទ្វារ តាម​ក្រុម​គ្រួសារ​របស់​ខ្លួន ទាំង​ក្មេង ទាំង​ចាស់។ 14 ការ​ចាប់​ឆ្នោត​ត្រូវ​លើ​លោក​សេលេ‌មីយ៉ា ជា​អ្នក​យាម​ទ្វារ​ប៉ែក​ខាង​កើត។ បន្ទាប់​មក គេ​ចាប់​ឆ្នោត​ត្រូវ​លើ​លោក​សាការី ជា​កូន​របស់​គាត់ ដែល​ជា​ទី​ប្រឹក្សា​មួយ​រូប​ដ៏​ចំណាន។ លោក​សាការី​ត្រូវ​យាម​ទ្វារ​ប៉ែក​ខាង​ជើង។ 15 លោក​អូបេដ-‌អេដុម​ត្រូវ​យាម​ទ្វារ​ប៉ែក​ខាង​ត្បូង ហើយ​កូនៗ​របស់​គាត់​ត្រូវ​យាម​ឃ្លាំង។ 16 រីឯ​លោក​ស៊ូពីម និង​ហូសា ត្រូវ​យាម​ទ្វារ​ប៉ែក​ខាង​លិច និង​ទ្វារ​សាលេ‌កេត នៅ​ត្រង់​ផ្លូវ​ឡើង​ទៅ​លើ។ ក្រុម​អ្នក​យាម​ចែក​វេន​គ្នា​ដូច​ត​ទៅ: 17 នៅ​ទ្វារ​ប៉ែក​ខាង​កើត មាន​ពួក​លេវី​ប្រចាំ​ការ​ប្រាំ‌មួយ​នាក់​ក្នុង​មួយ​ថ្ងៃ ទ្វារ​ទិស​ខាង​ជើង មាន​ពួក​លេវី​បួន​នាក់​ក្នុង​មួយ​ថ្ងៃ ទ្វារ​ទិស​ខាង​ត្បូង មាន​ពួក​លេវី​បួន​នាក់​ក្នុង​មួយ​ថ្ងៃ ហើយ​បួន​នាក់​ទៀត​យាម​ឃ្លាំង ដោយ​ចែក​គ្នា​ជា​ពីរ​ក្រុម។ 18 រីឯ​ប៉ែក​ខាង​បន្ទប់​អម ដែល​ស្ថិត​នៅ​ទិស​ខាង​លិច មាន​បួន​នាក់​យាម​នៅ​តាម​ផ្លូវ និង​ពីរ​នាក់​ទៀត​យាម​នៅ​មាត់​ទ្វារ​បន្ទប់​អម​នោះ។ 19 អ្នក​ទាំង​នេះ​ជា​ក្រុម​ឆ្មាំ​ទ្វារ ដែល​ជ្រើស‌រើស​ពី​ចំណោម​កូន​ចៅ​លោក​កូរេ និង​កូន​ចៅ​លោក​មេរ៉ារី។

មុខ‌ងារ​របស់​ពួក​លេវី​មួយ​ចំនួន​ទៀត

20 ពួក​លេវី​មួយ​ចំនួន​ទៀត មាន​ភារ‌កិច្ច​មើល​ខុស​ត្រូវ​លើ​ទ្រព្យ‌សម្បត្តិ​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ និង​លើ​វត្ថុ​ដ៏​សក្ការៈ​ទាំង​ប៉ុន្មាន ដែល​គេ​យក​មក​ថ្វាយ​ព្រះ‌អង្គ។ 21 ក្នុង​ចំណោម​កូន​ចៅ​លោក​ឡាដន​នៃ​អំបូរ​គែរសូន មេ​ក្រុម​គ្រួសារ​របស់​គេ​មាន​រាយ​នាម​ដូច​ត​ទៅ: លោក​យេហ៊ី‌អេលី 22 ព្រម​ទាំង​កូន​របស់​គាត់ គឺ​លោក​សេតាំ និង​លោក​យ៉ូអែល ជា​ប្អូន។ ពួក​គេ​មាន​ភារ‌កិច្ច​មើល​ខុស​ត្រូវ​លើ​ទ្រព្យ‌សម្បត្តិ​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។ 23 រីឯ​ក្នុង​ចំណោម​កូន​ចៅ​លោក​អាំរ៉ាម កូន​ចៅ​លោក​យីសារ កូន​ចៅ​លោក​ហេប្រូន និង​កូន​ចៅ​លោក​អ៊ូស៊ីអែល 24 មាន​លោក​សេប៊ូអែល ជា​ពូជ‌ពង្ស​របស់​លោក​គែរសូម កូន​របស់​លោក​ម៉ូសេ ជា​អភិ‌រក្ស​លើ​ទ្រព្យ‌សម្បត្តិ​ទាំង​នោះ។ 25 រីឯ​ក្រុម​ញាតិ​របស់​គាត់ ដែល​ជា​កូន​ចៅ​របស់​លោក​អេលី‌យេសែរ មាន​លោក​រេហាប៊ីយ៉ា ដែល​ជា​ឪពុក​របស់​លោក​យេសា‌យ៉ា ជា​ឪពុក​របស់​លោក​យ៉ូរ៉ាម ជា​ឪពុក​របស់​លោក​ស៊ីគរី ជា​ឪពុក​របស់​លោក​សេឡូមីត។ 26 លោក​សេឡូមីត និង​បង‌ប្អូន​របស់​គាត់ មាន​ភារ‌កិច្ច​មើល​ខុស​ត្រូវ​លើ​វត្ថុ​សក្ការៈ​ទាំង​ប៉ុន្មាន ដែល​ព្រះ‌បាទ​ដាវីឌ ព្រម​ទាំង​មេ​ក្រុម​គ្រួសារ មេ‌កង មេ​ក្រុម និង​មេ‌ទ័ព​យក​មក​ថ្វាយ​ព្រះ‌ជាម្ចាស់។ 27 វត្ថុ​ទាំង​នោះ​សុទ្ធ‌សឹង​ជា​ជ័យ‌ភ័ណ្ឌ ហើយ​គេ​ញែក​ថ្វាយ​ព្រះ‌អម្ចាស់ សម្រាប់​ជួស‌ជុល​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ។ 28 វត្ថុ​ទាំង​ប៉ុន្មាន​ដែល​លោក​សាមូអែល ជា​គ្រូ​ទាយ​របស់​ព្រះ‌បាទ​សាអ៊ូល ជា​បុត្រ​របស់​លោក​គីស លោក​អាប់នែរ ជា​កូន​របស់​លោក​នែរ លោក​យ៉ូអាប់ ជា​កូន​របស់​អ្នក​ស្រី​សេរូយ៉ា ព្រម​ទាំង​អ្នក​ឯ​ទៀតៗ​បាន​ថ្វាយ​ព្រះ‌អម្ចាស់ សុទ្ធ​តែ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​លោក​សេឡូ‌មីត និង​បង‌ប្អូន​របស់​គាត់។
29 ក្នុង​ចំណោម​កូន​ចៅ​លោក​យីសារ លោក​កេណា‌នីយ៉ា និង​កូនៗ​របស់​គាត់ ទទួល​បន្ទុក​ផ្នែក​រដ្ឋ‌បាល​នៃ​ស្រុក​អ៊ីស្រា‌អែល គឺ​ជា​អ្នក​គ្រប់‌គ្រង និង​ជា​ចៅ‌ក្រម។ 30 ក្នុង​ចំណោម​កូន​ចៅ​លោក​ហេប្រូន លោក​ហាសា‌ប៊ីយ៉ា និង​បង‌ប្អូន​របស់​គាត់ ដែល​សុទ្ធ​តែ​ជា​មនុស្ស​អង់‌អាច ចំនួន ១៧០០ នាក់ មាន​ភារ‌កិច្ច​ត្រួត​ពិនិត្យ​ដែន​ដី​អ៊ីស្រា‌អែល នៅ​ខាង​លិច​ទន្លេ​យ័រដាន់ ហើយ​បំពេញ​កិច្ច‌ការ​ទាំង​ប៉ុន្មាន​ថ្វាយ​ព្រះ‌អម្ចាស់ និង​ថ្វាយ​ស្តេច។ 31 នៅ​ឆ្នាំ​ទី​សែ‌សិប​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​ដាវីឌ គេ​ស្រាវ‌ជ្រាវ​ឃើញ​ថា ក្នុង​អំបូរ​ហេប្រូន មាន​វីរ‌បុរស​ដ៏​អង់‌អាច​នៅ​ក្រុង​យ៉ាស៊ែរ ក្នុង​ស្រុក​កាឡាដ។ លោក​យេរីយ៉ា​ជា​មេ​ដឹក​នាំ​របស់​អំបូរ​ហេប្រូន។ 32 ព្រះ‌បាទ​ដាវីឌ​បាន​តែង‌តាំង​លោក​យេរី‌យ៉ា ព្រម​ទាំង​បង‌ប្អូន​របស់​គាត់ ២៧០០ នាក់ សុទ្ធ​តែ​ជា​មនុស្ស​អង់‌អាច និង​ជា​មេ​ក្រុម​គ្រួសារ ឲ្យ​គ្រប់‌គ្រង​លើ​កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណាសេ​ចំនួន​ពាក់​កណ្ដាល ដើម្បី​បំពេញ​កិច្ច‌ការ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អម្ចាស់ និង​កិច្ច‌ការ​របស់​ស្តេច។