ជំពូក ២១
ព្រះបាទដាវីឌជំរឿនប្រជាជនអ៊ីស្រាអែល
(២សាមូអែល ២៤)
1 មារសាតាំងបានក្រោកឡើងប្រឆាំងនឹងជនជាតិអ៊ីស្រាអែល ដោយជំរុញព្រះបាទដាវីឌឲ្យជំរឿនប្រជាជនអ៊ីស្រាអែល។ 2 ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់លោកយ៉ូអាប់ និងមន្ត្រីឯទៀតៗរបស់ប្រជាជនថា៖ «ចូរទៅរាប់ចំនួនប្រជាជនអ៊ីស្រាអែល ចាប់តាំងពីក្រុងបៀរសេបា រហូតដល់ក្រុងដាន់ រួចធ្វើរបាយការណ៍ឲ្យយើង ដ្បិតយើងចង់ដឹងចំនួនប្រជាជន»។ 3 លោកយ៉ូអាប់ទូលថា៖ «បពិត្រព្រះករុណា ជាអម្ចាស់! សូមព្រះអម្ចាស់ប្រោសប្រទានឲ្យប្រជារាស្ដ្ររបស់ព្រះអង្គ កើនចំនួនឡើងមួយរយដងច្រើនជាងនេះ! ពួកគេសុទ្ធតែជាអ្នកបម្រើរបស់ព្រះករុណាទាំងអស់គ្នាហើយ ហេតុអ្វីបានជាព្រះករុណាចង់ជ្រាបអំពីចំនួនរបស់ពួកគេទៀត? ធ្វើដូច្នេះ ក្រែងលោបណ្តាលឲ្យជនជាតិអ៊ីស្រាអែលមានទោស»។ 4 ប៉ុន្តែ ដោយស្តេចចេញបញ្ជាយ៉ាងម៉ឺងម៉ាត់ពេក លោកយ៉ូអាប់ត្រូវតែអនុវត្តតាម។ លោកយ៉ូអាប់ចាកចេញទៅ ហើយធ្វើដំណើរគ្រប់ទិសទីក្នុងស្រុកអ៊ីស្រាអែល រួចវិលត្រឡប់មកក្រុងយេរូសាឡឹមវិញ។ 5 លោកយ៉ូអាប់ចូលទៅទូលព្រះបាទដាវីឌអំពីចំនួនប្រជាជន គឺក្នុងស្រុកអ៊ីស្រាអែលទាំងមូល មានទាហានប្រដាប់អាវុធ ១១០០ ០០០ នាក់ ហើយនៅស្រុកយូដា មាន ៤៧០ ០០០ នាក់។ 6 លោកពុំបានជំរឿនប្រជាជនក្នុងកុលសម្ព័ន្ធលេវី និងបេនយ៉ាមីនទេ ដ្បិតលោកមិនពេញចិត្តនឹងបញ្ជារបស់ស្តេចទាល់តែសោះ។ 7 ព្រះជាម្ចាស់មិនសព្វព្រះហឫទ័យនឹងហេតុការណ៍នេះទេ ព្រះអង្គក៏ប្រហារជនជាតិអ៊ីស្រាអែល។ 8 ព្រះបាទដាវីឌទូលព្រះជាម្ចាស់ថា៖ «ទូលបង្គំប្រព្រឹត្តអំពើបាបដ៏ធ្ងន់! ឥឡូវនេះ សូមព្រះអង្គអត់ទោសឲ្យទូលបង្គំផង ដ្បិតទូលបង្គំប្រព្រឹត្តដូចមនុស្សវង្វេងស្មារតីទាំងស្រុង!»។ 9 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកកាដ ជាគ្រូទាយរបស់ព្រះបាទដាវីឌថា៖ 10 «ចូរទៅប្រាប់ដាវីឌដូចតទៅ “ព្រះអម្ចាស់មានព្រះបន្ទូលថា: យើងមានទណ្ឌកម្មបីយ៉ាងសម្រាប់អ្នក ចូរជ្រើសរើសយកមួយចុះ! យើងនឹងដាក់ទោសអ្នកតាមនោះ”»។ 11 លោកកាដចូលគាល់ព្រះបាទដាវីឌ ទូលថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: សូមជ្រើសរើសចុះ 12 តើព្រះករុណាចង់ឲ្យស្រុកកើតទុរ្ភិក្សអស់រយៈពេលបីឆ្នាំ ឬត្រូវបាក់ទ័ពរត់នៅចំពោះមុខដាវរបស់ខ្មាំងសត្រូវ អស់រយៈពេលបីខែ ឬចង់ឲ្យជំងឺអាសន្នរោគកើតឡើងក្នុងស្រុក គឺទេវទូតរបស់ព្រះអម្ចាស់បំផ្លាញប្រជាជនក្នុងស្រុកអ៊ីស្រាអែលទាំងមូល អស់រយៈពេលបីថ្ងៃ។ ឥឡូវនេះ សូមព្រះករុណាពិចារណាចុះ ទូលបង្គំនឹងនាំចម្លើយទៅថ្វាយព្រះជាម្ចាស់ដែលបានចាត់ទូលបង្គំមក»។ 13 ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់លោកកាដថា៖ «យើងតប់ប្រមល់ខ្លាំងណាស់! សូមឲ្យយើងធ្លាក់ក្នុងកណ្ដាប់ដៃរបស់ព្រះអម្ចាស់ ជាជាងធ្លាក់ក្នុងកណ្ដាប់ដៃរបស់មនុស្ស ដ្បិតព្រះអម្ចាស់មានព្រះហឫទ័យមេត្តាករុណាដ៏ធំធេង»។ 14 ព្រះអម្ចាស់ធ្វើឲ្យជំងឺអាសន្នរោគកើតនៅស្រុកអ៊ីស្រាអែល ហើយមានប្រជាជនស្លាប់អស់ ៧០ ០០០ នាក់។ 15 ព្រះជាម្ចាស់ចាត់ទេវទូតឲ្យទៅបំផ្លាញក្រុងយេរូសាឡឹមទៀត ប៉ុន្តែ កាលព្រះអម្ចាស់ទតឃើញទេវទូតបំផ្លាញក្រុងនោះ ព្រះអង្គក៏ប្រែព្រះហឫទ័យមិនព្រមដាក់ទោសក្រុងនោះទេ។ ព្រះអង្គមានព្រះបន្ទូលទៅកាន់ទេវទូតដែលមកបំផ្លាញថា៖ «ប៉ុណ្ណឹងបានហើយ! ឈប់ប្រហារទៅ!»។ ពេលនោះ ទេវទូតរបស់ព្រះអម្ចាស់ស្ថិតនៅជិតលានបោកស្រូវរបស់លោកអ៊រណន ជាជនជាតិយេប៊ូស។ 16 ព្រះបាទដាវីឌងើបព្រះភ័ក្ត្រឡើង ទតឃើញទេវទូតរបស់ព្រះអម្ចាស់ឈរនៅចន្លោះមេឃ និងផែនដី ដោយកាន់ដាវដែលហូតចេញពីស្រោមជាស្រេច ហើយបែរមុខតម្រង់ទៅក្រុងយេរូសាឡឹម។ ព្រះបាទដាវីឌ និងអស់លោកព្រឹទ្ធាចារ្យ ដែលស្លៀកបាវកាន់ទុក្ខ ក៏ក្រាបចុះឱនមុខដល់ដី។ 17 ព្រះបាទដាវីឌទូលព្រះជាម្ចាស់ថា៖ «ទូលបង្គំទេតើដែលបញ្ជាឲ្យជំរឿនប្រជាជន ទូលបង្គំបានប្រព្រឹត្តអំពើបាប និងអំពើអាក្រក់។ ប្រជាជនទាំងនេះពុំបានប្រព្រឹត្តអ្វីខុសទេ។ ឱព្រះអម្ចាស់ ជាព្រះនៃទូលបង្គំអើយ សូមដាក់ទោសតែទូលបង្គំ និងក្រុមគ្រួសាររបស់ទូលបង្គំប៉ុណ្ណោះបានហើយ! សូមកុំឲ្យគ្រោះកាចនេះកើតមានដល់ប្រជារាស្ដ្ររបស់ព្រះអង្គឡើយ!»។ 18 ទេវទូតរបស់ព្រះអម្ចាស់បានប្រាប់លោកកាដ ឲ្យទូលព្រះបាទដាវីឌ ដើម្បីសូមស្តេចយាងឡើងទៅសង់អាសនៈមួយថ្វាយព្រះអម្ចាស់ នៅលានបោកស្រូវរបស់លោកអ៊រណន ជាជនជាតិយេប៊ូស។ 19 ព្រះបាទដាវីឌក៏យាងទៅ តាមពាក្យដែលលោកកាដថ្លែង ក្នុងនាមព្រះអម្ចាស់។ 20 ពេលនោះ លោកអ៊រណនកំពុងតែបោកស្រូវ។ គាត់ងាកមក ឃើញទេវទូត កូនប្រុសរបស់គាត់ទាំងបួននាក់ ដែលនៅជាមួយគាត់ នាំគ្នារត់ពួន។ 21 កាលព្រះបាទដាវីឌយាងទៅជិតលោកអ៊រណន គាត់ក្រឡេកឃើញព្រះរាជា គាត់ក៏ចេញពីលានបោកស្រូវមកទទួល ក្រាបថ្វាយបង្គំ ឱនមុខដល់ដី។ 22 ព្រះបាទដាវីឌមានរាជឱង្ការទៅគាត់ថា៖ «ចូរលក់លានបោកស្រូវនេះឲ្យយើងមក យើងនឹងសង់អាសនៈមួយថ្វាយព្រះអម្ចាស់ ដើម្បីឲ្យប្រជាជនរួចពីគ្រោះកាច។ ចូរលក់លានបោកស្រូវនេះឲ្យយើង យើងនឹងបង់ប្រាក់ពេញថ្លៃ»។ 23 លោកអ៊រណនទូលព្រះបាទដាវីឌថា៖ «សូមព្រះករុណាជាអម្ចាស់ យកលានបោកស្រូវនេះ ធ្វើអ្វីតាមតែព្រះករុណាសព្វព្រះហឫទ័យចុះ។ ទូលបង្គំក៏សូមថ្វាយគោ សម្រាប់ធ្វើជាតង្វាយដុតទាំងមូល និងរនាស់ធ្វើជាអុស ព្រមទាំងស្រូវធ្វើជាតង្វាយម្សៅ ទូលបង្គំសូមថ្វាយទាំងអស់!»។ 24 ប៉ុន្តែ ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់លោកអ៊រណនថា៖ «ទេ យើងចង់ទិញរបស់ទាំងនោះពីលោកពេញថ្លៃ ដ្បិតយើងមិនអាចយកអ្វីៗដែលជារបស់លោកទៅថ្វាយព្រះអម្ចាស់ ជាតង្វាយដុតទាំងមូល ដោយមិនបង់ប្រាក់ឡើយ!»។ 25 ព្រះបាទដាវីឌប្រគល់មាសសុទ្ធប្រាំមួយរយស្លឹងជូនលោកអ៊រណន ដើម្បីទិញលានបោកស្រូវ។ 26 ព្រះបាទដាវីឌសង់អាសនៈថ្វាយព្រះអម្ចាស់នៅកន្លែងនោះ ហើយថ្វាយតង្វាយដុតទាំងមូល និងយញ្ញបូជាមេត្រីភាព។ ស្តេចអង្វររកព្រះអម្ចាស់ ព្រះអង្គតបមកវិញ ដោយប្រទានភ្លើងពីលើមេឃ បញ្ឆេះតង្វាយដុតនៅលើអាសនៈនោះ។ 27 បន្ទាប់មក ព្រះអម្ចាស់បញ្ជាឲ្យទេវទូតស៊កដាវទៅក្នុងស្រោមវិញ។ 28 នៅគ្រានោះ ដោយព្រះបាទដាវីឌឃើញថា ព្រះអម្ចាស់ឆ្លើយតបនឹងពាក្យទូលអង្វររបស់ស្តេច នៅលើទីលានបោកស្រូវរបស់លោកអ៊រណន ជាជនជាតិយេប៊ូស ស្តេចតែងតែថ្វាយយញ្ញបូជានៅទីនោះ។ 29 រីឯព្រះពន្លារបស់ព្រះអម្ចាស់ ដែលលោកម៉ូសេបានសង់នៅវាលរហោស្ថាន ព្រមទាំងអាសនៈថ្វាយតង្វាយដុត ស្ថិតនៅទីសក្ការៈទួលខ្ពស់ នៅក្រុងកាបូន។ 30 ប៉ុន្តែ ព្រះបាទដាវីឌពុំអាចយាងទៅកន្លែងនោះទេ ដើម្បីទូលសួរព្រះជាម្ចាស់ ដ្បិតស្តេចភ័យខ្លាចទេវទូត*របស់ព្រះអម្ចាស់ប្រហារដោយមុខដាវ។