ជំពូក ១២

នាយ​ទាហាន​របស់​ព្រះ‌បាទ​ដាវីឌ​នៅ​ក្រុង​ស៊ីគឡាក់

1 នៅ​គ្រា​ដែល​ព្រះ‌បាទ​ដាវីឌ​ភៀស​ខ្លួន​ទៅ​ស៊ីគឡាក់ ដើម្បី​រត់​គេច​ពី​ព្រះ‌បាទ​សាអ៊ូល ជា​បុត្រ​របស់​លោក​គីស មាន​អ្នក​ខ្លះ​បាន​ភៀស​ខ្លួន​ទៅ​ជា​មួយ​ដែរ។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​ទាហាន​អង់‌អាច ហើយ​ត្រៀម​ខ្លួន​ចេញ​ប្រយុទ្ធ​រួម​ជា​មួយ​ព្រះ‌បាទ​ដាវីឌ​ជា‌និច្ច។ 2 ពួក​គេ​ប្រដាប់​ខ្លួន​ដោយ​ធ្នូ ហើយ​ស្ទាត់​ជំនាញ​ខាង​បាញ់​ព្រួញ ឬ​បាញ់​ដង្ហក់ ដោយ​ប្រើ​ដៃ​ឆ្វេង​ក៏​បាន ដៃ​ស្តាំ​ក៏​បាន។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​សាច់‌ញាតិ​របស់​ព្រះ‌បាទ​សាអ៊ូល ក្នុង​កុល‌សម្ព័ន្ធ​បេនយ៉ាមីន ដែល​មាន​រាយ​នាម​ដូច​ត​ទៅ:
3 លោក​មេ‌ទ័ព​អហ៊ី‌យេស៊ែរ និង​លោក​មេ‌ទ័ព​យ៉ូអាស់ ជា​កូន​របស់​លោក​សេម៉ា អ្នក​ស្រុក​គីបា លោក​យេស៊ីអែល និង​លោក​ពេលេត ជា​កូន​របស់​លោក​អាស‌ម៉ាវេត លោក​បេរ៉ាកា លោក​យេហ៊ូ​ជា​អ្នក​ស្រុក​អាណាតូត 4 លោក​យីសម៉ាយ៉ា អ្នក​ស្រុក​គីបូន ជា​នាយ​ទាហាន​ដ៏​អង់‌អាច​ក្នុង​ចំណោម​ក្រុម​ទាំង​សាម‌សិប និង​ជា​មេ​គេ 5 លោក​យេរេមី លោក​យ៉ាហា‌ស៊ីអែល លោក​យ៉ូហាណន លោក​យ៉ូសេបាដ​ជា​អ្នក​ក្រុង​កេដេរ៉ា 6 លោក​អេលូសាយ លោក​យេរីម៉ូត លោក​បាលីយ៉ា លោក​សេម៉ារី‌យ៉ា លោក​សេប៉ា‌ទីយ៉ា​ជា​អ្នក​ក្រុង​ហារ៉ូប 7 លោក​អែលកាណា លោក​យីស៊ីយ៉ា លោក​អសារែល លោក​យ៉ូអេសែរ និង​លោក​យ៉ាសូបាម ជា​ពូជ‌ពង្ស​របស់​លោក​កូរេ 8 លោក​យ៉ូអេឡា និង​លោក​សេបាឌីយ៉ា ជា​កូន​របស់​លោក​យេរ៉ូហាំ ជា​អ្នក​ស្រុក​កេឌ័រ។
9 មាន​អ្នក​ខ្លះ​មក​ពី​កុល‌សម្ព័ន្ធ​កាដ ចាក​ចេញ​ពី​ស្រុក​ទៅ​រស់​នៅ​ជា​មួយ​ព្រះ‌បាទ​ដាវីឌ ក្នុង​ជម្រក​មួយ​នៅ​វាល​រហោ‌ស្ថាន។ ពួក​គេ​ជា​យុទ្ធ‌ជន​ដ៏​អង់‌អាច​ស្ទាត់​ជំនាញ​ក្នុង​ការ​ធ្វើ​សឹក​សង្គ្រាម ហើយ​ប្រដាប់​ខ្លួន​ដោយ​ខែល និង​លំពែង។ ពួក​គេ​មាន​ទឹក​មុខ​គួរ​ឲ្យ​ស្ញែង​ខ្លាច​ដូច​សត្វ​សិង្ហ ហើយ​រហ័ស​ដូច​សត្វ​ប្រើស​នៅ​លើ​ភ្នំ។ 10 អ្នក​ទាំង​នោះ​មាន​លោក​អេសែរ​ជា​មេ​លើ​ពួក​គេ លោក​អូបាឌី​ជា​មេ​ទី​ពីរ លោក​អេលីយ៉ាប​ជា​មេ​ទី​បី 11 លោក​មីសម៉ាណា​ជា​មេ​ទី​បួន លោក​យេរេមី​ជា​មេ​ទី​ប្រាំ 12 លោក​អតាយ​ជា​មេ​ទី​ប្រាំ‌មួយ លោក​អេលីអែល​ជា​មេ​ទី​ប្រាំ​ពីរ 13 លោក​យ៉ូហាណន​ជា​មេ​ទី​ប្រាំ‌បី លោក​អែល‌សេបាដ​ជា​មេ​ទី​ប្រាំ​បួន 14 លោក​យេរេមី​ជា​មេ​ទី​ដប់ និង​លោក​ម៉ាក់បាណាយ​ជា​មេ​ទី​ដប់​មួយ។ 15 ពួក​គេ​មក​ពី​កុល‌សម្ព័ន្ធ​កាដ ហើយ​សុទ្ធ​តែ​ជា​នាយ​ទាហាន។ អ្នក​អន់​ខ្សោយ​ក្នុង​ចំណោម​ពួក​គេ ប្រៀប​ស្មើ​នឹង​ពល‌ទាហាន​មួយ‌រយ​នាក់ រីឯ​អ្នក​ខ្លាំង​ពូកែ​វិញ ប្រៀប​ស្មើ​នឹង​ពល‌ទាហាន​មួយ​ពាន់​នាក់។ 16 ពួក​គេ​បាន​ឆ្លង​ទន្លេ​យ័រដាន់​នៅ​ខែ​ទី​មួយ គឺ​នៅ​រដូវ​ដែល​ទឹក​ទន្លេ​ឡើង​លិច​មាត់​ច្រាំង​អស់ ហើយ​វាយ​អស់​អ្នក​ដែល​រស់​នៅ​តាម​ជ្រលង​ភ្នំ​ទាំង​ខាង​កើត ទាំង​ខាង​លិច ឲ្យ​បាក់​ទ័ព​ទៀត​ផង។
17 ក្នុង​ចំណោម​កុល‌សម្ព័ន្ធ​បេនយ៉ាមីន និង​កុល‌សម្ព័ន្ធ​យូដា ក៏​មាន​អ្នក​ខ្លះ​ទៅ​តាម​ព្រះ‌បាទ​ដាវីឌ រហូត​ដល់​ជម្រក​នោះ​ដែរ។ 18 ព្រះ‌បាទ​ដាវីឌ​ចេញ​មក​ទទួល​ពួក​គេ ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «ប្រសិន​បើ​អស់​លោក​មក​រក​ខ្ញុំ​ដោយ​សន្តិ‌ភាព ដើម្បី​ជួយ​ខ្ញុំ​នោះ ខ្ញុំ​សូម​ទទួល​អស់​លោក​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត។ ប៉ុន្តែ ប្រសិន​បើ​អស់​លោក​មក​បន្លំ​ខ្លួន ធ្វើ​ការ​ឲ្យ​បច្ចា‌មិត្ត​របស់​ខ្ញុំ​ទេ​នោះ ទោះ​បី​ខ្ញុំ​មិន​ធ្វើ​បាប​អស់​លោក​ក្តី ក៏​សូម​ព្រះ​នៃ​បុព្វ‌បុរស​របស់​ពួក​យើង​ធ្វើ​ជា​សាក្សី ហើយ​ដាក់​ទោស​អស់​លោក​ចុះ!»។ 19 ពេល​នោះ ព្រះ‌វិញ្ញាណ​ក៏​មក​សណ្ឋិត​លើ​លោក​អម៉ាសាយ ដែល​ជា​មេ​លើ​ក្រុម​ទាំង​សាម‌សិប​នាក់ លោក​ពោល​ថា៖
«បពិត្រ​ព្រះ‌បាទ​ដាវីឌ
ជា​បុត្រ​របស់​លោក​យេសាយ!
យើង​ខ្ញុំ​ទាំង​អស់​គ្នា​ស៊ូ​ប្ដូរ​ផ្ដាច់​នៅ​ជា​មួយ
ព្រះ‌ករុណា​ហើយ។
សូម​ឲ្យ​សេចក្ដី​សុខ‌សាន្ត
កើត​មាន​ដល់​ព្រះ‌ករុណា
និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​ព្រះ‌ករុណា!
ដ្បិត​ព្រះ​របស់​ព្រះ‌ករុណា
បាន​ជួយ​ព្រះ‌ករុណា​ហើយ!»។
ព្រះ‌បាទ​ដាវីឌ​ក៏​ទទួល​ពួក​គេ ហើយ​តែង‌តាំង​ពួក​គេ​ឲ្យ​ធ្វើ​ជា​នាយ​ទាហាន​ក្នុង​កង‌ទ័ព​របស់​ស្តេច។
20 ក្នុង​កុល‌សម្ព័ន្ធ​ម៉ាណាសេ មាន​ទាហាន​មក​សុំ​ចុះ​ចូល​ខាង​ព្រះ‌បាទ​ដាវីឌ ក្នុង​ពេល​ដែល​ស្តេច​លើក​ទ័ព​ចេញ​ទៅ​ជា​មួយ​ពួក​ភីលីស្ទីន ដើម្បី​ច្បាំង​នឹង​ព្រះ‌បាទ​សាអ៊ូល។ ប៉ុន្តែ ទ័ព​របស់​ព្រះ‌បាទ​ដាវីឌ​ពុំ​បាន​ចូល​រួម​ច្បាំង​ទេ ព្រោះ​ពួក​ស្តេច​ត្រាញ់​របស់​ជន​ជាតិ​ភីលីស្ទីន​បាន​ពិគ្រោះ​គ្នា បញ្ជូន​ទ័ព​របស់​ព្រះ‌បាទ​ដាវីឌ​ឲ្យ​វិល​ត្រឡប់​ទៅ​វិញ ពួក​គេ​គិត​ថា៖ «បើ​ដាវីឌ​ចូល​ដៃ​ជា​មួយ​ស្តេច​សាអ៊ូល ជា​ម្ចាស់​របស់​គេ នោះ​ពួក​គេ​មុខ​ជា​បំផ្លាញ​យើង​ទាំង​អស់​គ្នា​មិន​ខាន!»។ 21 នាយ​ទាហាន​ពី​កុល‌សម្ព័ន្ធ​ម៉ាណាសេ ដែល​បាន​មក​សុំ​ចុះ​ចូល​ខាង​ព្រះ‌បាទ​ដាវីឌ ក្នុង​ពេល​ដែល​វិល​ត្រឡប់​ទៅ​ស៊ីគឡាក់​វិញ មាន​លោក​អាដណា លោក​យ៉ូសេបាដ លោក​យេឌី‌យ៉ាអែល លោក​មីកាអែល លោក​យ៉ូសា‌បាដ លោក​អេលីហ៊ូ និង​លោក​ស៊ីលតាយ។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​មេ​លើ​កង‌ពល​ធំ ក្នុង​កុល‌សម្ព័ន្ធ​ម៉ាណាសេ។ 22 ពួក​គេ​ដឹក​នាំ​កង‌ពល​ជួយ​ច្បាំង​ព្រះ‌បាទ​ដាវីឌ ដ្បិត​ពួក​គេ​សុទ្ធ​តែ​ជា​មនុស្ស​ពូកែ​អង់‌អាច។ ក្រោយ​មក ពួក​គេ​ធ្វើ​ជា​មេ‌បញ្ជា‌ការ​កង‌ពល​របស់​ព្រះ‌បាទ​ដាវីឌ។ 23 រៀង​រាល់​ថ្ងៃ​តែង‌តែ​មាន​មនុស្ស​មក​សុំ​ចុះ​ចូល​ខាង​ព្រះ‌បាទ​ដាវីឌ ដើម្បី​ជួយ​ជា​កម្លាំង ហេតុ​នេះ កង‌ទ័ព​របស់​ព្រះ‌បាទ​ដាវីឌ​ក៏​ក្លាយ​ទៅ​ជា​កង‌ទ័ព​មួយ​ដ៏​ធំ ដូច​កង‌ទ័ព​របស់​ព្រះ‌ជាម្ចាស់​ដែរ។

នាយ​ទាហាន​របស់​ព្រះ‌បាទ​ដាវីឌ​មក​ពី​ក្រុង​ហេប្រូន

24 អស់​អ្នក​ដែល​បាន​មក​រួប‌រួម​ជា​មួយ​ព្រះ‌បាទ​ដាវីឌ​នៅ​ក្រុង​ហេប្រូន ដើម្បី​ផ្ទេរ​រាជ‌សម្បត្តិ​របស់​ព្រះ‌បាទ​សាអ៊ូល​ថ្វាយ​ព្រះ‌បាទ​ដាវីឌ ស្រប​តាម​បញ្ជា​របស់​ព្រះ‌អម្ចាស់ គឺ​អ្នក​ដែល​អាច​បម្រើ​កង‌ទ័ព​បាន មាន​ចំនួន​ដូច​ត​ទៅ:
25 ក្នុង​កុល‌សម្ព័ន្ធ​យូដា ទាហាន​ដែល​កាន់​ខែល និង​កាន់​លំពែង ហើយ​ប្រុង​ប្រៀប​ខ្លួន​ចេញ​ទៅ​ច្បាំង​បាន​មាន ៦៨០០ នាក់។
26 ក្នុង​កុល‌សម្ព័ន្ធ​ស៊ីម៉ូន មាន ៧១០០ នាក់ ដែល​សុទ្ធ​តែ​ជា​វីរ‌ជន​ដ៏​ពូកែ​អង់‌អាច។
27 ក្នុង​កុល‌សម្ព័ន្ធ​លេវី​មាន​ទាហាន ៤៦០០ នាក់ 28 ព្រម​ទាំង​លោក​យ៉ូយ៉ាដា ជា​មេ​ដឹក​នាំ​នៃ​អំបូរ​របស់​លោក​អរ៉ុន និង​ទាហាន ៣៧០០ នាក់ ដែល​នៅ​ជា​មួយ​លោក។ 29 បន្ទាប់​មក មាន​លោក​សាដុក​ជា​យុវ‌ជន​ពូកែ​អង់‌អាច និង​មេ‌បញ្ជា‌ការ​ម្ភៃ‌ពីរ​រូប​ទៀត ក្នុង​ក្រុម​គ្រួសារ​របស់​លោក។
30 ក្នុង​កុល‌សម្ព័ន្ធ​បេនយ៉ាមីន ដែល​ជា​សាច់‌ញាតិ​របស់​ព្រះ‌បាទ​សាអ៊ូល មាន​ទាហាន ៣ ០០០ នាក់។ មក​ទល់​ពេល​នោះ ពួក​គេ​មួយ​ចំនួន​ធំ​នៅ​ស្មោះ‌ត្រង់​នឹង​រាជ‌វង្ស​របស់​ព្រះ‌បាទ​សាអ៊ូល។
31 ក្នុង​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម មាន ២០ ៨០០ នាក់ ដែល​សុទ្ធ​តែ​ជា​វីរ‌ជន​ដ៏​ពូកែ​អង់‌អាច ហើយ​មាន​ឈ្មោះ​ល្បី​ក្នុង​ក្រុម​គ្រួសារ​របស់​ពួក​គេ​ផង។
32 ក្នុង​កុល‌សម្ព័ន្ធ​ម៉ាណាសេ​ចំនួន​ពាក់​កណ្ដាល​មាន​ទាហាន ១៨ ០០០ នាក់ ជា​អ្នក​ដែល​គេ​ចាត់​ឲ្យ​ទៅ​ប្រកាស​អភិសេក​ព្រះ‌បាទ​ដាវីឌ ជា​ព្រះ‌មហា​ក្សត្រ។
33 ក្នុង​កុល‌សម្ព័ន្ធ​អ៊ីសាកា​មាន​មេ‌បញ្ជា‌ការ ២០០ នាក់ និង​ពល‌ទាហាន​ដែល​នៅ​ក្រោម​បង្គាប់​របស់​ពួក​គេ។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ចេះ​សម្គាល់​មើល​ពេល​វេលា ហើយ​ដឹង​ថា​តើ​ជន​ជាតិ​អ៊ីស្រា‌អែល​ត្រូវ​ធ្វើ​ដូច​ម្ដេច​ខ្លះ។
34 ក្នុង​កុល‌សម្ព័ន្ធ​សាប៊ូឡូន​មាន ៥០ ០០០ នាក់ ជា​ទាហាន​ដែល​បាន​ហ្វឹក‌ហាត់ សម្រាប់​ចេញ​ទៅ​ច្បាំង។ ពួក​គេ​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ ហើយ​មាន​ចិត្ត​មោះ‌មុត​ត្រៀម​ខ្លួន​ជា​ស្រេច ដើម្បី​ធ្វើ​សឹក​សង្គ្រាម។
35 ក្នុង​កុល‌សម្ព័ន្ធ​ណែបថាលី មាន​នាយ​ទាហាន ១ ០០០ នាក់ និង​ពល‌ទាហាន ៣៧ ០០០ នាក់ ប្រដាប់​ដោយ​ខែល និង​លំពែង។
36 ក្នុង​កុល‌សម្ព័ន្ធ​ដាន់​មាន​ទាហាន ២៨៦០០ នាក់ ត្រៀម​ចេញ​ទៅ​ច្បាំង។
37 ក្នុង​កុល‌សម្ព័ន្ធ​អស៊ែរ មាន​ទាហាន ៤០ ០០០ នាក់ ដែល​ថ្នឹក​ក្នុង​ចម្បាំង ហើយ​ប្រុង​ប្រៀប​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ធ្វើ​សឹក​សង្គ្រាម។
38 នៅ​ខាង​កើត​ទន្លេ​យ័រដាន់ កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណាសេ​ចំនួន​ពាក់​កណ្ដាល​ទៀត​មាន​ទាហាន​ទាំង​អស់ ១២០ ០០០ នាក់ ប្រដាប់​ដោយ​អាវុធ​គ្រប់​ប្រភេទ។
39 អ្នក​ទាំង​នោះ​សុទ្ធ‌សឹង​ជា​ទាហាន​ដែល​ថ្នឹក​ខាង​ចម្បាំង។ ពួក​គេ​ធ្វើ​ដំណើរ​មក​ដល់​ក្រុង​ហេប្រូន ដោយ​ចិត្ត​ស្មោះ​សរ ដើម្បី​អភិសេក​ព្រះ‌បាទ​ដាវីឌ ជា​ព្រះ​មហា‌ក្សត្រ​លើ​ជន​ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល។ ជន​ជាតិ​អ៊ីស្រា‌អែល​ឯ​ទៀតៗ​ក៏​ព្រម​ព្រៀង​គ្នា ដើម្បី​តែង‌តាំង​ព្រះ‌បាទ​ដាវីឌ​ជា​ព្រះ‌មហា​ក្សត្រ​ដែរ។ 40 ពួក​គេ​ស្នាក់​នៅ​ក្រុង​ហេប្រូន​ជា​មួយ​ព្រះ‌បាទ​ដាវីឌ​ចំនួន​បី​ថ្ងៃ ហើយ​បង‌ប្អូន​របស់​ពួក​គេ​បាន​រៀប‌ចំ​ជប់‌លៀង​ទទួល។ 41 អស់​អ្នក​ដែល​ស្ថិត​នៅ​តំបន់​ជិត​ខាង​នោះ រហូត​ដល់​ទឹក​ដី​អ៊ីសាកា សាប៊ូឡូន និង​ណែបថាលី បាន​ដឹក​ស្បៀង​អាហារ​មក ដោយ​ផ្ទុក​លើ​ខ្នង​លា អូដ្ឋ លា​កាត់ និង​គោ គឺ​មាន​ម្សៅ ដំណាប់​ឧទុម្ពរ ទំពាំង‌បាយ‌ជូរ​ក្រៀម ស្រា​ទំពាំង‌បាយ‌ជូរ ប្រេង និង​សាច់​គោ សាច់​ចៀម យ៉ាង​ច្រើន​បរិបូរណ៍ ដ្បិត​ប្រជាជន​អ៊ីស្រា‌អែល​ទាំង​មូល​មាន​អំណរ​សប្បាយ​ដ៏​លើស‌លប់។