ជំពូក ៧

កុល‌សម្ព័ន្ធ​អ៊ីសាកា

1 លោក​អ៊ីសាកា​មាន​កូន​បួន​នាក់​គឺ​តូឡា ពូវ៉ា យ៉ាស៊ូប និង​ស៊ីមរ៉ូន។ 2 កូន​របស់​លោក​តូឡា មាន​អ៊ូស៊ី រេផាយ៉ា យេរីអែល យ៉ាម៉ាយ យីបសាម និង​សាមូអែល។ អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​មេ​ដឹក​នាំ​លើ​អំបូរ​តូឡា និង​ជា​មនុស្ស​ពូកែ​អង់‌អាច​ក្នុង​ក្រុម​គ្រួសារ​របស់​ខ្លួន។ នៅ​ជំនាន់​ព្រះ‌បាទ​ដាវីឌ ពួក​គេ​មាន​ចំនួន​ទាំង​អស់ ២២៦០០​នាក់។ 3 កូន​របស់​លោក​អ៊ូស៊ី គឺ​យីសរ៉ាយ៉ា កូន​របស់​លោក​យីសរ៉ាយ៉ា មាន​មីកាអែល អូបាឌី យ៉ូអែល និង​យីស៊ីយ៉ា គឺ​មាន​មេ​ដឹក​នាំ​ទាំង​អស់​ប្រាំ​នាក់។ 4 នៅ​ជា​មួយ​ពួក​គេ មាន​ពួក​ទាហាន​ប្រដាប់​អាវុធ ដែល​អាច​ធ្វើ​សឹក​បាន ចំនួន ៣៦ ០០០​នាក់ ដោយ​គិត​តាម​វង្ស​ត្រកូល និង​តាម​ក្រុម​គ្រួសារ​របស់​ពួក​គេ ព្រោះ​ពួក​គេ​មាន​ប្រពន្ធ​ច្រើន ហើយ​កូន​ក៏​ច្រើន​ដែរ។ 5 នៅ​ក្នុង​អំបូរ​ទាំង​ប៉ុន្មាន​នៃ​កុល‌សម្ព័ន្ធ​អ៊ីសាកា ចំនួន​បង‌ប្អូន​របស់​ពួក​គេ​ជំរឿន​បាន​ទាំង​អស់​៨៧ ០០០ នាក់ ដែល​សុទ្ធ​តែ​ជា​មនុស្ស​ពូកែ​អង់‌អាច។

កុល‌សម្ព័ន្ធ​បេនយ៉ាមីន

6 លោក​បេនយ៉ាមីន​មាន​កូន​បី​នាក់ គឺ​បេឡា បេគែរ និង​យេឌីអែល។ 7 កូន​របស់​លោក​បេឡា​មាន​អេសបូន អ៊ូស៊ី អ៊ូស៊ីអែល យេរីម៉ូត និង​អៀរី គឺ​ទាំង​អស់​ប្រាំ​នាក់ ដែល​សុទ្ធ​តែ​ជា​មេ​ដឹក​នាំ​លើ​ក្រុម​គ្រួសារ​របស់​ខ្លួន និង​ជា​មនុស្ស​ពូកែ​អង់‌អាច។ ចំនួន​ក្រុម​គ្រួសារ​របស់​ពួក​គេ ជំរឿន​បាន​ទាំង​អស់ ២២ ០៣៤​នាក់។ 8 កូន​របស់​លោក​បេគែរ​មាន សេមីរ៉ា យ៉ូអាស់ អេលីយែស៊ែរ អេលី‌យ៉ូណៃ អុមរី យេរេ‌ម៉ូត អប៊ីយ៉ា អណាតូត និង​អឡាមេត។ អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​កូន​របស់​លោក​បេគែរ 9 ដែល​ជា​មេ​លើ​ក្រុម​គ្រួសារ​របស់​ខ្លួន និង​ជា​មនុស្ស​ពូកែ​អង់‌អាច។ ចំនួន​ក្រុម​គ្រួសារ​របស់​ពួក​គេ ដែល​ជំរឿន​តាម​វង្ស​ត្រកូល មាន​ទាំង​អស់ ២០ ២០០​នាក់។ 10 កូន​របស់​លោក​យេឌី‌អែល​គឺ ប៊ីលហន កូន​របស់​លោក​ប៊ីលហន មាន​យេអ៊ូស បេនយ៉ាមីន អេហ៊ូដ កេណាណា សេតន តារស៊ីស និង​អហ៊ី‌សាហារ 11 អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​កូន​របស់​លោក​យេឌីអែល ដែល​ជា​មេ​លើ​ក្រុម​គ្រួសារ​របស់​ខ្លួន និង​ជា​មនុស្ស​ពូកែ​អង់‌អាច។ ចំនួន​ក្រុម​គ្រួសារ​របស់​ពួក​គេ មាន​ទាំង​អស់​១៧២០០ នាក់ ហើយ​ជា​មនុស្ស​ដែល​អាច​ចេញ​ទៅ​ច្បាំង​បាន។ 12 រីឯ​កូន​របស់​លោក​អៀរ​គឺ​ស៊ូភីម និង​ហ៊ូភីម ហើយ​កូន​របស់​លោក​អហ៊ែរ​គឺ ហ៊ូស៊ីម។

កុល‌សម្ព័ន្ធ​ណែបថាលី

13 កូន​របស់​លោក​ណែបថាលី ដែល​ជា​កូន​របស់​នាង​ប៊ីលហា មាន​យ៉ាស៊ីអែល គូនី យេស៊ែរ និង​សាលូម។

កុល‌សម្ព័ន្ធ​ម៉ាណាសេ

14 កូន​របស់​លោក​ម៉ាណាសេ​គឺ​អាសរីអែល និង​ម៉ាកៀរ ជា​កូន​ដែល​ប្រពន្ធ​ចុង ជា​ស្ត្រី​សាសន៍​ស៊ីដូន បាន​បង្កើត​ជូន​លោក លោក​ម៉ាកៀរ​ជា​ឪពុក​របស់​លោក​កាឡាដ។ 15 លោក​ម៉ាកៀរ​បាន​រក​ប្រពន្ធ​ឲ្យ​ហ៊ូភីម និង​ស៊ូភីម។ ប្អូន​ស្រី​របស់​គាត់​ឈ្មោះ​នាង​ម៉ាកា។ កូន​ទី​ពីរ​របស់​គាត់​ឈ្មោះ​សេឡូផាត លោក​សេឡូផាត​មាន​សុទ្ធ​តែ​កូន​ស្រី។ 16 នាង​ម៉ាកា ជា​ភរិយា​របស់​លោក​ម៉ាកៀរ បង្កើត​បាន​កូន​ប្រុស​មួយ ហើយ​ដាក់​ឈ្មោះ​ថា​ពេរេស។ ប្អូន​របស់​គាត់​ឈ្មោះ សេរេស ដែល​ត្រូវ​ជា​ឪពុក​របស់​អ៊ូឡាម និង​រ៉េកេម។ 17 កូន​របស់​លោក​អ៊ូឡាម គឺ​បេដន។ អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​លោក​កាឡាដ ដែល​ជា​កូន​របស់​លោក​ម៉ាកៀរ និង​ជា​ចៅ​របស់​លោក​ម៉ាណាសេ។ 18 រីឯ​នាង​ហាម៉ូ‌លេកេត ជា​ប្អូន​ស្រី​របស់​គាត់ បង្កើត​បាន អ៊ីសហូដ អប៊ីយេស៊ែរ និង​ម៉ាឡា។ 19 កូន​របស់​លោក​សេមី‌ដា​គឺ អហ៊ីយ៉ន ស៊ីគែម លីកហ៊ី និង​អនីយ៉ាម។

កុល‌សម្ព័ន្ធ​អេប្រាអ៊ីម

20 កូន​របស់​លោក​អេប្រាអ៊ីម​គឺ​ស៊ូតេឡា។ លោក​ស៊ូតេឡា​ជា​ឪពុក​របស់​លោក​បេរេដ លោក​បេរេដ​ជា​ឪពុក​របស់​លោក​តាហាត់ លោក​តាហាត់​ជា​ឪពុក​របស់​លោក​អេឡេដា លោក​អេឡេដា​ជា​ឪពុក​របស់​លោក​តាហាត់ លោក​តាហាត់​ជា​ឪពុក​របស់​លោក​សេបាដ 21 លោក​សេបាដ​ជា​ឪពុក​របស់​លោក​ស៊ូតេឡា។ លោក​អេប្រាអ៊ីម​មាន​កូន​ពីរ​ទៀត​គឺ​អេស៊ែរ និង​អេលាដ។ ប៉ុន្តែ អ្នក​ស្រុក​កាថ​បាន​សម្លាប់​អ្នក​ទាំង​ពីរ នៅ​ពេល​ដែល​អ្នក​ទាំង​ពីរ​ទៅ​ដណ្ដើម​យក​ហ្វូង​សត្វ​របស់​ពួក​គេ។ 22 លោក​អេប្រាអ៊ីម ជា​ឪពុក បាន​កាន់​ទុក្ខ​ជា​យូរ​ថ្ងៃ ហើយ​ញាតិ‌សន្ដាន​ក៏​នាំ​គ្នា​មក​ជួយ​សម្រាល​ទុក្ខ​លោក។ 23 បន្ទាប់​មក លោក​បាន​រួម​រស់​ជា​មួយ​ភរិយា ហើយ​នាង​ក៏​មាន​ផ្ទៃ​ពោះ​បង្កើត​បាន​កូន​ប្រុស​មួយ ដែល​លោក​ដាក់​ឈ្មោះ​ថា «បេរីយ៉ា» ដ្បិត​មាន​ទុក្ខ​លំបាក​កើត​ឡើង​នៅ​ក្នុង​គ្រួសារ​របស់​លោក។ 24 កូន​ស្រី​របស់​លោក​ឈ្មោះ​នាង​សេរ៉ា ជា​អ្នក​សង់​ក្រុង​បេត‌ហូរ៉ូន​ខាង​ក្រោម និង​បេត‌ហូរ៉ូន​ខាង​លើ ព្រម​ទាំង​ក្រុង​អ៊ូសេន-‌សេរ៉ា។ 25 លោក​បេរីយ៉ា​ជា​ឪពុក​របស់​លោក​រេផា លោក​រេផា​ជា​ឪពុក​របស់​លោក​រេសែប លោក​រេសែប​ជា​ឪពុក​របស់​លោក​តេឡា លោក​តេឡា​ជា​ឪពុក​របស់​លោក​តាហន លោក​តាហន​ជា​ឪពុក​របស់​លោក​ឡាដន 26 លោក​ឡាដន​ជា​ឪពុក​របស់​លោក​អាំមីហ៊ូដ លោក​អាំមីហ៊ូដ​ជា​ឪពុក​របស់​លោក​អេលី‌សាម៉ា 27 លោក​អេលី‌សាម៉ា​ជា​ឪពុក​របស់​លោក​នូន លោក​នូន​ជា​ឪពុក​របស់​លោក​យ៉ូស៊ូអា។ 28 រីឯ​ទឹក​ដី​ដែល​ពួក​គេ​បាន​ទទួល​ជា​កម្ម‌សិទ្ធិ សម្រាប់​តាំង​ទី​លំ‌នៅ នោះ​មាន​ក្រុង​បេតអែល និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ។ នៅ​ប៉ែក​ខាង​កើត​មាន​ក្រុង​ណារ៉ន និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ ខាង​លិច​មាន​ក្រុង​កេស៊ែរ និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ ក្រុង​ស៊ីគែម និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ ហើយ​ទៅ​រហូត​ដល់​ក្រុង​កាសា និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ។
29 កូន​ចៅ​ម៉ាណាសេ​កាន់​កាប់​ក្រុង​បេតសន និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ ក្រុង​តាណាក់ និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ ក្រុង​មេគីដូ និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ ក្រុង​ឌ័រ និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ។
នេះ​ហើយ​ជា​ក្រុង​ដែល​ពូជ‌ពង្ស​លោក​យ៉ូសែប ជា​កូន​របស់​លោក​អ៊ីស្រា‌អែល តាំង​ទី​លំ‌នៅ។

កុល‌សម្ព័ន្ធ​អស៊ែរ

30 កូន​ប្រុស​របស់​លោក​អស៊ែរ​មាន​យីមណា យីសវ៉ា យីសវី បេរីយ៉ា ហើយ​កូន​ស្រី​របស់​លោក​ឈ្មោះ នាង​សេរ៉ា។ 31 កូន​របស់​លោក​បេរីយ៉ា មាន​ហេប៊ែរ និង​ម៉ាលគីអែល។ លោក​ម៉ាលគីអែល​ជា​ឪពុក​របស់​លោក​បៀរសាវីត។ 32 កូន​ប្រុស​របស់​លោក​ហេប៊ែរ​មាន យ៉ាផ្លេត សូមែរ ហូតាំ ហើយ​កូន​ស្រី​របស់​លោក​ឈ្មោះ​នាង​ស៊ូអា។ 33 កូន​របស់​លោក​យ៉ាផ្លេត​មាន ប៉ាសាក់ ប៊ីមហាល និង​អាសវ៉ាត។ អ្នក​ទាំង​នេះ​ជា​កូន​របស់​លោក​យ៉ាផ្លេត។ 34 កូន​របស់​លោក​សូមែរ មាន​អហ៊ី រ៉ូហេកា ហ៊ូបបា និង​អរ៉ាម។ 35 កូន​របស់​លោក​ហាតាំ ជា​ប្អូន​គេ មាន​សូផា យីមណា សេលេស និង​អាំម៉ាល។ 36 កូន​របស់​លោក​សូផា​មាន ស៊ូអា ហានេភែរ ស៊ូអាល បេរី យីមរ៉ា 37 បេស៊ែរ ហូដ សាំម៉ា ស៊ីលសា យីតរ៉ន និង​បេរ៉ា។ 38 កូន​របស់​លោក​យីតរ៉ន មាន​យេភូ‌នេ ពីសប៉ា និង​អេរ៉ា។
39 កូន​របស់​លោក​អ៊ូឡា​មាន អរ៉ា ហានីអែល និង​រីស៊ីយ៉ា។
40 អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​លោក​អស៊ែរ ហើយ​ជា​មេ​ដឹក​នាំ​លើ​ក្រុម​គ្រួសារ​របស់​គេ គឺ​ជា​មេ​ដឹក​នាំ​ដ៏​ចំណាន និង​មាន​ចិត្ត​អង់‌អាច។ ចំនួន​ក្រុម​គ្រួសារ​របស់​គេ​ជំរឿន​បាន​ទាំង​អស់ ២៦ ០០០ នាក់។