ជំពូក ១១
ព្រះបាទដាវីឌគ្រងរាជ្យលើស្រុកអ៊ីស្រាអែលទាំងមូល
(២សាមូអែល ៥.១-៣)
1 ប្រជាជនអ៊ីស្រាអែលទាំងមូលប្រមូលគ្នាមកគាល់ព្រះបាទដាវីឌ នៅក្រុងហេប្រូន ទូលថា៖ «យើងខ្ញុំទាំងអស់គ្នាជាសាច់សាលោហិតរបស់ព្រះករុណាដែរ។ 2 កាលពីមុន នៅពេលដែលព្រះបាទសាអ៊ូលគ្រងរាជ្យលើយើងខ្ញុំ ព្រះករុណាធ្លាប់ដឹកនាំកងទ័ពអ៊ីស្រាអែលចេញទៅធ្វើសឹក ហើយព្រះអម្ចាស់ ជាព្រះរបស់ព្រះករុណា មានព្រះបន្ទូលមកកាន់ព្រះករុណាថា “អ្នកនឹងគ្រប់គ្រងលើជនជាតិអ៊ីស្រាអែល ជាប្រជារាស្ដ្ររបស់យើង អ្នកនឹងដឹកនាំពួកគេ”»។ 3 ដូច្នេះ ព្រឹទ្ធាចារ្យទាំងអស់របស់ជនជាតិអ៊ីស្រាអែលចូលមកគាល់ព្រះរាជា នៅក្រុងហេប្រូន។ ព្រះបាទដាវីឌបានចងសម្ពន្ធមេត្រីជាមួយព្រឹទ្ធាចារ្យទាំងនោះ នៅក្រុងហេប្រូន នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ រួចហើយពួកគេបានចាក់ប្រេងអភិសេកព្រះបាទដាវីឌ ជាស្តេចរបស់ប្រជារាស្ដ្រអ៊ីស្រាអែល ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បានថ្លែងទុកតាមរយៈព្យាការីសាមូអែល។
ព្រះបាទដាវីឌលើករាជធានីមកនៅក្រុងយេរូសាឡឹម
(២សាមូអែល ៥.៦-១០)
4 ព្រះបាទដាវីឌ និងកងទ័ពអ៊ីស្រាអែលទាំងមូល នាំគ្នាចេញទៅវាយយកក្រុងយេរូសាឡឹម គឺក្រុងយេប៊ូស។ ពីមុន ជនជាតិយេប៊ូសជាម្ចាស់ស្រុករស់នៅក្រុងនោះ។ 5 អ្នកក្រុងយេប៊ូសពោលមកកាន់ព្រះបាទដាវីឌថា៖ «អ្នកឯងចូលក្នុងក្រុងរបស់យើងមិនបានទេ»។ ប៉ុន្តែ ព្រះបាទដាវីឌវាយយកបានបន្ទាយនៅភ្នំស៊ីយ៉ូន ដែលក្រោយមកហៅថា “បុរីព្រះបាទដាវីឌ”។ 6 ព្រះបាទដាវីឌមានរាជឱង្ការថា៖ «ប្រសិនបើអ្នកណាម្នាក់វាយឈ្នះពួកយេប៊ូសមុនគេ អ្នកនោះនឹងបានធ្វើជាមេទ័ព និងមេដឹកនាំ»។ លោកយ៉ូអាប់ ជាកូនរបស់អ្នកស្រីសេរូយ៉ា ចេញទៅវាយមុនគេ ហើយបានទទួលតំណែងជាមេទ័ព។ 7 ព្រះបាទដាវីឌគង់នៅក្នុងបន្ទាយនោះ ហេតុនេះ គេក៏ហៅថា «បុរីព្រះបាទដាវីឌ»។ 8 បន្ទាប់មក ស្តេចពង្រីកទីក្រុង ចាប់តាំងពីមីឡូរហូតដល់ជាយក្រុង។ លោកយ៉ូអាប់បានជួសជុលកន្លែងផ្សេងទៀតនៅក្នុងទីក្រុង។ 9 ព្រះបាទដាវីឌមានអំណាចកាន់តែខ្លាំងឡើងៗ ដ្បិតព្រះអម្ចាស់នៃពិភពទាំងមូលគង់នៅជាមួយ។
ទាហានដ៏ខ្លាំងពូកែរបស់ព្រះបាទដាវីឌ
(២សាមូអែល ២៣.៨-៣៩)
10 នេះជាបញ្ជីរាយនាមនាយទាហានដ៏អង់អាចរបស់ព្រះបាទដាវីឌ គឺអស់អ្នកដែលបានជួយជ្រោមជ្រែងឲ្យស្តេចទទួលរាជសម្បត្តិលើស្រុកអ៊ីស្រាអែលទាំងមូល ហើយឲ្យស្តេចបានសោយរាជ្យ ស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ស្តីអំពីជនជាតិអ៊ីស្រាអែល។ 11 ពួកទាហានដ៏អង់អាចរបស់ព្រះបាទដាវីឌមានរាយនាមតាមចំនួនរបស់ពួកគេ ដូចតទៅ:
លោកយ៉ាសូបាមជាកូនរបស់លោកហាក់មុនី លោកជាប្រមុខលើមេបញ្ជាការសាមសិបនាក់។ គឺលោកហើយដែលបានប្រើលំពែង សម្លាប់ខ្មាំងអស់បីរយនាក់ ក្នុងពេលតែមួយ។
12 បន្ទាប់មក មានលោកអេឡាសារ ជាកូនរបស់លោកដូដូ ជាពូជពង្សរបស់លោកអហូហ៊ី។ លោកជានាយទាហានម្នាក់ ក្នុងចំណោមនាយទាហានដ៏អង់អាចទាំងបី។ 13 លោកបាននៅជាប់ជាមួយព្រះបាទដាវីឌ នៅប៉ាដាមីន ក្នុងគ្រាដែលជនជាតិភីលីស្ទីនលើកទ័ពមកច្បាំង។ នៅទីនោះ មានដីស្រែមួយកន្លែងពេញដោយស្រូវ ហើយកងទ័ពអ៊ីស្រាអែលបានបាក់ទ័ពរត់នៅមុខជនជាតិភីលីស្ទីន។ 14 ពេលនោះ លោកអេឡាសារ និងទាហានរបស់លោក ឈរនៅកណ្ដាលចម្ការនោះ ហើយវាយប្រហារជនជាតិភីលីស្ទីន ដណ្ដើមយកបានចម្ការនោះមកវិញ។ ព្រះអម្ចាស់ប្រោសប្រទានជ័យជម្នះដ៏ធំធេង។
15 ថ្ងៃមួយ នាយទាហានបីរូបក្នុងចំណោមនាយទាហានទាំងសាមសិបនាក់ បាននាំគ្នាចូលគាល់ព្រះបាទដាវីឌ ក្នុងល្អាងភ្នំអាឌូឡាម នៅពេលដែលទាហានភីលីស្ទីនបោះទ័ពនៅជ្រលងភ្នំរេផាអ៊ីម។ 16 ពេលនោះ ព្រះបាទដាវីឌគង់នៅក្នុងជម្រកដ៏រឹងមាំមួយ។ កងទ័ពភីលីស្ទីនមួយក្រុមក៏ឈរជើងនៅភូមិបេថ្លេហិមដែរ។ 17 ព្រះបាទដាវីឌស្រេកទឹក ស្តេចក៏មានរាជឱង្ការថា៖ «តើនរណាអាចដងទឹកពីអណ្ដូងនៅមាត់ទ្វារភូមិបេថ្លេហិម យកមកឲ្យយើងបាន?»។ 18 នាយទាហានទាំងបីរូបនាំគ្នាសម្រុកចូលទៅក្នុងទីតាំងទ័ពពួកភីលីស្ទីន ហើយដងទឹកពីអណ្ដូងនៅមាត់ទ្វារភូមិបេថ្លេហិម យកមកថ្វាយព្រះបាទដាវីឌ ប៉ុន្តែ ព្រះបាទដាវីឌមិនព្រមសោយទេ ស្តេចយកទឹកនោះទៅច្រួចលើដីថ្វាយព្រះអម្ចាស់។ 19 ស្តេចមានរាជឱង្ការថា៖ «ព្រះជាម្ចាស់អើយ ទូលបង្គំគ្មានសិទ្ធិទទួលទានទឹកនេះទេ ព្រោះទឹកនេះដូចជាឈាមរបស់ទាហាន ដែលបានប្រថុយជីវិតទៅដងយកមកដែរ!»។ ដូច្នេះ ស្តេចបដិសេធមិនព្រមសោយទឹកនោះទេ ព្រោះពួកទាហានបានប្រថុយជីវិតទៅដងយកមក។ នេះហើយជាស្នាដៃដែលទាហានដ៏ខ្លាំងពូកែទាំងបីរូបបានប្រព្រឹត្ត។
20 លោកអប៊ីសាយជាប្អូនរបស់លោកយ៉ូអាប់ និងជាប្រមុខលើមេទ័ពបីរូប។ លោកបានប្រើលំពែងសម្លាប់ខ្មាំងសត្រូវអស់បីរយនាក់។ លោកមានឈ្មោះល្បីជាងគេ ក្នុងចំណោមមេទ័ពទាំងបីរូប។ 21 លោកទទួលកិត្តិយសច្រើនជាងគេ ក្នុងចំណោមមេទ័ពទាំងបី។ លោកមាននាទីជាប្រមុខលើក្រុមមេទ័ពទាំងបី ប៉ុន្តែ លោកពុំអាចប្រៀបស្មើនឹងក្រុមមេទ័ពបីរូបទៀតឡើយ។
22 លោកបេនណាយ៉ាជាអ្នកស្រុកកាបសេល ជាកូនរបស់លោកយេហូយ៉ាដា និងជាចៅរបស់ទាហានដ៏អង់អាចមួយរូប។ លោកបានបញ្ចេញស្នាដៃថ្មីយ៉ាងច្រើន។ គឺលោកហើយដែលបានវាយពួកអារីអែលពីរនាក់នៅស្រុកម៉ូអាប់ ព្រមទាំងចុះទៅក្នុងរណ្ដៅ ដើម្បីសម្លាប់សត្វសិង្ហមួយ នៅថ្ងៃដែលមានទឹកកកធ្លាក់។ 23 លោកក៏បានសម្លាប់ជនជាតិអេស៊ីបម្នាក់ ដែលមានកម្ពស់ប្រាំហត្ថ និងប្រដាប់ដោយលំពែងមួយយ៉ាងធំ ដូចជាឈើកីតម្បាញ។ លោកទៅប្រយុទ្ធនឹងគេ ដោយមានតែដំបងមួយប៉ុណ្ណោះ លោកដណ្ដើមយកលំពែងពីដៃអ្នកនេះបាន ហើយចាក់សម្លាប់នឹងលំពែងនោះទៅ។ 24 នេះហើយជាស្នាដៃរបស់លោកបេនណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដា ដែលធ្វើឲ្យលោកមានកេរ្តិ៍ឈ្មោះល្បី ក្នុងក្រុមមេទ័ពទាំងបីរូប។ 25 ក្នុងចំណោមមេបញ្ជាការទាំងសាមសិបនាក់ លោកទទួលកិត្តិយសច្រើនជាងគេ ប៉ុន្តែ លោកពុំអាចប្រៀបស្មើនឹងក្រុមមេទ័ពបីរូបឡើយ។ ព្រះបាទដាវីឌបានតែងតាំងលោកជាមេបញ្ជាការកងអង្គរក្ស។
26 វីរបុរសដ៏អង់អាចឯទៀតៗមាន: លោកអសាអែលជាប្អូនរបស់លោកយ៉ូអាប់ លោកអែលឡាណានជាកូនរបស់លោកដូដូ អ្នកភូមិបេថ្លេហិម 27 លោកសាំម៉ូត អ្នកស្រុកហារ៉ូ លោកហេលេស អ្នកស្រុកប៉ាឡូន 28 លោកអ៊ីរ៉ាជាកូនរបស់លោកអ៊ីកែស អ្នកក្រុងតេកា លោកអប៊ីយេស៊ែរ អ្នកស្រុកអាណាតូត 29 លោកស៊ីបកាយ អ្នកស្រុកហ៊ូសា លោកអ៊ីឡាយ អ្នកស្រុកអាហូអា 30 លោកម៉ាហារ៉ៃ អ្នកស្រុកនេតូផា លោកហេលេដ ជាកូនរបស់លោកបាណា អ្នកស្រុកនេតូផា 31 លោកអ៊ីតាយ ជាកូនរបស់លោករីបាយ អ្នកក្រុងគីបា ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន លោកបេណាយ៉ា អ្នកស្រុកពីរ៉ាតូន 32 លោកហ៊ូរាយ អ្នកស្រុកណាហាលេកាស លោកអប៊ីអែល អ្នកស្រុកអារ៉ាបា 33 លោកអាសម៉ាវេត អ្នកស្រុកបាហារូម លោកអេលីយ៉ាបា អ្នកស្រុកសាលបូន 34 លោកបេនេហាសេម អ្នកស្រុកគីសូន លោកយ៉ូណាថានជាកូនរបស់លោកសាកេ អ្នកស្រុកហារ៉ា 35 លោកអហ៊ីអាំជាកូនរបស់លោកសាការ អ្នកស្រុកហារ៉ា លោកអេលីផាលជាកូនរបស់លោកអ៊ួរ 36 លោកហេភែរ អ្នកស្រុកមេកេរ៉ា លោកអហ៊ីយ៉ា អ្នកស្រុកប៉ាឡូន 37 លោកហេស្រូ អ្នកស្រុកកាម៉ិល លោកណារ៉ាយជាកូនរបស់លោកអេសបាយ 38 លោកយ៉ូអែលជាប្អូនរបស់លោកណាថាន លោកមីបារជាកូនរបស់លោកហាគ្រី 39 លោកសេលេគជាជនជាតិអាំម៉ូន លោកណារ៉ាយ អ្នកក្រុងបេរ៉ូត ជាអ្នកកាន់គ្រឿងសាស្ត្រាវុធរបស់លោកយ៉ូអាប់ ជាកូនរបស់អ្នកស្រីសេរូយ៉ា 40 លោកអ៊ីរ៉ា អ្នកស្រុកយេទែរ លោកការេប អ្នកស្រុកយេទែរ 41 លោកអ៊ូរីជាជនជាតិហេត លោកសេបាដជាកូនរបស់លោកអឡាយ 42 លោកអឌីណាជាកូនរបស់លោកស៊ីសា ជាមេដឹកនាំម្នាក់ក្នុងកុលសម្ព័ន្ធរូបេន ដែលមានទាហានសាមសិបនាក់នៅជាមួយ 43 លោកហាណនជាកូនរបស់លោកម៉ាកា លោកយ៉ូសាផាត អ្នកស្រុកមីតនី 44 លោកអ៊ូស៊ីយ៉ា អ្នកស្រុកអាសតារ៉ូត លោកសាំម៉ា និងលោកយេហ៊ីអែល អ្នកស្រុកអារ៉ូអ៊ែរ 45 លោកយេឌីយ៉ាអែលជាកូនរបស់លោកស៊ីមរី ព្រមទាំងលោកយ៉ូហាជាប្អូន ដែលជាអ្នកស្រុកទីសា 46 លោកអេលីអែល អ្នកស្រុកម៉ាហាវីម លោកយេរីបាយ និងលោកយ៉ូសាវីយ៉ា ជាកូនរបស់លោកអែលណាម លោកយីតម៉ាជាជនជាតិម៉ូអាប់ 47 លោកអេលីអែល លោកអូបេដ និងលោកយ៉ាស៊ីអែល អ្នកស្រុកមេសូបា។