ជំពូក ១៤

ព្រះ‌បាទ​ដាវីឌ​គង់​នៅ​ក្រុង​យេរូ‌សាឡឹម

(២​សាមូអែល ៥.១១-១៦)

1 ព្រះ‌បាទ​ហ៊ីរ៉ាម​ជា​ស្តេច​ក្រុង​ទីរ៉ុស បាន​ចាត់​អ្នក​នាំ​សារ​ឲ្យ​មក​គាល់​ព្រះ‌បាទ​ដាវីឌ ដោយ​នាំ​ឈើ​តាត្រៅ ជាង​ដាប់​ថ្ម និង​ជាង​សំណង់ ដើម្បី​សង់​ដំណាក់​មួយ​ថ្វាយ​ព្រះ‌បាទ​ដាវីឌ។ 2 ព្រះ‌បាទ​ដាវីឌ​ឈ្វេង​យល់​ថា ព្រះ‌អម្ចាស់​តែង‌តាំង​ព្រះ‌អង្គ​ជា​ស្តេច​លើ​ស្រុក​អ៊ីស្រា‌អែល ហើយ​រាជ‌សម្បត្តិ​របស់​ព្រះ‌អង្គ​ចម្រុង‌ចម្រើន​កាន់​តែ​ខ្លាំង​ឡើងៗ ដោយ‌សារ​ជន​ជាតិ​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ។
3 នៅ​ក្រុង​យេរូ‌សាឡឹម ព្រះ‌បាទ​ដាវីឌ​បាន​យក​មហេសី​ផ្សេងៗ​ទៀត ហើយ​បង្កើត​បាន​បុត្រា​បុត្រី​ជា​ច្រើន។ 4 បុត្រ​របស់​ស្តេច ដែល​ប្រសូត​នៅ​ក្រុង​យេរូ‌សាឡឹម មាន​នាម​ដូច​ត​ទៅ: សាំមូអា សូបាប់ ណាថាន សាឡូម៉ូន 5 យីបហារ អេលីសួ អែលផាលេត 6 ណូកា នេផេក យ៉ាភីអា 7 អេលី‌សាម៉ា បេលី‌យ៉ាដា និង​អេលី‌ផាលេត។

ព្រះ‌បាទ​ដាវីឌ​ទទួល​ជ័យ‌ជម្នះ​លើ​ជន​ជាតិ​ភីលីស្ទីន

(២​សាមូអែល ៥.១៧-២៥)

8 កាល​ជន​ជាតិ​ភីលីស្ទីន​ឮ​ថា ព្រះ‌បាទ​ដាវីឌ​បាន​ទទួល​ពិធី​ចាក់​ប្រេង​អភិសេក​ជា​ស្តេច​លើ​ស្រុក​អ៊ីស្រា‌អែល ពួក​គេ​លើក​គ្នា​មក​តាម​ចាប់​ព្រះ‌បាទ​ដាវីឌ។ ព្រះ‌បាទ​ដាវីឌ​ជ្រាប​ដំណឹង​នេះ ស្តេច​ក៏​ចេញ​ទៅ​តទល់​នឹង​ពួក​គេ។ 9 ជន​ជាតិ​ភីលីស្ទីន​មក​ដល់ ហើយ​ទន្ទ្រាន​នៅ​ជ្រលង​ភ្នំ​រេផាអ៊ីម។ 10 ព្រះ‌បាទ​ដាវីឌ​ទូល​សួរ​ព្រះ‌ជាម្ចាស់​ថា៖ «តើ​ទូល‌បង្គំ​ត្រូវ​ចេញ​ទៅ​ច្បាំង​នឹង​ពួក​ភីលីស្ទីន​ឬ​ទេ? តើ​ព្រះ‌អង្គ​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ទូល‌បង្គំ​ឬ​ទេ?»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ទៅ​ចុះ! យើង​នឹង​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក»។ 11 ពួក​ភីលីស្ទីន​លើក​ទ័ព​មក​ដល់​បាល‌ពេរ៉ាស៊ីម ហើយ​ព្រះ‌បាទ​ដាវីឌ​ក៏​វាយ​ប្រហារ​ពួក​គេ​នៅ​ទី​នោះ។ បន្ទាប់​មក ស្តេច​មាន​រាជ‌ឱង្ការ​ថា៖ «ព្រះ‌ជាម្ចាស់​បាន​ធ្វើ​ឲ្យ​ខ្មាំង​សត្រូវ​បាក់​ទ័ព ដោយ​ថ្វី​ដៃ​ខ្ញុំ ដូច​ជា​ទឹក​បាក់​ទំនប់​ដែរ»។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា “បាល‌ពេរ៉ាស៊ីម”។ 12 កង‌ទ័ព​ភីលីស្ទីន​បោះ​បង់​ចោល​ព្រះ​របស់​ពួក​គេ​នៅ​ទី​នោះ ហើយ​ព្រះ‌បាទ​ដាវីឌ​ចេញ​បញ្ជា​ឲ្យ​គេ​ដុត​រូប​ព្រះ​ទាំង​នោះ​ចោល​ទៅ។
13 ជន​ជាតិ​ភីលីស្ទីន​បាន​មក​ទន្ទ្រាន​នៅ​ជ្រលង​ភ្នំ​រេផាអ៊ីម​សា​ជា​ថ្មី។ 14 ព្រះ‌បាទ​ដាវីឌ​ទូល​សួរ​ព្រះ‌ជាម្ចាស់​ម្ដង​ទៀត ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ស្តេច​វិញ​ថា៖ «កុំ​ឡើង​តាម​ក្រោយ​ពួក​គេ​ឡើយ ចូរ​វាង​ទៅ​ម្ខាង​ទៀត ហើយ​វាយ​ពួក​គេ​ពី​ម្តុំ​ដើម​មន​នោះ​វិញ។ 15 កាល​ណា​អ្នក​ឮ​សន្ធឹក​ជើង​នៅ​លើ​ចុង​មន ចូរ​ចេញ​ទៅ​ច្បាំង​ចុះ ដ្បិត​ព្រះ‌ជាម្ចាស់​នាំ​មុខ​អ្នក វាយ​លុក​ទី​តាំង​ទ័ព​ភីលីស្ទីន»។ 16 ព្រះ‌បាទ​ដាវីឌ​ធ្វើ​តាម​បញ្ជា​របស់​ព្រះ‌ជាម្ចាស់ ស្តេច​វាយ​ឈ្នះ​កង‌ទ័ព​ភីលីស្ទីន ហើយ​ដេញ​តាម​ពួក​គេ​តាំង​ពី​ក្រុង​កាបូន រហូត​ដល់​ក្រុង​កេស៊ែរ។ 17 កិត្តិនាម​របស់​ព្រះ‌បាទ​ដាវីឌ ក៏​ល្បី​ខ្ចរ‌ខ្ចាយ​គ្រប់​ស្រុក ហើយ​ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​ប្រជា‌ជាតិ​ទាំង​អស់​ស្ញែង​ខ្លាច​ព្រះ‌បាទ​ដាវីឌ។