ជំពូក ២៣

មុខ‌ងារ​របស់​ក្រុម​លេវី

1 កាល​ព្រះ‌បាទ​ដាវីឌ​មាន​វ័យ​ចាស់​ជរា​ណាស់​ហើយ ស្តេច​បាន​តែង‌តាំង​សម្តេច​សាឡូម៉ូន ជា​បុត្រ ឲ្យ​ឡើង​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល។
2 ព្រះ‌បាទ​ដាវីឌ​ត្រាស់​ហៅ​មន្ត្រី​ទាំង​អស់​របស់​អ៊ីស្រា‌អែល ព្រម​ទាំង​ក្រុម​បូជា‌ចារ្យ និង​ក្រុម​លេវី ឲ្យ​ចូល​មក​គាល់។ 3 គេ​បាន​រាប់​ក្រុម​លេវី​ម្ដង​ម្នាក់ៗ ចាប់​ពី​អ្នក​ដែល​មាន​អាយុ​សាម‌សិប​ឆ្នាំ​ឡើង​ទៅ មាន​ចំនួន ៣៨ ០០០ នាក់។ 4 ព្រះ‌បាទ​ដាវីឌ​បាន​ចាត់​តាំង​ពួក​គេ ២៤ ០០០ នាក់ ឲ្យ​ត្រួត​ពិនិត្យ​មើល​ការ​សាង​សង់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ៦ ០០០ នាក់ ឲ្យ​ធ្វើ​ជា​មន្ត្រី​រាជការ និង​ចៅ‌ក្រម។ 5 ពួក​គេ ៤ ០០០ នាក់​ទៀត ជា​អ្នក​យាម​ទ្វារ​ព្រះ‌ដំណាក់ ៤ ០០០ នាក់​ជា​អ្នក​ចម្រៀង​លើក​តម្កើង​ព្រះ‌អម្ចាស់ និង​កាន់​ឧបករណ៍​ភ្លេង​ដែល​ស្តេច​បាន​ធ្វើ​សម្រាប់​ប្រគំ​កំដរ។
6 ព្រះ‌បាទ​ដាវីឌ​បាន​បែង​ចែក​កូន​ចៅ​លេវី​ជា​ក្រុម តាម​អំបូរ​របស់​ពួក​គេ គឺ​អំបូរ​គែរសូន អំបូរ​គើហាត់ និង​អំបូរ​មេរ៉ារី។
7 កូន​របស់​លោក​គែរសូន​មាន: ឡាដន និង​ស៊ីម៉ៃ។ 8 កូន​របស់​លោក​ឡាដន​មាន​បី​នាក់ គឺ​យេហ៊ី‌អែល​ជា​មេ​ដឹក​នាំ សេតាំ និង​យ៉ូអែល។ 9 កូន​របស់​លោក​ស៊ីម៉ៃ​មាន​បី​នាក់​គឺ សេឡូ‌មីត ហាស៊ីអែល និង​ហារ៉ន។ អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​មេ​លើ​ក្រុម​គ្រួសារ​ឡាដន។ 10 លោក​ស៊ីម៉ៃ​មាន​កូន​បួន​នាក់​ទៀត គឺ​យ៉ាហាត់ ស៊ីសា យេអ៊ូស និង​បេរីយ៉ា។ 11 លោក​យ៉ាហាត់​ជា​មេ​ដឹក​នាំ ហើយ​លោក​ស៊ីសា​ជា​មេ​ដឹក​នាំ​ទី​ពីរ។ លោក​យេអ៊ូស និង​លោក​បេរីយ៉ា គ្មាន​កូន​ប្រុស​ច្រើន​ទេ ដូច្នេះ ពួក​គេ​ក៏​បញ្ចូល​គ្នា​ជា​ក្រុម​គ្រួសារ​តែ​មួយ។ 12 កូន​របស់​លោក​គើហាត់​មាន​បួន​នាក់​គឺ អាំរ៉ាម យីសារ ហេប្រូន និង​អ៊ូស៊ីអែល។ 13 កូន​របស់​លោក​អាំរ៉ាម​មាន​លោក​អរ៉ុន និង​លោក​ម៉ូសេ។ គេ​បាន​ញែក​លោក​អរ៉ុន និង​កូន​ចៅ​របស់​លោក ដើម្បី​បម្រើ​ការ​ក្នុង​ទី‌សក្ការៈ​វិសុទ្ធ​បំផុត​រហូត​ត​ទៅ ព្រម​ទាំង​ថ្វាយ​គ្រឿង​ក្រអូប​ចំពោះ​ព្រះ‌អម្ចាស់ បម្រើ​ការ‌ងារ​របស់​ព្រះ‌អង្គ និង​ជូន​ពរ​ប្រជាជន​ក្នុង​នាម​ព្រះ‌អង្គ រហូត​ត​រៀង​ទៅ។ 14 រីឯ​លោក​ម៉ូសេ​វិញ លោក​ជា​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់ គេ​រាប់​បញ្ចូល​កូនៗ​របស់​លោក​ក្នុង​ចំណោម​ពួក​លេវី​ឯ​ទៀតៗ​ដែរ។ 15 កូន​របស់​លោក​ម៉ូសេ​គឺ គែរសូម និង​លោក​អេលី‌យេស៊ែរ។ 16 កូន​របស់​លោក​គែរសូម មាន​លោក​សេប៊ូអែល ដែល​ជា​មេ​ដឹក​នាំ។ 17 លោក​អេលី‌យេស៊ែរ​មាន​កូន​ប្រុស​តែ​មួយ ឈ្មោះ​រេហាប៊ីយ៉ា គឺ​លោក​គ្មាន​កូន​ផ្សេង​ទៀត​ទេ។ ប៉ុន្តែ លោក​រេហាប៊ីយ៉ា​មាន​កូន​ជា​ច្រើន។ 18 កូន​របស់​លោក​យីសារ​មាន​លោក​សេឡូមីត ជា​មេ​ដឹក​នាំ។ 19 កូន​របស់​លោក​ហេប្រូន​មាន​លោក​យេរី‌យ៉ា ជា​មេ​ដឹក​នាំ លោក​អម៉ារីយ៉ា​ជា​មេ​ដឹក​នាំ​ទី​ពីរ លោក​យ៉ាហា‌ស៊ីអែល​ជា​មេ​ដឹក​នាំ​ទី​បី និង​លោក​យេកា‌មេអាំ​ជា​មេ​ដឹក​នាំ​ទី​បួន។ 20 កូន​របស់​លោក​អ៊ូស៊ីអែល គឺ​លោក​មីកា ជា​មេ​ដឹក​នាំ និង​លោក​យីស៊ីយ៉ា ជា​មេ​ដឹក​នាំ​ទី​ពីរ។
21 កូន​របស់​លោក​មេរ៉ារី​មាន​ម៉ាលី និង​មូស៊ី។ កូន​របស់​លោក​ម៉ាលី មាន​អេឡា‌សារ និង​លោក​គីស។ 22 លោក​អេឡា‌សារ​ទទួល​មរណ‌ភាព​ទៅ ទាំង​គ្មាន​កូន​ប្រុស គឺ​មាន​តែ​កូន​ស្រី។ កូន​ស្រី​ទាំង​នោះ​បាន​រៀប‌ការ​ជា​មួយ​កូន​របស់​លោក​គីស ដែល​ត្រូវ​ជា​បង‌ប្អូន​ជី‌ដូន​មួយ។ 23 កូន​របស់​លោក​មូស៊ី​មាន​បី​នាក់ គឺ​ម៉ាលី អេឌែរ និង​យេរេ‌ម៉ូត។
24 អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​លេវី និង​ជា​មេ​ដឹក​នាំ​លើ​ក្រុម​គ្រួសារ​របស់​គេ​រៀងៗ​ខ្លួន ដែល​មាន​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​ជំរឿន។ ចាប់​ពី​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ ពួក​គេ​មាន​ភារ‌កិច្ច​បម្រើ​ការ‌ងារ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។ 25 ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ថា៖ «ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល បាន​ប្រោស​ប្រទាន​សេចក្ដី​សុខ‌សាន្ត​ដល់​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​គង់​នៅ​ក្រុង​យេរូ‌សាឡឹម​រហូត​ត​ទៅ។ 26 ដូច្នេះ ពួក​លេវី​មិន​ចាំ‌បាច់​សែង​ព្រះ‌ពន្លា និង​គ្រឿង​បរិក្ខារ​ទាំង​ប៉ុន្មាន ដែល​សម្រាប់​ប្រើ‌ប្រាស់​ក្នុង​ព្រះ‌ពន្លា​ទៀត​ឡើយ»។ 27 គេ​បាន​ជំរឿន​កូន​ចៅ​លេវី ដែល​មាន​អាយុ​ពី​ម្ភៃ​ឆ្នាំ​ឡើង​ទៅ ស្រប​តាម​បណ្តាំ​ចុង​ក្រោយ​របស់​ព្រះ‌បាទ​ដាវីឌ។ 28 ពួក​គេ​ត្រូវ​បំពេញ​ការ‌ងារ​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ក្រោម​បង្គាប់​កូន​ចៅ​លោក​អរ៉ុន គឺ​ពួក​គេ​មើល​ខុស​ត្រូវ​លើ​ទី‌លាន និង​បន្ទប់​នានា ធ្វើ​ពិធី​ជម្រះ​វត្ថុ​សក្ការៈ​ទាំង​អស់​ឲ្យ​បរិសុទ្ធ ព្រម​ទាំង​ទទួល​បន្ទុក​លើ​កិច្ច‌ការ​ផ្សេងៗ នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់។ 29 ពួក​គេ​ត្រូវ​តម្កល់​នំបុ័ង​ថ្វាយ​ព្រះ‌អម្ចាស់ រៀប‌ចំ​ម្សៅ​ម៉ដ្ត​សម្រាប់​តង្វាយ​ម្សៅ ព្រម​ទាំង​រៀប‌ចំ​នំ​ក្រៀប​ធ្វើ​ពី​ម្សៅ​ឥត​ដាក់​មេ នំ​ចម្អិន​ដោយ​ប្រើ​ពុម្ព ឬ​នំ​ផ្សេងៗ​ទៀត។ ពួក​គេ​ក៏​ទទួល​ខុស​ត្រូវ​ពិនិត្យ​មើល​រង្វាស់​រង្វាល់​ទាំង​ប៉ុន្មាន​ដែរ។ 30 ពួក​គេ​ត្រូវ​ស្ថិត​នៅ​ក្នុង​ព្រះ‌ដំណាក់​រៀង​រាល់​ព្រឹក និង​រៀង​រាល់​ល្ងាច ដើម្បី​លើក​តម្កើង និង​អរ​ព្រះ‌គុណ​ព្រះ‌អម្ចាស់ 31 ហើយ​ត្រូវ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល*​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ នៅ​ថ្ងៃ​សប្ប័ទ* ថ្ងៃ​ចូល​ខែ​ថ្មី ឬ​ថ្ងៃ​បុណ្យ​សំខាន់ៗ​ផ្សេង​ទៀត តាម​ចំនួន​ដែល​បាន​កំណត់​ទុក​ក្នុង​ក្បួន​តម្រា ដែល​គេ​ត្រូវ​អនុវត្ត​តាម​ជា‌និច្ច។ 32 ពួក​គេ​ត្រូវ​មើល​ថែ‌រក្សា​ព្រះ‌ពន្លា​ជួប​ព្រះ‌អម្ចាស់ និង​ទី‌សក្ការៈ ហើយ​បំពេញ​មុខ‌ងារ​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ក្រោម​បញ្ជា​កូន​ចៅ​លោក​អរ៉ុន ដែល​ជា​បង‌ប្អូន​របស់​ពួក​គេ។