ជំពូក ៥១
1ព្រះអម្ចាស់មានព្រះបន្ទូលថា៖
«យើងនឹងធ្វើឲ្យខ្យល់ព្យុះ
បក់បោកបំផ្លាញក្រុងបាប៊ីឡូន
និងប្រជាជននៅក្រុងនោះ។
2 យើងនឹងប្រើគេឲ្យមករែងក្រុងបាប៊ីឡូន
ដូចគេរែងអង្ករ។
អ្នកទាំងនេះនឹងយកអ្វីៗទាំងអស់ចេញពីស្រុក
ពួកគេមកពីគ្រប់ទិសទី វាយលុកក្រុងបាប៊ីឡូន
នៅថ្ងៃដ៏សែនវេទនានោះ។
3 កុំត្រាប្រណីទាហានបាញ់ព្រួញ
និងអ្នកពាក់អាវក្រោះ ដែលពើងទ្រូង!
កុំត្រាប្រណីយុវជនរបស់ពួកគេ!
ចូរបំផ្លាញកងទ័ពទាំងមូលរបស់ពួកគេ
ចោលទៅ!»។
4 ពួកគេដួលស្លាប់នៅក្នុងស្រុកខាល់ដេ
អ្នកដែលគេចាក់ទម្លុះ ត្រូវស្លាប់នៅតាមដងផ្លូវ
ក្នុងក្រុងបាប៊ីឡូន
5 ព្រោះពួកគេប្រព្រឹត្តខុសចំពោះព្រះដ៏វិសុទ្ធ
នៃជនជាតិអ៊ីស្រាអែល ពាសពេញក្នុងស្រុក។
ប៉ុន្តែ ព្រះអម្ចាស់នៃពិភពទាំងមូល ដែលជាព្រះ
របស់ជនជាតិអ៊ីស្រាអែល និងជនជាតិយូដា
ព្រះអង្គមិនបោះបង់ចោលប្រជារាស្ដ្រ
របស់ព្រះអង្គឡើយ។
6 ចូររត់ចេញពីក្រុងបាប៊ីឡូនទៅ!
ម្នាក់ៗរត់ប្រាសអាយុ!
មិនគួរទុកឲ្យខ្លួនវិនាសសូន្យ
ព្រោះតែកំហុសរបស់ក្រុងនេះឡើយ!
ដ្បិតពេលនេះ ជាពេលដែលព្រះអម្ចាស់សងសឹក
ព្រះអង្គសងទៅជនជាតិបាប៊ីឡូនវិញ
តាមអំពើដែលពួកគេបានប្រព្រឹត្ត!
7 ពីមុន បាប៊ីឡូនប្រៀបបាននឹងពែងមាសនៅក្នុង
ព្រះហស្ដរបស់ព្រះអម្ចាស់
ជាពែងដែលធ្វើឲ្យផែនដីទាំងមូលស្រវឹង
ប្រជាជាតិទាំងឡាយបានផឹកស្រាពីពែងនេះ
ហើយវង្វេងវង្វាន់ទាំងអស់គ្នា។
8 រំពេចនោះ ស្រាប់តែបាប៊ីឡូនធ្លាក់ចុះ
ហើយបាក់បែកខ្ទេចខ្ទីអស់!
ចូរនាំគ្នាយំស្រណោះក្រុងនេះ
ចូរយកថ្នាំមកព្យាបាលស្នាមរបួសរបស់វា
វាប្រហែលជាអាចជាឡើងវិញបាន។
9 ពួកយើងខិតខំព្យាបាលបាប៊ីឡូនដែរ
តែវាពុំអាចជាសះស្បើយទេ។
ដូច្នេះ ចូរបោះបង់ចោលក្រុងនេះ
ហើយវិលទៅស្រុករបស់យើងរៀងៗខ្លួនវិញ
ដ្បិតទោសរបស់ក្រុងនេះមានទំហំធំជាង
ផ្ទៃមេឃ និងអាកាសវេហាស៍ទៅទៀត។
10ព្រះអម្ចាស់រកយុត្តិធម៌ឲ្យពួកយើង។
មក! យើងនាំគ្នារៀបរាប់ប្រាប់អ្នកក្រុងស៊ីយ៉ូន
អំពីស្នាព្រះហស្ដរបស់ព្រះអម្ចាស់
ជាព្រះនៃយើង។
11 ចូរសម្រួចមុខព្រួញ ហើយដាក់ព្រួញពេញបំពង់
ព្រះអម្ចាស់មានគម្រោងការកម្ទេចក្រុងបាប៊ីឡូន
ហេតុនេះបានជាព្រះអង្គជំរុញ
ស្តេចស្រុកម៉ែដឲ្យសម្រេចការនេះ
ដ្បិតព្រះអម្ចាស់សងសឹកពួកបាប៊ីឡូន
ព្រោះពួកគេកម្ទេចព្រះវិហាររបស់ព្រះអង្គ!
12 ចូរលើកទង់សញ្ញាវាយលុកកំពែងក្រុងបាប៊ីឡូន
ចូរបន្ថែមកងយាមល្បាត
ចូរដាក់អ្នកយាមឲ្យឃ្លាំមើល
ចូរបង្កប់ទាហានចាំវាយឆ្មក់
ដ្បិតព្រះអម្ចាស់សម្រេចតាមផែនការ
ដែលព្រះអង្គមានព្រះបន្ទូលប្រឆាំង
នឹងអ្នកក្រុងបាប៊ីឡូន។
13 អ្នករស់នៅតាមមាត់ទន្លេ
ហើយមានទ្រព្យសម្បត្តិដ៏ច្រើន
អ្នកមានចិត្តលោភលន់
តែចុងបញ្ចប់របស់អ្នកមកដល់ហើយ!
14ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូល
យ៉ាងម៉ឺងម៉ាត់ ក្នុងនាមព្រះអង្គផ្ទាល់ថា៖
«យើងនឹងនាំកងទ័ពដ៏ច្រើនដូចហ្វូងកណ្ដូប
មកវាយលុកអ្នក
ពួកគេស្រែកយកជ័យជម្នះលើអ្នក»។
15ព្រះអម្ចាស់បានសូនផែនដី
ដោយឫទ្ធានុភាពរបស់ព្រះអង្គ
ព្រះអង្គបានបង្កើតពិភពលោក
ដោយព្រះប្រាជ្ញាញាណរបស់ព្រះអង្គ
ព្រះអង្គបានលាតសន្ធឹងផ្ទៃមេឃ
ដោយព្រះតម្រិះរបស់ព្រះអង្គ។
16 ពេលព្រះអង្គបន្លឺព្រះសូរសៀង
ទឹកទាំងឡាយមកមូលផ្តុំគ្នានៅលើមេឃ
ពពករសាត់មកពីជើងមេឃ
ផ្លេកបន្ទោរបង្អុរភ្លៀងចុះមក
ហើយខ្យល់ក៏ចេញពីកន្លែងរបស់វាដែរ។
17 ពេលឃើញស្នាព្រះហស្ដរបស់ព្រះអង្គ
មនុស្សទាំងអស់បែរជាងឿងឆ្ងល់
លែងយល់អ្វីសោះ
ជាងមាសបែរជាខ្មាសខ្លួនឯង
ដោយបានឆ្លាក់រូបព្រះឥតបានការទាំងនោះ
ដែលគ្មានវិញ្ញាណ។
18 ព្រះទាំងនោះឥតបានការអ្វីសោះ
ជារបស់គួរឲ្យមើលងាយ
ដែលនឹងត្រូវវិនាសសូន្យ
នៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោស។
19 រីឯព្រះរបស់លោកយ៉ាកុបវិញ មិនដូច្នោះទេ
គឺព្រះអង្គបានបង្កើតអ្វីៗទាំងអស់
ព្រះអង្គបានជ្រើសរើសអ៊ីស្រាអែល
ធ្វើជាប្រជារាស្ដ្រផ្ទាល់របស់ព្រះអង្គ
ព្រះអង្គមាននាមថា ព្រះអម្ចាស់នៃពិភពទាំងមូល។
ចុងបញ្ចប់នៃអាណាចក្របាប៊ីឡូន
20 «បាប៊ីឡូនអើយ
កាលពីមុន អ្នកប្រៀបបាននឹងញញួរ
ជាគ្រឿងសាស្ត្រាវុធ
យើងបានប្រើអ្នក សម្រាប់វាយដំប្រជាជាតិនានា
និងកម្ទេចនគរទាំងឡាយ។
21 យើងបានប្រើអ្នកសម្រាប់កម្ទេចសេះ
និងទាហានដែលជិះនៅលើវា
យើងបានប្រើអ្នក សម្រាប់កម្ទេច
រទេះចម្បាំង និងអ្នកបរវា។
22 យើងបានប្រើអ្នក
សម្រាប់ប្រហារមនុស្សប្រុសស្រី
យើងបានប្រើអ្នក
សម្រាប់ប្រហារចាស់ៗ និងក្មេងៗ
យើងបានប្រើអ្នក
សម្រាប់ប្រហារយុវជនយុវនារី
23 យើងបានប្រើអ្នក សម្រាប់ប្រហារគង្វាល
និងហ្វូងសត្វរបស់គេ យើងបានប្រើអ្នក
សម្រាប់ប្រហារអ្នកភ្ជួរស្រែ
និងគោដែលគេទឹម
យើងបានប្រើអ្នក
សម្រាប់ប្រហារចៅហ្វាយខេត្ត
និងទេសាភិបាល។
24 យើងនឹងសងទៅក្រុងបាប៊ីឡូន
និងអ្នកស្រុកខាល់ដេទាំងអស់ តាមអំពើ
ឃោរឃៅដែលគេបានប្រព្រឹត្ត
ចំពោះក្រុងស៊ីយ៉ូន
ក្រោមក្រសែភ្នែករបស់អ្នករាល់គ្នា
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
25 បាប៊ីឡូនអើយ យើងនឹងដាក់ទោសអ្នក
អ្នកប្រៀបបាននឹងភ្នំមួយ ដែលកម្ទេច
ផែនដីទាំងមូល
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ -
យើងនឹងលើកដៃប្រហារអ្នក
យើងប្រមៀលអ្នកចុះពីលើថ្មភ្នំ
ធ្វើឲ្យអ្នកក្លាយទៅជាពំនូកភ្លើងមួយ។
26 គេនឹងលែងយកថ្មគ្រឹះដ៏មានតម្លៃ
ឬថ្មសម្រាប់ធ្វើជាសសរ
ចេញពីអ្នកទៀតឡើយ
ដ្បិតអ្នកត្រូវវិនាសហិនហោចរហូតតទៅ
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
27 ចូរលើកទង់សញ្ញាវាយលុកស្រុកនេះ!
ចូរផ្លុំស្នែងក្នុងចំណោមប្រជាជាតិទាំងឡាយ!
ចូរប្រមូលប្រជាជាតិនានាវាយលុកក្រុងនេះ!
ចូរហៅនគរទាំងឡាយ គឺនគរអារ៉ារ៉ាត
មិននី និងអាស្កេណាស មកច្បាំងនឹងក្រុងនេះ!
ចូរតែងតាំងឲ្យមានអ្នកកេណ្ឌទ័ព
ចូរបញ្ជូនទ័ពសេះយ៉ាងច្រើនកុះករដូចកណ្ដូប!
28 ចូរប្រមូលប្រជាជាតិនានាវាយលុកក្រុងនេះ
ដោយរួមជាមួយស្តេចស្រុកម៉ែដ
ព្រមទាំងពួកចៅហ្វាយខេត្ត ទេសាភិបាល
និងនគរចំណុះទាំងប៉ុន្មានរបស់ពួកគេ។
29 ផែនដីកក្រើករំពើក និងញាប់ញ័រ នៅពេល
ដែលព្រះអម្ចាស់ប្រព្រឹត្តចំពោះក្រុងបាប៊ីឡូន
តាមគម្រោងការរបស់ព្រះអង្គ
គឺធ្វើឲ្យក្រុងនេះក្លាយទៅជាទីស្មសាន
គ្មានមនុស្សរស់នៅ។
30 ពួកទាហានដ៏ពូកែរបស់ស្រុកបាប៊ីឡូន
ឈប់ច្បាំង ហើយសំងំនៅក្នុងបន្ទាយ។
ពួកគេបាត់បង់សេចក្ដីក្លាហាន
ធ្លាក់ខ្លួនខ្សោយដូចមនុស្សស្រី។
ខ្មាំងសត្រូវដុតបំផ្លាញផ្ទះរបស់ពួកគេ
ហើយកម្ទេចរនុកទ្វាររបស់ពួកគេចោលដែរ។
31 អ្នករត់នាំគ្នារត់បណ្តាក់គ្នា
អ្នកនាំសារក៏នាំដំណឹងតៗគ្នា
ដើម្បីទៅទូលស្តេចស្រុកបាប៊ីឡូនថា:
សត្រូវវាយយកបានទីក្រុង
ពីជាយម្ខាង ទៅជាយម្ខាងទៀត។
32 សត្រូវកាន់កាប់ផ្លូវទឹកទាំងឡាយ
ព្រមទាំងដុតកម្ទេចបន្ទាយផង
ទាហានបាប៊ីឡូននាំគ្នាធ្លាក់ទឹកចិត្ត»។
33ព្រះអម្ចាស់នៃពិភពទាំងមូលជាព្រះរបស់
ជនជាតិអ៊ីស្រាអែលមានព្រះបន្ទូលថា៖
«ក្រុងបាប៊ីឡូនប្រៀបបាននឹងលានបោកស្រូវ
នៅតែបន្តិចទៀត ដល់ពេលគេច្រូតកាត់
ក្រុងនេះហើយ!»។
34 ក្រុងស៊ីយ៉ូនពោលថា:
នេប៊ូកានេសារ ជាស្តេចស្រុកបាប៊ីឡូន
បានលេប និងកម្ទេចខ្ញុំ
ធ្វើឲ្យខ្ញុំប្រៀបបាននឹងចានគ្មានអាហារ
ស្តេចនេះប្រៀបបាននឹងនាគដែលលេបខ្ញុំ
ស្តេចនេះត្របាក់លេបអ្វីៗដ៏មានតម្លៃនៅក្នុងខ្ញុំ
រួចខ្ជាក់ខ្ញុំចោល។
35 អ្នកក្រុងស៊ីយ៉ូនពោលថា
សូមឲ្យពួកបាប៊ីឡូនរងនូវអំពើឃោរឃៅ
ដែលគេបានប្រព្រឹត្តចំពោះខ្ញុំ។
អ្នកក្រុងយេរូសាឡឹមពោលថា
សូមឲ្យពួកខាល់ដេទទួលទោស
ព្រោះតែបានបង្ហូរឈាមខ្ញុំ។
36 ហេតុនេះហើយបានជាព្រះអម្ចាស់មានព្រះបន្ទូល
មកកាន់ប្រជាជនក្រុងយេរូសាឡឹមថា៖
«យើងនឹងរកយុត្តិធម៌ឲ្យអ្នក
យើងនឹងសងសឹកជំនួសអ្នក
យើងនឹងធ្វើឲ្យទន្លេនៅក្រុងបាប៊ីឡូន
ហួតហែងរហូតដល់ប្រភពទឹករបស់វា។
37 ក្រុងបាប៊ីឡូននឹងក្លាយទៅជាគំនរឥដ្ឋ
ជាសំបុកឆ្កែព្រៃ ធ្វើឲ្យប្រជាជាតិឯទៀតៗ
ស្រឡាំងកាំង និងព្រឺសម្បុរ
ជាកន្លែងដែលគ្មានមនុស្សរស់នៅទៀត។
38 ជនជាតិបាប៊ីឡូននាំគ្នាគ្រហឹមដូចកូនសិង្ហ
និងដូចសិង្ហស្ទាវ
39 ពេលណាពួកគេពុះកញ្ជ្រោលដល់កម្រិតហើយ
យើងនឹងរៀបចំជប់លៀងឲ្យពួកគេ
យើងនឹងបង្អកពួកគេឲ្យស្រវឹង
ទាល់តែលេលា
ហើយដេកលក់រហូត លែងភ្ញាក់ទៀត
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
40 យើងនឹងនាំពួកគេទៅទីសត្តឃាត
ដូចពពែ និងចៀម។
41 ម្ដេចក៏ក្រុងសេសាក
ដែលពិភពលោកទាំងមូលធ្លាប់តែលើកតម្កើង
ត្រូវធ្លាក់ក្នុងកណ្ដាប់ដៃខ្មាំងដូច្នេះ!
ម្ដេចក៏បាប៊ីឡូនក្លាយទៅជាទីស្មសាន
ក្នុងចំណោមប្រជាជាតិនានាបែបនេះ!
42 សមុទ្រជន់លិចស្រុកបាប៊ីឡូន
ហើយទឹករលកក៏បក់បោកលើស្រុកនេះដែរ!
43 ក្រុងទាំងឡាយនៅស្រុកបាប៊ីឡូន
ត្រូវវិនាសអន្តរាយ
ស្រុកនោះក្លាយទៅជាទីហួតហែង និងព្រៃល្បោះ
ជាស្រុកដែលគ្មាននរណារស់នៅ
ហើយក៏គ្មានមនុស្សណាដើរកាត់ដែរ។
44 យើងនឹងដាក់ទោសបែល
ដែលជាព្រះរបស់ជនជាតិបាប៊ីឡូន
អ្វីៗដែលវាលេបចូលទៅនោះ
យើងនឹងទាញចេញមកវិញ
ប្រជាជាតិទាំងឡាយលែងលើកគ្នា
ទៅរកព្រះនោះទៀតហើយ
រីឯកំពែងក្រុងបាប៊ីឡូនក៏រលំដែរ។
45 ប្រជារាស្ដ្ររបស់យើងអើយ
ចូរនាំគ្នារត់ចេញពីបាប៊ីឡូន
ម្នាក់ៗត្រូវរត់ប្រាសអាយុ
គេចឲ្យផុតពីកំហឹងរបស់យើង
ចំពោះក្រុងនេះ។
46 មិនត្រូវបាក់ទឹកចិត្ត ហើយភ័យខ្លាច
ដោយឮពាក្យចចាមអារ៉ាមដែលគេនិយាយ
ក្នុងស្រុកនោះឡើយ!
ដ្បិតឆ្នាំនេះមានឮពាក្យចចាមអារ៉ាមមួយ
ឆ្នាំក្រោយមានឮពាក្យចចាមអារ៉ាមមួយទៀត
អំពើហិង្សានឹងកើតមាននៅក្នុងស្រុក
ហើយអ្នកកាន់អំណាចផ្ដាច់ការនឹងដណ្ដើម
អំណាចតៗគ្នា។
47 ហេតុនេះ នៅគ្រាខាងមុខ
យើងនឹងដាក់ទោសព្រះក្លែងក្លាយ
របស់ស្រុកបាប៊ីឡូន
ស្រុកនោះទាំងមូលនឹងត្រូវអាម៉ាស់
ហើយនឹងមានមនុស្សដួលស្លាប់ដោយមុខដាវ
ពាសពេញក្នុងទីក្រុង។
48 អ្វីៗនៅលើមេឃ និងនៅលើផែនដី
នឹងនាំគ្នាស្រែកហ៊ោយ៉ាងសប្បាយ
ដោយបាប៊ីឡូនរលំ
ដ្បិតមានសត្រូវពីទិសខាងជើង
មកបំផ្លាញក្រុងនេះ!»
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
49 បាប៊ីឡូនបានធ្វើឲ្យមនុស្សជាច្រើន
នៅលើផែនដីទាំងមូលបាត់បង់ជីវិត
ឥឡូវនេះ បាប៊ីឡូនក៏ត្រូវបាត់បង់ជីវិតដែរ
ព្រោះគេបានសម្លាប់ជនជាតិអ៊ីស្រាអែល។
50 អស់អ្នកដែលគេចផុតពីមុខដាវអើយ
ចូររត់ទៅចុះ កុំឈប់ឲ្យសោះ
ចូរគិតដល់ព្រះអម្ចាស់ពីចម្ងាយ
ហើយនឹកដល់ក្រុងយេរូសាឡឹមជានិច្ច!
51 ពួកយើងធ្លាប់អាម៉ាស់
នៅពេលឮខ្មាំងសត្រូវជេរប្រមាថ
ពួកយើងបានបាក់មុខ
នៅពេលសាសន៍ដទៃនាំគ្នាចូលក្នុងទីសក្ការៈ
នៃព្រះដំណាក់របស់ព្រះអម្ចាស់។
52 «ហេតុនេះហើយបានជានៅគ្រាខាងមុខ
យើងនឹងដាក់ទោសព្រះក្លែងក្លាយ
របស់ជនជាតិបាប៊ីឡូន
ហើយអ្នករបួសនឹងថ្ងូរពាសពេញក្នុងស្រុកគេ
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
53 ទោះបីបាប៊ីឡូនលើកខ្លួនឡើងដល់មេឃ
ទោះបីពួកគេសង់បន្ទាយយ៉ាងខ្ពស់ៗក្តី
ក៏យើងនឹងចាត់អ្នកបំផ្លាញឲ្យនាំគ្នាមក
ប្រហារក្រុងនេះដែរ»
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
54 មានសម្រែកលាន់ឮឡើងពីក្រុងបាប៊ីឡូន
ហើយសំឡេងមហន្តរាយលាន់ឮឡើង
ពីស្រុកខាល់ដេ
55 ដ្បិតព្រះអម្ចាស់កម្ទេចក្រុងបាប៊ីឡូន
ព្រះអង្គធ្វើឲ្យសម្រែកលាន់ឮក្នុងក្រុងនេះ
ប្រែទៅជាស្ងាត់ជ្រងំ
កងទ័ពដែលមានសូរសន្ធឹកដូចមហាសាគរ
នាំគ្នាវាយលុកក្រុងនេះដោយសម្រែក
ទ្រហឹងអឺងអាប់។
56 ពិតមែនហើយ មេបំផ្លាញមកវាយលុក
ក្រុងបាប៊ីឡូន
ទាហានដ៏អង់អាចរបស់ក្រុងនេះ
ធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំង
ធ្នូរបស់ពួកគេត្រូវបាក់។
ព្រះអម្ចាស់ជាព្រះដែលតែងតែសងទៅមនុស្ស
តាមអំពើដែលម្នាក់ៗប្រព្រឹត្ត។
57 «យើងនឹងបង្អកមន្ត្រី អ្នកប្រាជ្ញ ចៅហ្វាយខេត្ត ទេសាភិបាល និងទាហានដ៏អង់អាចរបស់ពួកគេ ឲ្យស្រវឹង។ ពួកគេដេកលក់រហូតលែងភ្ញាក់ទៀត» - នេះជាព្រះបន្ទូលរបស់ព្រះមហាក្សត្រ ដែលមាននាមថាព្រះអម្ចាស់នៃពិភពទាំងមូល។ 58ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖
«កំពែងដ៏ស្កឹមស្កៃរបស់ក្រុងបាប៊ីឡូន
បាក់បែករហូតដល់គ្រឹះ
ទ្វារដ៏ខ្ពស់ៗក៏ឆេះអស់
គឺស្នាដៃដែលប្រជាជនទាំងឡាយបានធ្វើ
ក្លាយជាអសារបង់
អ្វីៗដែលប្រជាជាតិនានាខំប្រឹងធ្វើ
ក្លាយទៅជាចំណីភ្លើង»។
59 នេះជាសេចក្ដីដែលព្យាការីយេរេមី បង្គាប់ដល់លោកសេរ៉ាយ៉ា ជាកូនរបស់លោកនេរីយ៉ា និងជាចៅរបស់លោកម៉ាសេយ៉ា នៅពេលដែលគាត់ទៅស្រុកបាប៊ីឡូន ជាមួយព្រះបាទសេដេខ្យាស នៅឆ្នាំទីបួន ក្នុងរជ្ជកាលរបស់ស្តេចនេះ។ កាលនោះ លោកសេរ៉ាយ៉ាមានមុខតំណែងជាមេលើពួកមហាតលិក។ 60 លោកយេរេមីសរសេរអំពីទុក្ខលំបាកទាំងប៉ុន្មាន ដែលកើតមានដល់ស្រុកបាប៊ីឡូន ទុកក្នុងក្រាំងមួយ គឺព្រះបន្ទូលទាំងអស់ស្តីអំពីស្រុកបាប៊ីឡូន ដូចមានចែងទុកខាងលើនេះស្រាប់។ 61 លោកយេរេមីមានប្រសាសន៍ទៅកាន់លោកសេរ៉ាយ៉ាថា៖ «ពេលលោកទៅដល់បាប៊ីឡូន លោកត្រូវអានសេចក្ដីទាំងនេះ 62 រួចពោលថា: បពិត្រព្រះអម្ចាស់ គឺព្រះអង្គផ្ទាល់ដែលមានព្រះបន្ទូលថា ក្រុងនេះនឹងត្រូវបំផ្លាញ លែងមានមនុស្ស មានសត្វរស់នៅទៀតហើយ គឺក្រុងនេះក្លាយទៅជាទីស្មសានរហូតតទៅ។ 63 ពេលលោកអានសេចក្ដីក្នុងក្រាំងនេះចប់ សូមចងភ្ជាប់នឹងថ្មមួយដុំ រួចយកទៅទម្លាក់នៅកណ្ដាលទន្លេអឺប្រាត។ 64 បន្ទាប់មក សូមប្រកាសថា: ក្រុងបាប៊ីឡូននឹងត្រូវលិចលង់ដូច្នេះដែរ គឺក្រុងនេះរងទុក្ខលំបាក ដែលព្រះអម្ចាស់ធ្វើឲ្យកើតមានដល់ពួកគេ ពួកគេនឹងរលំ ក្រោកឡើងវិញពុំរួចឡើយ»។
ពាក្យរបស់លោកយេរេមីចប់តែត្រឹមណេះ។