ជំពូក ២២

1ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យេរេមី ដូច​ត​ទៅ៖ «ចូរ​ចូល​ទៅ​ក្នុង​វាំង​របស់​ស្តេច​ស្រុក​យូដា ហើយ​ប្រកាស​ពាក្យ​ទាំង​នេះ​ថា: 2 បពិត្រ​ព្រះ‌មហា​ក្សត្រ​ស្រុក​យូដា ដែល​គ្រង​រាជ្យ​លើ​បល្ល័ង្ក​របស់​ព្រះ‌បាទ​ដាវីឌ ព្រម​ទាំង​មន្ត្រី និង​ប្រជាជន​ដែល​ចូល​តាម​ទ្វារ​នេះ សូម​ព្រះ‌ករុណា និង​អស់​លោក​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់! 3ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: ចូរ​នាំ​គ្នា​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត និង​យុត្តិធម៌ ចូរ​ដោះ​លែង​អស់​អ្នក​ដែល​ត្រូវ​គេ​ជិះ‌ជាន់​សង្កត់‌សង្កិន។ មិន​ត្រូវ​ធ្វើ​បាប​ជន​អន្តោ‌ប្រវេសន៍ ក្មេង​កំព្រា និង​ស្ត្រី‌មេម៉ាយ​ឡើយ ហើយ​ក៏​មិន​ត្រូវ​ប្រើ​អំពើ​ហិង្សា និង​បង្ហូរ​ឈាម​ជន​ស្លូត​ត្រង់​នៅ​ទី​នេះ​ដែរ។ 4 ប្រសិន​បើ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តាម​ពាក្យ​នេះ ស្តេច​ទាំង‌ឡាយ​ដែល​គ្រង​រាជ្យ​ត​ពី​ស្តេច​ដាវីឌ នឹង​ជិះ​រទេះ ជិះ​សេះ ចូល​តាម​ទ្វារ​វាំង​នេះ​ជា​មួយ​ពួក​មន្ត្រី និង​ប្រជាជន​ត​ទៅ​មុខ​ទៀត។ 5 ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ស្ដាប់​ពាក្យ​នេះ​ទេ យើង​សូម​ស្បថ​ក្នុង​នាម​យើង​ផ្ទាល់​ថា វាំង​នេះ​នឹង​ក្លាយ​ទៅ​ជា​គំនរ​ឥដ្ឋ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់»។

6ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖

«ទោះ​បី​យើង​ចាត់​ទុក​វាំង​របស់​ស្តេច​ស្រុក​យូដា

ថា​ស្អាត​ដូច​ព្រៃ​នៅ​ស្រុក​កាឡាដ

និង​ដូច​កំពូល​ភ្នំ​លីបង់​ក៏​ដោយ

យើង​នឹង​ធ្វើ​ឲ្យ​វាំង​នេះ​ក្លាយ​ទៅ​ជា

វាល​រហោ‌ស្ថាន

ជា​កន្លែង​ដែល​គ្មាន​នរណា​រស់​នៅ។

យើង​នឹង​ចាត់​មនុស្ស​ឲ្យ​មក​បំផ្លាញ​វាំង​នេះ

គេ​នឹង​កាប់​សសរ​ដែល​ធ្វើ​អំពី​ឈើ​ដ៏​មាន​តម្លៃ

បោះ​ទៅ​ក្នុង​ភ្លើង។

8 ប្រជា‌ជាតិ​ជា​ច្រើន​ដែល​នឹង​ដើរ​ជិត​ទីក្រុង

មុខ​ជា​សួរ​គ្នា​ថា “ហេតុ​អ្វី​បាន​ជា​ព្រះ‌អម្ចាស់

ដាក់​ទោស​ទីក្រុង​ដ៏​ធំ​នេះ​ដូច្នេះ?”

9 គេ​នឹង​ឆ្លើយ​ថា “មក​ពី​អ្នក​ក្រុង​ផ្ដាច់

សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្លួន

ហើយ​បែរ​ទៅ​ក្រាប​ថ្វាយ‌បង្គំ

និង​គោរព​បម្រើ​ព្រះ​ដទៃ”»។

ព្រះ‌បន្ទូល​ស្តី​អំពី​ស្តេច​សាលូម

10 កុំ​យំ​ស្រណោះ​ស្តេច​យ៉ូស្យាស

ដែល​សោយ​ទិវង្គត​ទៅ​នោះ​ឡើយ

កុំ​កាន់​ទុក្ខ​អាឡោះ‌អាល័យ​ស្តេច​ទៀត

ផ្ទុយ​ទៅ​វិញ ចូរ​យំ​ស្រណោះ​ស្តេច​សាលូម

ដែល​នឹង​ចាក​ចេញ​ទៅ

ដ្បិត​ព្រះ‌អង្គ​នឹង​មិន​វិល​ត្រឡប់​មក​វិញ​ឡើយ

ហើយ​ព្រះ‌អង្គ​ក៏​នឹង​មិន​ឃើញ​ស្រុក​កំណើត

ទៀត​ដែរ។

11ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ស្តី​អំពី​ស្តេច​សាលូម

ជា​បុត្រ​របស់​ស្តេច​យ៉ូស្យាស

ដែល​ស្នង​រាជ្យ​បិតា​នៅ​ស្រុក​យូដា

ហើយ​ដែល​ចាក​ចេញ​ពី​ទី​នេះ​ទៅ ថា

ព្រះ‌អង្គ​នឹង​មិន​វិល​ត្រឡប់​មក​វិញ​ទេ

12 ព្រះ‌អង្គ​នឹង​សុគត​នៅ​ក្នុង​ស្រុក​ដែល

ព្រះ‌អង្គ​ត្រូវ​គេ​កៀរ​យក​ទៅ​ជា​ឈ្លើយ

ដោយ​ឥត​បាន​ឃើញ​ស្រុក​នេះ​វិញ​ឡើយ។

ព្រះ‌បន្ទូល​ចំពោះ​ស្តេច​យ៉ូ‌យ៉ាគីម

13 «យ៉ូ‌យ៉ាគីម​អើយ អ្នក​នឹង​ត្រូវ​វេទនា​ពុំ‌ខាន!

ដ្បិត​អ្នក​សង់​វាំង

តែ​មិន​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត

អ្នក​សង់​បន្ទប់​នៅ​ជាន់​ខាង​លើ

តែ​មិន​ប្រព្រឹត្ត​តាម​សេចក្ដី​យុត្តិធម៌

អ្នក​ប្រើ​ប្រជា‌រាស្ដ្រ​ឲ្យ​ធ្វើ​ការ

តែ​មិន​ឲ្យ​ប្រាក់​ឈ្នួល​ទេ។

14 អ្នក​ពោល​ថា “យើង​នឹង​សង់​ដំណាក់​មួយ

ដ៏​ស្កឹម‌ស្កៃ មាន​បន្ទប់​ធំ​ទូលាយ​សម្រាប់​យើង”។

អ្នក​ចោះ​បង្អួច និង​ធ្វើ​ជញ្ជាំង​ពី​ឈើ​ដ៏​មាន​តម្លៃ

ហើយ​លាប​ពណ៌​ក្រហម។

15 តើ​អ្នក​ចង់​ពង្រឹង​រាជ​សម្បត្តិ

ដោយ​សង់​ដំណាក់​ពី​ឈើ​ដ៏​មាន​តម្លៃ​នេះ​ឬ?

បិតា​របស់​អ្នក​ធ្លាប់​បរិភោគ​បាយ​ទឹក

ដូច​អ្នក​ឯ​ទៀតៗ​ដែរ

តែ​គេ​បាន​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត

និង​យុត្តិធម៌

ហេតុ​នេះ​ហើយ​បាន​ជា​បិតា​របស់​អ្នក

បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត។

16 បិតា​របស់​អ្នក​រក​យុត្តិធម៌​ឲ្យ​ជន​ទុរគត

និង​ជន​ក្រីក្រ

ហេតុ​នេះ​ហើយ​បាន​ជា​ស្រុក​ទេស

មាន​សេចក្ដី​សុខ‌សាន្ត។

ដ្បិត​អ្នក​ដែល​ស្គាល់​យើង​តែង‌តែ​ប្រព្រឹត្ត​ដូច្នេះ

- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ -។

17 រីឯ​អ្នក​វិញ អ្នក​គិត​តែ​ពី​ស្វែង​រក

ប្រយោជន៍​ផ្ទាល់​ខ្លួន។

អ្នក​បង្ហូរ​ឈាម​ជន​ស្លូត​ត្រង់

និង​ជិះ‌ជាន់​ប្រជា‌រាស្ដ្រ​យ៉ាង​ព្រៃ‌ផ្សៃ»។

18 ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល

ស្តី​អំពី​ស្តេច​យ៉ូ‌យ៉ាគីម ជា​បុត្រ​របស់

ព្រះ‌បាទ​យ៉ូស្យាស និង​ជា​ស្តេច​ស្រុក​យូដា​ថា៖

«ពេល​យ៉ូ‌យ៉ាគីម​ស្លាប់

នឹង​គ្មាន​នរណា​យំ​រៀប​រាប់​ថា

“ឱ​បង​អើយ ឱ​ប្អូន​អើយ ម្ដេច​ក៏​វេទនា​ម៉្លេះ!”

ហើយ​ក៏​គ្មាន​នរណា​យំ​សោក ដោយ​ពោល​ថា

“ព្រះ‌ករុណា​ជា​ម្ចាស់​អើយ ម្ដេច​ក៏​វេទនា​ម៉្លេះ!”

19 គេ​នឹង​អូស​សាក‌សព​យ៉ូ‌យ៉ាគីម​ចេញ​ពី

ក្រុង​យេរូ‌សាឡឹម យក​ទៅ​កប់​ដូច​ខ្មោច​លា»។

ភាព​អាម៉ាស់​របស់​ក្រុង​យេរូ‌សាឡឹម

20 «យេរូ‌សាឡឹម​អើយ

ចូរ​ឡើង​ទៅ​ភ្នំ​លីបង់ ហើយ​ស្រែក​យំ​ចុះ!

ចូរ​ទៅ​យំ​សោក​នៅ​ខ្ពង់​រាប​បាសាន!

ចូរ​ទៅ​ស្រែក​ពី​លើ​ភ្នំ​អាបា‌រីម!

ដ្បិត​គូ​ស្នេហ៍​របស់​អ្នក

បាន​វិនាស​ហិន‌ហោច​អស់​ហើយ។

21 ពេល​ស្រុក​សុខ‌សាន្ត

យើង​បាន​និយាយ​ជា​មួយ​អ្នក

តែ​អ្នក​មិន​ព្រម​ស្ដាប់​ទេ។

អ្នក​តែង​ប្រកាន់​ឫក‌ពា​ដូច្នេះ​តាំង​ពី​ក្មេង​មក

គឺ​អ្នក​មិន​ព្រម​ស្ដាប់​យើង​ឡើយ។

22 ខ្យល់​នឹង​ផាត់​យក​ពួក​មេ​ដឹក​នាំ​របស់​អ្នក

ទៅ​បាត់​អស់ គូ​ស្នេហ៍​របស់​អ្នក

នឹង​ត្រូវ​គេ​ចាប់​យក​ទៅ​ជា​ឈ្លើយ​សឹក។

ពេល​នោះ អ្នក​នឹង​ត្រូវ​អាម៉ាស់ បាក់​មុខ

ព្រោះ​តែ​អំពើ​ទុច្ចរិត​របស់​អ្នក។

23 អ្នក​ធ្លាប់​រស់​នៅ​យ៉ាង​ស្រួល​លើ​ភ្នំ​លីបង់

និង​មាន​ទ្រនំ​ធ្វើ​ពី​ដើម​ឈើ​ដ៏​មាន​តម្លៃ។

ប៉ុន្តែ ពេល​ទុក្ខ​វេទនា​មក​ដល់ អ្នក​នឹង​ស្រែក​ថ្ងូរ

រមួល​ខ្លួន ដូច​ស្ត្រី​សម្រាល​កូន!»។

ព្រះ‌បន្ទូល​សម្រាប់​ស្តេច​កូ‌នីញ៉ា

24ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​យ៉ាង​ម៉ឺង‌ម៉ាត់​ទៅ​កាន់​ព្រះ‌បាទ​កូ‌នីញ៉ា បុត្រ​របស់​ស្តេច​យ៉ូ‌យ៉ាគីម ជា​ស្តេច​ស្រុក​យូដា​ថា៖ «ទោះ​បី​អ្នក​ប្រៀប​បាន​នឹង​ត្រា​ដែល​យើង​ពាក់​នៅ​ដៃ​ស្តាំ​ក្តី ក៏​យើង​ត្រូវ​ដក​អ្នក​ចេញ​ដែរ។ 25 យើង​នឹង​ប្រគល់​អ្នក​ទៅ​ឲ្យ​ពួក​ដែល​ចង់​ប្រហារ​ជីវិត​អ្នក។ យើង​នឹង​ប្រគល់​អ្នក​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​ដែល​ធ្វើ​ឲ្យ​អ្នក​ញ័រ​រន្ធត់ គឺ​ក្នុង​កណ្ដាប់​ដៃ​របស់​នេប៊ូ‌កានេសារ ជា​ស្តេច​ស្រុក​បាប៊ីឡូន និង​ក្នុង​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​ខាល់ដេ។ 26 យើង​នឹង​បោះ​បង់​ចោល​អ្នក ព្រម​ទាំង​ម្ដាយ​ដែល​បាន​បង្កើត​អ្នក។ អ្នក​នឹង​ត្រូវ​ស្លាប់​នៅ​ក្នុង​ស្រុក​មួយ ដែល​មិន​មែន​ជា​ស្រុក​កំណើត​របស់​អ្នក។ 27 អ្នក​ប្រាថ្នា​ចង់​វិល​មក​ស្រុក​កំណើត​វិញ​ណាស់ តែ​ពុំ​អាច​វិល​ត្រឡប់​មក​វិញ​ឡើយ»។

28 តើ​ព្រះ‌បាទ​កូ‌នីញ៉ា​ក្លាយ​ទៅ​ជា​មនុស្ស​គួរ​ឲ្យ​មាក់‌ងាយ ដូច​ថូ​កំបែក​ដែល​គេ​បោះ​ចោល គ្មាន​នរណា​ចង់​បាន​ឬ? ហេតុ​អ្វី​បាន​ជា​ស្តេច​នេះ និង​ព្រះ‌រាជ‌វង្ស ត្រូវ​ព្រះ‌អម្ចាស់​បោះ​បង់​ចោល ហើយ​ខ្មាំង​ចាប់​យក​ទៅ​ជា​ឈ្លើយ នៅ​ក្នុង​ស្រុក​មួយ​ដែល​គេ​ពុំ​ធ្លាប់​ស្គាល់? 29 ឱ​មាតុ‌ភូមិ ឱ​មាតុ‌ភូមិ​អើយ ចូរ​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់! 30ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ៖ «ចូរ​ចាត់​ទុក​បុរស​នេះ​ដូច​មនុស្ស​គ្មាន​កូន​ត​ពូជ និង​ដូច​មនុស្ស​ធ្វើ​អ្វី​ពុំ​បាន​សម្រេច​នៅ​ក្នុង​ជីវិត ដ្បិត​ក្នុង​ចំណោម​ពូជ‌ពង្ស​របស់​គេ នឹង​គ្មាន​នរណា​ម្នាក់​ស្នង​រាជ្យ​របស់​ដាវីឌ ហើយ​ក៏​គ្មាន​នរណា​ម្នាក់​គ្រប់‌គ្រង​លើ​ស្រុក​យូដា​ដែរ»។