ជំពូក ៣៩
ស្តេចស្រុកបាប៊ីឡូនវាយយកក្រុងយេរូសាឡឹម
នេះជាដំណើររឿងស្តីអំពីការវាយយកក្រុងយេរូសាឡឹម: 1 នៅខែទីដប់ ក្នុងឆ្នាំទីប្រាំបួននៃរជ្ជកាលព្រះបាទសេដេខ្យាស ជាស្តេចស្រុកយូដា ព្រះចៅនេប៊ូកានេសារ ជាស្តេចស្រុកបាប៊ីឡូន លើកកងទ័ពទាំងមូលមកដល់ក្រុងយេរូសាឡឹម ហើយឡោមព័ទ្ធទីក្រុង។ 2 នៅខែទីបួន ថ្ងៃទីប្រាំបួន ក្នុងឆ្នាំទីដប់មួយនៃរជ្ជកាលព្រះបាទសេដេខ្យាស កងទ័ពបាប៊ីឡូនបានទម្លុះកំពែងក្រុង។ 3 ពេលនោះ មេទ័ពរបស់ស្តេចស្រុកបាប៊ីឡូនដណ្ដើមយកបានទ្វារកណ្ដាល។ មេទ័ពទាំងនោះ គឺលោកនេកាល់-សារិស៊ែរ លោកសាំការ-នេប៊ូ លោកសាស៊ែរគីម ជាមេលើពួកមហាតលិក លោកមេបញ្ជាការនេកាល់-សារិស៊ែរ និងមេទ័ពឯទៀតៗរបស់ស្តេចស្រុកបាប៊ីឡូន។ 4 ពេលព្រះបាទសេដេខ្យាស ជាស្តេចស្រុកយូដា និងទាហានទាំងអស់ ឃើញទ័ពបាប៊ីឡូនចូលមកដល់ ក៏នាំគ្នាភៀសខ្លួនចេញពីទីក្រុងនៅពេលយប់ តាមផ្លូវឧទ្យានរបស់ស្តេច និងតាមទ្វារដែលស្ថិតនៅចន្លោះកំពែងទាំងពីរ ហើយនាំគ្នាចេញតាមផ្លូវឆ្ពោះទៅវាលអារ៉ាបា។ 5 ប៉ុន្តែ កងទ័ពខាល់ដេនាំគ្នាដេញតាមទាន់ព្រះបាទសេដេខ្យាស នៅវាលទំនាប ជិតក្រុងយេរីខូ។ ពួកគេចាប់ស្តេចបញ្ជូនទៅព្រះចៅនេប៊ូកានេសារ នៅក្រុងរីបឡា ក្នុងស្រុកហាម៉ាត់ ព្រះចៅនេប៊ូកានេសារប្រកាសកាត់ទោសព្រះបាទសេដេខ្យាស។ 6 ស្តេចស្រុកបាប៊ីឡូនបញ្ជាឲ្យគេអារ ក បុត្រាទាំងប៉ុន្មានរបស់ព្រះបាទសេដេខ្យាស នៅចំពោះព្រះភ័ក្ត្រព្រះបាទសេដេខ្យាស។ ស្តេចស្រុកបាប៊ីឡូនក៏បានឲ្យគេអារ ក ពួកអ្នកធំទាំងអស់នៃស្រុកយូដាដែរ។ 7 បន្ទាប់មក ស្តេចនេប៊ូកានេសារឲ្យគេចាក់ភ្នែករបស់ព្រះបាទសេដេខ្យាស រួចដាក់ច្រវាក់លង្ហិនពីរជាន់នាំទៅស្រុកបាប៊ីឡូន។ 8 ជនជាតិខាល់ដេដុតកម្ទេចវាំង និងផ្ទះរបស់ប្រជាជន ព្រមទាំងរំលំកំពែងក្រុងយេរូសាឡឹមទៀតផង។ 9 រីឯប្រជាជនដែលនៅសេសសល់ ហើយរស់នៅក្នុងទីក្រុង និងទាហានដែលបានរត់ទៅចុះចូលនឹងស្តេចស្រុកបាប៊ីឡូន ព្រមទាំងពួកជាងដែលនៅសេសសល់ លោកនេប៊ូសារ៉ាដន ជារាជប្រតិភូនាំយកទៅជាឈ្លើយ។ 10 ប៉ុន្តែ លោកមេបញ្ជាការនេប៊ូសារ៉ាដនអនុញ្ញាតឲ្យជនក្រីក្រ គឺអ្នកដែលគ្មានអ្វីទាំងអស់រស់នៅក្នុងស្រុកយូដា ហើយនៅថ្ងៃនោះ គាត់បានចែកចម្ការទំពាំងបាយជូរ និងដីស្រែឲ្យពួកគេទៀតផង។
ស្តេចនេប៊ូកានេសារដោះលែងលោកយេរេមី
11 ចំពោះព្យាការីយេរេមីវិញ ព្រះចៅនេប៊ូកានេសារបានបញ្ជាឲ្យលោកនេប៊ូសារ៉ាដន ជារាជប្រតិភូថា៖ 12 «ចូរលោកនាំគាត់ទៅ ហើយទំនុកបម្រុងគាត់ផង កុំធ្វើបាបគាត់ឲ្យសោះ ប្រសិនបើគាត់ចង់បានអ្វី ចូរប្រគល់ឲ្យចុះ»។ 13 លោកនេប៊ូសារ៉ាដន ជារាជប្រតិភូ លោកនេប៊ូសាសបន ជាមេរបស់ពួកមហាតលិក លោកមេបញ្ជាការនេកាល់-សារិស៊ែរ និងមេទ័ពទាំងអស់របស់ស្តេចស្រុកបាប៊ីឡូន 14 ចាត់គេឲ្យទៅនាំលោកយេរេមី ចេញពីបន្ទាយកងរក្សាស្តេចស្រុកយូដា ប្រគល់ទៅលោកកេដេលីយ៉ាជាកូនរបស់លោកអហ៊ីកាំ និងជាចៅរបស់លោកសាផន ដើម្បីឲ្យគាត់នាំលោកទៅផ្ទះរបស់លោកវិញ ហើយលោករស់នៅក្នុងចំណោមប្រជាជន។
ព្រះបន្ទូលសម្រាប់លោកអេបេដ-មេលេក
15 ពេលលោកយេរេមីជាប់ឃុំក្នុងបន្ទាយរបស់កងរក្សាស្តេចនៅឡើយ ព្រះអម្ចាស់មានព្រះបន្ទូលមកលោកដូចតទៅ៖ 16 «ចូរទៅប្រាប់អេបេដ-មេលេក ជាជនជាតិអេត្យូពីថា ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលដូចតទៅ: យើងនឹងធ្វើឲ្យទុក្ខវេទនាកើតមានដល់ក្រុងនេះដូចពាក្យយើងប្រកាស គឺយើងមិននាំសេចក្ដីសុខមកទេ។ នៅថ្ងៃនោះ អ្នកនឹងឃើញហេតុការណ៍កើតឡើងផ្ទាល់នឹងភ្នែក។ 17 ប៉ុន្តែ នៅថ្ងៃនោះ យើងនឹងរំដោះអ្នក - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ - គឺអ្នកមិនធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់មនុស្សដែលអ្នកភ័យខ្លាចឡើយ។ 18 យើងនឹងឲ្យអ្នកគេចផុតពីកណ្ដាប់ដៃរបស់ខ្មាំង អ្នកមិនត្រូវស្លាប់ដោយមុខដាវទេ គឺអ្នកនឹងរួចជីវិត ដ្បិតអ្នកបានផ្ញើជីវិតលើយើង» -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។