ជំពូក ៦

ខ្មាំង​សត្រូវ​ឡោម‌ព័ទ្ធ​ក្រុង​យេរូ‌សាឡឹម

1 «កូន​ចៅ​បេន‌យ៉ាមីន​អើយ

ចូរ​រត់​ចេញ​ពី​ក្រុង​យេរូ‌សាឡឹម​ទៅ!

ចូរ​ផ្លុំ​ត្រែ​នៅ​តេកូអា

ចូរ​លើក​ទង់​សញ្ញា​នៅ​បេតហា‌កេរិម

ដ្បិត​មហន្ត‌រាយ និង​ទុក្ខ​វេទនា

កំពុង​តែ​មក​ពី​ទិស​ខាង​ជើង។

ក្រុង​ស៊ីយ៉ូន​ដ៏​ស្អាត និង​ល្អ​ប្រណីត

មុខ​ជា​ត្រូវ​វិនាស​ហើយ!

3 ខ្មាំង​សត្រូវ​កំពុង​តែ​ដើរ​មក​រក​ក្រុង​ស៊ីយ៉ូន

ដូច​ពួក​គង្វាល​មក​ជា​មួយ​ហ្វូង​សត្វ​របស់​ខ្លួន

គេ​នឹង​បោះ​ជំរំ​ព័ទ្ធ​ជុំ‌វិញ​ក្រុង​នេះ

ម្នាក់ៗ​នឹង​រឹប​អូស​យក​តាម​ចំណែក​រៀងៗ​ខ្លួន។

4 ពួក​គេ​ស្រែក​ថា: “ចូរ​វាយ​សម្រុក​ក្រុង​នេះ

ចូរ​ក្រោក​ឡើង យើង​វាយ​លុក​ទាំង​ថ្ងៃ​ត្រង់!

ប៉ុន្តែ គួរ​ឲ្យ​ស្តាយ​ណាស់

ព្រោះ​ថ្ងៃ​កាន់​តែ​ទាប​ទៅៗ

ហើយ​យប់​ក៏​កាន់​តែ​ងងឹត​ទៅៗ​ដែរ!

5 ក្រោក​ឡើង! យើង​វាយ​លុក​ទាំង​យប់​ក៏​បាន

យើង​បំផ្លាញ​វិមាន​ដ៏​ស្កឹម‌ស្កៃ​របស់​ក្រុង​នេះ”»។

6ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា:

«ចូរ​នាំ​គ្នា​កាប់​ដើម​ឈើ

ហើយ​សង់​ប៉ម​ឲ្យ​ខ្ពស់

ដើម្បី​វាយ​លុក​ក្រុង​យេរូ‌សាឡឹម!

ត្រូវ​តែ​ដាក់​ទោស​ក្រុង​នេះ

ព្រោះ​នៅ​ក្នុង​ទីក្រុង​មាន​សុទ្ធ​តែ​ការ​ជិះ‌ជាន់។

7 អំពើ​អាក្រក់​ហូរ​ចេញ​ពី​ក្រុង​នេះ

ដូច​ទឹក​ហូរ​ចេញ​ពី​ប្រភព​ទឹក។

ក្នុង​ទីក្រុង​មាន​ឮ​និយាយ​តែ​អំពើ​ឃោរ‌ឃៅ

និង​ការ​បំផ្លិច‌បំផ្លាញ។

ការ​ឈឺ​ចុក​ចាប់ និង​ស្នាម​របួស

ស្ថិត​នៅ​ក្រោម​ក្រសែ‌ភ្នែក​របស់​យើង​ជា‌និច្ច។

8 យេរូ‌សាឡឹម​អើយ ចូរ​ទទួល​មេរៀន​នេះ​ទៅ

ក្រែង​លោ​យើង​ដក​ខ្លួន​លែង​រវី‌រវល់​នឹង​អ្នក

ហើយ​ធ្វើ​ឲ្យ​អ្នក​វិនាស​អន្តរាយ

ក្លាយ​ទៅ​ជា​ទឹក​ដី​ដែល​គ្មាន​នរណា​រស់​នៅ»។

9ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា:

«ខ្មាំង​សត្រូវ​នឹង​ប្រឡេះ​ជន​ជាតិ​អ៊ីស្រា‌អែល

ដែល​នៅ​សេស‌សល់

ដូច​គេ​បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ​ទាល់​តែ​អស់

គឺ​គេ​នឹង​មក​សា​ជា​ថ្មី

ដូច​អ្នក​បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ​វិល​មក

ប្រឡេះ​ផ្លែ​ដែល​នៅ​សល់»។

10 តើ​ខ្ញុំ​ត្រូវ​និយាយ​ទៅ​កាន់​នរណា

តើ​នរណា​ជួយ​ពន្យល់​ពួក​គេ​ឲ្យ​ស្ដាប់​ខ្ញុំ

ដ្បិត​ពួក​គេ​ធ្វើ​ជា​ថ្លង់

ហើយ​មិន​អាច​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​បាន​ទេ។

ពេល​ខ្ញុំ​នាំ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​មក​ប្រាប់

ពួក​គេ​បែរ​ជា​នាំ​គ្នា​សើច​ចំអក

គឺ​ពួក​គេ​មិន​ចូល​ចិត្ត​ឮ​ឡើយ។

11 ឃើញ​ដូច្នេះ ខ្ញុំ​ខឹង​ជំនួស​ព្រះ‌អម្ចាស់

ខ្ញុំ​ទប់​ចិត្ត​លែង​បាន​ទៀត​ហើយ។

«ចូរ​ជះ​កំហឹង​នេះ​ទៅ​លើ​ក្មេងៗ​នៅ​តាម​ផ្លូវ

ព្រម​ទាំង​ជះ​ទៅ​លើ​ក្រុម​យុវជន​ផង

ដ្បិត​មនុស្ស​ប្រុស​ស្រី និង​មនុស្ស​ចាស់​ជរា

នឹង​ត្រូវ​ខ្មាំង​សត្រូវ​នាំ​យក​ទៅ។

12 ពេល​ណា​យើង​ដាក់​ទោស​អ្នក​ស្រុក​នេះ

ផ្ទះ​របស់​គេ​នឹង​ត្រូវ​អ្នក​ផ្សេង​មក​រស់​នៅ

ហើយ​ចម្ការ និង​ប្រពន្ធ​របស់​គេ

ក៏​នឹង​បាន​ទៅ​ជា​កម្ម‌សិទ្ធិ​របស់​អ្នក​ផ្សេង​ដែរ

- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

13 ពួក​គេ​ទាំង​អស់​គ្នា

ចាប់​តាំង​ពី​អ្នក​តូច​រហូត​ដល់​អ្នក​ធំ

គិត​តែ​ពី​ស្វែង​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន

ទាំង​ព្យាការី ទាំង​បូជា‌ចារ្យ

សុទ្ធ​តែ​ជា​អ្នក​បោក​ប្រាស់។

14 ពួក​គេ​មិន​ឈឺ‌ឆ្អាល​នឹង​មហន្ត‌រាយ

នៃ​ប្រជា‌រាស្ដ្រ​របស់​យើង​ទេ។

ពួក​គេ​និយាយ​ពី «សន្តិ‌ភាព! សន្តិ‌ភាព!»

តែ​គ្មាន​សន្តិ‌ភាព​ទាល់​តែ​សោះ!

15 ពួក​គេ​គួរ​តែ​អៀន​ខ្មាស​ចំពោះ​អំពើ​ព្រៃ‌ផ្សៃ

ដែល​ខ្លួន​បាន​ប្រព្រឹត្ត។

ប៉ុន្តែ ពួក​គេ​មាន​មុខ​ក្រាស់ មិន​ចេះ​ខ្មាស។

ហេតុ​នេះ​ហើយ​បាន​ជា​ពួក​គេ​ត្រូវ​វិនាស

ជា​មួយ​អស់​អ្នក​ដែល​ត្រូវ​វិនាស

នៅ​ថ្ងៃ​ដែល​យើង​វិនិច្ឆ័យ​ទោស​ពួក​គេ

ពួក​គេ​នឹង​ត្រូវ​ដួល​ជា​មិន​ខាន»

- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

16ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា:

«ចូរ​ឈប់​មួយ​សន្ទុះ ហើយ​ពិចារណា​មើល៍

ចូរ​រំពឹង​គិត​អំពី​មាគ៌ា​ជំនាន់​ដើម

ដើម្បី​ឲ្យ​ដឹង​ថា តើ​មាគ៌ា​ណា​ជា​មាគ៌ា​ល្អ

រួច​នាំ​គ្នា​ដើរ​តាម​មាគ៌ា​នោះ​ទៅ

ចិត្ត​របស់​អ្នក​រាល់​គ្នា​នឹង​បាន​ស្ងប់។

ប៉ុន្តែ ពួក​គេ​ឆ្លើយ​មក​វិញ​ថា:

“យើង​ខ្ញុំ​មិន​ដើរ​តាម​ផ្លូវ​នោះ​ទេ!”។

17 យើង​បាន​ដាក់​អ្នក​យាម‌ល្បាត

សម្រាប់​នាំ​ដំណឹង​មក​អ្នក​រាល់​គ្នា

ចូរ​ត្រង‌ត្រាប់​ស្ដាប់​សំឡេង​ស្នែង​របស់​គេ​ទៅ!

តែ​ពួក​គេ​ឆ្លើយ​ថា “យើង​មិន​រវី‌រវល់​ស្ដាប់​ទេ!”

18 ហេតុ​នេះ ប្រជា‌ជាតិ​ទាំង‌ឡាយ​អើយ ចូរ​ស្ដាប់!

ចូរ​ដឹង​ថា នឹង​មាន​ហេតុ‌ការណ៍​មួយ

កើត​ឡើង​ចំពោះ​ប្រជា‌រាស្ដ្រ​នេះ។

19 ផែន‌ដី​អើយ ចូរ​ស្ដាប់! យើង​នឹង​ធ្វើ​ឲ្យ

ប្រជា‌រាស្ដ្រ​នេះ​រង​ទុក្ខ​វេទនា

ដែល​ជា​លទ្ធ‌ផល​នៃ​គំនិត​អាក្រក់​របស់​ពួក​គេ

ដ្បិត​ពួក​គេ​ពុំ​បាន​ត្រង‌ត្រាប់

ស្ដាប់​ពាក្យ​របស់​យើង​ទេ

ពួក​គេ​ក៏​មើល‌ងាយ​វិន័យ​របស់​យើង​ដែរ។

20 តើ​យើង​ត្រូវ​ការ​ឲ្យ​អ្នក​រាល់​គ្នា​យក​ធូប​ពី

ស្រុក​សេបា និង​យក​គ្រឿង​ក្រអូប​ពី​ស្រុក​ឆ្ងាយ

មក​ថ្វាយ​យើង​ឬ?

យើង​មិន​ព្រម​ទទួល​តង្វាយ​ដុត​របស់

អ្នក​រាល់​គ្នា​ទេ

ហើយ​យើង​ក៏​មិន​ពេញ​ចិត្ត​នឹង​យញ្ញ‌បូជា

របស់​អ្នក​រាល់​គ្នា​ដែរ»។

21ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា:

«ហេតុ​នេះ យើង​នឹង​ដាក់​ថ្ម

ធ្វើ​ជា​ឧបសគ្គ​នៅ​ចំពោះ​មុខ​ប្រជាជន​នេះ

ជា​ថ្ម​ដែល​នាំ​ឲ្យ​គេ​ជំពប់​ដួល

ហើយ​វិនាស​ទាំង​ឪពុក ទាំង​កូន

ទាំង​ញាតិ‌សន្ដាន ទាំង​អ្នក​ដែល​នៅ​ជិត​ខាង»។

ខ្មាំង​សត្រូវ​ពី​ទិស​ខាង​ជើង​មក​វាយ​លុក

22ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា:

«មើល៍! មាន​កង‌ទ័ព​មក​ពី​ទិស​ខាង​ជើង

ប្រជា‌ជាតិ​មួយ​ដែល​ជា​មហា​អំណាច

ចេញ​ដំណើរ​ពី​ទី​ដាច់​ស្រយាល​នៃ​ផែន‌ដី

23 ពួក​គេ​លើក​ធ្នូ លើក​លំពែង​ឡើង

ពួក​គេ​សាហាវ​ណាស់ ឥត​មាន​ចិត្ត​មេត្តា​ទេ

សន្ធឹក​ទ័ព​របស់​ពួក​គេ​លាន់​ឮ​ដូច​សន្ធឹក​សមុទ្រ

ពួក​គេ​ជិះ​សេះ​មក

ហើយ​តំរៀប​គ្នា​ជា​ក្បួន​ទ័ព

ដើម្បី​វាយ​លុក​ក្រុង​ស៊ីយ៉ូន!»

24 «យើង​ខ្ញុំ​បាន​ឮ​ដំណឹង​នេះ

យើង​ខ្ញុំ​ក៏​ទន់​ដៃ​ទន់​ជើង ភ័យ​តក់‌ស្លុត

និង​ឈឺ​ចាប់​ដូច​ស្ត្រី​កំពុង​សម្រាល​កូន។

25 កុំ​ចេញ​ទៅ​ស្រែ​ចម្ការ កុំ​ចេញ​ទៅ​តាម​ផ្លូវ

ដ្បិត​ខ្មាំង​សត្រូវ​កាន់​ដាវ​ចាំ​នៅ​ទី​នោះ!

ការ​ព្រឺ‌ខ្លាច​ស្ថិត​នៅ​គ្រប់​ទី​កន្លែង»។

26 ប្រជាជន​របស់​យើង​អើយ

ចូរ​ស្លៀក​បាវ ហើយ​អង្គុយ​ក្នុង​ផេះ

រួច​នាំ​គ្នា​កាន់​ទុក្ខ ដូច​គេ​កាន់​ទុក្ខ

កូន​តែ​មួយ​គត់​ដែល​ស្លាប់​នោះ​ទៅ!

ចូរ​នាំ​គ្នា​យំ​សោក​សង្រេង​យ៉ាង​ខ្លាំង​ទៅ

ដ្បិត​មេ​បំផ្លាញ​មក​វាយ​ប្រហារ​អ្នក​រាល់​គ្នា

ពុំ​ឲ្យ​ដឹង​ខ្លួន​ជា​មុន​ឡើយ!

27 «យេរេមី​អើយ យើង​បាន​តែង‌តាំង​អ្នក

ឲ្យ​ល្បង‌ល​មើល​ប្រជាជន​របស់​យើង

ដូច​ជាង​សាក​ល្បង‌លោហ‌ធាតុ

គឺ​យើង​ឲ្យ​អ្នក​សង្កេត និង​ល្បង‌ល​មើល

មាគ៌ា​របស់​ពួក​គេ»។

28 «ពួក​គេ​ចូល​ចិត្ត​និយាយ​មួល​បង្កាច់

មាន​ចិត្ត​រឹង‌រូស ដូច​លង្ហិន និង​ដែក‌ថែប

ដែល​ពុំ​អាច​ពត់​បាន​ឡើយ

គឺ​ពួក​គេ​ប្រព្រឹត្ត​អំពើ​អាក្រក់​គ្រប់ៗ​គ្នា!

29 ធម្មតា ភ្លើង​ដែល​គេ​សប់​យ៉ាង​ក្ដៅ

អាច​បន្សុទ្ធ​លោហ‌ធាតុ​បាន

រីឯ​ប្រជាជន​នេះ​វិញ

គ្មាន​នរណា​អាច​បន្សុទ្ធ​បាន​ទេ

ព្រោះ​អំពើ​អាក្រក់​ស្ថិត​ជាប់​នឹង​ពួក​គេ​ជា‌និច្ច។

30 គេ​ហៅ​អ្នក​ទាំង​នោះ​ថា “ប្រាក់​គ្មាន​តម្លៃ”

ដ្បិត​ព្រះ‌អម្ចាស់​មិន​ទទួល​ពួក​គេ​ទេ!»។