ជំពូក ៤៧
ព្រះបន្ទូលស្តីអំពីជនជាតិភីលីស្ទីន
1 នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់មកកាន់លោកយេរេមី ស្តីអំពីជនជាតិភីលីស្ទីន មុនពេលព្រះចៅផារ៉ោនមកវាយក្រុងកាសា។
2ព្រះអម្ចាស់មានព្រះបន្ទូលថា៖
«មានទឹកជន់ឡើងនៅទិសខាងជើង
ហើយក្លាយទៅជាទន្លេហូរយ៉ាងខ្លាំង
លិចស្រុក និងអ្វីៗដែលនៅក្នុងស្រុក
លិចក្រុងនានា និងប្រជាជននៅក្នុងក្រុង។
មនុស្សម្នានាំគ្នាស្រែក
អ្នកស្រុកទាំងមូលបន្លឺសំឡេងយ៉ាងរន្ធត់
3 ព្រោះឮស្នូរសន្ធឹកជើងសេះ
និងសន្ធឹកកង់រទេះចម្បាំងលាន់ឮយ៉ាងទ្រហឹង
អឹងអាប់ដូចផ្គរលាន់។
ដោយអស់កម្លាំងពេក ឪពុកលែងងាកមើល
មកកូនរបស់ខ្លួនទៀត។
4 ថ្ងៃដែលស្រុកភីលីស្ទីនត្រូវហិនហោច
បានមកដល់ហើយ!
ថ្ងៃនោះ អ្នកក្រុងទីរ៉ុស និងអ្នកក្រុងស៊ីដូន
លែងមាននរណាអាចជួយទៀតឡើយ
ដ្បិតព្រះអម្ចាស់កម្ទេចស្រុកភីលីស្ទីន
គឺពួកអ្នកដែលនៅសេសសល់ពីកោះកាបទ័រ។
5 ក្រុងកាសាគ្មាននៅសល់អ្វីសោះ
ក្រុងអាស្កាឡូនក្លាយទៅជាទីស្ងាត់ជ្រងំ។
អ្នកស្រុកវាលទំនាបដែលនៅសេសសល់អើយ
តើអ្នកនៅតែឆូតសាច់របស់ខ្លួន
ដល់កាលណាទៀត?
6 អ្នករាល់គ្នាពោលថា “ដាវរបស់ព្រះអម្ចាស់អើយ
ដល់ពេលណាទើបសម្រាក?
ចូរចូលទៅក្នុងស្រោមវិញ
ហើយសម្រាកឲ្យស្ងៀមទៅ!”
7 បើព្រះអម្ចាស់ចេញបញ្ជាឲ្យវាទៅប្រហារ
ក្រុងអាស្កាឡូន
និងតំបន់តាមមាត់សមុទ្រហើយនោះ
តើឲ្យដាវនៅស្ងៀមដូចម្ដេចបាន?
វាត្រូវតែតម្រង់ទៅរកទីនោះ!»។