ជំពូក ៥១

1ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖

«យើង​នឹង​ធ្វើ​ឲ្យ​ខ្យល់​ព្យុះ

បក់​បោក​បំផ្លាញ​ក្រុង​បាប៊ីឡូន

និង​ប្រជាជន​នៅ​ក្រុង​នោះ។

2 យើង​នឹង​ប្រើ​គេ​ឲ្យ​មក​រែង​ក្រុង​បាប៊ីឡូន

ដូច​គេ​រែង​អង្ករ។

អ្នក​ទាំង​នេះ​នឹង​យក​អ្វីៗ​ទាំង​អស់​ចេញ​ពី​ស្រុក

ពួក​គេ​មក​ពី​គ្រប់​ទិស‌ទី វាយ​លុក​ក្រុង​បាប៊ីឡូន

នៅ​ថ្ងៃ​ដ៏​សែន​វេទនា​នោះ។

3 កុំ​ត្រា​ប្រណី​ទាហាន​បាញ់​ព្រួញ

និង​អ្នក​ពាក់​អាវ‌ក្រោះ ដែល​ពើង​ទ្រូង!

កុំ​ត្រា​ប្រណី​យុវជន​របស់​ពួក​គេ!

ចូរ​បំផ្លាញ​កង‌ទ័ព​ទាំង​មូល​របស់​ពួក​គេ

ចោល​ទៅ!»។

4 ពួក​គេ​ដួល​ស្លាប់​នៅ​ក្នុង​ស្រុក​ខាល់ដេ

អ្នក​ដែល​គេ​ចាក់​ទម្លុះ ត្រូវ​ស្លាប់​នៅ​តាម​ដង​ផ្លូវ

ក្នុង​ក្រុង​បាប៊ីឡូន

ព្រោះ​ពួក​គេ​ប្រព្រឹត្ត​ខុស​ចំពោះ​ព្រះ​ដ៏‌វិសុទ្ធ

នៃ​ជន​ជាតិ​អ៊ីស្រា‌អែល ពាស‌ពេញ​ក្នុង​ស្រុក។

ប៉ុន្តែ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ដែល​ជា​ព្រះ

របស់​ជន​ជាតិ​អ៊ីស្រា‌អែល និង​ជន​ជាតិ​យូដា

ព្រះ‌អង្គ​មិន​បោះ​បង់​ចោល​ប្រជា‌រាស្ដ្រ

របស់​ព្រះ‌អង្គ​ឡើយ។

6 ចូរ​រត់​ចេញ​ពី​ក្រុង​បាប៊ីឡូន​ទៅ!

ម្នាក់ៗ​រត់​ប្រាស​អាយុ!

មិន​គួរ​ទុក​ឲ្យ​ខ្លួន​វិនាស​សូន្យ

ព្រោះ​តែ​កំហុស​របស់​ក្រុង​នេះ​ឡើយ!

ដ្បិត​ពេល​នេះ ជា​ពេល​ដែល​ព្រះ‌អម្ចាស់​សង‌សឹក

ព្រះ‌អង្គ​សង​ទៅ​ជន​ជាតិ​បាប៊ីឡូន​វិញ

តាម​អំពើ​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត!

7 ពី​មុន បាប៊ីឡូន​ប្រៀប​បាន​នឹង​ពែង​មាស​នៅ​ក្នុង

ព្រះ‌ហស្ដ​របស់​ព្រះ‌អម្ចាស់

ជា​ពែង​ដែល​ធ្វើ​ឲ្យ​ផែន‌ដី​ទាំង​មូល​ស្រវឹង

ប្រជា‌ជាតិ​ទាំង‌ឡាយ​បាន​ផឹក​ស្រា​ពី​ពែង​នេះ

ហើយ​វង្វេង​វង្វាន់​ទាំង​អស់​គ្នា។

8 រំពេច​នោះ ស្រាប់​តែ​បាប៊ីឡូន​ធ្លាក់​ចុះ

ហើយ​បាក់​បែក​ខ្ទេច‌ខ្ទី​អស់!

ចូរ​នាំ​គ្នា​យំ​ស្រណោះ​ក្រុង​នេះ

ចូរ​យក​ថ្នាំ​មក​ព្យាបាល​ស្នាម​របួស​របស់​វា

វា​ប្រហែល​ជា​អាច​ជា​ឡើង​វិញ​បាន។

9 ពួក​យើង​ខិត‌ខំ​ព្យាបាល​បាប៊ីឡូន​ដែរ

តែ​វា​ពុំ​អាច​ជា​សះ‌ស្បើយ​ទេ។

ដូច្នេះ ចូរ​បោះ​បង់​ចោល​ក្រុង​នេះ

ហើយ​វិល​ទៅ​ស្រុក​របស់​យើង​រៀងៗ​ខ្លួន​វិញ

ដ្បិត​ទោស​របស់​ក្រុង​នេះ​មាន​ទំហំ​ធំ​ជាង

ផ្ទៃ​មេឃ និង​អាកាស‌វេហាស៍​ទៅ​ទៀត។

10ព្រះ‌អម្ចាស់​រក​យុត្តិធម៌​ឲ្យ​ពួក​យើង។

មក! យើង​នាំ​គ្នា​រៀប​រាប់​ប្រាប់​អ្នក​ក្រុង​ស៊ីយ៉ូន

អំពី​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អម្ចាស់

ជា​ព្រះ​នៃ​យើង។

11 ចូរ​សម្រួច​មុខ​ព្រួញ ហើយ​ដាក់​ព្រួញ​ពេញ​បំពង់

ព្រះ‌អម្ចាស់​មាន​គម្រោង‌ការ​កម្ទេច​ក្រុង​បាប៊ីឡូន

ហេតុ​នេះ​បាន​ជា​ព្រះ‌អង្គ​ជំរុញ

ស្តេច​ស្រុក​ម៉ែដ​ឲ្យ​សម្រេច​ការ​នេះ

ដ្បិត​ព្រះ‌អម្ចាស់​សង‌សឹក​ពួក​បាប៊ីឡូន

ព្រោះ​ពួក​គេ​កម្ទេច​ព្រះ‌វិហារ​របស់​ព្រះ‌អង្គ!

12 ចូរ​លើក​ទង់​សញ្ញា​វាយ​លុក​កំពែង​ក្រុង​បាប៊ីឡូន

ចូរ​បន្ថែម​កង​យាម‌ល្បាត

ចូរ​ដាក់​អ្នក​យាម​ឲ្យ​ឃ្លាំ​មើល

ចូរ​បង្កប់​ទាហាន​ចាំ​វាយ​ឆ្មក់

ដ្បិត​ព្រះ‌អម្ចាស់​សម្រេច​តាម​ផែន‌ការ

ដែល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ប្រឆាំង

នឹង​អ្នក​ក្រុង​បាប៊ីឡូន។

13 អ្នក​រស់​នៅ​តាម​មាត់​ទន្លេ

ហើយ​មាន​ទ្រព្យ‌សម្បត្តិ​ដ៏​ច្រើន

អ្នក​មាន​ចិត្ត​លោភ‌លន់

តែ​ចុង​បញ្ចប់​របស់​អ្នក​មក​ដល់​ហើយ!

14ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល

យ៉ាង​ម៉ឺង‌ម៉ាត់ ក្នុង​នាម​ព្រះ‌អង្គ​ផ្ទាល់​ថា៖

«យើង​នឹង​នាំ​កង‌ទ័ព​ដ៏​ច្រើន​ដូច​ហ្វូង​កណ្ដូប

មក​វាយ​លុក​អ្នក

ពួក​គេ​ស្រែក​យក​ជ័យ‌ជម្នះ​លើ​អ្នក»។

15ព្រះ‌អម្ចាស់​បាន​សូន​ផែន‌ដី

ដោយ​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ

ព្រះ‌អង្គ​បាន​បង្កើត​ពិភព‌លោក

ដោយ​ព្រះ‌ប្រាជ្ញា​ញាណ​របស់​ព្រះ‌អង្គ

ព្រះ‌អង្គ​បាន​លាត​សន្ធឹង​ផ្ទៃ​មេឃ

ដោយ​ព្រះ‌តម្រិះ​របស់​ព្រះ‌អង្គ។

16 ពេល​ព្រះ‌អង្គ​បន្លឺ​ព្រះ‌សូរសៀង

ទឹក​ទាំង‌ឡាយ​មក​មូល​ផ្តុំ​គ្នា​នៅ​លើ​មេឃ

ពពក​រសាត់​មក​ពី​ជើង​មេឃ

ផ្លេក​បន្ទោរ​បង្អុរ​ភ្លៀង​ចុះ​មក

ហើយ​ខ្យល់​ក៏​ចេញ​ពី​កន្លែង​របស់​វា​ដែរ។

17 ពេល​ឃើញ​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គ

មនុស្ស​ទាំង​អស់​បែរ​ជា​ងឿង‌ឆ្ងល់

លែង​យល់​អ្វី​សោះ

ជាង​មាស​បែរ​ជា​ខ្មាស​ខ្លួន​ឯង

ដោយ​បាន​ឆ្លាក់​រូប​ព្រះ​ឥត​បាន​ការ​ទាំង​នោះ

ដែល​គ្មាន​វិញ្ញាណ។

18 ព្រះ​ទាំង​នោះ​ឥត​បាន​ការ​អ្វី​សោះ

ជា​របស់​គួរ​ឲ្យ​មើល‌ងាយ

ដែល​នឹង​ត្រូវ​វិនាស​សូន្យ

នៅ​ថ្ងៃ​ដែល​ព្រះ‌ជាម្ចាស់​វិនិច្ឆ័យ​ទោស។

19 រីឯ​ព្រះ​របស់​លោក​យ៉ាកុប​វិញ មិន​ដូច្នោះ​ទេ

គឺ​ព្រះ‌អង្គ​បាន​បង្កើត​អ្វីៗ​ទាំង​អស់

ព្រះ‌អង្គ​បាន​ជ្រើស‌រើស​អ៊ីស្រា‌អែល

ធ្វើ​ជា​ប្រជា‌រាស្ដ្រ​ផ្ទាល់​របស់​ព្រះ‌អង្គ

ព្រះ‌អង្គ​មាន​នាម​ថា ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។

ចុង​បញ្ចប់​នៃ​អាណា‌ចក្រ​បាប៊ីឡូន

20 «បាប៊ីឡូន​អើយ

កាល​ពី​មុន អ្នក​ប្រៀប​បាន​នឹង​ញញួរ

ជា​គ្រឿង​សាស្ត្រា‌វុធ

យើង​បាន​ប្រើ​អ្នក សម្រាប់​វាយ‌ដំ​ប្រជា‌ជាតិ​នានា

និង​កម្ទេច​នគរ​ទាំង‌ឡាយ។

21 យើង​បាន​ប្រើ​អ្នក​សម្រាប់​កម្ទេច​សេះ

និង​ទាហាន​ដែល​ជិះ​នៅ​លើ​វា

យើង​បាន​ប្រើ​អ្នក សម្រាប់​កម្ទេច

រទេះ​ចម្បាំង និង​អ្នក​បរ​វា។

22 យើង​បាន​ប្រើ​អ្នក

សម្រាប់​ប្រហារ​មនុស្ស​ប្រុស​ស្រី

យើង​បាន​ប្រើ​អ្នក

សម្រាប់​ប្រហារ​ចាស់ៗ និង​ក្មេងៗ

យើង​បាន​ប្រើ​អ្នក

សម្រាប់​ប្រហារ​យុវជន​យុវ‌នារី

23 យើង​បាន​ប្រើ​អ្នក សម្រាប់​ប្រហារ​គង្វាល

និង​ហ្វូង​សត្វ​របស់​គេ យើង​បាន​ប្រើ​អ្នក

សម្រាប់​ប្រហារ​អ្នក​ភ្ជួរ​ស្រែ

និង​គោ​ដែល​គេ​ទឹម

យើង​បាន​ប្រើ​អ្នក

សម្រាប់​ប្រហារ​ចៅហ្វាយ​ខេត្ត

និង​ទេសា‌ភិបាល។

24 យើង​នឹង​សង​ទៅ​ក្រុង​បាប៊ីឡូន

និង​អ្នក​ស្រុក​ខាល់ដេ​ទាំង​អស់ តាម​អំពើ

ឃោរ‌ឃៅ​ដែល​គេ​បាន​ប្រព្រឹត្ត

ចំពោះ​ក្រុង​ស៊ីយ៉ូន

ក្រោម​ក្រសែ‌ភ្នែក​របស់​អ្នក​រាល់​គ្នា

- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

25 បាប៊ីឡូន​អើយ យើង​នឹង​ដាក់​ទោស​អ្នក

អ្នក​ប្រៀប​បាន​នឹង​ភ្នំ​មួយ ដែល​កម្ទេច

ផែន‌ដី​ទាំង​មូល

- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ -

យើង​នឹង​លើក​ដៃ​ប្រហារ​អ្នក

យើង​ប្រមៀល​អ្នក​ចុះ​ពី​លើ​ថ្ម​ភ្នំ

ធ្វើ​ឲ្យ​អ្នក​ក្លាយ​ទៅ​ជា​ពំនូក​ភ្លើង​មួយ។

26 គេ​នឹង​លែង​យក​ថ្ម​គ្រឹះ​ដ៏​មាន​តម្លៃ

ឬ​ថ្ម​សម្រាប់​ធ្វើ​ជា​សសរ

ចេញ​ពី​អ្នក​ទៀត​ឡើយ

ដ្បិត​អ្នក​ត្រូវ​វិនាស​ហិន‌ហោច​រហូត​ត​ទៅ

- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

27 ចូរ​លើក​ទង់​សញ្ញា​វាយ​លុក​ស្រុក​នេះ!

ចូរ​ផ្លុំ​ស្នែង​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ!

ចូរ​ប្រមូល​ប្រជា‌ជាតិ​នានា​វាយ​លុក​ក្រុង​នេះ!

ចូរ​ហៅ​នគរ​ទាំង‌ឡាយ គឺ​នគរ​អារ៉ា‌រ៉ាត

មិននី និង​អាស្កេណាស មក​ច្បាំង​នឹង​ក្រុង​នេះ!

ចូរ​តែង‌តាំង​ឲ្យ​មាន​អ្នក​កេណ្ឌ​ទ័ព

ចូរ​បញ្ជូន​ទ័ព‌សេះ​យ៉ាង​ច្រើន​កុះ‌ករ​ដូច​កណ្ដូប!

28 ចូរ​ប្រមូល​ប្រជា‌ជាតិ​នានា​វាយ​លុក​ក្រុង​នេះ

ដោយ​រួម​ជា​មួយ​ស្តេច​ស្រុក​ម៉ែដ

ព្រម​ទាំង​ពួក​ចៅហ្វាយ​ខេត្ត ទេសា‌ភិបាល

និង​នគរ​ចំណុះ​ទាំង​ប៉ុន្មាន​របស់​ពួក​គេ។

29 ផែន‌ដី​កក្រើក​រំពើក និង​ញាប់‌ញ័រ នៅ​ពេល

ដែល​ព្រះ‌អម្ចាស់​ប្រព្រឹត្ត​ចំពោះ​ក្រុង​បាប៊ីឡូន

តាម​គម្រោង‌ការ​របស់​ព្រះ‌អង្គ

គឺ​ធ្វើ​ឲ្យ​ក្រុង​នេះ​ក្លាយ​ទៅ​ជា​ទី​ស្មសាន

គ្មាន​មនុស្ស​រស់​នៅ។

30 ពួក​ទាហាន​ដ៏​ពូកែ​របស់​ស្រុក​បាប៊ីឡូន

ឈប់​ច្បាំង ហើយ​សំងំ​នៅ​ក្នុង​បន្ទាយ។

ពួក​គេ​បាត់​បង់​សេចក្ដី​ក្លា‌ហាន

ធ្លាក់​ខ្លួន​ខ្សោយ​ដូច​មនុស្ស​ស្រី។

ខ្មាំង​សត្រូវ​ដុត​បំផ្លាញ​ផ្ទះ​របស់​ពួក​គេ

ហើយ​កម្ទេច​រនុក​ទ្វារ​របស់​ពួក​គេ​ចោល​ដែរ។

31 អ្នក​រត់​នាំ​គ្នា​រត់​បណ្តាក់​គ្នា

អ្នក​នាំ​សារ​ក៏​នាំ​ដំណឹង​តៗ​គ្នា

ដើម្បី​ទៅ​ទូល​ស្តេច​ស្រុក​បាប៊ីឡូន​ថា:

សត្រូវ​វាយ​យក​បាន​ទីក្រុង

ពី​ជាយ​ម្ខាង ទៅ​ជាយ​ម្ខាង​ទៀត។

32 សត្រូវ​កាន់​កាប់​ផ្លូវ​ទឹក​ទាំង‌ឡាយ

ព្រម​ទាំង​ដុត​កម្ទេច​បន្ទាយ​ផង

ទាហាន​បាប៊ីឡូន​នាំ​គ្នា​ធ្លាក់​ទឹក​ចិត្ត»។

33ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​ជា​ព្រះ​របស់

ជន​ជាតិ​អ៊ីស្រា‌អែល​មាន​ព្រះ‌បន្ទូល​ថា៖

«ក្រុង​បាប៊ីឡូន​ប្រៀប​បាន​នឹង​លាន​បោក​ស្រូវ

នៅ​តែ​បន្តិច​ទៀត ដល់​ពេល​គេ​ច្រូត​កាត់

ក្រុង​នេះ​ហើយ!»។

34 ក្រុង​ស៊ីយ៉ូន​ពោល​ថា:

នេប៊ូ‌កានេសារ ជា​ស្តេច​ស្រុក​បាប៊ីឡូន

បាន​លេប និង​កម្ទេច​ខ្ញុំ

ធ្វើ​ឲ្យ​ខ្ញុំ​ប្រៀប​បាន​នឹង​ចាន​គ្មាន​អាហារ

ស្តេច​នេះ​ប្រៀប​បាន​នឹង​នាគ​ដែល​លេប​ខ្ញុំ

ស្តេច​នេះ​ត្របាក់​លេប​អ្វីៗ​ដ៏​មាន​តម្លៃ​នៅ​ក្នុង​ខ្ញុំ

រួច​ខ្ជាក់​ខ្ញុំ​ចោល។

35 អ្នក​ក្រុង​ស៊ីយ៉ូន​ពោល​ថា

សូម​ឲ្យ​ពួក​បាប៊ីឡូន​រង​នូវ​អំពើ​ឃោរ‌ឃៅ

ដែល​គេ​បាន​ប្រព្រឹត្ត​ចំពោះ​ខ្ញុំ។

អ្នក​ក្រុង​យេរូ‌សាឡឹម​ពោល​ថា

សូម​ឲ្យ​ពួក​ខាល់ដេ​ទទួល​ទោស

ព្រោះ​តែ​បាន​បង្ហូរ​ឈាម​ខ្ញុំ។

36 ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់មាន​ព្រះ‌បន្ទូល

មក​កាន់​ប្រជាជន​ក្រុង​យេរូ‌សាឡឹម​ថា៖

«យើង​នឹង​រក​យុត្តិធម៌​ឲ្យ​អ្នក

យើង​នឹង​សង‌សឹក​ជំនួស​អ្នក

យើង​នឹង​ធ្វើ​ឲ្យ​ទន្លេ​នៅ​ក្រុង​បាប៊ីឡូន

ហួត‌ហែង​រហូត​ដល់​ប្រភព​ទឹក​របស់​វា។

37 ក្រុង​បាប៊ីឡូន​នឹង​ក្លាយ​ទៅ​ជា​គំនរ​ឥដ្ឋ

ជា​សំបុក​ឆ្កែ​ព្រៃ ធ្វើ​ឲ្យ​ប្រជា‌ជាតិ​ឯ​ទៀតៗ

ស្រឡាំង‌កាំង និង​ព្រឺ​សម្បុរ

ជា​កន្លែង​ដែល​គ្មាន​មនុស្ស​រស់​នៅ​ទៀត។

38 ជន​ជាតិ​បាប៊ីឡូន​នាំ​គ្នា​គ្រហឹម​ដូច​កូន​សិង្ហ

និង​ដូច​សិង្ហ​ស្ទាវ

39 ពេល​ណា​ពួក​គេ​ពុះ​កញ្ជ្រោល​ដល់​កម្រិត​ហើយ

យើង​នឹង​រៀប‌ចំ​ជប់‌លៀង​ឲ្យ​ពួក​គេ

យើង​នឹង​បង្អក​ពួក​គេ​ឲ្យ​ស្រវឹង

ទាល់​តែ​លេលា

ហើយ​ដេក​លក់​រហូត លែង​ភ្ញាក់​ទៀត

- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

40 យើង​នឹង​នាំ​ពួក​គេ​ទៅ​ទី​សត្ត‌ឃាត

ដូច​ពពែ និង​ចៀម។

41 ម្ដេច​ក៏​ក្រុង​សេសាក

ដែល​ពិភព‌លោក​ទាំង​មូល​ធ្លាប់​តែ​លើក​តម្កើង

ត្រូវ​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​ខ្មាំង​ដូច្នេះ!

ម្ដេច​ក៏​បាប៊ីឡូន​ក្លាយ​ទៅ​ជា​ទី​ស្មសាន

ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា​បែប​នេះ!

42 សមុទ្រ​ជន់​លិច​ស្រុក​បាប៊ីឡូន

ហើយ​ទឹក​រលក​ក៏​បក់​បោក​លើ​ស្រុក​នេះ​ដែរ!

43 ក្រុង​ទាំង‌ឡាយ​នៅ​ស្រុក​បាប៊ីឡូន

ត្រូវ​វិនាស​អន្តរាយ

ស្រុក​នោះ​ក្លាយ​ទៅ​ជា​ទី​ហួត‌ហែង និង​ព្រៃ​ល្បោះ

ជា​ស្រុក​ដែល​គ្មាន​នរណា​រស់​នៅ

ហើយ​ក៏​គ្មាន​មនុស្ស​ណា​ដើរ​កាត់​ដែរ។

44 យើង​នឹង​ដាក់​ទោស​បែល

ដែល​ជា​ព្រះ​របស់​ជន​ជាតិ​បាប៊ីឡូន

អ្វីៗ​ដែល​វា​លេប​ចូល​ទៅ​នោះ

យើង​នឹង​ទាញ​ចេញ​មក​វិញ

ប្រជា‌ជាតិ​ទាំង‌ឡាយ​លែង​លើក​គ្នា

ទៅ​រក​ព្រះ​នោះ​ទៀត​ហើយ

រីឯ​កំពែង​ក្រុង​បាប៊ីឡូន​ក៏​រលំ​ដែរ។

45 ប្រជា‌រាស្ដ្រ​របស់​យើង​អើយ

ចូរ​នាំ​គ្នា​រត់​ចេញ​ពី​បាប៊ីឡូន

ម្នាក់ៗ​ត្រូវ​រត់​ប្រាស​អាយុ

គេច​ឲ្យ​ផុត​ពី​កំហឹង​របស់​យើង

ចំពោះ​ក្រុង​នេះ។

46 មិន​ត្រូវ​បាក់​ទឹក​ចិត្ត ហើយ​ភ័យ​ខ្លាច

ដោយ​ឮ​ពាក្យ​ចចាម‌អារ៉ាម​ដែល​គេ​និយាយ

ក្នុង​ស្រុក​នោះ​ឡើយ!

ដ្បិត​ឆ្នាំ​នេះ​មាន​ឮ​ពាក្យ​ចចាម‌អារ៉ាម​មួយ

ឆ្នាំ​ក្រោយ​មាន​ឮ​ពាក្យ​ចចាម‌អារ៉ាម​មួយ​ទៀត

អំពើ​ហិង្សា​នឹង​កើត​មាន​នៅ​ក្នុង​ស្រុក

ហើយ​អ្នក​កាន់​អំណាច​ផ្ដាច់​ការ​នឹង​ដណ្ដើម

អំណាច​តៗ​គ្នា។

47 ហេតុ​នេះ នៅ​គ្រា​ខាង​មុខ

យើង​នឹង​ដាក់​ទោស​ព្រះ​ក្លែង‌ក្លាយ

របស់​ស្រុក​បាប៊ីឡូន

ស្រុក​នោះ​ទាំង​មូល​នឹង​ត្រូវ​អាម៉ាស់

ហើយ​នឹង​មាន​មនុស្ស​ដួល​ស្លាប់​ដោយ​មុខ​ដាវ

ពាស‌ពេញ​ក្នុង​ទីក្រុង។

48 អ្វីៗ​នៅ​លើ​មេឃ និង​នៅ​លើ​ផែន‌ដី

នឹង​នាំ​គ្នា​ស្រែក​ហ៊ោ​យ៉ាង​សប្បាយ

ដោយ​បាប៊ីឡូន​រលំ

ដ្បិត​មាន​សត្រូវ​ពី​ទិស​ខាង​ជើង

មក​បំផ្លាញ​ក្រុង​នេះ!»

- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

49 បាប៊ីឡូន​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន

នៅ​លើ​ផែន‌ដី​ទាំង​មូល​បាត់​បង់​ជីវិត

ឥឡូវ​នេះ បាប៊ីឡូន​ក៏​ត្រូវ​បាត់​បង់​ជីវិត​ដែរ

ព្រោះ​គេ​បាន​សម្លាប់​ជន​ជាតិ​អ៊ីស្រា‌អែល។

50 អស់​អ្នក​ដែល​គេច​ផុត​ពី​មុខ​ដាវ​អើយ

ចូរ​រត់​ទៅ​ចុះ កុំ​ឈប់​ឲ្យ​សោះ

ចូរ​គិត​ដល់​ព្រះ‌អម្ចាស់​ពី​ចម្ងាយ

ហើយ​នឹក​ដល់​ក្រុង​យេរូ‌សាឡឹម​ជា‌និច្ច!

51 ពួក​យើង​ធ្លាប់​អាម៉ាស់

នៅ​ពេល​ឮ​ខ្មាំង​សត្រូវ​ជេរ​ប្រមាថ

ពួក​យើង​បាន​បាក់​មុខ

នៅ​ពេល​សាសន៍​ដទៃ​នាំ​គ្នា​ចូល​ក្នុង​ទី‌សក្ការៈ

នៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។

52 «ហេតុ​នេះ​ហើយ​បាន​ជា​នៅ​គ្រា​ខាង​មុខ

យើង​នឹង​ដាក់​ទោស​ព្រះ​ក្លែង‌ក្លាយ

របស់​ជន​ជាតិ​បាប៊ីឡូន

ហើយ​អ្នក​របួស​នឹង​ថ្ងូរ​ពាស‌ពេញ​ក្នុង​ស្រុក​គេ

- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

53 ទោះ​បី​បាប៊ីឡូន​លើក​ខ្លួន​ឡើង​ដល់​មេឃ

ទោះ​បី​ពួក​គេ​សង់​បន្ទាយ​យ៉ាង​ខ្ពស់ៗ​ក្តី

ក៏​យើង​នឹង​ចាត់​អ្នក​បំផ្លាញ​ឲ្យ​នាំ​គ្នា​មក

ប្រហារ​ក្រុង​នេះ​ដែរ»

- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

54 មាន​សម្រែក​លាន់​ឮ​ឡើង​ពី​ក្រុង​បាប៊ីឡូន

ហើយ​សំឡេង​មហន្ត‌រាយ​លាន់​ឮ​ឡើង

ពី​ស្រុក​ខាល់ដេ

55 ដ្បិត​ព្រះ‌អម្ចាស់​កម្ទេច​ក្រុង​បាប៊ីឡូន

ព្រះ‌អង្គ​ធ្វើ​ឲ្យ​សម្រែក​លាន់​ឮ​ក្នុង​ក្រុង​នេះ

ប្រែ​ទៅ​ជា​ស្ងាត់​ជ្រងំ

កង‌ទ័ព​ដែល​មាន​សូរ​សន្ធឹក​ដូច​មហា​សាគរ

នាំ​គ្នា​វាយ​លុក​ក្រុង​នេះ​ដោយ​សម្រែក

ទ្រហឹង​អឺង‌អាប់។

56 ពិត​មែន​ហើយ មេ​បំផ្លាញ​មក​វាយ​លុក

ក្រុង​បាប៊ីឡូន

ទាហាន​ដ៏​អង់‌អាច​របស់​ក្រុង​នេះ

ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង

ធ្នូ​របស់​ពួក​គេ​ត្រូវ​បាក់។

ព្រះ‌អម្ចាស់​ជា​ព្រះ​ដែល​តែង‌តែ​សង​ទៅ​មនុស្ស

តាម​អំពើ​ដែល​ម្នាក់ៗ​ប្រព្រឹត្ត។

57 «យើង​នឹង​បង្អក​មន្ត្រី អ្នក​ប្រាជ្ញ ចៅហ្វាយ​ខេត្ត ទេសា‌ភិបាល និង​ទាហាន​ដ៏​អង់‌អាច​របស់​ពួក​គេ ឲ្យ​ស្រវឹង។ ពួក​គេ​ដេក​លក់​រហូត​លែង​ភ្ញាក់​ទៀត» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌មហា​ក្សត្រ ដែល​មាន​នាម​ថា​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។ 58ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖

«កំពែង​ដ៏​ស្កឹម‌ស្កៃ​របស់​ក្រុង​បាប៊ីឡូន

បាក់​បែក​រហូត​ដល់​គ្រឹះ

ទ្វារ​ដ៏​ខ្ពស់ៗ​ក៏​ឆេះ​អស់

គឺ​ស្នាដៃ​ដែល​ប្រជាជន​ទាំង‌ឡាយ​បាន​ធ្វើ

ក្លាយ​ជា​អសារ‌បង់

អ្វីៗ​ដែល​ប្រជា‌ជាតិ​នានា​ខំ​ប្រឹង​ធ្វើ

ក្លាយ​ទៅ​ជា​ចំណី​ភ្លើង»។

59 នេះ​ជា​សេចក្ដី​ដែល​ព្យាការី​យេរេមី បង្គាប់​ដល់​លោក​សេរ៉ាយ៉ា ជា​កូន​របស់​លោក​នេរី‌យ៉ា និង​ជា​ចៅ​របស់​លោក​ម៉ាសេ‌យ៉ា នៅ​ពេល​ដែល​គាត់​ទៅ​ស្រុក​បាប៊ីឡូន ជា​មួយ​ព្រះ‌បាទ​សេដេខ្យាស នៅ​ឆ្នាំ​ទី​បួន ក្នុង​រជ្ជកាល​របស់​ស្តេច​នេះ។ កាល​នោះ លោក​សេរ៉ាយ៉ា​មាន​មុខ​តំណែង​ជា​មេ​លើ​ពួក​មហា‌តលិក។ 60 លោក​យេរេមី​សរសេរ​អំពី​ទុក្ខ​លំបាក​ទាំង​ប៉ុន្មាន ដែល​កើត​មាន​ដល់​ស្រុក​បាប៊ីឡូន ទុក​ក្នុង​ក្រាំង​មួយ គឺ​ព្រះ‌បន្ទូល​ទាំង​អស់​ស្តី​អំពី​ស្រុក​បាប៊ីឡូន ដូច​មាន​ចែង​ទុក​ខាង​លើ​នេះ​ស្រាប់។ 61 លោក​យេរេមី​មាន​ប្រសាសន៍​ទៅ​កាន់​លោក​សេរ៉ាយ៉ា​ថា៖ «ពេល​លោក​ទៅ​ដល់​បាប៊ីឡូន លោក​ត្រូវ​អាន​សេចក្ដី​ទាំង​នេះ 62 រួច​ពោល​ថា: បពិត្រ​ព្រះ‌អម្ចាស់ គឺ​ព្រះ‌អង្គ​ផ្ទាល់​ដែល​មាន​ព្រះ‌បន្ទូល​ថា ក្រុង​នេះ​នឹង​ត្រូវ​បំផ្លាញ លែង​មាន​មនុស្ស មាន​សត្វ​រស់​នៅ​ទៀត​ហើយ គឺ​ក្រុង​នេះ​ក្លាយ​ទៅ​ជា​ទី​ស្មសាន​រហូត​ត​ទៅ។ 63 ពេល​លោក​អាន​សេចក្ដី​ក្នុង​ក្រាំង​នេះ​ចប់ សូម​ចង​ភ្ជាប់​នឹង​ថ្ម​មួយ​ដុំ រួច​យក​ទៅ​ទម្លាក់​នៅ​កណ្ដាល​ទន្លេ​អឺប្រាត។ 64 បន្ទាប់​មក សូម​ប្រកាស​ថា: ក្រុង​បាប៊ីឡូន​នឹង​ត្រូវ​លិច​លង់​ដូច្នេះ​ដែរ គឺ​ក្រុង​នេះ​រង​ទុក្ខ​លំបាក ដែល​ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​កើត​មាន​ដល់​ពួក​គេ ពួក​គេ​នឹង​រលំ ក្រោក​ឡើង​វិញ​ពុំ​រួច​ឡើយ»។

ពាក្យ​របស់​លោក​យេរេមី​ចប់​តែ​ត្រឹម​ណេះ។