ជំពូក ២៧
លោកយេរេមីយកនឹមមកដាក់លើស្មា
1 នៅដើមរជ្ជកាលព្រះបាទសេដេខ្យាស បុត្ររបស់ព្រះបាទយ៉ូស្យាស ជាស្តេចស្រុកយូដា ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយេរេមី ដូចតទៅ:
2ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «ចូរធ្វើនឹម និងវេញខ្សែ យកមកពាក់នៅលើស្មារបស់អ្នក។ 3 បន្ទាប់មក ចូរផ្ញើខ្សែ និងនឹមទាំងនោះ ទៅឲ្យស្តេចស្រុកអេដុម ស្តេចស្រុកម៉ូអាប់ ស្តេចស្រុកអាំម៉ូន ស្តេចក្រុងទីរ៉ុស និងស្តេចក្រុងស៊ីដូន តាមរយៈពួករាជទូត ដែលមកគាល់សេដេខ្យាស ជាស្តេចស្រុកយូដា នៅក្រុងយេរូសាឡឹម។ 4 ចូរផ្តាំអ្នកទាំងនោះឲ្យទៅប្រាប់ស្តេចរបស់ខ្លួនថា: ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលដូចតទៅ: ចូរទៅប្រាប់ស្តេចរបស់អ្នករាល់គ្នាថា 5 យើងបានបង្កើតផែនដី ព្រមទាំងមនុស្ស និងសត្វដែលរស់នៅលើផែនដី ដោយមហិទ្ធិឫទ្ធិ និងបារមីរបស់យើង។ យើងប្រគល់ផែនដីនេះទៅឲ្យនរណាក៏បាន ស្រេចតែចិត្តយើង។ 6 ឥឡូវនេះ យើងប្រគល់ស្រុកទាំងនេះទៅក្នុងកណ្ដាប់ដៃរបស់នេប៊ូកានេសារ ស្តេចស្រុកបាប៊ីឡូន ជាអ្នកបម្រើរបស់យើង។ សូម្បីតែសត្វព្រៃទាំងឡាយ ក៏យើងដាក់ឲ្យនៅក្រោមអំណាចនេប៊ូកានេសារដែរ។ 7 ប្រជាជាតិទាំងអស់នឹងនាំគ្នាបម្រើនេប៊ូកានេសារ ព្រមទាំងកូន និងចៅរបស់គេ រហូតដល់ពេលកំណត់ ដែលស្រុករបស់នេប៊ូកានេសារត្រូវប្រជាជាតិជាច្រើន និងស្តេចដ៏ខ្លាំងពូកែយកធ្វើជាចំណុះ។ 8 ប្រសិនបើមានប្រជាជាតិណាមួយមិនព្រមបម្រើនេប៊ូកានេសារ ជាស្តេចស្រុកបាប៊ីឡូន គឺប្រសិនបើគេមិនព្រមស្ថិតនៅក្រោមនឹមស្តេចស្រុកបាប៊ីឡូនទេនោះ យើងនឹងដាក់ទោសប្រជាជាតិនោះ ឲ្យស្លាប់ដោយមុខដាវ ដោយទុរ្ភិក្ស និងដោយជំងឺអាសន្នរោគ រហូតទាល់តែយើងប្រហារពួកគេឲ្យវិនាសសូន្យ ក្នុងកណ្ដាប់ដៃរបស់នេប៊ូកានេសារ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
9 រីឯអ្នករាល់គ្នាវិញ ពេលព្យាការី គ្រូទាយ គ្រូកាត់សប្ដិ គ្រូហោរ និងគ្រូធ្មប់របស់អ្នករាល់គ្នា ប្រាប់ថា “កុំចុះចូលនឹងស្តេចនេប៊ូកានេសារ!” នោះមិនត្រូវស្ដាប់ពាក្យរបស់គេឡើយ 10 ដ្បិតពួកគេទាយកុហក ធ្វើឲ្យអ្នករាល់គ្នាចាកចេញឆ្ងាយពីទឹកដីរបស់ខ្លួន គឺឲ្យយើងកម្ចាត់កម្ចាយអ្នករាល់គ្នា ហើយអ្នករាល់គ្នាត្រូវវិនាស។ 11 ផ្ទុយទៅវិញ បើប្រជាជាតិណាសុខចិត្តនៅក្រោមនឹម និងបម្រើស្តេចស្រុកបាប៊ីឡូន យើងនឹងឲ្យប្រជាជាតិនោះបានសេចក្ដីសុខនៅក្នុងស្រុក ព្រមទាំងធ្វើស្រែចម្ការ និងរស់នៅលើទឹកដីរបស់ខ្លួន» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
12 ខ្ញុំក៏បាននាំពាក្យទាំងនេះទៅទូលព្រះបាទសេដេខ្យាស ជាស្តេចស្រុកយូដា ដូចតទៅ: សូមព្រះករុណា និងប្រជាជនដាក់ខ្លួននៅក្រោមនឹមស្តេចស្រុកបាប៊ីឡូន សូមបម្រើស្តេច និងប្រជារាស្ដ្រនោះទៅ ទើបព្រះករុណា និងប្រជាជនយូដាបានរួចជីវិត។ 13 មិនគួរឲ្យព្រះករុណា និងប្រជាជនត្រូវបាត់បង់ជីវិត ដោយមុខដាវ ដោយទុរ្ភិក្ស និងដោយជំងឺអាសន្នរោគ ដូចព្រះអម្ចាស់មានព្រះបន្ទូលទុកអំពីប្រជាជាតិ ដែលពុំព្រមបម្រើស្តេចស្រុកបាប៊ីឡូននោះឡើយ។ 14 សូមកុំស្ដាប់ពាក្យរបស់ពួកព្យាការីដែលពោលថា “អ្នករាល់គ្នានឹងមិនបម្រើស្តេចស្រុកបាប៊ីឡូនទេ” ដ្បិតពាក្យដែលគេថ្លែងនោះមិនពិតឡើយ។ 15ព្រះអម្ចាស់មានព្រះបន្ទូលថា: យើងពុំបានចាត់អ្នកទាំងនោះឲ្យមកទេ ពួកគេបានយកឈ្មោះយើងមកប្រើ ដើម្បីថ្លែងពាក្យកុហក ធ្វើឲ្យយើងកម្ចាត់កម្ចាយអ្នករាល់គ្នា ហើយអ្នករាល់គ្នា ព្រមទាំងពួកព្យាការី ដែលថ្លែងពាក្យក្លែងក្លាយប្រាប់អ្នករាល់គ្នា មុខជាត្រូវវិនាសពុំខាន។
16 ខ្ញុំបានប្រាប់ក្រុមបូជាចារ្យ និងប្រជាជនទាំងមូលដូចតទៅ: ព្រះអម្ចាស់មានព្រះបន្ទូលថា ព្យាការីរបស់អ្នករាល់គ្នាបានប្រកាសថា “សម្ភារៈសម្រាប់ប្រើប្រាស់ក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ នឹងត្រូវគេនាំយកពីស្រុកបាប៊ីឡូនមកវិញ ក្នុងពេលឆាប់ៗ!” កុំស្ដាប់ពាក្យគេឲ្យសោះ ដ្បិតសេចក្ដីដែលគេថ្លែងនោះមិនពិតទេ។ 17 កុំស្ដាប់ព្យាការីទាំងនោះឡើយ ចូរនាំគ្នាបម្រើស្តេចស្រុកបាប៊ីឡូនវិញ ទើបអ្នករាល់គ្នាបានរួចជីវិត។ កុំបណ្តោយឲ្យក្រុងនេះវិនាសឡើយ។ 18 ប្រសិនបើអ្នកទាំងនោះពិតជាព្យាការី ហើយប្រសិនបើព្រះអម្ចាស់ពិតជាមានព្រះបន្ទូលតាមរយៈពួកគេមែន ចូរឲ្យពួកគេទូលអង្វរព្រះអម្ចាស់នៃពិភពទាំងមូល សូមឲ្យសម្ភារៈដែលនៅសេសសល់ក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ក្នុងដំណាក់របស់ស្តេចស្រុកយូដា និងក្នុងក្រុងយេរូសាឡឹម បានគង់វង្ស គឺកុំឲ្យគេដឹកយកទៅក្រុងបាប៊ីឡូនឡើយ។ 19ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលអំពីសសរ អាងធំ និងដែកកំណល់ ព្រមទាំងរបស់ឯទៀតៗដែលនៅសេសសល់ក្នុងក្រុងនេះ 20 គឺរបស់ដែលព្រះចៅនេប៊ូកានេសារ ជាស្តេចស្រុកបាប៊ីឡូន ពុំបានយកទៅជាមួយ នៅពេលស្តេចចាប់ព្រះបាទយេកូនីយ៉ា បុត្ររបស់ព្រះបាទយ៉ូយ៉ាគីម ជាស្តេចស្រុកយូដា ព្រមទាំងអ្នកធំនៅក្រុងយេរូសាឡឹម និងនៅស្រុកយូដា យកពីក្រុងយេរូសាឡឹម ទៅជាឈ្លើយសឹកនៅស្រុកបាប៊ីឡូន។ 21ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលស្តីអំពីសម្ភារៈដែលនៅសល់ក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ និងរបស់នៅក្នុងដំណាក់ស្តេច ព្រមទាំងរបស់នៅក្នុងក្រុងយេរូសាឡឹមថា: 22 គេនឹងដឹកជញ្ជូនរបស់ទាំងនោះទៅស្រុកបាប៊ីឡូន រួចទុកនៅទីនោះ រហូតដល់ថ្ងៃដែលយើងនឹងមក ហើយនាំយកទៅទុកនៅកន្លែងដើមវិញ -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។