ពាក្យ​លំនាំ

លោក​យេរេមី​ជា​ព្យាការី​មួយ​រូប ដែល​បម្រើ​ព្រះ‌ជាម្ចាស់​ក្នុង​ភាព​ឯកោ ដ្បិត​មនុស្ស​នៅ​ជំនាន់​លោក​ប្រឆាំង​នឹង​លោក​សឹង​តែ​ទាំង​អស់​គ្នា។ ប៉ុន្តែ លោក​តស៊ូ​បំពេញ​បេសក‌កម្ម​ដែល​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ ដោយ​ចិត្ត​ស្មោះ‌ត្រង់ រហូត​ដល់​ទី​បញ្ចប់។

ព្រះ‌ជាម្ចាស់​ត្រាស់​ហៅ​ព្យាការី​យេរេមី ក្នុង​ពេល​ដែល​លោក​មាន​វ័យ​ក្មេង​នៅ​ឡើយ ឲ្យ​នាំ​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ទៅ​ប្រកាស​ប្រាប់​អ្នក​ក្រុង​យេរូ‌សាឡឹម (១.៤) គឺ​នៅ​អំឡុង​ឆ្នាំ​៦២៦​មុន​គ.ស. នា​រជ្ជកាល​ព្រះ‌បាទ​យ៉ូស្យាស(៦៤០-៦០៩)។ លោក​បម្រើ​ព្រះ‌អម្ចាស់​អស់‌រយៈ​ពេល​ជាង​សែ‌សិប​ឆ្នាំ នៅ​ជំនាន់​មួយ​ដែល​ស្រុក​យូដា​ជួប​ប្រទះ​នឹង​ភាព​វឹក‌វរ​យ៉ាង​ខ្លាំង។

ក្នុង​ពេល​ដែល​អាណា‌ចក្រ​បាប៊ីឡូន​បាន​ចាប់​ផ្តើម​វាយ​លុក​អាណា‌ចក្រ​អាស្ស៊ីរី ព្រះ‌បាទ​យ៉ូស្យាស​ឆ្លៀត​ឱកាស​វាយ​ដណ្ដើម​ទឹក​ដី​អ៊ីស្រា‌អែល​មួយ​ចំនួន ដែល​ស្ថិត​នៅ​ក្រោម​ការ​កាន់​កាប់​របស់​ស្រុក​អាស្ស៊ីរី យក​មក​បញ្ចូល​ជា​ទឹក​ដី​យូដា។ ប៉ុន្តែ នៅ​ឆ្នាំ ៦០៩ ព្រះ‌បាទ​យ៉ូស្យាស​បាន​សោយ​ទិវង្គត​នៅ​មេគី‌ដូ ក្នុង​ពេល​ស្តេច​តទល់​នឹង​កង‌ទ័ព​អេស៊ីប ដែល​គេ​បញ្ជូន​ឲ្យ​មក​ជួយ​កង‌ទ័ព​អាស្ស៊ីរី។ ជន​ជាតិ​អេស៊ីប​បាន​ចាប់​បុត្រ​របស់​ព្រះ‌បាទ​យ៉ូស្យាស គឺ​ព្រះ‌បាទ​សាលូម (ឬ​យ៉ូអា‌ហាស) ដែល​ស្នង​រាជ្យ​បន្ត​ពី​បិតា នាំ​យក​ទៅ​ស្រុក​អេស៊ីប ហើយ​តែង‌តាំង​ព្រះ‌បាទ​យ៉ូ‌យ៉ាគីម​ឲ្យ​គ្រង​រាជ្យ​ជំនួស។ នៅ​ឆ្នាំ ៥៩៧ កង‌ទ័ព​បាប៊ីឡូន​ដឹក​នាំ​ដោយ​ព្រះ‌ចៅ​នេប៊ូ‌កានេ‌សារ វាយ​យក​បាន​ក្រុង​យេរូ‌សាឡឹម ហើយ​កៀរ​ប្រជាជន​មួយ​ចំនួន​ទៅ​ជា​ឈ្លើយ​សឹក ព្រម​ទាំង​កៀរ​ស្តេច​ទៅ​ជា​មួយ​ដែរ គឺ​ព្រះ‌បាទ​យ៉ូយ៉ា‌គីន ជា​បុត្រ​របស់​ព្រះ‌បាទ​យូយ៉ា‌គីម។ ពួក​គេ​លើក​ព្រះ‌បាទ​សេដេខ្យាស ជា​ស្តេច​ទន់​ខ្សោយ និង​គ្មាន​អំណាច ឲ្យ​ឡើង​ស្នង​រាជ្យ។ ប៉ុន្តែ នៅ​ទី​បំផុត ព្រះ‌បាទ​សេដេខ្យាស​បាន​បះ‌បោរ​ប្រឆាំង​នឹង​រដ្ឋ​អំណាច​បាប៊ីឡូន។ ដូច្នេះ ព្រះ‌ចៅ​នេប៊ូ‌កានេសារ​បញ្ជូន​កង‌ទ័ព​ឲ្យ​មក​ឡោម‌ព័ទ្ធ​ក្រុង​យេរូ‌សាឡឹម​អស់‌រយៈ​ពេល​មួយ​ឆ្នាំ ហើយ​វាយ​យក​បាន​ក្រុង​យេរូ‌សាឡឹម​នៅ​ខែ​កក្កដា ឆ្នាំ​៥៨៧ មុន​គ.ស.។ កង‌ទ័ព​បាប៊ីឡូន​ដុត​កម្ទេច​ព្រះ‌វិហារ ហើយ​ចាប់​ស្តេច និង​កៀរ​ប្រជាជន​មួយ​ចំនួន​ទៀត​ទៅ​ជា​ឈ្លើយ។

រដ្ឋ​អំណាច​បាប៊ីឡូន​បាន​តែង‌តាំង​លោក​កេដេ‌លីយ៉ា​ឲ្យ​ធ្វើ​ជា​ទេសា‌ភិបាល គ្រប់‌គ្រង​លើ​ប្រជាជន​ដែល​នៅ​សេស‌សល់ ប៉ុន្តែ បន្តិច​ក្រោយ​មក លោក​ត្រូវ​គេ​ធ្វើ​ឃាត។ ដូច្នេះ ប្រជាជន​យូដា​ក៏​នាំ​គ្នា​ភៀស​ខ្លួន​ទៅ​ស្រុក​អេស៊ីប ដោយ​បង្ខំ​ឲ្យ​ព្យាការី​យេរេមី​ទៅ​ជា​មួយ​ដែរ ហើយ​លោក​ទទួល​មរណ‌ភាព​នៅ​ស្រុក​នោះ។

ព្យាការី​យេរេមី​ក៏​ដូច​ជា​ព្យាការី​ឯ​ទៀតៗ​ដែរ លោក​ចាត់​ទុក​សោក​នាដ‌កម្ម​ដែល​ជន​ជាតិ​អ៊ីស្រា‌អែល​ឆ្លង​កាត់ ថា ជា​ការ​ព្រមាន​របស់​ព្រះ‌ជាម្ចាស់​ចំពោះ​ប្រជាជន ដែល​នាំ​គ្នា​ក្បត់​ព្រះ‌អង្គ។ នៅ​ពេល​ចុង​ក្រោយ លោក​យេរេមី​បាន​ប្រកាស​ថា ដើម្បី​គេច​ផុត​ពី​មហន្ត‌រាយ ប្រជាជន​ត្រូវ​តែ​បែរ​ចិត្ត​មក​រក​ព្រះ‌ជាម្ចាស់​វិញ។ ពួក​គេ​ត្រូវ​ឈប់​ទៅ​រក​ជំនួយ​ពី​ស្រុក​អេស៊ីប តែ​ត្រូវ​សុខ​ចិត្ត​ចុះ​ចូល​នឹង​រដ្ឋ​អំណាច​បាប៊ីឡូន។ ពេល​នោះ គេ​ចាត់​ទុក​លោក​យេរេមី​ជា​ជន​ក្បត់​ជាតិ ហើយ​នាំ​គ្នា​ធ្វើ​បាប​លោក។ លោក​ឈឺ​ចាប់​ខ្លាំង​យ៉ាង​ណា លោក​ក៏​មាន​ចិត្ត​ស្រឡាញ់​ជន​រួម​ជាតិ​របស់​លោក​ខ្លាំង​យ៉ាង​នោះ​ដែរ។ លោក​ធ្វើ​ដំណើរ​ឆ្លង​កាត់​ជីវិត​នេះ ដោយ​ប្រកាស​អំពី​ការ​វិនិច្ឆ័យ​ទោស​របស់​ព្រះ‌ជាម្ចាស់ ចំពោះ​ប្រជាជន ដែល​ក្បត់​នឹង​ព្រះ‌អង្គ​ផង លោក​ក៏​នៅ​តែ​មាន​ចិត្ត​ស្រឡាញ់​ចំពោះ​ប្រជាជន​ផង​ដែរ។ ហេតុ​នេះ​ហើយ​បាន​ជា​ពេល​ខ្លះ លោក​រអ៊ូ‌រទាំ​ដាក់​ព្រះ‌ជាម្ចាស់ (១១.១៨‑១២.៦; ១៥.១០-២១; ១៧.១៤-១៨; ១៨.១៨-២៣; ២០.៧-១៨)។

ទោះ​បី​លោក​ឃើញ​ថា ប្រជាជន​ដែល​ក្បត់​ព្រះ‌ជាម្ចាស់​នេះ​មុខ​ជា​ត្រូវ​វិនាស​ក្តី ក៏​លោក​យល់​ឃើញ​យ៉ាង​វែង​ឆ្ងាយ​ថា ព្រះ‌ជាម្ចាស់​នឹង​ស្រោច​ស្រង់​ពួក​គេ តាម‌រយៈ​សម្ពន្ធ‌មេត្រី​មួយ​ថ្មី (ចំពូក ៣១)។ ត្រង់​នេះ​ធ្វើ​ឲ្យ​លោក​ទុក​ចិត្ត​លើ​ជ័យ‌ជម្នះ​របស់​ព្រះ‌ជាម្ចាស់ ដែល​នាំ​មក​នូវ​សេចក្ដី​សង្ឃឹម (ចំពូក ៣២)។

ចំពូក ២‑២៤: មាន​ថ្លែង​យ៉ាង​ក្បោះ‌ក្បាយ​អំពី​ព្រះ‌បន្ទូល​ដែល​លោក​យេរេមី​ប្រកាស ដែល​ជួន​កាល​មាន​ប្រើ​រូប‌ភាព និង​កាយ‌វិការ​ផ្សេងៗ​ជា​និមិត្ត‌រូប: ខ្សែ​ក្រវាត់​ពុក (ចំពូក ១៣) ជាង​ស្មូន (១៨) ក្អម​បែក(១៩)…។ ល។

នៅ​ដើម​ចំពូក ២៥: សង្ខេប​សេចក្ដី​ដែល​ព្យាការី​យេរេមី​ប្រកាស។

ចំពូក ២៦‑៤៥: មាន​រៀប​រាប់​អំពី​ហេតុ‌ការណ៍​ផ្សេងៗ​ដែល​កើត​មាន​ក្នុង​ជីវិត​របស់​លោក​យេរេមី។

ចំពូក ៤៦‑៥១: សេចក្ដី​ប្រកាស​ស្តី​អំពី​ប្រជា‌ជាតិ​នានា។

ចំពូក ៥២: កំណត់​ហេតុ​អំពី​ការ​បែក​ក្រុង​យេរូ‌សាឡឹម។ នៅ​ចុង​បញ្ចប់​កណ្ឌ​គម្ពីរ​នេះ មាន​រៀប​រាប់​អំពី​ការ​ប្រណី​សន្ដោស​របស់​ស្តេច​បាប៊ីឡូន ចំពោះ​ព្រះ‌បាទ​យ៉ូយ៉ា‌គីន ដែល​គេ​ចាប់​យក​ទៅ​ជា​ឈ្លើយ​សឹក។ ដូច្នេះ អវសាន‌កថា​នៃ​កណ្ឌ​គម្ពីរ​យេរេមី​នាំ​មក​នូវ​សេចក្ដី​សង្ឃឹម​សម្រាប់​ជន​ជាតិ​អ៊ីស្រា‌អែល។

យើង​អាច​ប្រៀប​ប្រដូច​ព្យាការី​យេរេមី​ជា​អ្នក​បម្រើ​ដ៏​ស្មោះ‌ត្រង់ ហើយ​ត្រូវ​គេ​ធ្វើ​ទុក្ខ​បៀត‌បៀន​ទៅ​នឹង​ព្រះ‌យេស៊ូ (ម៉ាថាយ ១៦.១៤)។ រីឯ​ព្រះ‌យេស៊ូ​ផ្ទាល់ នៅ​យប់​ដែល​ព្រះ‌អង្គ​ត្រូវ​គេ​ចាប់​បញ្ជូន​ទៅ​ឲ្យ​គេ​ឆ្កាង ព្រះ‌អង្គ​បាន​ធ្វើ​ពិធី​ជប់‌លៀង​ជា​មួយ​ពួក​សាវ័ក ហើយ​ព្រះ‌អង្គ​ប្រកាស​អំពី​សម្ពន្ធ‌មេត្រី​ថ្មី​ដែល​ចង​ឡើង​ដោយ​ព្រះ‌លោហិត​របស់​ព្រះ‌អង្គ គឺ​សម្ពន្ធ‌មេត្រី​ដែល​លោក​យេរេមី​បាន​ថ្លែង​ទុក (លូកា ២២.២០; ១​កូរិន‌ថូស ១១.២៥)។