ជំពូក ៤០
លោកយេរេមីមានសេរីភាព
1ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយេរេមី ក្រោយពេលដែលលោកនេប៊ូសារ៉ាដន ជារាជប្រតិភូ ឲ្យលោកចាកចេញពីភូមិរ៉ាម៉ា។ កាលលោកនេប៊ូសារ៉ាដនឲ្យគេទៅនាំលោកយេរេមីមកនោះ លោកជាប់ច្រវាក់ជាមួយអ្នកក្រុងយេរូសាឡឹម និងអ្នកស្រុកយូដាទាំងអស់ ដែលត្រូវគេនាំទៅជាឈ្លើយនៅស្រុកបាប៊ីឡូន។
2 លោករាជប្រតិភូបានឲ្យគេទៅនាំលោកយេរេមីមក ហើយគាត់ពោលទៅលោកថា៖ «ព្រះអម្ចាស់ ជាព្រះរបស់លោក បានសម្រេចនាំមហន្តរាយមកលើទឹកដីនេះ។ 3ព្រះអម្ចាស់បានធ្វើឲ្យមហន្តរាយកើតមាន ស្របតាមព្រះបន្ទូល ដែលព្រះអង្គបានប្រកាសមែន ព្រោះអ្នករាល់គ្នាបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យរបស់ព្រះអម្ចាស់ អ្នករាល់គ្នាពុំបានស្ដាប់តាមព្រះបន្ទូលរបស់ព្រះអង្គទេ។ អ្វីៗដែលព្រះអង្គបានប្រកាសទុក សុទ្ធតែសម្រេចទាំងអស់។ 4 ប៉ុន្តែ ឥឡូវនេះ ខ្ញុំដោះលែងលោកឲ្យរួចពីច្រវាក់ ដែលជាប់នៅដៃលោក។ ប្រសិនបើលោកចង់ទៅស្រុកបាប៊ីឡូនជាមួយខ្ញុំ សុំអញ្ជើញមក ខ្ញុំនឹងជួយទំនុកបម្រុងលោក តែបើលោកមិនចង់ទៅស្រុកបាប៊ីឡូនជាមួយខ្ញុំទេ ក៏មិនអីដែរ។ មើល៍! ស្រុកទាំងមូលស្ថិតនៅចំពោះមុខលោកហើយ សុំអញ្ជើញទៅកន្លែងណាក៏បាន តាមតែលោកពេញចិត្ត»។ 5 ពេលឃើញលោកយេរេមីនៅស្ងៀមមិនទាន់ឆ្លើយ លោកនេប៊ូសារ៉ាដនក៏ពោលទៀតថា៖ «សុំលោកវិលទៅជួបនឹងលោកកេដេលីយ៉ា ជាកូនរបស់លោកអហ៊ីកាំ និងជាចៅរបស់លោកសាផន ដែលព្រះចៅក្រុងបាប៊ីឡូនបានតែងតាំងឲ្យគ្រប់គ្រងស្រុកយូដានោះ ហើយស្នាក់នៅជាមួយគាត់ ក្នុងចំណោមប្រជាជនទៅ ឬមួយលោកចង់ទៅកន្លែងណាផ្សេងទៀត តាមចិត្តលោកប្រាថ្នា»។ លោករាជប្រតិភូបានប្រគល់ស្បៀង និងជំនូនខ្លះទៀត ជូនលោក ហើយប្រាប់ឲ្យលោកចេញទៅ។ 6 លោកយេរេមីក៏ទៅជួបលោកកេដេលីយ៉ា ជាកូនរបស់លោកអហ៊ីកាំ នៅក្រុងមីសប៉ា រួចស្នាក់នៅជាមួយគាត់ ក្នុងចំណោមប្រជាជន ដែលរស់នៅក្នុងស្រុកនៅឡើយ។
លោកកេដេលីយ៉ាគ្រប់គ្រងស្រុកយូដា
7 កាលមេទាហានទាំងអស់ដែលនៅតាមព្រៃ និងពលទាហានរបស់ពួកគេឮដំណឹងថា ស្តេចស្រុកបាប៊ីឡូនបានតែងតាំងលោកកេដេលីយ៉ា ជាកូនរបស់លោកអហ៊ីកាំឲ្យគ្រប់គ្រងស្រុក ហើយផ្ទុកផ្តាក់លោកឲ្យមើលខុសត្រូវលើប្រជាជនប្រុសស្រី ក្មេង និងជនក្រីក្រ នៅក្នុងស្រុក ដែលគេមិនបានកៀរយកទៅជាឈ្លើយនៅបាប៊ីឡូន។ 8 ពួកគេក៏នាំគ្នាមកជួបនឹងលោកកេដេលីយ៉ានៅមីសប៉ា។ អ្នកទាំងនោះ គឺលោកអ៊ីស្មាអែល ជាកូនរបស់លោកនេតានីយ៉ា លោកយ៉ូហាណាន និងលោកយ៉ូណាថាន ជាកូនរបស់លោកការ៉ា លោកសេរ៉ាយ៉ា ជាកូនរបស់លោកតាន់ហ៊ូម៉េត កូនៗរបស់លោកអេផាយ អ្នកស្រុកនេតូផា និងលោកយេសានីយ៉ា ជាកូនរបស់ពួកម៉ាកាទី ព្រមទាំងទាហានរបស់ពួកគេ។ 9 លោកកេដេលីយ៉ា ជាកូនរបស់លោកអហ៊ីកាំ និងជាចៅរបស់លោកសាផន ប្រកាសយ៉ាងឱឡារិកចំពោះមេទាហាន និងពលទាហានទាំងនោះថា៖ «កុំខ្លាចក្រែងនឹងបម្រើជនជាតិខាល់ដេឡើយ ចូររស់នៅក្នុងស្រុក ហើយបម្រើព្រះចៅក្រុងបាប៊ីឡូនទៅ នោះអស់លោកនឹងបានសុខជាមិនខាន។ 10 ចំណែកឯខ្ញុំ ខ្ញុំនៅមីសប៉ានេះ ដើម្បីជាតំណាងរបស់អស់លោកនៅចំពោះមុខពួកខាល់ដេ ដែលមកស្រុកយើង។ អស់លោកត្រូវបេះផ្លែទំពាំងបាយជូរ និងផ្លែឈើឯទៀតៗ ព្រមទាំងផលិតប្រេងទុកក្នុងដប ហើយនាំគ្នាស្នាក់នៅក្នុងក្រុង ដែលអស់លោកកាន់កាប់ពីមុននោះទៅ»។
11 រីឯជនជាតិយូដាទាំងអស់ដែលរស់នៅក្នុងស្រុកម៉ូអាប់ ស្រុកអាំម៉ូន ស្រុកអេដុម និងស្រុកឯទៀតៗ ក៏ឮដំណឹងថា ស្តេចស្រុកបាប៊ីឡូនទុកប្រជាជនមួយចំនួនដែលនៅសេសសល់ ឲ្យរស់ក្នុងស្រុកយូដា ហើយតែងតាំងលោកកេដេលីយ៉ា ជាកូនរបស់លោកអហ៊ីកាំ និងជាចៅរបស់លោកសាផន ឲ្យគ្រប់គ្រងលើអ្នកទាំងនោះដែរ។ 12 ដូច្នេះ ជនជាតិយូដាទាំងអស់នាំគ្នាវិលពីគ្រប់ទីកន្លែង ដែលពួកគេខ្ចាត់ខ្ចាយទៅ ហើយត្រឡប់មករកលោកកេដេលីយ៉ា នៅមីសប៉ា ក្នុងស្រុកយូដាវិញ។ ពួកគេបេះផ្លែទំពាំងបាយជូរ និងផ្លែឈើឯទៀតៗបានយ៉ាងច្រើន។
លោកកេដេលីយ៉ាត្រូវគេធ្វើឃាត
13 លោកយ៉ូហាណាន ជាកូនរបស់លោកការ៉ា និងមេទាហានទាំងអស់នៅតាមព្រៃ នាំគ្នាមកជួបលោកកេដេលីយ៉ានៅមីសប៉ា 14 ជម្រាបថា៖ «តើលោកជ្រាបឬទេ បាលីស ជាស្តេចរបស់ជនជាតិអាំម៉ូន ចាត់លោកអ៊ីស្មាអែល ជាកូនរបស់លោកនេតានីយ៉ា ឲ្យមកសម្លាប់លោក?»។ ប៉ុន្តែ លោកកេដេលីយ៉ា ជាកូនរបស់លោកអហ៊ីកាំ មិនជឿពាក្យអ្នកទាំងនោះទេ។ 15 លោកយ៉ូហាណាន ជាកូនរបស់លោកការ៉ា ជម្រាបលោកកេដេលីយ៉ាជាសម្ងាត់ នៅមីសប៉ាថា៖ «សូមអនុញ្ញាតឲ្យខ្ញុំទៅសម្លាប់អ៊ីស្មាអែល ជាកូនរបស់លោកនេតានីយ៉ាចុះ គ្មាននរណាដឹងទេ។ មិនត្រូវទុកឲ្យគាត់ប្រហារជីវិតលោក ហើយឲ្យជនជាតិយូដាដែលប្រមូលគ្នានៅជុំវិញលោក ត្រូវខ្ចាត់ខ្ចាយ និងឲ្យជនជាតិយូដាដែលនៅសេសសល់ ត្រូវវិនាសអន្តរាយនោះឡើយ»។
16 លោកកេដេលីយ៉ា ជាកូនរបស់លោកអហ៊ីកាំ តបទៅលោកយ៉ូហាណានជាកូនរបស់លោកការ៉ាវិញថា៖ «កុំធ្វើដូច្នោះឲ្យសោះ ដ្បិតសេចក្ដីដែលលោកពោលអំពីលោកអ៊ីស្មាអែលនោះ មិនពិតទេ!»។