ជំពូក ៥០

ចក្រ‌ភព​បាប៊ីឡូន​ត្រូវ​រលំ ព្រះ‌ជាម្ចាស់​រំដោះ​អ៊ីស្រា‌អែល

1 នេះ​ជា​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​ប្រកាស តាម‌រយៈ​ព្យាការី​យេរេមី ស្តី​អំពី​បាប៊ីឡូន និង​ស្រុក​ខាល់ដេ។

2 «ចូរ​ប្រកាស​ប្រាប់​ប្រជា‌ជាតិ​នានា

ចូរ​ប្រាប់​ឲ្យ​ពួក​គេ​ដឹង

ចូរ​លើក​ទង់​សញ្ញា​ឡើង!

ចូរ​ប្រាប់​ឲ្យ​ពួក​គេ​ដឹង កុំ​លាក់​ឲ្យ​សោះ!

ចូរ​ប្រកាស​ថា:

សត្រូវ​វាយ​យក​បាន​ក្រុង​បាប៊ីឡូន​ហើយ!

ព្រះ​បែល​ត្រូវ​អាម៉ាស់ ព្រះ​ម៉ារ៉ូ‌ឌូក​ត្រូវ​រលំ

រូប​បដិមា​របស់​ពួក​គេ​ត្រូវ​អាម៉ាស់

ព្រះ​ក្លែង‌ក្លាយ​របស់​ពួក​គេ​ក៏​ត្រូវ​រលំ​ដែរ!។

3 ប្រជា‌ជាតិ​មួយ​នៅ​ទិស​ខាង​ជើង

លើក​ទ័ព​មក​វាយ​ក្រុង​បាប៊ីឡូន

ធ្វើ​ឲ្យ​ស្រុក​នេះ​ក្លាយ​ទៅ​ជា​ទី​ស្មសាន

គ្មាន​នរណា​រស់​នៅ​ទៀត​ទេ

គឺ​ទាំង​មនុស្ស ទាំង​សត្វ រត់​ចេញ​ពី​ទី​នោះ

អស់​គ្មាន​សល់។

4 នៅ​គ្រា​នោះ កូន​ចៅ​អ៊ីស្រា‌អែល

និង​កូន​ចៅ​យូដា វិល​ត្រឡប់​មក​វិញ​ជា​មួយ​គ្នា

ពួក​គេ​ដើរ​ផង យំ​ផង

ហើយ​ស្វែង​រក​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ពួក​គេ

- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់-។

5 ពួក​គេ​នឹង​ស៊ើប‌សួរ​រក​ផ្លូវ​ទៅ​ក្រុង​ស៊ីយ៉ូន

ហើយ​នាំ​គ្នា​បែរ​មុខ​តម្រង់​ទៅ​រក​ក្រុង​នោះ។

ពួក​គេ​រួម​រស់​ជា​មួយ​ព្រះ‌អម្ចាស់

ដោយ​ចង​សម្ពន្ធ‌មេត្រី

ដែល​នៅ​ស្ថិត‌ស្ថេរ​អស់​កល្ប‌ជានិច្ច

ជា​សម្ពន្ធ‌មេត្រី​ដែល​ពួក​គេ​មិន​បំភ្លេច​ឡើយ។

6 ប្រជាជន​របស់​យើង​ប្រៀប​បាន​នឹង​ហ្វូង​ចៀម

ដែល​វង្វេង​បាត់។

ពួក​គង្វាល​បាន​នាំ​ពួក​គេ​ឲ្យ​វង្វេង

ដោយ​ពង្វាង​ទៅ​តាម​ភ្នំ​នានា។

ចៀម​របស់​យើង​ដើរ​ពី​ភ្នំ​មួយ​ទៅ​ភ្នំ​មួយ

រហូត​ដល់​ភ្លេច​ក្រោល​របស់​ខ្លួន។

7 អស់​អ្នក​ដែល​ជួប​ពួក​គេ នាំ​គ្នា​ខាំ​ហែក​ស៊ី​សាច់

ហើយ​បច្ចា‌មិត្ត​របស់​ពួក​គេ​ពោល​ថា:

“បើ​យើង​សម្លាប់​ពួក​គេ យើង​គ្មាន​កំហុស​អ្វី​ទេ

ព្រោះ​ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​បាប

ទាស់​នឹង​ព្រះ‌ហឫទ័យ​របស់ព្រះ‌អម្ចាស់!”។

ដូន‌តា​របស់​ពួក​គេ​បាន​សង្ឃឹម​លើ​ព្រះ‌អម្ចាស់

ដែល​ជា​ប្រភព​នៃ​សេចក្ដី​សុចរិត។

8 ចូរ​នាំ​គ្នា​រត់​ចេញ​ពី​ក្រុង​បាប៊ីឡូន

ចូរ​ចាក​ចេញ​ពី​ស្រុក​ខាល់ដេ!

ចូរ​ធ្វើ​ដូច​ជា​ពពែ​ឈ្មោល

ដែល​នៅ​ខាង​មុខ​ហ្វូង​ចៀម។

យើង​នឹង​ប្រមូល​ប្រជា‌ជាតិ​នានា

ដែល​ជា​មហា​អំណាច ពី​ស្រុក​ខាង​ជើង

ឲ្យ​មក​វាយ​លុក​ក្រុង​បាប៊ីឡូន។

ប្រជា‌ជាតិ​ទាំង​នោះ​នឹង​រៀប​ក្បួន​ទ័ព

វាយ​យក​ក្រុង​នេះ

ព្រួញ​របស់​ពួក​គេ​បាញ់​មិន​ចេះ​ខុស​ទេ

គឺ​ប្រៀប​ដូច​ជា​ទាហាន​ដ៏​មាន​ថ្វី​ដៃ

ដែល​ឥត​ត្រឡប់​មក​វិញ

ដោយ​ពុំ​បាន​ប្រហារ​ជីវិត​មនុស្ស​ឡើយ។

10 ខ្មាំង​នឹង​រឹប​អូស​យក​សម្បត្តិ​របស់​ស្រុក​ខាល់ដេ

ហើយ​អស់​អ្នក​ដែល​រឹប​អូស​យក​សម្បត្តិ

របស់​ស្រុក​នោះ មុខ​ជា​បាន​ស្កប់‌ស្កល់​មិន​ខាន

- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

11 ជន​ជាតិ​បាប៊ីឡូន​អើយ អ្នក​រាល់​គ្នា​បាន​រឹប​អូស

យក​ទ្រព្យ‌សម្បត្តិ​នៃ​ប្រជាជន​របស់​យើង

ម្ដេច​ក៏​មិន​នាំ​គ្នា​រីក‌រាយ និង​លោត​កព្ឆោង​ទៅ!

ចូរ​លោត​ដូច​គោ​ញី​ដែល​កំពុង​ពេញ​កម្លាំង

ចូរ​ស្រែក​ហ៊ោ​កញ្ជ្រៀវ​ដូច​សេះ​ខ្លាំង​ពូកែ​ទៅ!

12 ក្រុង​បាប៊ីឡូន​ជា​ម្ដាយ​របស់​អ្នក​រាល់​គ្នា

នឹង​ត្រូវ​អាម៉ាស់ ហើយ​បាក់​មុខ។

បាប៊ីឡូន​នឹង​ក្លាយ​ទៅ​ជា​ប្រជា‌ជាតិ​មួយ

អន់​ជាង​គេ​បំផុត

ទឹក​ដី​របស់​គេ​ក្លាយ​ទៅ​ជា​ទី​ស្មសាន

ជា​ដី​ហួត‌ហែង និង​ជា​ព្រៃ​ល្បោះ»។

13 ដោយ‌សារ​ព្រះ‌ពិរោធ​របស់​ព្រះ‌អម្ចាស់

បាប៊ីឡូន​នឹង​ក្លាយ​ទៅ​ជា​កន្លែង​ដែល

គ្មាន​នរណា​រស់​នៅ

គឺ​ក្រុង​បាប៊ីឡូន​ទាំង​មូល​នឹង​វិនាស​ហិន‌ហោច

អស់​អ្នក​ដែល​ដើរ​ក្បែរ​នោះ នឹង​ព្រឺ​សម្បុរ

ហើយ​ស្រឡាំង‌កាំង

ដោយ​ឃើញ​សំណល់​បាក់​បែក​ទាំង​ប៉ុន្មាន។

14 ទ័ព​បាញ់​ព្រួញ​អើយ ចូរ​តំរៀប​គ្នា​វាយ​លុក

និង​ព័ទ្ធ​ជុំ‌វិញ​ក្រុង​បាប៊ីឡូន​ទៅ!

ចូរ​បាញ់​ព្រួញ​តម្រង់​ទៅ​ក្រុង​នេះ

ដោយ​ឥត​ខ្លាច​ខាត​ព្រួញ​ឡើយ

ដ្បិត​ក្រុង​នេះ​បាន​ប្រព្រឹត្ត​អំពើ​បាប

ប្រឆាំង​នឹង​ព្រះ‌អម្ចាស់!

15 ចូរ​ស្រែក​ជយ‌ឃោស​ពី​គ្រប់​ទិស‌ទី

ដ្បិត​ក្រុង​នេះ​លើក​ដៃ​សុំ​ចុះ​ចាញ់​ហើយ។

គ្រឹះ​របស់​វា​ត្រូវ​កក្រើក

ហើយ​កំពែង​របស់​វា​ក៏​រលំ​ដែរ

ដ្បិត​ព្រះ‌អម្ចាស់​សង‌សឹក​នឹង​ក្រុង​នេះ

ដូច្នេះ ចូរ​សង‌សឹក​នឹង​ក្រុង​បាប៊ីឡូន

ដោយ​ប្រព្រឹត្ត​ចំពោះ​ពួក​គេ​តាម​អំពើ​ដែល

ពួក​គេ​ធ្លាប់​ប្រព្រឹត្ត។

16 ចូរ​កុំ​ទុក​ឲ្យ​មាន​អ្នក​សាប​ព្រោះ

ឬ​អ្នក​ច្រូត​កាត់ រស់​នៅ​ក្នុង​ស្រុក​បាប៊ីឡូន

ទៀត​ឡើយ។

រីឯ​ជន​បរទេស​រស់​នៅ​ក្នុង​ក្រុង​នេះ ត្រូវ​រត់​គេច

ពី​មុខ​ដាវ​របស់​កង‌ទ័ព​ដែល​មក​វាយ​លុក

ហើយ​ម្នាក់ៗ​វិល​ទៅ​រក​ប្រជាជន

និង​រត់​ទៅ​ស្រុក​កំណើត​របស់​ខ្លួន​វិញ។

17 អ៊ីស្រា‌អែល​ប្រៀប​បាន​នឹង​ចៀម​វង្វេង

ដែល​ត្រូវ​ហ្វូង​សិង្ហ​ដេញ​ខាំ

មុន​ដំបូង ស្តេច​ស្រុក​អាស្ស៊ីរី​ខាំ​អ៊ីស្រា‌អែល

បន្ទាប់​មក នេប៊ូ‌កានេសារ​ស្តេច​ស្រុក​បាប៊ីឡូន

ហែក​ស៊ី និង​កម្ទេច​ឆ្អឹង​អ៊ីស្រា‌អែល។

18 ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់នៃ​ពិភព

ទាំង​មូល ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រា‌អែល

មាន​ព្រះ‌បន្ទូល​ថា៖

«យើង​នឹង​ធ្វើ​ទោស​ស្តេច​ស្រុក​បាប៊ីឡូន

និង​ស្រុក​របស់​គេ

ដូច​យើង​បាន​ធ្វើ​ទោស​ស្តេច​ស្រុក​អាស្ស៊ីរី​ដែរ។

19 យើង​នឹង​នាំ​ជន​ជាតិ​អ៊ីស្រា‌អែល​ឲ្យ

វិល​ត្រឡប់​មក​ស្រុក​របស់​ខ្លួន​វិញ

ពួក​គេ​នឹង​រស់​នៅ​លើ​ភ្នំ​កាម៉ែល និង​ភ្នំ​បាសាន

ហើយ​ពួក​គេ​នឹង​បរិភោគ​ឆ្អែត​បរិបូណ៌

នៅ​លើ​ភ្នំ​អេប្រា‌អ៊ីម និង​ភ្នំ​កាឡាដ។

20 នៅ​គ្រា​នោះ គេ​រក​មើល​កំហុស​របស់

ជន​ជាតិ​អ៊ីស្រា‌អែល​លែង​ឃើញ​ទៀត​ហើយ

រីឯ​អំពើ​បាប​របស់​ជន​ជាតិ​យូដា

ក៏​ពុំ​ឃើញ​មាន​ទៀត​ដែរ

ដ្បិត​យើង​លើក‌លែង​ទោស​អស់​អ្នក​ដែល​យើង

ទុក​ឲ្យ​នៅ​សេស‌សល់​ពី​ស្លាប់»

- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

21 «ចូរ​ឡើង​ទៅ​វាយ​លុក​ស្រុក​មេរ៉ា‌តាអ៊ីម

វាយ​លុក​អ្នក​ស្រុក​ពេកូដ

ចូរ​កម្ទេច និង​ប្រហារ​ពួក​គេ

ឥត​ទុក​ឲ្យ​នៅ​សល់​អ្វី​ឡើយ

ចូរ​ប្រព្រឹត្ត​តាម​ពាក្យ​ទាំង​ប៉ុន្មាន​ដែល​យើង

បាន​បង្គាប់​ដល់​អ្នក»

- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

22 នៅ​ក្នុង​ស្រុក មាន​ឮ​សូរ​សំឡេង​សឹក​សង្គ្រាម

និង​មហន្ត‌រាយ។

23 បាប៊ីឡូន​ដែល​ប្រៀប​ដូច​ជា​ញញួរ​ដំ​កម្ទេច

ផែន‌ដី​ទាំង​មូល

បែរ​ជា​បាក់​បែក​ខ្ទេច‌ខ្ទី​អស់!

ម្ដេច​ក៏​បាប៊ីឡូន​ក្លាយ​ទៅ​ជា​ទី​ស្មសាន

ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា​ដូច្នេះ!

24 បាប៊ីឡូន​អើយ យើង​បាន​ដាក់​អន្ទាក់​អ្នក

ហើយ​អ្នក​ក៏​ជាប់​អន្ទាក់​នេះ ដោយ​មិន​ដឹង​ខ្លួន

ពេល​គេ​ឃើញ​អ្នក គេ​ចាប់​យក​ភ្លាម

ព្រោះ​អ្នក​ហ៊ាន​រក​រឿង​ព្រះ‌អម្ចាស់។

25ព្រះ‌អម្ចាស់​បាន​បើក​ឃ្លាំង​របស់​ព្រះ‌អង្គ

ហើយ​យក​គ្រឿង​សាស្ត្រា‌វុធ

នៃ​ព្រះ‌ពិរោធ​ចេញ​មក

ដ្បិត​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​ត្រូវ​ការ​ប្រើ

គ្រឿង​សាស្ត្រា‌វុធ​ទាំង​នេះ នៅ​ស្រុក​ខាល់ដេ។

26 ចូរ​នាំ​គ្នា​មក​ពី​ទី​ដាច់​ស្រយាល​នៃ​ផែន‌ដី

ដើម្បី​វាយ​ប្រហារ​បាប៊ីឡូន

ចូរ​បើក​ជង្រុក​របស់​ពួក​គេ

ចូរ​កម្ទេច​ក្រុង​នេះ ហើយ​បំផ្លាញ​ទាំង​អស់

ថ្វាយ​ផ្ដាច់​ដល់​ព្រះ‌អម្ចាស់

កុំ​ទុក​ឲ្យ​នៅ​សេស‌សល់​អ្វី​ឡើយ។

27 ចូរ​សម្លាប់​មេ‌ទ័ព​ទាំង​អស់​នៅ​ស្រុក​នោះ

ដូច​គោ​ដែល​គេ​សម្លាប់​នៅ​ទី​សត្ត‌ឃាត!

ពួក​គេ​មុខ​ជា​វេទនា​ពុំ‌ខាន

ដ្បិត​ថ្ងៃ​ដែល​ពួក​គេ​ទទួល​ទារុណ‌កម្ម

មក​ដល់​ហើយ។

28 ប្រជាជន​ដែល​រត់​ភៀស​ខ្លួន​ចេញ​ពី​ក្រុង

បាប៊ីឡូន ប្រកាស​ឲ្យ​អ្នក​ក្រុង​ស៊ីយ៉ូន​ដឹង​ថា

ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង ព្រះ‌អង្គ​សង‌សឹក​ហើយ

គឺ​ព្រះ‌អង្គ​សង‌សឹក​ពួក​បាប៊ីឡូន

ព្រោះ​គេ​បាន​កម្ទេច​ព្រះ‌វិហារ​របស់​ព្រះ‌អង្គ!

29 ចូរ​កោះ​ហៅ​អ្នក​បាញ់​ព្រួញ គឺ​អ្នក​បាញ់​ព្រួញ

ដ៏​ពូកែ​ទាំង​ប៉ុន្មាន មក​វាយ​លុក​បាប៊ីឡូន

ចូរ​បោះ​ទ័ព​ជុំ‌វិញ​ក្រុង​នេះ

កុំ​ឲ្យ​នរណា​ម្នាក់​រត់​រួច​ឡើយ។

ចូរ​សង​ពួក​បាប៊ីឡូន​វិញ តាម​អំពើ​របស់​ពួក​គេ

ពួក​គេ​ធ្លាប់​ប្រព្រឹត្ត​យ៉ាង​ណា

ចូរ​ប្រព្រឹត្ត​ចំពោះ​ពួក​គេ​វិញ​យ៉ាង​នោះ​ដែរ

ដ្បិត​ពួក​គេ​វាយ‌ឫក​ព្រហើន​ដាក់​ព្រះ‌អម្ចាស់

ជា​ព្រះ​ដ៏‌វិសុទ្ធ​របស់​ជន​ជាតិ​អ៊ីស្រា‌អែល។

30 «ហេតុ​នេះ​ហើយ​បាន​ជា​នៅ​ថ្ងៃ​នោះ

យុវជន​របស់​ពួក​គេ​ដួល​ស្លាប់​នៅ​តាម​ផ្លូវ

រីឯ​ទាហាន​ទាំង​អស់​ក៏​បាត់​បង់​ជីវិត​ដែរ

- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

31 ក្រុង​បាប៊ីឡូន​ដ៏​ព្រហើន​អើយ

យើង​នឹង​ដាក់​ទោស​អ្នក

ថ្ងៃ​ដែល​អ្នក​ទទួល​ទារុណ‌កម្ម​មក​ដល់​ហើយ

- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់

ជា​ព្រះ​នៃ​ពិភព​ទាំង​មូល។

32 ក្រុង​ដ៏​ព្រហើន​នេះ ត្រូវ​ជំពប់​ដួល

គ្មាន​នរណា​ជួយ​លើក​វា​ឡើង​វិញ​ទេ

យើង​ដុត​កម្ទេច​ក្រុង​នានា​នៅ​ស្រុក​បាប៊ីឡូន

ហើយ​ភ្លើង​នឹង​ឆាប‌ឆេះ​គ្រប់​ទិស‌ទី»។

33ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖

«ប្រជាជន​អ៊ីស្រា‌អែល និង​ប្រជាជន​យូដា

ត្រូវ​បាប៊ីឡូន​សង្កត់‌សង្កិន​រួម​ជា​មួយ​គ្នា

អស់​អ្នក​ដែល​បាន​កៀរ​ពួក​គេ​ទៅ​ជា​ឈ្លើយ

នៅ​តែ​ឃុំ​ពួក​គេ​ទុក​ដដែល

មិន​ព្រម​លែង​ពួក​គេ​ឡើយ»។

34 ប៉ុន្តែ ព្រះ​ដែល​លោះ​ពួក​គេ

ព្រះ‌អង្គ​ប្រកប​ដោយ​ឫទ្ធា‌នុភាព

ព្រះ‌អង្គ​មាន​នាម​ថា

ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។

ព្រះ‌អង្គ​ពិត​ជា​រក​យុត្តិធម៌​ឲ្យ​ពួក​គេ

ហើយ​នាំ​សេចក្ដី​សុខ​មក​លើ​ទឹក​ដី និង​ធ្វើ​ឲ្យ

អ្នក​ស្រុក​បាប៊ីឡូន​កើត​ចលាចល។

35ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖

«ចូរ​យក​ដាវ​ទៅ​ប្រហារ​ជន​ជាតិ​ខាល់ដេ

អ្នក​ក្រុង​បាប៊ីឡូន

ព្រម​ទាំង​មន្ត្រី និង​អ្នក​ប្រាជ្ញ​របស់​ពួក​គេ។

36 ចូរ​យក​ដាវ​ទៅ​ប្រហារ​គ្រូ​ហោរ​របស់​ពួក​គេ!

អ្នក​ទាំង​នោះ​ជា​មនុស្ស​វិកល‌ចរិត!

ចូរ​យក​ដាវ​ទៅ​ប្រហារ​ទាហាន​ដ៏

ខ្លាំង​ពូកែ​របស់​ពួក​គេ

អ្នក​ទាំង​នោះ​ត្រូវ​រលំ​ហើយ!

37 ចូរ​យក​ដាវ​ទៅ​ប្រហារ​សេះ

និង​រទេះ​ចម្បាំង​របស់​ពួក​គេ

ហើយ​ប្រហារ​ជន​បរទេស​ដែល​មក​ជួយ​ច្បាំង

រួម​ជា​មួយ​ពួក​គេ​ដែរ!

អ្នក​ទាំង​នោះ​ទន់​ខ្សោយ​ដូច​មនុស្ស​ស្រី!

ចូរ​យក​ដាវ​បំផ្លាញ​ទ្រព្យ‌សម្បត្តិ​របស់​ពួក​គេ

ហើយ​រឹប​អូស​យក​ទាំង​អស់​ទៅ!

38 ចូរ​យក​ដាវ​ទៅ​វាយ​ទឹក​ទន្លេ​របស់​ពួក​គេ

ឲ្យ​រីង​ស្ងួត!

ដ្បិត​ស្រុក​នេះ​ពោរ‌ពេញ​ដោយ​រូប​បដិមា

ពួក​គេ​វង្វេង‌វង្វាន់​ទៅ​តាម​រូប​ទីង‌មោង

ដ៏​គម្រក់​របស់​ខ្លួន។

39 ហេតុ​នេះ​ហើយ​បាន​ជា​សត្វ​ព្រៃ និង​សត្វ​សាហាវ

នាំ​គ្នា​មក​ស្នាក់​អាស្រ័យ​នៅ​ក្នុង​ក្រុង​នេះ

សត្វ​ត្មាត​ក៏​មក​ធ្វើ​សំបុក​រស់​នៅ​ដែរ

គ្មាន​មនុស្ស​រស់​នៅ

អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។

40 ក្រុង​នេះ​ប្រៀប​បាន​នឹង​ក្រុង​សូដុម និង​កូម៉ូ‌រ៉ា

ព្រម​ទាំង​ក្រុង​ឯ​ទៀតៗ

ដែល​ព្រះ‌ជាម្ចាស់​បាន​បំផ្លាញ

គឺ​គ្មាន​នរណា​មក​រស់​នៅ​ទៀត​ឡើយ

ហើយ​ក៏​គ្មាន​មនុស្ស​ណា​មក​តាំង​ទី​លំ‌នៅ

ទៀត​ដែរ»។

- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

41 មើល៍! មាន​កង‌ទ័ព​មក​ពី​ទិស​ខាង​ជើង

ប្រជា‌ជាតិ​មួយ និង​ស្តេច​ដ៏​ខ្លាំង​ពូកែ​ទាំង‌ឡាយ

ចេញ​ដំណើរ​ពី​ទី​ដាច់​ស្រយាល​នៃ​ផែន‌ដី

42 ពួក​គេ​លើក​ធ្នូ លើក​លំពែង​ឡើង

ពួក​គេ​សាហាវ​ណាស់ ឥត​មាន​ចិត្ត​មេត្តា​ទេ

សន្ធឹក​ទ័ព​របស់​ពួក​គេ​លាន់​ឮ​ដូច​សន្ធឹក​សមុទ្រ

ពួក​គេ​ជិះ​សេះ​មក

ហើយ​តំរៀប​គ្នា​ជា​ក្បួន​ទ័ព

ដើម្បី​វាយ​លុក​ក្រុង​បាប៊ីឡូន!

43 ស្តេច​ស្រុក​បាប៊ីឡូន​បាន​ឮ​ដំណឹង​នេះ

ក៏​ទន់​ដៃ​ទន់​ជើង អន្ទះ‌សា

និង​ឈឺ​ចាប់​ដូច​ស្ត្រី​ហៀប​នឹង​សម្រាល​កូន។

44 សត្វ​សិង្ហ​លោត​ចេញ​ពី​មាត់​ទន្លេ​យ័រដាន់

ចូល​ទៅ​ក្នុង​គុម្ពោត​ព្រៃ​រហ័ស​យ៉ាង​ណា

យើង​ក៏​នឹង​ធ្វើ​ឲ្យ​អ្នក​ស្រុក​បាប៊ីឡូន

រត់​ចេញ​ទៅ​រហ័ស​យ៉ាង​នោះ​ដែរ។

យើង​នឹង​តែង‌តាំង​អ្នក​គ្រប់‌គ្រង​ដែល​យើង​បាន

ជ្រើស‌រើស ឲ្យ​គ្រប់‌គ្រង​លើ​ស្រុក​នេះ។

តើ​មាន​នរណា​អាច​ផ្ទឹម​ស្មើ​នឹង​យើង?

តើ​នរណា​ហ៊ាន​ប្ដឹង​យើង?

តើ​អ្នក​ដឹក​នាំ​ណា​អាច​ប្រឆាំង​នឹង​យើង?

45 ហេតុ​នេះ ចូរ​នាំ​គ្នា​ស្ដាប់​អំពី​ការ​ដែល​ព្រះ‌អម្ចាស់

សម្រេច​ធ្វើ ចំពោះ​បាប៊ីឡូន

និង​គម្រោង‌ការ​ដែល​ព្រះ‌អង្គ​គ្រោង​ទុក

ដើម្បី​ដាក់​ទោស​អ្នក​ស្រុក​ខាល់ដេ!

សត្រូវ​ពិត​ជា​នាំ​អ្នក​ស្រុក​នេះ​ចេញ​ទៅ

ដូច​កូន​ចៀម​ដែល​គេ​កៀរ​យក​ទៅ

ព្រម​ទាំង​បំផ្លាញ​ស្រុក​ភូមិ​របស់​ពួក​គេ

ឲ្យ​ហិន‌ហោច​ទៀត​ផង។

46 ពេល​ក្រុង​បាប៊ីឡូន​រលំ ផែន‌ដី​ក៏​កក្រើក

មាន​សម្រែក​លាន់​ឮ​ឡើង​ក្នុង​ចំណោម

ប្រជា‌ជាតិ​ទាំង‌ឡាយ។