ជំពូក ៣២

លោក​យេរេមី​ទិញ​ដី​មួយ​កន្លែង

1ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្យាការី​យេរេមី នៅ​ឆ្នាំ​ទី​ដប់​នៃ​រជ្ជកាល​ព្រះ‌បាទ​សេដេខ្យាស ជា​ស្តេច​ស្រុក​យូដា ត្រូវ​នឹង​ឆ្នាំ​ទី​ដប់​ប្រាំ‌បី នៃ​រជ្ជកាល​ព្រះ‌ចៅ​នេប៊ូ‌កានេសារ។ 2 ពេល​នោះ កង‌ទ័ព​របស់​ព្រះ‌ចៅ​នេប៊ូ‌កានេសារ ឡោម‌ព័ទ្ធ​ក្រុង​យេរូ‌សាឡឹម។ រីឯ​ព្យាការី​យេរេមី​ត្រូវ​គេ​ឃុំ​នៅ​ពន្ធ‌នាគារ ក្នុង​វាំង​ស្តេច​ស្រុក​យូដា។ 3 ព្រះ‌បាទ​សេដេខ្យាស​ជា​ស្តេច​ស្រុក​យូដា ឲ្យ​គេ​យក​លោក​ទៅ​ឃុំ‌ឃាំង ទាំង​មាន​រាជ‌ឱង្ការ​ដូច​ត​ទៅ៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ប្រកាស​ពាក្យ​ទាំង​នេះ​ថា: ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា “យើង​នឹង​ប្រគល់​ក្រុង​នេះ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្តេច​ស្រុក​បាប៊ីឡូន ហើយ​ស្តេច​នោះ​នឹង​ដណ្ដើម​យក​ទីក្រុង។ 4 សេដេខ្យាស ជា​ស្តេច​ស្រុក​យូដា ពុំ​អាច​គេច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​ខាល់ដេ​ទេ។ គេ​នឹង​ប្រគល់​ស្តេច​នេះ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្តេច​ស្រុក​បាប៊ីឡូន​ពិត​ប្រាកដ​មែន។ សេដេខ្យាស​នឹង​ឃើញ​ស្តេច​ស្រុក​បាប៊ីឡូន​ផ្ទាល់​ភ្នែក និយាយ​គ្នា​ផ្ទាល់​មាត់ 5 ហើយ​ស្តេច​ស្រុក​បាប៊ីឡូន​នឹង​នាំ​ស្តេច​សេដេខ្យាស​ទៅ​ស្រុក​បាប៊ីឡូន​ទៀត​ផង។ ស្តេច​ត្រូវ​នៅ​ទី​នោះ​រហូត​ដល់​ពេល​ដែល​យើង​ប្រោស‌ប្រណី” - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ បើ​អ្នក​រាល់​គ្នា​នៅ​តែ​ធ្វើ​សឹក​ជា​មួយ​ជន​ជាតិ​ខាល់ដេ អ្នក​រាល់​គ្នា​ពុំ​អាច​ឈ្នះ​ឡើយ»។

6 លោក​យេរេមី​មាន​ប្រសាសន៍​ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ: 7 ហាណា‌មេអែល កូន​របស់​សាលូម ជា​ឪពុក​មា​របស់​អ្នក នឹង​មក​ជួប​អ្នក ហើយ​ពោល​ថា “សូម​បង​ទិញ​ដី​ចម្ការ​របស់​ខ្ញុំ​នៅ​ភូមិ​អាណា‌តូត​ទៅ ដ្បិត​បង​មាន​សិទ្ធិ​ទិញ​មុន​គេ យក​មក​ធ្វើ​ជា​កម្ម‌សិទ្ធិ”»។ 8 លោក​ហាណា‌មេអែល ជា​កូន​ឪពុក​មា​របស់​ខ្ញុំ មក​ជួប​ខ្ញុំ​នៅ​ទី​ឃុំ‌ឃាំង ស្រប​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​មែន។ គាត់​ពោល​មក​ខ្ញុំ​ថា៖ «សូម​បង​ទិញ​ដី​ចម្ការ​របស់​ខ្ញុំ​នៅ​ភូមិ​អាណា‌តូត ក្នុង​ស្រុក​បេន‌យ៉ាមីន​ទៅ ដ្បិត​បង​មាន​សិទ្ធិ​ទិញ​មុន​គេ យក​មក​ធ្វើ​ជា​កម្ម‌សិទ្ធិ!»។ ពេល​នោះ ខ្ញុំ​យល់​ឃើញ​ថា នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​មែន។ 9 ខ្ញុំ​ក៏​ទិញ​ដី​ចម្ការ​នៅ​អាណា‌តូត ពី​លោក​ហាណា‌មេអែល ជា​កូន​ឪពុក​មា​របស់​ខ្ញុំ។ ខ្ញុំ​បាន​ថ្លឹង​ប្រាក់​ប្រាំ​តម្លឹង​ឲ្យ​គាត់។ 10 ខ្ញុំ​ធ្វើ​លិខិត​បញ្ជាក់​មួយ និង​បិទ​ត្រា ដោយ​មាន​សាក្សី​ដឹង​ឮ រួច​ថ្លឹង​ប្រាក់​លើ​ជញ្ជីង។ 11 បន្ទាប់​មក ខ្ញុំ​យក​លិខិត​បញ្ជាក់​ទិញ​ដី​ដែល​មាន​បិទ​ត្រា ស្រប​តាម​ច្បាប់​តាម​មាត្រា ហើយ​ខ្ញុំ​ក៏​យក​លិខិត​បញ្ជាក់​ចំហ​មក​ដែរ។ 12 ខ្ញុំ​ប្រគល់​លិខិត​បញ្ជាក់​ទិញ​ដី​នោះ​ទៅ​ឲ្យ​លោក​បារូក ជា​កូន​របស់​លោក​នេរី‌យ៉ា និង​ជា​ចៅ​របស់​លោក​ម៉ាសេ‌យ៉ា នៅ​ចំពោះ​មុខ​លោក​ហាណា‌មេអែល ជា​កូន​របស់​ឪពុក​មា​ខ្ញុំ ដោយ​មាន​សាក្សី​ដែល​បាន​ចុះ​ហត្ថ‌លេខា​នៅ​លើ​លិខិត​បញ្ជាក់ ព្រម​ទាំង​ជន​ជាតិ​យូដា​ដែល​ស្ថិត​នៅ​ក្នុង​ទី​ឃុំ‌ឃាំង​នោះ​ដឹង​ឮ​ផង។ 13 ខ្ញុំ​បង្គាប់​លោក​បារូក​នៅ​ចំពោះ​មុខ​ពួក​គេ ដូច​ត​ទៅ៖ 14 «ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ថា “ចូរ​យក​លិខិត​បញ្ជាក់​ទិញ​ដី​នេះ គឺ​ទាំង​លិខិត​មាន​បិទ​ត្រា និង​លិខិត​នៅ​ចំហ ទៅ​ដាក់​ក្នុង​ឆ្នាំង​ដី​មួយ ដើម្បី​រក្សា​ទុក​ឲ្យ​បាន​យូរ។ 15ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ថា: នៅ​ក្នុង​ស្រុក​នេះ ប្រជាជន​នៅ​តែ​ទិញ​ផ្ទះ ទិញ​ដី​ស្រែ និង​ទិញ​ចម្ការ​ទំពាំង‌បាយ‌ជូរ​បន្ត​ទៅ​ទៀត”»។

ពាក្យ​អធិស្ឋាន​របស់​លោក​យេរេមី

16 ក្រោយ​បាន​ប្រគល់​លិខិត​បញ្ជាក់​ទិញ​ដី​ទៅ​បារូក ជា​កូន​របស់​លោក​នេរី‌យ៉ា​រួច​ហើយ ខ្ញុំ​ក៏​ទូល‌អង្វរ​ព្រះ‌អម្ចាស់​ដូច​ត​ទៅ: 17 បពិត្រ​ព្រះ‌ជា‌អម្ចាស់ ព្រះ‌អង្គ​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែន‌ដី​ដោយ​មហិទ្ធិ‌ឫទ្ធិ និង​ព្រះ‌បារមី​របស់​ព្រះ‌អង្គ។ តើ​មាន​ការ​អស្ចារ្យ​អ្វី​ដែល​ព្រះ‌អង្គ​ធ្វើ​មិន​កើត? 18 ព្រះ‌អង្គ​សម្ដែង​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​រហូត​ដល់​រាប់​ពាន់​តំណ។ ពេល​ឪពុក​ធ្វើ​ខុស ព្រះ‌អង្គ​ដាក់​ទោស​កូន​ចៅ​នៅ​ជំនាន់​ក្រោយ។ ព្រះ‌អង្គ​ជា​ព្រះ​ដ៏​ឧត្តុង្គ‌ឧត្ដម និង​ប្រកប​ដោយ​ព្រះ‌ចេស្ដា។ ព្រះ‌អង្គ​មាន​ព្រះ‌នាម​ថា ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។ 19 គម្រោង‌ការ​របស់​ព្រះ‌អង្គ​ប្រសើរ​ពន់​ពេក​ក្រៃ ហើយ​ព្រះ‌អង្គ​អាច​នឹង​សម្រេច​គម្រោង‌ការ​ទាំង​នោះ​បាន។ ព្រះ‌អង្គ​ពិនិត្យ​មើល​កិរិយា​មារយាទ​ទាំង​អស់​របស់​មនុស្ស​លោក ហើយ​ព្រះ‌អង្គ​សង​ទៅ​គេ​វិញ តាម​កិរិយា​មារយាទ​របស់​គេ​រៀងៗ​ខ្លួន និង​តាម​អំពើ​ដែល​គេ​ប្រព្រឹត្ត។

20 កាល​ពី​ដើម ព្រះ‌អង្គ​សម្ដែង​ឲ្យ​គេ​ស្គាល់​ព្រះ‌អង្គ ដោយ​ធ្វើ​ទី​សម្គាល់ និង​ការ​អស្ចារ្យ​ផ្សេងៗ​នៅ​ស្រុក​អេស៊ីប។ សព្វ​ថ្ងៃ​នេះ ព្រះ‌អង្គ​ក៏​សម្ដែង​ឲ្យ​គេ​ស្គាល់​ព្រះ‌អង្គ ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រា‌អែល និង​មនុស្ស​ជាតិ​ទាំង​មូល​ដែរ។ ព្រះ‌នាម​របស់​ព្រះ‌អង្គ​បាន​ល្បី‌ល្បាញ ដូច​យើង​ខ្ញុំ​ឃើញ​សព្វ​ថ្ងៃ​ស្រាប់។ 21 ព្រះ‌អង្គ​ធ្វើ​ទី​សម្គាល់ និង​ការ​អស្ចារ្យ​ផ្សេងៗ ប្រកប​ដោយ​ព្រះ‌ចេស្ដា​បារមី​ដ៏​គួរ​ឲ្យ​ស្ញែង​ខ្លាច​បំផុត ដើម្បី​នាំ​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។ 22 ព្រះ‌អង្គ​ប្រគល់​ទឹក​ដី​នេះ​ឲ្យ​ពួក​គេ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​បាន​សន្យា​ជា​មួយ​ពួក​បុព្វ‌បុរស គឺ​ស្រុក​ដ៏​សម្បូណ៌‌សប្បាយ។ 23 ពួក​គេ​បាន​ចូល​មក​កាន់​កាប់​ទឹក​ដី​នេះ ប៉ុន្តែ ពួក​គេ​ពុំ​ព្រម​ស្ដាប់​ព្រះ‌សូរសៀង​របស់​ព្រះ‌អង្គ​ទេ ពួក​គេ​ពុំ​បាន​រស់​នៅ​តាម​វិន័យ​របស់​ព្រះ‌អង្គ និង​ធ្វើ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌អង្គ​បង្គាប់​ឲ្យ​ធ្វើ​នោះ​ឡើយ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អង្គ​ឲ្យ​គ្រោះ​កាច​ទាំង​នេះ កើត​មាន​ដល់​ពួក​គេ។

24 ជន​ជាតិ​ខាល់ដេ​កំពុង​តែ​លើក​ទួល​ព័ទ្ធ​ជុំ‌វិញ ដើម្បី​វាយ​យក​ទីក្រុង។ ក្រុង​នេះ​នឹង​ត្រូវ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង គឺ​ពួក​គេ​វាយ​លុក​ធ្វើ​ឲ្យ​ប្រជាជន​ស្លាប់​ដោយ​មុខ​ដាវ ដោយ​ទុរ្ភិក្ស និង​ដោយ​ជំងឺ​អាសន្ន‌រោគ។ ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​ប្រកាស​ពិត​ជា​សម្រេច​ជា​រូប​រាង ដូច​ព្រះ‌អង្គ​ទត​ឃើញ​ស្រាប់។ 25 ឱ​ព្រះ‌ជា‌អម្ចាស់​អើយ ក្រុង​នេះ​ជិត​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​ខាល់ដេ​ហើយ ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​ប្រាប់​ឲ្យ​ទូល‌បង្គំ​យក​ប្រាក់​ទិញ​ដី​ចម្ការ ដោយ​មាន​សាក្សី​ដឹង​ឮ​ទៅ​វិញ?

ចម្លើយ​របស់​ព្រះ‌អម្ចាស់

26ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យេរេមី​ដូច​ត​ទៅ៖ 27 «យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​មនុស្ស​លោក​ទាំង​មូល គ្មាន​ការ​អស្ចារ្យ​អ្វី​ដែល​យើង​ធ្វើ​មិន​កើត​នោះ​ឡើយ។ 28 ហេតុ​នេះ​ហើយ​បាន​ជា​យើង​ប្រាប់​អ្នក​ថា: យើង​នឹង​ប្រគល់​ក្រុង​នេះ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​ខាល់ដេ និង​ក្នុង​កណ្ដាប់​ដៃ​របស់​នេប៊ូ‌កានេសារ​ជា​ស្តេច​ស្រុក​បាប៊ីឡូន។ នេប៊ូ‌កានេសារ​នឹង​ដណ្ដើម​យក​ក្រុង​នេះ។ 29 ជន​ជាតិ​ខាល់ដេ​ដែល​កំពុង​តែ​វាយ​លុក​ក្រុង​នេះ នឹង​នាំ​គ្នា​ចូល​មក​ដុត​កម្ទេច​ទីក្រុង ហើយ​ដុត​កម្ទេច​ផ្ទះ​ដែល​មាន​កន្លែង​ដុត​គ្រឿង​សក្ការៈ​នៅ​តាម​ដំបូល សម្រាប់​សែន​ព្រះ​បាល និង​ច្រួច‌ស្រា​សែន​ព្រះ​ដទៃ ជា​ហេតុ​នាំ​ឲ្យ​យើង​ខឹង។

30 ជន​ជាតិ​អ៊ីស្រា‌អែល និង​ជន​ជាតិ​យូដា ចេះ​តែ​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​ទាស់​ចិត្ត​យើង​តាំង​ពី​ដើម​រៀង​មក។ ជន​ជាតិ​អ៊ីស្រា‌អែល​ចេះ​តែ​ធ្វើ​ឲ្យ​យើង​ខឹង ព្រោះ​តែ​ស្នាដៃ​របស់​ខ្លួន - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ 31 អ្នក​ក្រុង​យេរូ‌សាឡឹម​តែង‌តែ​ធ្វើ​ឲ្យ​យើង​ខឹង តាំង​ពី​ថ្ងៃ​ដែល​យើង​បាន​សង់​ក្រុង​នេះ រហូត​មក​ដល់​សព្វ​ថ្ងៃ ជា​ហេតុ​នាំ​ឲ្យ​យើង​បណ្តេញ​ពួក​គេ​ចេញ​ពី​មុខ​យើង។ 32 ជន​ជាតិ​អ៊ីស្រា‌អែល និង​ជន​ជាតិ​យូដា គឺ​ទាំង​ប្រជាជន ទាំង​ស្តេច ទាំង​មន្ត្រី ទាំង​បូជា‌ចារ្យ ទាំង​ព្យាការី ទាំង​អ្នក​ស្រុក​យូដា ទាំង​អ្នក​ក្រុង​យេរូ‌សាឡឹម​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​អាក្រក់​បញ្ឆេះ​កំហឹង​យើង។ 33 ពួក​គេ​ងាក​មុខ​ចេញ​ពី​យើង ហើយ​បែរ​ខ្នង​ដាក់​យើង។ ទោះ​បី​យើង​បាន​ទូន្មាន​ប្រៀន‌ប្រដៅ​ពួក​គេ​ជា​រៀង​រហូត​មក​ក្តី ក៏​ពួក​គេ​ពុំ​ព្រម​ស្ដាប់ ពុំ​ព្រម​រៀន​ដែរ។ 34 ពួក​គេ​យក​រូប​ព្រះ​ដ៏​គួរ​ស្អប់​ខ្ពើម មក​ដាក់​ក្នុង​ដំណាក់​របស់​យើង​ផ្ទាល់ ធ្វើ​ឲ្យ​កន្លែង​នេះ​ក្លាយ​ទៅ​ជា​សៅ‌ហ្មង។ 35 ពួក​គេ​បាន​សង់​កន្លែង​សក្ការៈ​នៅ​ទួល​ខ្ពស់​សម្រាប់​ព្រះ​បាល ក្នុង​ជ្រលង​ភ្នំ​បេន-‌ហ៊ីណូម ដើម្បី​យក​កូន​ប្រុស​កូន​ស្រី​របស់​ខ្លួន ទៅ​សែន​ព្រះ​ម៉ូឡេក ដោយ​ដុត​ទាំង​រស់។ យើង​ពុំ​ដែល​បង្គាប់​ឲ្យ​គេ​ធ្វើ​អំពើ​បែប​នេះ​សោះ យើង​ក៏​មិន​ដែល​នឹក​ឃើញ​អំពី​ការ​នេះ​ដែរ គឺ​ធ្វើ​ឲ្យ​ជន​ជាតិ​យូដា​មាន​ទោស ព្រោះ​តែ​អំពើ​ព្រៃ‌ផ្សៃ»។

36 ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក្តី យើង​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល យើង​សុំ​ប្រាប់​អ្នក​ឲ្យ​បាន​ដឹង​អំពី​ក្រុង​ដែល​អ្នក​ពោល​ថា នឹង​ត្រូវ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្តេច​ស្រុក​បាប៊ីឡូន ហើយ​អ្នក​ក្រុង​នឹង​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ ដោយ​ទុរ្ភិក្ស និង​ដោយ​ជំងឺ​អាសន្ន‌រោគ។ 37 នៅ​គ្រា​ដែល​យើង​ខឹង‌សម្បារ យើង​បាន​កម្ចាត់‌កម្ចាយ​ប្រជាជន​នេះ​ឲ្យ​ទៅ​នៅ​គ្រប់​ប្រទេស តែ​យើង​នឹង​ប្រមូល​ពួក​គេ ហើយ​នាំ​ពួក​គេ​វិល​មក​កន្លែង​នេះ​វិញ ឲ្យ​រស់​នៅ​យ៉ាង​សុខ‌សាន្ត។ 38 ពួក​គេ​នឹង​ធ្វើ​ជា​ប្រជា‌រាស្ដ្រ​របស់​យើង ហើយ​យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​ពួក​គេ។ 39 យើង​នឹង​ឲ្យ​ពួក​គេ​មាន​ចិត្ត​គំនិត​តែ​មួយ មាន​គោល‌ដៅ​តែ​មួយ ដើម្បី​គោរព​កោត​ខ្លាច​យើង​រហូត​ត​ទៅ។ ដូច្នេះ ពួក​គេ ព្រម​ទាំង​កូន​ចៅ​របស់​ពួក​គេ​នឹង​ប្រកប​ដោយ​សុភមង្គល។ 40 យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​មួយ​ដែល​នៅ​ស្ថិត‌ស្ថេរ​អស់​កល្ប‌ជានិច្ច​ជា​មួយ​ពួក​គេ។ យើង​នឹង​មិន​បែរ​ចេញ​ពី​ពួក​គេ​ទៀត​ទេ យើង​នឹង​ផ្តល់​សេចក្ដី​សុខ​ឲ្យ​ពួក​គេ​រហូត យើង​នឹង​ឲ្យ​ពួក​គេ​កោត​ខ្លាច​យើង​ដោយ​ចិត្ត​ស្មោះ ដើម្បី​កុំ​ឲ្យ​ពួក​គេ​ងាក​ចេញ​ពី​យើង។ 41 យើង​សប្បាយ​ចិត្ត​នឹង​ផ្តល់​សេចក្ដី​សុខ​ឲ្យ​ពួក​គេ។ យើង​យក​ចិត្ត​ទុក​ដាក់​នឹង​ពួក​គេ​អស់​ពី​លទ្ធ‌ភាព ដើម្បី​ឲ្យ​ពួក​គេ​រស់​នៅ​ក្នុង​ស្រុក​នេះ​រហូត​ត​ទៅ។

42ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​ធ្វើ​ឲ្យ​ប្រជាជន​នេះ​រង​ទុក្ខ​វេទនា​ខ្លាំង​យ៉ាង​ណា យើង​ក៏​ធ្វើ​ឲ្យ​ពួក​គេ​មាន​សុភមង្គល​គ្រប់​ប្រការ តាម​ពាក្យ​សន្យា​របស់​យើង​យ៉ាង​នោះ​ដែរ។ 43 គេ​នឹង​នៅ​តែ​ទិញ​ដី‌ធ្លី​ក្នុង​ស្រុក ដែល​អ្នក​ពោល​ថា ត្រូវ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​ខាល់ដេ ជា​ស្រុក​ដែល​វិនាស​ហិន‌ហោច លែង​មាន​មនុស្ស សត្វ​រស់​នៅ​ត​ទៅ​ទៀត។ 44 គេ​នឹង​ថ្លឹង​ប្រាក់​ទិញ​ដី‌ធ្លី គេ​នឹង​ធ្វើ​លិខិត​បញ្ជាក់​ទិញ ហើយ​បិទ​ត្រា ព្រម​ទាំង​រក​សាក្សី​ឲ្យ​ដឹង​ឮ​ផង គឺ​នៅ​ក្នុង​ទឹក​ដី​បេន‌យ៉ាមីន តំបន់​ជុំ‌វិញ​ក្រុង​យេរូ‌សាឡឹម ក្រុង​នានា​ក្នុង​ស្រុក​យូដា ក្រុង​នានា​នៅ​តំបន់​ភ្នំ ក្រុង​នានា​នៅ​តំបន់​វាល​ទំនាប និង​ក្រុង​នានា​នៅ​តំបន់​ណេកិប ដ្បិត​យើង​នឹង​ស្តារ​ស្រុក​ទេស​នេះ​ឡើង​វិញ» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។