ជំពូក ២

ប្រជាជន​អ៊ីស្រា‌អែល​ក្បត់​ព្រះ‌អម្ចាស់

1ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ

ដូច​ត​ទៅ៖

2 ចូរ​ទៅ​ស្រែក​ប្រកាស​ប្រាប់

អ្នក​ក្រុង​យេរូ‌សាឡឹម​ថា

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ:

«យើង​នឹក​ចាំ​ពី​សេចក្ដី​ស្រឡាញ់​របស់​អ្នក

កាល​អ្នក​ទើប​នឹង​ពេញ​ក្រមុំ

ហើយ​នឹក​ចាំ​ពី​សេចក្ដី​ស្នេហា​របស់​អ្នក

ពេល​ទើប​នឹង​រៀប‌ការ

គឺ​គ្រា​ដែល​អ្នក​បម្រើ​យើង​នៅ​វាល​រហោ‌ស្ថាន

ជា​កន្លែង​ដែល​គ្មាន​អ្វី​ដុះ។

3 នៅ​គ្រា​នោះ ព្រះ‌អម្ចាស់​បាន​ញែក​ជន​ជាតិ

អ៊ីស្រា‌អែល​ទុក​សម្រាប់​ព្រះ‌អង្គ

ជា​ផល​ផ្លែ​ដំបូង​របស់​ព្រះ‌អង្គ

អស់​អ្នក​ដែល​លួច​ស៊ី​ផ្លែ​នេះ នឹង​ត្រូវ​មាន​ទោស

ហើយ​រង​ទុក្ខ​វេទនា​ទៀត​ផង

- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

អ្នក​រាល់​គ្នា​ជា​កូន​ចៅ​របស់​លោក​យ៉ាកុប

អ្នក​រាល់​គ្នា​ជា​ពូជ‌ពង្ស​អ៊ីស្រា‌អែល

ចូរ​នាំ​គ្នា​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់!

5ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា:

តើ​ដូន‌តា​របស់​អ្នក​រាល់​គ្នា​ឃើញ​យើង​ធ្វើ​ខុស

ត្រង់​ណា បាន​ជា​ពួក​គេ​ឃ្លាត​ចាក​ពី​យើង

ហើយ​បែរ​ទៅ​គោរព​ព្រះ​ឥត​បាន​ការ

ដែល​បណ្តាល​ឲ្យ​ខ្លួន​ទៅ​ជា​ឥត​បាន​ការ

ដូច្នេះដែរ?

6 ពួក​គេ​មិន​បាន​សួរ​ថា តើ​ព្រះ‌អម្ចាស់​នៅ​ឯ​ណា?

គឺ​ព្រះ​ដែល​បាន​នាំ​ពួក​យើង​ចាក​ចេញ​ពី

ស្រុក​អេស៊ីប

ហើយ​ដឹក​នាំ​ពួក​យើង​ក្នុង​វាល​រហោ‌ស្ថាន

ជា​វាល​ដែល​មាន​តែ​ព្រៃ​ល្បោះ និង​ដី​ក្រហូង

ជា​វាល​ហួត‌ហែង ជា​ទី​ស្មសាន

ជា​កន្លែង​ដែល​គ្មាន​នរណា​ឆ្លង​កាត់

គ្មាន​មនុស្ស​ណា​រស់​នៅ​បាន។

7 យើង​បាន​នាំ​អ្នក​រាល់​គ្នា​ចូល​មក​នៅ​ក្នុង​ស្រុក

ដែល​មាន​ដំណាំ​ដាំ​ដុះ

ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បរិភោគ

ផ្លែ​ឈើ​ដែល​មាន​រស‌ជាតិ។

ប៉ុន្តែ កាល​អ្នក​រាល់​គ្នា​ចូល​មក​ដល់

អ្នក​រាល់​គ្នា​ធ្វើ​ឲ្យ​ស្រុក​របស់​យើង

ទៅ​ជា​សៅហ្មង

អ្នក​រាល់​គ្នា​ធ្វើ​ឲ្យ​ទឹក​ដី​ដែល​ជា​មត៌ក

របស់​យើង​ក្លាយ​ជា​កន្លែង​គួរ​ឲ្យ​ស្អប់​ខ្ពើម។

ក្រុម​បូជា‌ចារ្យ​ពុំ​ដែល​សួរ​ថា

“ព្រះ‌អម្ចាស់​នៅ​ឯ​ណា?”

គ្រូ​អាចារ្យ​ខាង​វិន័យ​ក៏​មិន​ស្គាល់​យើង​ដែរ។

មេ​ដឹក​នាំ​របស់​ប្រជាជន​នាំ​គ្នា​ប្រឆាំង​នឹង​យើង

ពួក​ព្យាការី​និយាយ​ក្នុង​នាម​ព្រះ​បាល

ហើយ​នាំ​គ្នា​រត់​ទៅ​ពឹង​ពាក់​ព្រះ​ក្លែង‌ក្លាយ

ដែល​ពុំ​អាច​ជួយ​ពួក​គេ​បាន​ឡើយ។

9 ហេតុ​នេះ​ហើយ​បាន​ជា​យើង​ឡើង​ក្តី

នឹង​អ្នក​រាល់​គ្នា

ព្រម​ទាំង​កូន​ចៅ​របស់​អ្នក​រាល់​គ្នា។

- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

10 ចូរ​ទៅ​កោះ​គីទីម​ដែល​នៅ​ដាច់​ស្រយាល

ហើយ​សង្កេត​មើល​ចុះ

ចូរ​ចាត់​មនុស្ស​ឲ្យ​ទៅ​ស្រុក​កេដា

ហើយ​ស៊ើប‌សួរ​ឲ្យ​បាន​ហ្មត់‌ចត់​ថា

តើ​នៅ​តំបន់​ទាំង​នោះ​គេ​ប្រព្រឹត្ត​ដូច

អ្នក​រាល់​គ្នា​ឬ​ទេ?

11 តើ​មាន​ប្រជា‌ជាតិ​ណា​មួយ​ផ្លាស់​ប្ដូរ

ព្រះ​របស់​ខ្លួន​ឬ​ទេ?

(តាម​ពិត ព្រះ​ទាំង​នោះ​ពុំ​មែន​ជា​ព្រះ​ពិត​ប្រាកដ​ទេ)។

រីឯ​ប្រជាជន​របស់​យើង​វិញ គេ​បាន​ផ្លាស់​ប្ដូរ

ព្រះ​ដែល​ផ្តល់​ឲ្យ​គេ​មាន​សិរី‌រុង​រឿង

ហើយ​បែរ​ជា​នាំ​គ្នា​គោរព​ព្រះ​ដែល

ឥត​បាន​ការ​ទៅ​វិញ។

12 ផ្ទៃ​មេឃ​អើយ! ចូរ​តក់‌ស្លុត

ចូរ​ញាប់‌ញ័រ ហើយ​ស្រឡាំង‌កាំង​ទៅ!

-នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

13 ប្រជាជន​របស់​យើង​ប្រព្រឹត្ត​អាក្រក់​ពីរ​យ៉ាង

គឺ​គេ​បោះ​បង់​យើង​ដែល​ជា​ប្រភព​ទឹក​កំពុង​ហូរ

បែរ​ទៅ​ជីក​អណ្ដូង ជីក​ស្រះ​ដែល​តែង‌តែ​ប្រេះ

មិន​អាច​ទុក​ទឹក​បាន​នោះ​ទៅ​វិញ។

14 តើ​អ៊ីស្រា‌អែល​ជា​ទាសករ​ដែល​គេ​ទិញ​មក

ឬ​ជា​ទាសករ​ដែល​កើត​ក្នុង​ផ្ទះ

បាន​ជា​សាសន៍​ដទៃ​នាំ​គ្នា​វាយ​ដណ្ដើម

ពួក​គេ​ដូច្នេះ?

15 ពួក​គេ​គ្រហឹម​ដាក់​អ៊ីស្រា‌អែល​ដូច​សិង្ហ​គ្រហឹម

ពួក​គេ​ស្រែក​គំរាម និង​បំផ្លាញ​ស្រុក

ឲ្យ​វិនាស​ហិន‌ហោច

ពួក​គេ​ដុត​ក្រុង​ទាំង‌ឡាយ

ហើយ​គ្មាន​នរណា​រស់​ក្នុង​ក្រុង​នោះ​ទៀត​ទេ។

16 សូម្បី​តែ​ជន​ជាតិ​ណូប និង​ជន​ជាតិ​តាប៉ាណែស

ក៏​នាំ​គ្នា​កោរ​សក់​អ៊ីស្រា‌អែល

នាំ​យក​ទៅ​ជា​ឈ្លើយ​ដែរ។

17 អ្នក​ជួប​ទុក្ខ​វេទនា​បែប​នេះ មក​ពី​អ្នក​បោះ​បង់

ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​អ្នក

ក្នុង​ពេល​ដែល​ព្រះ‌អង្គ​កំពុង​ដឹក​នាំ​អ្នក។

18 ឥឡូវ​នេះ តើ​មាន​អ្វី​ទាក់‌ទាញ​អ្នក​ឲ្យ​ទៅ

ស្រុក​អេស៊ីប ទៅ​រក​ផឹក​ទឹក​ទន្លេ​នីល​ឬ?

តើ​មាន​អ្វី​ទាក់‌ទាញ​អ្នក​ឲ្យ​ទៅ​ស្រុក​អាស្ស៊ីរី

ទៅ​រក​ផឹក​ទឹក​ទន្លេ​អឺប្រាត​ឬ?

19 ចូរ​ឲ្យ​អំពើ​អាក្រក់​របស់​អ្នក​ដាក់​ទោស​អ្នក

ចូរ​ឲ្យ​អំពើ​ក្បត់​របស់​អ្នក​ផ្តន្ទា​អ្នក។

ដូច្នេះ អ្នក​នឹង​ដឹង​ច្បាស់​ថា ការ​បោះ​បង់

និង​ការ​មិន​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់

ជា​ព្រះ​របស់​អ្នក

នាំ​ឲ្យ​អ្នក​រង​ទុក្ខ​វេទនា​ដ៏​ជូរ​ចត់។

- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់

នៃ​ពិភព​ទាំង​មូល។

អ៊ីស្រា‌អែល​ក្បត់​ព្រះ‌ជាម្ចាស់

20 តាំង​ពី​យូរ‌យារ​ណាស់​មក​ហើយ

អ្នក​បាន​បះ‌បោរ​ប្រឆាំង​នឹង​យើង

ព្រម​ទាំង​ផ្ដាច់​ចំណង​មេត្រី​ពី​យើង។

អ្នក​បាន​ពោល​ថា:

“ខ្ញុំ​មិន​ចង់​ធ្វើ​ជា​ទាសករ​ទៀត​ទេ!”។

អ្នក​បាន​ផិត​ក្បត់​យើង

ទៅ​ថ្វាយ‌បង្គំ​ព្រះ​នានា​នៅ​តាម​កំពូល​ភ្នំ

និង​នៅ​ក្រោម​ដើម​ឈើ​ដែល​មាន​ស្លឹក​ខៀវ​ខ្ចី។

21 យើង​បាន​ដាំ​អ្នក ហើយ​អ្នក​ប្រៀប​បាន​នឹង

ទំពាំង‌បាយ‌ជូរ​មួយ​ដើម​ដ៏​ល្អ​ប្រណីត

គឺ​ដើម​ទំពាំង‌បាយ‌ជូរ​សុទ្ធ

ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​ប្រែ​ជា

ដើម​ទំពាំង‌បាយ‌ជូរ​ក្លាយ

ដែល​គ្មាន​ផ្លែ​ល្អ​ទៅ​វិញ​ដូច្នេះ?

22 ទោះ​បី​អ្នក​យក​មេ​សាប៊ូ​ដ៏​ច្រើន

មក​លាង​សំអាត និង​ជម្រះ​ខ្លួន​ក្តី

ក៏​កំហុស​របស់​អ្នក​នៅ​ជាប់​ដូច​ក្អែល​កាន់

ចំពោះ​មុខ​យើង​ជា‌និច្ច

- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

23 ហេតុ​អ្វី​បាន​ជា​អ្នក​ហ៊ាន​ពោល​ថា:

“ខ្ញុំ​មិន​បាន​ធ្វើ​ឲ្យ​ខ្លួន​សៅហ្មង​ទេ

ខ្ញុំ​ក៏​មិន​បាន​រត់​តាម​ព្រះ​បាល​ដែរ”។

មើល​ចុះ ដាន​ជើង​របស់​អ្នក​នៅ​តាម​ជ្រលង​ភ្នំ

ចូរ​ទទួល​ស្គាល់​អំពើ​ដែល​អ្នក​ប្រព្រឹត្ត

អ្នក​ប្រៀប​បាន​នឹង​អូដ្ឋ​ញី​ដែល​រត់​ឆ្វេច‌ឆ្វាច។

24 អ្នក​ប្រៀប​បាន​នឹង​លា​ញី​ព្រៃ

ដែល​ធ្លាប់​តែ​រស់​នៅ​តាម​វាល​រហោ‌ស្ថាន

ត្រូវ​តណ្ហា​ជំរុញ​ឲ្យ​រត់​ទៅ​គ្រប់​ទី​កន្លែង

គ្មាន​នរណា​អាច​ទប់​បាន​ឡើយ។

លា​ឈ្មោល​ដែល​ចង់​បាន​វា

មិន​បាច់​ខំ​ប្រឹង​រត់​ទៅ​ណា​ឆ្ងាយ​ទេ

គឺ​នៅ​ពេល​ណា​តណ្ហា​ពុះ​កញ្ជ្រោល

លា​ឈ្មោល​អាច​រក​វា​ឃើញ​យ៉ាង​ងាយ​ស្រួល។

25 យើង​បាន​ប្រាប់​អ្នក​ឲ្យ​ប្រុង​ប្រយ័ត្ន​ខ្លួន

បើ​ប្រឹង​រត់​ដូច្នេះ ក្រែង​មុត​ជើង

ហើយ​ស្ងួត​បំពង់​ក!

ប៉ុន្តែ អ្នក​តប​វិញ​ថា “មិន​បាច់​ហាម‌ប្រាម​ខ្ញុំ​ទេ

ខ្ញុំ​ស្រឡាញ់​ព្រះ​ឯ​ទៀតៗ

ហើយ​ខ្ញុំ​ត្រូវ​តែ​រត់​ទៅ​តាម​ព្រះ​ទាំង​នោះ”។

26 ជន​ជាតិ​អ៊ីស្រា‌អែល ទាំង​ស្តេច ទាំង​នាម៉ឺន

ទាំង​បូជា‌ចារ្យ ទាំង​ព្យាការី

នឹង​ត្រូវ​អាម៉ាស់ ដូច​ចោរ​ដែល​គេ​តាម​ទាន់

ក្នុង​ពេល​កំពុង​តែ​លួច។

27 គេ​ពោល​ទៅ​កាន់​រូប​ធ្វើ​ពី​ឈើ​ថា

“ព្រះ‌អង្គ​ជា​ព្រះ‌បិតា​របស់​ខ្ញុំ!”

ហើយ​ពោល​ទៅ​កាន់​រូប​ធ្វើ​ពី​ថ្ម​ថា

“ព្រះ‌អង្គ​បាន​ឲ្យ​កំណើត​ខ្ញុំ!”។

ពួក​គេ​បាន​ងាក​មុខ​ចេញ​ពី​យើង

ហើយ​បែរ​ខ្នង​ដាក់​យើង​វិញ

តែ​ពេល​ណា​មាន​ទុក្ខ ពួក​គេ​ពោល​មក​យើង​ថា

“សូម​តើន​ឡើង! សូម​សង្គ្រោះ​យើង​ខ្ញុំ​ផង!”។

28 ជន​ជាតិ​យូដា​អើយ ចុះ​ព្រះ​ដែល​អ្នក​បាន

សូន​ធ្វើ​នោះ ទៅ​ណា​បាត់​អស់​ហើយ?

ប្រសិន​បើ​ព្រះ​ទាំង​នោះ​ជួយ​សង្គ្រោះ​អ្នក​បាន

នៅ​ពេល​អ្នក​មាន​ទុក្ខ

ម្ដេច​ក៏​មិន​ហៅ​ព្រះ​ទាំង​នោះ​ទៅ?

ដ្បិត​អ្នក​មាន​ព្រះ​ច្រើន​ដូច​ទីក្រុង​ដែរ!

29 ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​រក​រឿង

យើង​ដូច្នេះ?

អ្នក​រាល់​គ្នា​បាន​បះ‌បោរ​ប្រឆាំង​នឹង​យើង

- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

30 យើង​បាន​វាយ​ប្រដៅ​កូន​ចៅ​អ្នក​រាល់​គ្នា

តែ​គ្មាន​ផល​ប្រយោជន៍​អ្វី​សោះ

ដ្បិត​ពួក​គេ​មិន​ព្រម​រាង‌ចាល​ទេ

អ្នក​រាល់​គ្នា​ប្រៀប​បាន​នឹង​សិង្ហ​សាហាវ

គឺ​អ្នក​រាល់​គ្នា​បាន​ប្រហារ​ពួក​ព្យាការី*

របស់​អ្នក​រាល់​គ្នា។

31 (សូម​ឲ្យ​អ្នក​នៅ​ជំនាន់​នេះ​យក

ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ទៅ​ពិចារណា​ចុះ!)

អ៊ីស្រា‌អែល​អើយ តើ​យើង​ប្រៀប​បាន​នឹង

វាល​រហោ‌ស្ថាន ឬ​ស្រុក​ដ៏​ងងឹត

សម្រាប់​អ្នក​រាល់​គ្នា​ឬ?

ហេតុ​អ្វី​បាន​ជា​ប្រជាជន​របស់​យើង​ពោល​ថា

“យើង​ជា​មនុស្ស​មាន​សេរី‌ភាព

យើង​មិន​ចង់​វិល​ទៅ​រក​ព្រះ‌អង្គ​វិញ​ទេ!”។

32 មិន​ដែល​មាន​ស្ត្រី​ក្រមុំ​ណា

ភ្លេច​គ្រឿង​អលង្ការ​របស់​ខ្លួន

ហើយ​ក្រមុំ​ដែល​ត្រូវ​រៀប‌ការ​ក៏​មិន​ភ្លេច

ខ្សែ​ក្រវាត់​មាស​របស់​ខ្លួន​ដែរ។

រីឯ​ប្រជាជន​របស់​យើង​វិញ គេ​បាន​ភ្លេច​យើង

តាំង​ពី​យូរ‌លង់​ណាស់​មក​ហើយ។

33 អ្នក​ប្រសប់​ស្វែង​រក​សង្សារ​ណាស់

ដោយ​អ្នក​ធ្លាប់​ប្រព្រឹត្ត​អំពើ​អាក្រក់​ពេក

អ្នក​លែង​យល់​ថា

អំពើ​នោះ​ជា​អំពើ​អាក្រក់​ទៀត​ហើយ។

34 អាវ​របស់​អ្នក​ប្រឡាក់​ទៅ​ដោយ​ឈាម

របស់​ជន​ក្រីក្រ

គឺ​ឈាម​មនុស្ស​ស្លូត​ត្រង់​ដែល​ពុំ​បាន​ទម្លុះ

ទ្វារ​ប្លន់​យក​ទ្រព្យ‌សម្បត្តិ​របស់​អ្នក​ឡើយ។

35 ទោះ​ជា​យ៉ាង​នេះ​ក្តី អ្នក​ហ៊ាន​ពោល​ថា

“ខ្ញុំ​គ្មាន​កំហុស​អ្វី​សោះ

ព្រះ‌អង្គ​មុខ​ជា​មិន​ព្រះ‌ពិរោធ​នឹង​ខ្ញុំ​ទេ”។

ដោយ​អ្នក​ពោល​ថា ខ្លួន​ពុំ​បាន​ធ្វើ​អ្វី​ខុស​ទេ​នោះ

យើង​នឹង​នាំ​អ្នក​ទៅ​តុលាការ។

36 ហេតុ​អ្វី​បាន​ជា​អ្នក​ឆាប់​ដូរ​គំនិត​ដូច្នេះ

ស្រុក​អេស៊ីប​នឹង​ធ្វើ​ឲ្យ​អ្នក​ខក​ចិត្ត

ដូច​ស្រុក​អាស្ស៊ីរី​ធ្លាប់​ធ្វើ​ឲ្យ​អ្នក​ខក​ចិត្ត​ដែរ។

37 អ្នក​នឹង​ចេញ​ពី​ស្រុក​នោះ​មក​វិញ

ទាំង​ដើរ​ទូល​ដៃ​លើ​ក្បាល

ដ្បិត​ព្រះ‌អម្ចាស់​មិន​យល់​ស្រប​ឲ្យ

អ្នក​ទៅ​រក​ពឹង​ផ្អែក​ប្រជា‌ជាតិ​នោះ​ទេ

ពួក​គេ​ពុំ​អាច​ជួយ​អ្នក​ឡើយ»។