ជំពូក ៤៦

សេចក្ដី​ប្រកាស​អំពី​ប្រជា‌ជាតិ​នានា

ព្រះ‌បន្ទូល​ស្តី​អំពី​ស្រុក​អេស៊ីប

1 នេះ​ជា​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​ថ្លែង​មក​កាន់​លោក​យេរេមី ស្តី​អំពី​ប្រជា‌ជាតិ​ទាំង‌ឡាយ។
2 នៅ​ឆ្នាំ​ទី​បួន​នៃ​រជ្ជកាល​ព្រះ‌បាទ​យ៉ូ‌យ៉ាគីម ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូស្យាស ស្តេច​ស្រុក​យូដា ព្រះ‌ចៅ​ផារ៉ោន‌នេកូ ជា​ស្តេច​ស្រុក​អេស៊ីប ស្ថិត​នៅ​ក្រុង​កាកេមីស​ជិត​ទន្លេ​អឺប្រាត ហើយ​ច្បាំង​ចាញ់​ព្រះ‌ចៅ​នេប៊ូ‌កានេសារ ជា​ស្តេច​ស្រុក​បាប៊ីឡូន។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ស្តី​អំពី​ស្រុក​អេស៊ីប និង​កង‌ទ័ព​របស់​ព្រះ‌ចៅ​ផារ៉ោន‌នេកូ ដូច​ត​ទៅ៖

3 «ពួក​មេ‌ទ័ព​អេស៊ីប​ស្រែក​ឡើង​ថា:

ចូរ​តំរៀប​គ្នា​ជា​ក្បួន​ទ័ព​តូច ឬ​ធំ

ចូរ​រៀប‌ចំ​ខ្លួន​ចូល​ច្បាំង!

4 ទ័ព‌សេះ​ត្រូវ​ចង​បង្ហៀរ​សេះ

ហើយ​ឡើង​ជិះ​ទៅ!

ចូរ​តំរៀប​គ្នា​ជា​ជួរ ពាក់​មួក​ដែក

សំលៀង​មុខ​លំពែង

ហើយ​ពាក់​អាវ‌ក្រោះ​ទៅ!

5 ប៉ុន្តែ ហេតុ​អ្វី​បាន​ជា​យើង​ឃើញ​ពួក​គេ

ធ្លាក់​ទឹក​ចិត្ត​ដូច្នេះ?

ពួក​គេ​នាំ​គ្នា​ដក​ទ័ព​ថយ

ទាហាន​ដ៏​ខ្លាំង​ពូកែ​ត្រូវ​ខ្មាំង​សម្លាប់

ពួក​គេ​បាក់​ទ័ព​រត់ ឥត​បែរ​ក្រោយ​ឡើយ

ការ​ព្រឺ‌ខ្លាច​ស្ថិត​នៅ​គ្រប់​ទី​កន្លែង

- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

6 អ្នក​រត់​លឿន​ពុំ​អាច​រត់​រួច​ខ្លួន​ឡើយ!

អ្នក​ខ្លាំង​ពូកែ​ក៏​ពុំ​អាច​គេច​ខ្លួន​ដែរ!

នៅ​ទិស​ខាង​ជើង

ពួក​គេ​នឹង​ជំពប់​ដួល​ត្រង់​ដៃ​ទន្លេ​អឺប្រាត។

7 តើ​នរណា​ប្រៀប​ដូច​ទន្លេ​នីល​ជន់‌ជោរ​ឡើង

ហើយ​ប្រៀប​ដូច​ទឹក​ទន្លេ​ហូរ​លិច​ច្រាំង?

8 គឺ​ស្រុក​អេស៊ីប​នេះ​ហើយ​ដែល​ប្រៀប​ដូច

ទន្លេ​នីល​ជន់‌ជោរ​ឡើង

ហើយ​ប្រៀប​ដូច​ទឹក​ទន្លេ​ហូរ​លិច​ច្រាំង

ដ្បិត​គេ​ពោល​ថា:

ខ្ញុំ​នឹង​ជន់​ឡើង​លិច​ផែន‌ដី ខ្ញុំ​នឹង​វាយ​ក្រុង

ព្រម​ទាំង​ប្រជាជន​ទាំង​អស់​ឲ្យ​វិនាស។

9 ចូរ​នាំ​គ្នា​ឡើង​ជិះ​សេះ វាយ​សម្រុក​ទៅ!

រទេះ​ចម្បាំង ចូរ​សម្រុក​ទៅ​មុខ​យ៉ាង​លឿន!

ទាហាន​ដ៏​ខ្លាំង​ពូកែ ពី​ស្រុក​អេត្យូ‌ពី ស្រុក​ពូធ

ដែល​ជា​អ្នក​កាន់​ខែល

និង​ទាហាន​ពី​ស្រុក​លូធ​ដែល​ជា​អ្នក​បាញ់​ព្រួញ

ចូរ​នាំ​គ្នា​ចេញ​ទៅ​ដែរ!

10 ប៉ុន្តែ ថ្ងៃ​នោះ​ជា​ថ្ងៃ​ដែល​ព្រះ‌ជា‌អម្ចាស់

សង‌សឹក​ខ្មាំង​សត្រូវ។

មនុស្ស​ជា​ច្រើន​នឹង​ស្លាប់​ដោយ​មុខ​ដាវ

ហើយ​មាន​ឈាម​ដាប​គ្រប់​ទិស‌ទី។

ថ្ងៃ​នោះ​ជា​ថ្ងៃ​ដែល​ព្រះ‌ជា‌អម្ចាស់

នៃ​ពិភព​ទាំង​មូល ធ្វើ​យញ្ញ‌បូជា

នៅ​ស្រុក​ខាង​ជើង

តាម​មាត់​ទន្លេ​អឺប្រាត។

11 ជន​ជាតិ​អេស៊ីប​អើយ

ចូរ​ឡើង​ទៅ​ស្រុក​កាឡាដ​រក​ប្រេង​មក​រឹត

ទើប​បាន​ធូរ​ស្បើយ!

តែ​ត្រូវ​ដឹង​ថា មិន​បាច់​ខំ​ប្រឹង​រក​ថ្នាំ​ច្រើន​មុខ​ទេ

ព្រោះ​គ្មាន​ថ្នាំ​ណា​ស័ក្តិ‌សិទ្ធិ

ជួយ​អ្នក​ឲ្យ​ជា​សះ‌ស្បើយ​ឡើយ។

12 ប្រជា‌ជាតិ​នានា​ទទួល​ដំណឹង​ថា អ្នក​ត្រូវ​អាម៉ាស់

ព្រោះ​សម្រែក​របស់​អ្នក

លាន់​ឮ​ពាស‌ពេញ​លើ​ផែន‌ដី។

ទាហាន​ដ៏​ខ្លាំង​ពូកែ​រត់​បុក​គ្នា

ដួល​ស្លាប់​ទាំង​ពីរ​នាក់»។

13 នេះ​ជា​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​ថ្លែង​ប្រាប់​ព្យាការី​យេរេមី​អំពី​ព្រះ‌ចៅ​នេប៊ូ‌កានេសារ ជា​ស្តេច​ស្រុក​បាប៊ីឡូន ត្រូវ​ទៅ​វាយ​ស្រុក​អេស៊ីប៖

14 «ចូរ​ប្រកាស​នៅ​ស្រុក​អេស៊ីប

ចូរ​ប្រាប់​ឲ្យ​គេ​ដឹង​នៅ​ក្រុង​មីគដូល

ចូរ​ប្រាប់​ឲ្យ​គេ​ដឹង​នៅ​ក្រុង​ណូប

និង​ក្រុង​តាផា‌ណែស!

ត្រូវ​ពោល​ថា ចូរ​រៀប‌ចំ​ខ្លួន និង​ត្រៀម​ខ្លួន​ទៅ

ដ្បិត​សង្គ្រាម​ផ្ទុះ​ឡើង​នៅ​ជុំ‌វិញ​អ្នក​ហើយ!

15 ហេតុ​អ្វី​បាន​ជា​ព្រះ​គោ​ដ៏​ខ្លាំង​ពូកែ​របស់​អ្នក

បែរ​ជា​អស់​ឫទ្ធិ​ដូច្នេះ?

នៅ​ពេល​ព្រះ‌អម្ចាស់​ផ្តួល​រំលំ

ពួក​គេ​ពុំ​អាច​ឈរ​មាំ​បាន​ឡើយ។

16 ព្រះ‌អង្គ​ក៏​បាន​ផ្តួល​ទាហាន​មួយ​ចំនួន​ធំ​ដែរ

ពួក​គេ​ដួល​គរ​លើ​គ្នា ទាំង​ពោល​ថា

ចូរ​យើង​ក្រោក​ឡើង វិល​ត្រឡប់​ទៅ​ស្រុក​យើង

វិល​ត្រឡប់​ទៅ​មាតុ‌ភូមិ​របស់​យើង​វិញ

ដើម្បី​គេច​ឲ្យ​ផុត​ពី​សង្គ្រាម​ដ៏​សាហាវ​នេះ។

17 នៅ​ទី​នោះ គេ​នឹង​ដាក់​ងារ​ព្រះ‌ចៅ​ផារ៉ោន

ជា​ស្តេច​ស្រុក​អេស៊ីប​ថា

“កោកៗ តែ​ឥត​បាន​ការ​អ្វី!”»។

18 ព្រះ‌មហា​ក្សត្រ​ដែល​មាន​ព្រះ‌នាម​ថា

ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល

មាន​ព្រះ‌បន្ទូល ដោយ​យក​ព្រះ‌ជន្ម​របស់

ព្រះ‌អង្គ​ផ្ទាល់​ជា​សាក្សី​ថា៖

«ថាប៊រ ពិត​ជា​ភ្នំ​មួយ​ក្នុង​ចំណោម​ភ្នំ​ឯ​ទៀតៗ

ហើយ​ភ្នំ​កាម៉ែល​នៅ​ជាប់​នឹង​សមុទ្រ​យ៉ាង​ណា

ខ្មាំង​សត្រូវ​ពិត​ជា​មក​ដល់​យ៉ាង​នោះ​ដែរ។

19 ប្រជាជន​ស្រុក​អេស៊ីប​អើយ

ចូរ​វេច​បង្វេច​ទៅ

ដ្បិត​ខ្មាំង​នឹង​កៀរ​អ្នក​ទៅ​ជា​ឈ្លើយ។

ក្រុង​ណូប​នឹង​ក្លាយ​ទៅ​ជា​ទី​ស្មសាន

ជា​កន្លែង​ដែល​ឆេះ​ខ្ទេច‌ខ្ទី

គ្មាន​នរណា​រស់​នៅ។

20 ស្រុក​អេស៊ីប​ប្រៀប​បាន​នឹង​គោ​ញី​ស្ទាវ​ដ៏​ស្អាត

តែ​នឹង​មាន​មូស​ដ៏​សាហាវ

ពី​ទិស​ខាង​ជើង​មក​ខាំ។

21 ពួក​ទាហាន​ដែល​ស្រុក​អេស៊ីប​ជួល​មក​ច្បាំង

ឲ្យ​ពួក​គេ

សុទ្ធ​តែ​មាន​សាច់​មាន​ឈាម​ដូច​គោ​បំប៉ន

តែ​ទាហាន​ទាំង​នោះ​ក៏​បក​ក្រោយ​ដែរ

គេ​រត់​ទាំង​អស់​គ្នា គ្មាន​នរណា​ស៊ូ‌ទ្រាំ​បាន​ទេ

ដ្បិត​ថ្ងៃ​មហន្ត‌រាយ

គឺ​ជា​ពេល​ដែល​យើង​ដាក់​ទោស​ពួក​គេ

បាន​ធ្លាក់​មក​លើ​ពួក​គេ​ហើយ។

22 ពេល​សត្រូវ​លើក​ទ័ព​មក​វាយ​លុក​ពួក​គេ

កង‌ទ័ព​អេស៊ីប​នាំ​គ្នា​រត់​ទៅ យ៉ាង​ស្ងៀម‌ស្ងាត់

ដូច​ពស់​ដែល​កំពុង​លូន។

សត្រូវ​មក​វាយ​ពួក​គេ ដូច​អ្នក​កាប់​អុស

កាន់​ពូថៅ បម្រុង​កាប់​រំលំ​ដើម​ឈើ។

23 ទ័ព​សត្រូវ​នាំ​គ្នា​កាប់​ព្រៃ​ឈើ

ទោះ​បី​ព្រៃ​នោះ​ពិបាក​ចូល​ក៏​ដោយ

ដ្បិត​ពួក​គេ​មាន​ចំនួន​ច្រើន​ឥត​គណនា

គឺ​ច្រើន​ជាង​ហ្វូង​កណ្ដូប​ទៅ​ទៀត។

- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

24 ប្រជាជន​នៅ​ស្រុក​អេស៊ីប​ត្រូវ​អាម៉ាស់

ពួក​គេ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ប្រជាជន

ដែល​មក​ពី​ទិស​ខាង​ជើង»។

25ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​របស់

ជន​ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ថា៖

«យើង​នឹង​ដាក់​ទោស​អាំម៉ូន ជា​ព្រះ​នៃ​ក្រុង​ណូ

ព្រម​ទាំង​ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីប

គឺ​យើង​ដាក់​ទោស​ព្រះ និង​ស្តេច​ស្រុក​អេស៊ីប

យើង​ដាក់​ទោស​ផារ៉ោន និង​អស់​អ្នក​ដែល

ផ្ញើ​ជីវិត​លើ​ស្តេច​នេះ។

26 យើង​នឹង​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់

អស់​អ្នក​ដែល​ចង់​ប្រហារ​ជីវិត​ពួក​គេ

គឺ​ក្នុង​កណ្ដាប់​ដៃ​របស់​នេប៊ូ‌កានេសារ

ជា​ស្តេច​ស្រុក​បាប៊ីឡូន

និង​ក្នុង​កណ្ដាប់​ដៃ​នាយ​ទាហាន​របស់​គេ។

ក្រោយ​មក​ទៀត ស្រុក​អេស៊ីប​នឹង​មាន

មនុស្ស​រស់​នៅ ដូច​កាល​ពី​មុន

- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

27 កូន​ចៅ​យ៉ាកុប​ជា​អ្នក​បម្រើ​របស់​យើង​អើយ

កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ!

កូន​ចៅ​អ៊ីស្រា‌អែល​អើយ កុំ​អស់​សង្ឃឹម!

យើង​នឹង​សង្គ្រោះ​អ្នក​ឲ្យ​វិល​ត្រឡប់

មក​ពី​ទឹក​ដី​ដ៏​ឆ្ងាយ​វិញ

យើង​នឹង​សង្គ្រោះ​ពូជ‌ពង្ស​របស់​អ្នក

ពី​ស្រុក​ដែល​គេ​ជាប់​ជា​ឈ្លើយ។

កូន​ចៅ​យ៉ាកុប​នឹង​វិល​មក​វិញ

គេ​នឹង​រស់​នៅ​យ៉ាង​សុខ​ក្សេម‌ក្សាន្ត

គ្មាន​នរណា​មក​ធ្វើ​ទុក្ខ​គេ​ទៀត​ឡើយ។

28 កូន​ចៅ​យ៉ាកុប​ជា​អ្នក​បម្រើ​របស់​យើង​អើយ

កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ!

- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ -

យើង​ស្ថិត​នៅ​ជា​មួយ​អ្នក

យើង​នឹង​លុប​បំបាត់​ប្រជា‌ជាតិ​នានា

ដែល​យើង​បាន​កម្ចាត់‌កម្ចាយ​អ្នក

ឲ្យ​ទៅ​នៅ​ក្នុង​ចំណោម​ពួក​គេ

តែ​យើង​មិន​លុប​បំបាត់​អ្នក​ឡើយ។

យើង​បាន​ដាក់​ទោស​អ្នក​ដោយ​យុត្តិធម៌

យើង​មិន​អាច​ចាត់​ទុក​អ្នក​ថា

គ្មាន​ទោស​ទេ»។