ជំពូក ៧

លោក​យេរេមី​ប្រកាស​ព្រះ‌បន្ទូល​នៅ​ក្នុង​ព្រះ‌វិហារ

(សូម​ប្រៀប‌ធៀប យេរេមី ២៦.១-១៩)

1ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​យេរេមី​ដូច​ត​ទៅ៖ 2 «ចូរ​ទៅ​ឈរ​នៅ​មាត់​ទ្វារ​ព្រះ‌វិហារ ហើយ​ប្រកាស​ពាក្យ​នេះ​ថា: អ្នក​ទាំង​អស់​គ្នា​ជា​ជន​ជាតិ​យូដា​អើយ! អ្នក​រាល់​គ្នា​ចូល​តាម​ទ្វារ​ទាំង​នេះ ដើម្បី​ទៅ​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ ចូរ​នាំ​គ្នា​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ! 3ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ដែល​ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ថា: ចូរ​កែ​ប្រែ​កិរិយា​មារយាទ និង​លះ‌បង់​អំពើ​អាក្រក់​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ទៅ នោះ​យើង​នឹង​ទុក​ឲ្យ​អ្នក​រាល់​គ្នា​ចូល​មក​ទី​នេះ​ត​ទៅ​មុខ​ទៀត។ 4 មិន​ត្រូវ​អះ‌អាង​លើ​ពាក្យ ដែល​អ្នក​រាល់​គ្នា​ធ្លាប់​បញ្ឆោត​ខ្លួន​ឯង​ថា “ទី​នេះ​ជា​ព្រះ‌វិហារ​របស់​ព្រះ‌អម្ចាស់! ព្រះ‌វិហារ​របស់​ព្រះ‌អម្ចាស់! ព្រះ‌វិហារ​របស់​ព្រះ‌អម្ចាស់!” ឡើយ។ 5 ចូរ​កែ​ប្រែ​កិរិយា​មារយាទ និង​លះ‌បង់​អំពើ​អាក្រក់​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត។ ចូរ​រក​យុត្តិធម៌​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។ 6 ចូរ​ឈប់​ជិះ‌ជាន់​ជន​បរទេស ក្មេង​កំព្រា និង​ស្ត្រី‌មេម៉ាយ ចូរ​ឈប់​ប្រហារ​ជីវិត​ជន​ស្លូត​ត្រង់​នៅ​ទី​នេះ ហើយ​ឈប់​រត់​ទៅ​គោរព​ព្រះ​ដទៃ​ដែល​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ត្រូវ​វេទនា។ 7 ប្រសិន​បើ​អ្នក​រាល់​គ្នា​ធ្វើ​ដូច្នេះ យើង​នឹង​ទុក​ឲ្យ​អ្នក​រាល់​គ្នា​រស់​នៅ​ទី​នេះ គឺ​នៅ​ក្នុង​ស្រុក​ដែល​យើង​ប្រគល់​ឲ្យ​ដូន‌តា​របស់​អ្នក​រាល់​គ្នា តាំង​ពី​ដើម​រៀង​មក ហើយ​អស់‌កល្ប​ត​រៀង​ទៅ។

ផ្ទុយ​ទៅ​វិញ អ្នក​រាល់​គ្នា​អះ‌អាង​លើ​ពាក្យ​ដែល​អ្នក​រាល់​គ្នា​បញ្ឆោត​ខ្លួន​ឯង ជា​ពាក្យ​ឥត​បាន​ការ​នោះ​ទៅ​វិញ។ 9 អ្នក​រាល់​គ្នា​លួច​ប្លន់ កាប់​សម្លាប់ ផិត​ក្បត់ ស្បថ​បំពាន ដុត​គ្រឿង​សក្ការ​បូជា​ថ្វាយ​ព្រះ​បាល និង​រត់​ទៅ​គោរព​ព្រះ​ដទៃ ដែល​អ្នក​រាល់​គ្នា​ពុំ​ស្គាល់​ពី​មុន 10 រួច​ហើយ​នាំ​គ្នា​ចូល​មក​ថ្វាយ‌បង្គំ​យើង​ក្នុង​ព្រះ‌វិហារ​នេះ ដែល​ជា​ដំណាក់​របស់​យើង។ អ្នក​រាល់​គ្នា​ហ៊ាន​ប្រកាស​ថា “នៅ​កន្លែង​នេះ យើង​រួច​ខ្លួន!”។ អ្នក​រាល់​គ្នា​ពោល​ដូច្នេះ ហើយ​ប្រព្រឹត្ត​អំពើ​គួរ​ឲ្យ​ស្អប់​ខ្ពើម​ត​ទៅ​ទៀត។ 11 តើ​អ្នក​រាល់​គ្នា​ស្មាន​ថា ព្រះ‌វិហារ ដែល​ជា​ដំណាក់​របស់​យើង​នេះ ជា​សំបុក​ចោរ​ឬ? តាម​ពិត យើង​ឃើញ​ថា ទី​នេះ​ពិត​ជា​សំបុក​ចោរ​មែន!» -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

12 «ចូរ​នាំ​គ្នា​ទៅ​ទី‌សក្ការៈ​របស់​យើង​នៅ​ស៊ីឡូ ដែល​ជា​ដំណាក់​របស់​យើង​កាល​ពី​មុន​នោះ ហើយ​សង្កេត​មើល​ទៅ! ដោយ‌សារ​អំពើ​ទុច្ចរិត​របស់​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ដ្រ​របស់​យើង យើង​បាន​បំផ្លាញ​ទី​នោះ​ឲ្យ​ខ្ទេច‌ខ្ទី»។ 13ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «ដោយ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ទាំង​នេះ ដោយ​អ្នក​រាល់​គ្នា​ពុំ​ស្ដាប់​ពាក្យ​យើង គឺ​ទោះ​បី​យើង​និយាយ​ជា​មួយ​អ្នក​រាល់​គ្នា​តាំង​ពី​ដំបូង​មក​ក្តី ហើយ​ដោយ​អ្នក​រាល់​គ្នា​ពុំ​បាន​ឆ្លើយ នៅ​ពេល​យើង​ស្រែក​ហៅ 14 យើង​នឹង​ប្រព្រឹត្ត​ចំពោះ​ព្រះ‌វិហារ​នេះ ដូច​យើង​បាន​ប្រព្រឹត្ត​ចំពោះ​ស៊ីឡូ​ដែរ ទោះ​បី​ទី​នេះ​ជា​ដំណាក់​របស់​យើង ជា​កន្លែង​ដែល​អ្នក​រាល់​គ្នា​ទុក​ចិត្ត ហើយ​ជា​កន្លែង​ដែល​យើង​បាន​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា និង​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​ក៏​ដោយ។ 15 យើង​នឹង​បំបរ‌បង់​អ្នក​រាល់​គ្នា ឲ្យ​ឆ្ងាយ​ពី​យើង ដូច​យើង​បាន​បំបរ‌បង់​ពួក​អេប្រា‌អ៊ីម​ទាំង​មូល​ជា​បង‌ប្អូន​របស់​អ្នក​រាល់​គ្នា​ដែរ»។

ពាក្យ​ទូល‌អង្វរ​ដែល​ព្រះ‌អម្ចាស់​ពុំ​អាច​ឆ្លើយ​តប​បាន

16 «រីឯ​អ្នក​វិញ កុំ​ទូល‌អង្វរ​យើង​សម្រាប់​ប្រជាជន​នេះ កុំ​បន្លឺ​សំឡេង​អធិស្ឋាន ឬ​ទទូច​សុំ​ឲ្យ​យើង​ប្រណី​ពួក​គេ​ឡើយ យើង​មិន​ស្ដាប់​ពាក្យ​អ្នក​ទេ។ 17 តើ​អ្នក​មិន​ឃើញ​អំពើ​ដែល​គេ​ប្រព្រឹត្ត​នៅ​តាម​ក្រុង​នានា​ក្នុង​ស្រុក​យូដា និង​តាម​ដង​ផ្លូវ​ក្នុង​ក្រុង​យេរូ‌សាឡឹម​ទេ​ឬ? 18 កូនៗ​នាំ​គ្នា​ដើរ​រើស​អុស ឪពុក​បង្កាត់​ភ្លើង ហើយ​ម្ដាយ​ច្របាច់​ម្សៅ​ធ្វើ​នំ​ថ្វាយ​ព្រះ‌នាង​ម្ចាស់​សួគ៌ ពួក​គេ​ច្រួច‌ស្រា​ថ្វាយ​ព្រះ‌ដទៃ ដើម្បី​បញ្ឈឺ​ចិត្ត​យើង។ 19 តាម​ពិត មិន​មែន​យើង​ទេ​ដែល​ឈឺ​ចិត្ត គឺ​ពួក​គេ​វិញ​ឯ‌ណោះ​ដែល​ឈឺ​ចិត្ត ព្រោះ​ត្រូវ​អាម៉ាស់​មុខ!» -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ 20 ហេតុ​នេះ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «យើង​ជះ​កំហឹង​ដ៏​ខ្លាំង​របស់​យើង​មក​លើ​កន្លែង​នេះ គឺ​លើ​មនុស្ស សត្វ ព្រៃ​ព្រឹក្សា និង​ដំណាំ​ដែល​ដុះ​ចេញ​ពី​ដី។ កំហឹង​នេះ​ប្រៀប​បាន​នឹង​ភ្លើង ដែល​ឆេះ​ពុំ​រលត់​ឡើយ»។

21ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ដែល​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​បន្ថែម​តង្វាយ​ដុត​ពី​លើ​យញ្ញ‌បូជា​របស់​អ្នក​រាល់​គ្នា ហើយ​បរិភោគ​សាច់​នោះ​ខ្លួន​ឯង​ទៅ 22 ដ្បិត​នៅ​ថ្ងៃ​ដែល​យើង​បាន​នាំ​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប យើង​ពុំ​បាន​និយាយ​អ្វី​ជា​មួយ​ពួក​គេ ហើយ​យើង​ក៏​ពុំ​បាន​បង្គាប់​ពួក​គេ​ស្តី​អំពី​តង្វាយ​ដុត និង​យញ្ញ‌បូជា​ដែរ។ 23 យើង​គ្រាន់​តែ​បង្គាប់​ពួក​គេ​ថា “ចូរ​ស្ដាប់​សំឡេង​យើង ដើម្បី​ឲ្យ​យើង​ធ្វើ​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​ធ្វើ​ជា​ប្រជា‌រាស្ដ្រ​របស់​យើង។ ចូរ​ដើរ​តាម​មាគ៌ា​ទាំង​ប៉ុន្មាន​ដែល​យើង​បង្ហាញ​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​មាន​សុភមង្គល​ជា​មិន​ខាន”។ 24 ប៉ុន្តែ ពួក​គេ​មិន​ព្រម​ស្ដាប់ ហើយ​ក៏​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ពាក្យ​យើង​ទេ។ ពួក​គេ​បាន​ធ្វើ​តាម​ទំនើង​ចិត្ត​របស់​ខ្លួន ពួក​គេ​នៅ​តែ​ចចេស​រឹង‌រូស ប្រព្រឹត្ត​តាម​ចិត្ត​អាក្រក់​របស់​ខ្លួន ពួក​គេ​បែរ​ខ្នង​ដាក់​យើង មិន​ព្រម​ងាក​មុខ​មក​រក​យើង​ទេ។ 25 តាំង​ពី​ថ្ងៃ​ដែល​បុព្វ‌បុរស​របស់​ពួក​គេ​ចេញ​ពី​ស្រុក​អេស៊ីប រហូត​មក​ដល់​សព្វ​ថ្ងៃ យើង​តែង‌តែ​ចាត់​ព្យាការី​ទាំង​ប៉ុន្មាន ជា​អ្នក​បម្រើ​របស់​យើង ឲ្យ​ទៅ​រក​ពួក​គេ ជា​រៀង​រាល់​ថ្ងៃ មិន​ដែល​អាក់‌ខាន​ឡើយ។ 26 ផ្ទុយ​ទៅ​វិញ ពួក​គេ​មិន​ព្រម​ស្ដាប់ មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ពាក្យ​របស់​យើង​ទេ ពួក​គេ​តាំង​ចិត្ត​រឹង‌រូស ហើយ​ប្រព្រឹត្ត​អំពើ​អាក្រក់​ជាង​បុព្វ‌បុរស​របស់​ខ្លួន​ទៅ​ទៀត»។

27 «ពេល​អ្នក​យក​ពាក្យ​ទាំង​នេះ​ទៅ​ថ្លែង​ប្រាប់​ពួក​គេ ពួក​គេ​មិន​ព្រម​ស្ដាប់ ពេល​អ្នក​ហៅ​ពួក​គេ ពួក​គេ​មិន​ព្រម​ឆ្លើយ។ 28 ដូច្នេះ ចូរ​ប្រាប់​ពួក​គេ​ថា អ្នក​រាល់​គ្នា​ជា​ប្រជា‌ជាតិ​ដែល​មិន​ព្រម​ស្ដាប់​ព្រះ​សូរសៀង​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្លួន ហើយ​ក៏​មិន​ព្រម​ទទួល​ព្រះ‌បន្ទូល​ប្រៀន‌ប្រដៅ​ពី​ព្រះ‌អង្គ​ដែរ។ អ្នក​រាល់​គ្នា​លែង​ស្មោះ‌ត្រង់ ពាក្យ​សម្ដី​ដែល​អ្នក​រាល់​គ្នា​និយាយ​មិន​ពិត​ទាល់​តែ​សោះ»។

ជ្រលង​ភ្នំ​ពិឃាត

29 ប្រជាជន​ក្រុង​យេរូ‌សាឡឹម​អើយ

អ្នក​លែង​ជា​ប្រជាជន​ដែល​ញែក​ខ្លួន​ថ្វាយ

ព្រះ‌អម្ចាស់​ទៀត​ហើយ!

ចូរ​យំ​រៀប​រាប់​នៅ​លើ​ភ្នំ​នេះ​ទៅ!

ដ្បិត​ព្រះ‌អម្ចាស់​មិន​រវី‌រវល់​នឹង​អ្នក​ទេ

ព្រះ‌អង្គ​បោះ​បង់​ចោល​មនុស្ស​មួយ​ជំនាន់​នេះ

ដែល​បាន​នាំ​គ្នា​ធ្វើ​ឲ្យ​ព្រះ‌អង្គ​ពិរោធ។

30 «ជន​ជាតិ​យូដា​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​យើង​មិន​ពេញ​ចិត្ត -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់- គឺ​ពួក​គេ​យក​រូប​ព្រះ​ដ៏​ចង្រៃ​មក​តម្កល់​ក្នុង​ដំណាក់​របស់​យើង​ផ្ទាល់ ធ្វើ​ឲ្យ​កន្លែង​នេះ​ទៅ​ជា​សៅហ្មង។ 31 ពួក​គេ​បាន​សង់​ទី‌សក្ការៈ​នៅ​តូផេត ក្នុង​ជ្រលង​ភ្នំ​បេន​ហ៊ីណូម ដើម្បី​យក​កូន​ប្រុស​កូន​ស្រី​របស់​ខ្លួន​ទៅ​ដុត​ធ្វើ​ជា​យញ្ញ‌បូជា។ យើង​ពុំ​ដែល​បង្គាប់​ឲ្យ​ពួក​គេ​ធ្វើ​អំពើ​បែប​នេះ​សោះ ហើយ​យើង​ក៏​មិន​ដែល​នឹក​ឃើញ​អំពី​ការ​នេះ​ដែរ។ 32 ដូច្នេះ នៅ​ពេល​ខាង​មុខ គេ​លែង​ហៅ​កន្លែង​នោះ​ថា “តូផេត” ឬ “ជ្រលង​ភ្នំ​បេន​ហ៊ីណូម” ទៀត​ហើយ តែ​គេ​នឹង​ហៅ​ថា “ជ្រលង​ភ្នំ​ពិឃាត”។ គេ​នឹង​យក​សព​ទៅ​កប់​នៅ​តូផេត​នោះ ដ្បិត​កន្លែង​ឯ​ទៀតៗ​គ្មាន​នៅ​សល់​ដី​សម្រាប់​កប់​សាក‌សព​ទេ -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ 33 សាក‌សព​របស់​ប្រជាជន​នេះ​នឹង​ក្លាយ​ទៅ​ជា​ចំណី​របស់​ត្មាត និង​ឆ្កែ​ចចក។ វា​នឹង​ស៊ី​សាក‌សព​ទាំង​នោះ ដោយ​ឥត​មាន​នរណា​មក​ដេញ​វា​ឡើយ។ 34 តាម​ក្រុង​នានា​នៅ​ស្រុក​យូដា និង​តាម​ដង​ផ្លូវ​ក្នុង​ក្រុង​យេរូ‌សាឡឹម យើង​នឹង​លែង​ឲ្យ​មាន​ឮ​សូរ​សំឡេង​ដ៏​សប្បាយ បទ​ចម្រៀង​សម្រាប់​ពិធី​បុណ្យ ឬ​ក៏​ភ្លេង​ការ​ទៀត​ហើយ ដ្បិត​ស្រុក​នេះ​នឹង​វិនាស​សូន្យ»។