ជំពូក ៤៨

ព្រះ‌បន្ទូល​ស្តី​អំពី​ជន​ជាតិ​ម៉ូអាប់

1 នេះ​ជា​ព្រះ‌បន្ទូល​ស្តី​អំពី​ជន​ជាតិ​ម៉ូអាប់។

ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​របស់

ជន​ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ថា៖

«អ្នក​ដែល​រស់​នៅ​លើ​ភ្នំ​នេបូ ត្រូវ​វេទនា

ដ្បិត​ភ្នំ​នេះ​វិនាស​ហិន‌ហោច​ហើយ!

ក្រុង​គៀរីយ៉ា‌តាអ៊ីម​ត្រូវ​អាម៉ាស់

ព្រោះ​ត្រូវ​ខ្មាំង​វាយ​យក​បាន

បន្ទាយ​របស់​គេ​ក៏​ត្រូវ​អាម៉ាស់ និង​រលំ​ដែរ។

2 ស្រុក​ម៉ូអាប់​បាត់​បង់​កេរ្តិ៍​ឈ្មោះ

នៅ​ក្រុង​ហេស‌បូន ខ្មាំង​សត្រូវ​គិត‌គូរ​គ្នា​ថា

“ទៅ! យើង​នាំ​គ្នា​លុប​ក្រុង​នេះ​ឲ្យ​បាត់​ពី

ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ!”

រីឯ​ក្រុង​ម៉ាដ‌ម៉េន​ក៏​ដូច្នោះ​ដែរ

អ្នក​នឹង​ត្រូវ​កម្ទេច​ឲ្យ​ទៅ​ជា​ទី​ស្ងាត់​ជ្រងំ

ហើយ​ដាវ​តាម​ប្រហារ​អ្នក​ពី​ក្រោយ។

3 មាន​សម្រែក​លាន់​ឮ​ឡើង​ពី​ក្រុង​ហូរ៉ូ‌ណាអ៊ីម

ដែល​ត្រូវ​គេ​កម្ទេច និង​បំផ្លាញ​ទាំង​ស្រុង។

4 ស្រុក​ម៉ូអាប់​បែក​ហើយ

សម្រែក​ប្រជាជន​ក៏​លាន់​ឮ​ឡើង​ដែរ។

5 ពួក​គេ​នាំ​គ្នា​ឡើង​ទៅ​ក្រុង​លូហ៊ីត ទាំង​យំ​សោក

បច្ចា‌មិត្ត​របស់​ពួក​គេ​ចុះ​ទៅ​កាន់

ក្រុង​ហូរ៉ូ‌ណាអ៊ីម ទាំង​ស្រែក​ហ៊ោ។

6 ចូរ​នាំ​គ្នា​រត់​គេច ដើម្បី​ឲ្យ​រួច​ជីវិត

ហើយ​ទៅ​រស់​នៅ​តាម​វាល​រហោ‌ស្ថាន

ដូច​គុម្ព​បន្លា!។

7 ម៉ូអាប់​អើយ ហេតុ‌ការណ៍​នេះ​កើត​មាន​ដូច្នេះ

មក​ពី​អ្នក​ទុក​ចិត្ត​លើ​ស្នាដៃ

និង​លើ​ទ្រព្យ‌សម្បត្តិ​របស់​ខ្លួន

អ្នក​នឹង​ត្រូវ​ខ្មាំង​វាយ​យក​បាន

រីឯ​កេម៉ូស​ជា​ព្រះ​របស់​អ្នក

ក៏​ត្រូវ​គេ​ចាប់​យក​ទៅ​ជា​ឈ្លើយ​សឹក

ជា​មួយ​ពួក​បូជា‌ចារ្យ និង​ពួក​មន្ត្រី​ដែរ។

8 មេ​បំផ្លាញ​នឹង​ចូល​ទៅ​ក្នុង​ក្រុង​នីមួយៗ

គ្មាន​ក្រុង​ណា​មួយ​គេច​ផុត​ឡើយ

អ្វីៗ​នៅ​តាម​ជ្រលង​ភ្នំ និង​នៅ​តាម​វាល​ទំនាប

នឹង​ត្រូវ​វិនាស​អន្តរាយ​ទាំង​អស់។

នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

9 ចូរ​រៀប‌ចំ​ផ្នូរ​ឲ្យ​ម៉ូអាប់​ទៅ

ដ្បិត​ស្រុក​នេះ​ត្រូវ​អន្តរាយ​ហើយ!

ក្រុង​ទាំង‌ឡាយ​នៅ​ស្រុក​ម៉ូអាប់​នឹង​ត្រូវ

កម្ទេច​ឲ្យ​វិនាស​ហិន‌ហោច

គ្មាន​ប្រជាជន​រស់​នៅ​ទៀត​ឡើយ។

10 អ្នក​ណា​បំពេញ​កិច្ច‌ការ​របស់​ព្រះ‌អម្ចាស់

ដោយ​ខ្ជីខ្ជា គឺ​ពុំ​បាន​ធ្វើ​ឲ្យ​ដាវ​របស់​ខ្លួន

ប្រឡាក់​ជោក​ទៅ​ដោយ​ឈាម​ទេ

អ្នក​នោះ​ត្រូវ​បណ្ដាសា​ជា​ពុំ‌ខាន!

11 តាំង​ពី​ក្មេង​រៀង​មក ម៉ូអាប់​ពុំ​ដែល​មាន​កង្វល់

អ្វី​ទាល់​តែ​សោះ

គេ​សម្រាក​យ៉ាង​ស្រួល ឥត​ដែល​មាន​នរណា

ដឹក​យក​ទៅ​ជា​ឈ្លើយ​សឹក​ឡើយ។

គេ​ប្រៀប​ដូច​ជា​ស្រា​ដែល​គ្មាន​នរណា​ផ្ទេរ​ទៅ

ដប​ផ្សេង​ទេ តែ​ស្ថិត​នៅ​ក្នុង​ដប​ដដែល

ហើយ​រក្សា​រស‌ជាតិ​ដើម ឥត​ដូរ​សោះ។

12 ហេតុ​នេះ នៅ​គ្រា​ខាង​មុខ យើង​នឹង​ចាត់​មនុស្ស​ឲ្យ​មក​ផ្ទេរ​ម៉ូអាប់ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់- អ្នក​ទាំង​នោះ​នឹង​ចាក់​ម៉ូអាប់​ចេញ​ពី​ដប ហើយ​បំបែក​ពាង​របស់​ពួក​គេ​ចោល។ 13 ម៉ូអាប់​មុខ​ជា​ខក​ចិត្ត​នឹង​កេម៉ូស ជា​ព្រះ​របស់​ខ្លួន ដូច​ជន​ជាតិ​អ៊ីស្រា‌អែល​ខក​ចិត្ត​នឹង​បេត‌អែល ជា​ទី​ពឹង​ផ្អែក​របស់​ពួក​គេ​ដែរ។

14 អ្នក​ស្រុក​ម៉ូអាប់​អើយ ហេតុ​ដូច​ម្ដេច​បាន​ជា

អ្នក​រាល់​គ្នា​ហ៊ាន​ពោល​ថា

“យើង​ខ្ញុំ​ជា​ទាហាន​ដ៏​ខ្លាំង​ពូកែ

យើង​ខ្ញុំ​ជា​ពូជ​អ្នក​ចម្បាំង” ដូច្នេះ?

15 មេ​បំផ្លាញ​ស្រុក​ម៉ូអាប់​ឡើង​ទៅ

វាយ​សម្រុក​ក្រុង​នានា​នៅ​ស្រុក​នោះ

យុវជន​ដ៏​ខ្លាំង​ពូកែ​របស់​ពួក​គេ

នឹង​ត្រូវ​ខ្មាំង​យក​ទៅ​សម្លាប់​នៅ​ទី​សត្ត‌ឃាត។

- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌មហា​ក្សត្រ​ដែល

មាន​នាម​ថា ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។

16 មហន្ត‌រាយ​របស់​ម៉ូអាប់​ជិត​មក​ដល់​ហើយ

ទុក្ខ​វេទនា​របស់​ពួក​គេ​នៅ​ជិត​បង្កើយ។

17 ប្រជាជន​ទាំង‌ឡាយ​ដែល​នៅ​ជិត​ខាង

ហើយ​ស្គាល់​ឈ្មោះ​ម៉ូអាប់​យ៉ាង​ច្បាស់​អើយ

ចូរ​នាំ​គ្នា​មក​ជួយ​រំលែក​ទុក្ខ​ម៉ូអាប់

ដោយ​ពោល​ថា “ហេតុ​អ្វី​បាន​ជា​មហា​អំណាច

ត្រូវ​រលំ​បែប​នេះ?”។

18 ប្រជាជន​ក្រុង​ឌីបូន​អើយ

ចូរ​លះ‌បង់​ភាព​រុង‌រឿង​របស់​ខ្លួន

ហើយ​អង្គុយ​នៅ​លើ​ដី​ហួត‌ហែង​ទៅ

ដ្បិត​មេ​បំផ្លាញ​ស្រុក​ម៉ូអាប់​កំពុង​តែ

ឡើង​មក​វាយ​អ្នក

គេ​នឹង​បំផ្លាញ​កំពែង​ដ៏​រឹង‌មាំ​របស់​អ្នក។

19 ប្រជាជន​ក្រុង​អារ៉ូ‌អ៊ែរ​អើយ

ចូរ​ទៅ​ឈរ​នៅ​តាម​ផ្លូវ ហើយ​ចាំ​ឃ្លាំ​មើល​ទៅ

ចូរ​សាក​សួរ​អ្នក​ដែល​រត់​រួច​ខ្លួន​ថា

តើ​មាន​ហេតុ‌ការណ៍​អ្វី​កើត​ឡើង?

20 ម៉ូអាប់​ត្រូវ​អាម៉ាស់ ដ្បិត​ស្រុក​នេះ​រលំ​ហើយ

ចូរ​នាំ​គ្នា​ស្រែក​ឲ្យ​អស់​ទំហឹង

ចូរ​ប្រកាស​នៅ​តាម​ស្ទឹង​អារណូន​ថា

ស្រុក​ម៉ូអាប់​វិនាស​ហិន‌ហោច​ហើយ!

21 ការ​វិនិច្ឆ័យ​ទោស​មក​ដល់​ស្រុក​នៅ​តំបន់​វាល​ទំនាប​ហើយ គឺ​ក្រុង​ហាឡូន ក្រុង​យ៉ាសា និង​ក្រុង​មេផាត 22 ក្រុង​ឌីបូន ក្រុង​នេបូ ក្រុង​បេត‌ឌីបឡា‌តាអ៊ីម 23 ក្រុង​គៀរីយ៉ា‌តាអ៊ីម ក្រុង​បេត‌កាមូល ក្រុង​បេតមេអូន 24 ក្រុង​គៀរីយ៉ូត ក្រុង​បូសរ៉ា ក្រុង​ទាំង​ប៉ុន្មាន​នៃ​ស្រុក​ម៉ូអាប់ ទាំង​ជិត​ទាំង​ឆ្ងាយ។

25 អំណាច​របស់​ម៉ូអាប់​ត្រូវ​រលំ

ហើយ​កម្លាំង​របស់​គេ​ក៏​ធ្លាក់​ទន់​ខ្សោយ​ដែរ

- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

26 ចូរ​បង្អក​ម៉ូអាប់​ឲ្យ​ស្រវឹង​ទៅ ព្រោះ​គេ​បាន​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌អម្ចាស់ ម៉ូអាប់​កំពុង​ននៀល​ក្នុង​កំអួត​របស់​ខ្លួន ហើយ​ត្រូវ​មនុស្ស‌ម្នា​សើច​ចំអក​ឲ្យ។ 27 ម៉ូអាប់​អើយ ពី​មុន​អ្នក​ធ្លាប់​សើច​ចំអក​ឲ្យ​អ៊ីស្រា‌អែល អ្នក​ងក់​ក្បាល​ឡក‌ឡឺយ ធ្វើ​ហាក់​ដូច​ជា​អ៊ីស្រា‌អែល​ស្ថិត​នៅ​ក្នុង​ចំណោម​ចោរ​ដែល​គេ​ចាប់​បាន។

28 ប្រជាជន​ស្រុក​ម៉ូអាប់​អើយ

ចូរ​នាំ​គ្នា​បោះ​បង់​ចោល​ទីក្រុង

ហើយ​ទៅ​រស់​នៅ​តាម​ក្រហែង​ថ្ម

ដូច​សត្វ​ព្រាប

ធ្វើ​សំបុក​នៅ​កន្លៀត​ថ្ម​តាម​មាត់​រូង​ភ្នំ!

29 យើង​បាន​ឮ​គេ​និយាយ​ថា

ម៉ូអាប់​មាន​អំនួត​ខ្លាំង​ពន់​ពេក​ណាស់

គេ​វាយ‌ឫក ព្រហើន ប្រកាន់​ខ្លួន

និង​មាន​ចិត្ត​ឆ្មើង‌ឆ្មៃ​ខ្លាំង​ណាស់»។

30ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​ស្គាល់​ឫក​របស់​ម៉ូអាប់ ហើយ​អ្វីៗ​ដែល​គេ​និយាយ​អួត‌អាង គ្មាន​បាន​ការ​ទេ អ្វីៗ​ដែល​គេ​ធ្វើ ក៏​គ្មាន​បាន​ការ​ដែរ»។

31 ហេតុ​នេះ​ហើយ​បាន​ជា​យើង​យំ

ហើយ​សោក​សង្រេង​ស្រណោះ​ម៉ូអាប់​ទាំង​មូល

ព្រម​ទាំង​ថ្ងូរ ព្រោះ​តែ​អ្នក​ស្រុក​គៀរ‌ហេរ៉ែស

32 ចម្ការ​ទំពាំង‌បាយ‌ជូរ​នៅ​ស៊ីបម៉ា​អើយ

យើង​នឹង​យំ​ស្រណោះ​អ្នក

ជាង​យំ​ស្រណោះ​អ្នក​ក្រុង​យ៉ាស៊ែរ​ទៅ​ទៀត

មែក​របស់​អ្នក​លូត​ហួស​សមុទ្រ

ហើយ​ហួស​យ៉ាស៊ែរ។

ប៉ុន្តែ មេ​បំផ្លាញ​បាន​កម្ទេច​ភោគ​ផល

និង​ផ្លែ​ទំពាំង‌បាយ‌ជូរ​របស់​អ្នក។

33 អំណរ​សប្បាយ និង​ការ​រីក‌រាយ​ចេញ​បាត់

ពី​ចម្ការ​ទំពាំង‌បាយ‌ជូរ និង​ពី​ស្រុក​ម៉ូអាប់។

យើង​ក៏​ធ្វើ​ឲ្យ​លែង​មាន​ស្រា​នៅ​ក្នុង​ធុង

ហើយ​ក៏​លែង​មាន​នរណា​ជាន់​ផ្លែ​ទំពាំង‌បាយ‌ជូរ

ទាំង​ស្រែក​យ៉ាង​សប្បាយ​ទៀត​ដែរ

ផ្ទុយ​ទៅ​វិញ មាន​តែ​សម្រែក​វេទនា​ប៉ុណ្ណោះ។

34 សម្រែក​របស់​អ្នក​ក្រុង​ហេស‌បូន លាន់​ឮ​ទៅ​ដល់​ក្រុង​អេឡា‌ឡេ គេ​បន្លឺ​សំឡេង​ឮ​រហូត​ទៅ​ដល់​ក្រុង​យ៉ាហាស់។ សម្រែក​របស់​ពួក​គេ​លាន់​ឮ​ពី​ក្រុង​សូអារ រហូត​ដល់​ក្រុង​អេក្លាត-‌សេលី‌ស៊ីយ៉ា ដ្បិត​ប្រភព​ទឹក​នៅ​នីមរីម​រីង​ស្ងួត​អស់។

35 «យើង​នឹង​លែង​ឲ្យ​មាន​ជន​ជាតិ​ម៉ូអាប់​ឡើង​ទៅ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ ដើម្បី​ដុត​គ្រឿង​ក្រអូប​បូជា​ព្រះ​របស់​ខ្លួន​ទៀត​ហើយ -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

36 ហេតុ​នេះ​បាន​ជា​យើង​ស្រណោះ‌ស្រណោក​ជន​ជាតិ​ម៉ូអាប់ ហើយ​យើង​ក៏​ស្រណោះ‌ស្រណោក​អ្នក​ក្រុង​គៀរ‌ហេរ៉ែស​ដែរ ដ្បិត​អ្វីៗ​ដែល​ពួក​គេ​ខំ​សន្សំ​ត្រូវ​វិនាស​អស់។ 37 ពួក​គេ​កោរ​សក់ កោរ​ពុក​មាត់​ទាំង​អស់​គ្នា ហើយ​ឆូត​ដៃ​របស់​ខ្លួន​គ្រប់ៗ​គ្នា ព្រម​ទាំង​ស្លៀក​បាវ​កាន់​ទុក្ខ​ផង។ 38 នៅ​តាម​ដំបូល​ផ្ទះ​ទាំង​អស់ និង​នៅ​តាម​ផ្លូវ មាន​ឮ​សូរ​តែ​សំណោក​កាន់​ទុក្ខ ព្រោះ​យើង​បាន​បំបែក​ម៉ូអាប់ ដូច​ថូ​ដែល​គេ​លែង​ពេញ​ចិត្ត -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ 39 ចូរ​នាំ​គ្នា​ស្រែក​យំ​ទៅ ព្រោះ​ម៉ូអាប់​រលំ​ហើយ! ម៉ូអាប់​ងាក​មុខ​ចេញ​ដោយ​អាម៉ាស់ ប្រជា‌ជាតិ​ទាំង​អស់​នៅ​ជុំ‌វិញ នាំ​គ្នា​សើច​ចំអក​ឲ្យ​ម៉ូអាប់ ព្រម​ទាំង​ស្រឡាំង‌កាំង​ទៀត​ផង»។

40ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «សត្រូវ​មក​វាយ​ប្រហារ​ស្រុក​ម៉ូអាប់ ដូច​ខ្លែង​សំកាំង​ស្លាប រេ​ពី​លើ។

41 គេ​វាយ​យក​បាន​ក្រុង​កេរី‌យ៉ូត

ព្រម​ទាំង​រំលំ​កំពែង​ដ៏​រឹង‌មាំ​ទៀត​ផង។

នៅ​ថ្ងៃ​នោះ ចិត្ត​របស់​ទាហាន​ដ៏​អង់‌អាច

នៃ​ជន​ជាតិ​ម៉ូអាប់​នឹង​ឈឺ​ចុក​ចាប់

ដូច​ស្ត្រី​ហៀប​នឹង​សម្រាល​កូន។

42 ម៉ូអាប់​នឹង​ត្រូវ​វិនាស

លែង​មាន​ឈ្មោះ​ជា​ប្រជាជន​មួយ​ទៀត​ហើយ

ព្រោះ​គេ​បាន​លើក​ខ្លួន​ឡើង

ប្រឆាំង​នឹង​ព្រះ‌អម្ចាស់។

43 ប្រជាជន​ស្រុក​ម៉ូអាប់​អើយ

អ្នក​រាល់​គ្នា​មុខ​តែ​ភ័យ​ខ្លាច ធ្លាក់​រណ្ដៅ

និង​ជាប់​អន្ទាក់​ជា​មិន​ខាន!

- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

44 អ្នក​ដែល​រត់​គេច​ពី​ការ​ភ័យ​ខ្លាច​នឹង​ធ្លាក់​រណ្ដៅ

អ្នក​ដែល​ឡើង​ពី​រណ្ដៅ នឹង​ជាប់​អន្ទាក់

ដ្បិត​យើង​ធ្វើ​ឲ្យ​ឆ្នាំ

ដែល​ត្រូវ​ដាក់​ទោស​ម៉ូអាប់ មក​ដល់​ហើយ!

- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

45 ជន​ភៀស​ខ្លួន​ដែល​អស់​កម្លាំង​រត់​មក​ជ្រក

នៅ​ហេស‌បូន ជា​ក្រុង​ដែល​ស្តេច​ស៊ីហុន

ធ្លាប់​គ្រប់‌គ្រង​កាល​ពី​ដើម

តែ​មាន​ភ្លើង​ឆាប‌ឆេះ​កណ្ដាល​ក្រុង

ហើយ​ឆេះ​រាល‌ដាល​ទៅ​ដល់​ព្រំ‌ប្រទល់

និង​តាម​កំពូល​ភ្នំ​របស់​ស្រុក​ម៉ូអាប់

ដែល​ជា​ពូជ​អ្នក​ចម្បាំង​នេះ។

46 ជន​ជាតិ​ម៉ូអាប់​អើយ អ្នក​វេទនា​ហើយ

ប្រជាជន​ដែល​គោរព​ព្រះ‌កេម៉ូស

ត្រូវ​អន្តរាយ​ជា​មិន​ខាន

ដ្បិត​កូន​ប្រុស​កូន​ស្រី​របស់​អ្នក

ត្រូវ​គេ​កៀរ​យក​ទៅ​ជា​ឈ្លើយ។

47 ប៉ុន្តែ នៅ​គ្រា​ចុង​ក្រោយ

យើង​នឹង​ស្តារ​ស្រុក​ម៉ូអាប់​ឡើង​វិញ»

- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

ការ​វិនិច្ឆ័យ​ទោស​ជន​ជាតិ​ម៉ូអាប់​ចប់​តែ​ត្រឹម​ណេះ។