ជំពូក ៥

ក្រុង​យេរូ‌សាឡឹម​ពោរ‌ពេញ​ដោយ​អំពើ​បាប

1 ចូរ​នាំ​គ្នា​ដើរ​កាត់​ក្រុង​យេរូ‌សាឡឹម

ចូរ​សង្កេត​មើល

ហើយ​សាក​សួរ និង​រក​មើល​នៅ​តាម​ផ្សារ

ក្រែង​លោ​ឃើញ​មាន​នរណា​ម្នាក់​ស្មោះ‌ត្រង់

និង​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត

ប្រសិន​បើ​អ្នក​រាល់​គ្នា​រក​ឃើញ​តែ​ម្នាក់

នោះ​យើង​អត់‌ទោស​ឲ្យ​ក្រុង​យេរូ‌សាឡឹម។

2 ទោះ​បី​គេ​ស្បថ ដោយ​យក​ព្រះ‌អម្ចាស់

ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ​ធ្វើ​ជា​សាក្សី​ក្តី

ក៏​ពាក្យ​សម្បថ​របស់​គេ​មិន​ពិត​ដែរ។

បពិត្រ​ព្រះ‌អម្ចាស់ ព្រះ‌អង្គ​រំពៃ​មើល

ស្វែង​រក​នរណា​ម្នាក់​ដែល​មាន​ចិត្ត​ស្មោះ‌ត្រង់។

ព្រះ‌អង្គ​បាន​វាយ​ប្រហារ​ពួក​គេ

តែ​ពួក​គេ​ធ្វើ​ព្រងើយ

ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ពួក​គេ​វិនាស

តែ​ពួក​គេ​មិន​រាង‌ចាល​ទេ

ពួក​គេ​កាន់​ចិត្ត​រឹង​ដូច​ថ្ម

ពួក​គេ​មិន​ព្រម​វិល​មក​រក​ព្រះ‌អង្គ​វិញ​ទេ។

4 ខ្ញុំ​គិត​ថា: អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា

មនុស្ស​តូច‌តាច មិន​សូវ​ដឹង​អី

គេ​ពុំ​ស្គាល់​មាគ៌ា​របស់​ព្រះ‌អម្ចាស់

ហើយ​ក៏​មិន​ស្គាល់​វិន័យ​នៃ​ព្រះ​របស់​ខ្លួន​ដែរ។

5 ខ្ញុំ​គួរ​តែ​ទៅ​រក​ពួក​អ្នក​ធំ​វិញ

ដើម្បី​និយាយ​ជា​មួយ​ពួក​គេ

អ្នក​ទាំង​នោះ​ពិត​ជា​ស្គាល់​មាគ៌ា​របស់​ព្រះ‌អម្ចាស់

ហើយ​ស្គាល់​វិន័យ​នៃ​ព្រះ​របស់​ខ្លួន។

ប៉ុន្តែ អ្នក​ទាំង​នោះ​ក៏​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌អង្គ

ព្រម​ទាំង​ផ្ដាច់​ចំណង​មេត្រី​ពី​ព្រះ‌អង្គ

ដូច​អ្នក​តូច‌តាច​ដែរ។

6 ហេតុ​នេះ​ហើយ​បាន​ជា​សត្វ​តោ​ចេញ​ពី​ព្រៃ

មក​ប្រហារ​ពួក​គេ

សត្វ​ចចក​ចេញ​ពី​ព្រៃ​ល្បោះ​មក​ហែក​ពួក​គេ​ស៊ី

ខ្លា​រខិន​មក​សំងំ​ចាំ​ចាប់​ពួក​គេ​នៅ​មាត់​ទ្វារ​ក្រុង

អស់​អ្នក​ដែល​ចេញ​ពី​ទីក្រុង​នឹង​ត្រូវ​ខ្លា​ហែក​ស៊ី

ដ្បិត​ពួក​គេ​បាន​បះ‌បោរ​ជា​ច្រើន​ដង

និង​ក្បត់​ព្រះ‌អម្ចាស់​ជា​ច្រើន​លើក​ច្រើន​សា។

7 «តើ​យើង​អត់‌ទោស​ឲ្យ​អ្នក​ដូច​ម្ដេច​បាន?

កូន​ចៅ​របស់​អ្នក​បាន​បោះ​បង់​ចោល​យើង

គេ​ស្បថ​ដោយ​យក​ព្រះ​ក្លែង‌ក្លាយ

ធ្វើ​ជា​សាក្សី។

យើង​បាន​ឲ្យ​ពួក​គេ​មាន​ភោគ​ទ្រព្យ​បរិបូណ៌

តែ​ពួក​គេ​បែរ​ជា​នាំ​គ្នា​ផិត​ក្បត់​ទៅ​វិញ

គឺ​ពួក​គេ​លើក​គ្នា​ទៅ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់

ក្នុង​វិហារ​របស់​ព្រះ​ក្លែង‌ក្លាយ។

8 ពួក​គេ​ប្រៀប​បាន​នឹង​សេះ​បា​ដែល​ពេញ​កម្លាំង

គឺ​ម្នាក់ៗ​គិត​តែ​ចែ‌ចង់​ប្រពន្ធ​គេ។

9 ដូច្នេះ តើ​មិន​គួរ​ឲ្យ​យើង​ដាក់​ទោស

ពួក​គេ​ទេ​ឬ?

តើ​មិន​គួរ​ឲ្យ​យើង​ធ្វើ​ទណ្ឌ‌កម្ម​ប្រជា‌ជាតិ

អាក្រក់​បែប​នេះ​ទេ​ឬ?

- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

10 ចូរ​ឡើង​ទៅ​ចម្ការ​ទំពាំង‌បាយ‌ជូរ​របស់​ពួក​គេ

ហើយ​កម្ទេច​ចោល​ទៅ

តែ​កុំ​កម្ទេច​ឲ្យ​អស់​ទាំង​ស្រុង​ឡើយ។

ចូរ​កាប់​មែក​វា​ចោល

ព្រោះ​មិន​មែន​ជា​មែក​របស់​ព្រះ‌អម្ចាស់​ទេ!

11 ប្រជាជន​អ៊ីស្រា‌អែល និង​ប្រជាជន​យូដា

សុទ្ធ​តែ​បាន​ក្បត់​យើង​ទាំង​ស្រុង»

- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

ផល​វិបាក​នៃ​ការ​បោះ​បង់​ចោល​ព្រះ‌អម្ចាស់

12 ពួក​គេ​មិន​ព្រម​ទទួល​ស្គាល់​ព្រះ‌អម្ចាស់

គេ​ពោល​ថា «គ្មាន​ព្រះ‌អម្ចាស់​ទេ

ហើយ​ក៏​គ្មាន​ទុក្ខ​វេទនា​ណា​កើត​ដល់​យើង​ដែរ

យើង​នឹង​មិន​ជួប​ប្រទះ​សង្គ្រាម ឬ​ទុរ្ភិក្ស​ឡើយ។

13 រីឯ​ពួក​ព្យាការី​គ្មាន​បាន​ការ​អ្វី​ទេ

សេចក្ដី​ដែល​ថ្លែង​ចេញ​មក​គ្មាន​ខ្លឹមសារ​អ្វី​ទេ

សូម​ឲ្យ​សេចក្ដី​ដែល​ពួក​គេ​គំរាម​នោះ

កើត​មាន​ដល់​ពួក​គេ!»។

14 ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ

ពិភព​ទាំង​មូល មាន​ព្រះ‌បន្ទូល​ថា៖

«យេរេមី​អើយ ដោយ​ពួក​គេ​ពោល​ដូច្នេះ

យើង​នឹង​យក​ពាក្យ​ដែល​យើង​ដាក់

ក្នុង​មាត់​អ្នក​ធ្វើ​ជា​ភ្លើង

ហើយ​យក​ប្រជាជន​នេះ​ធ្វើ​ជា​អុស

ដែល​ភ្លើង​ឆេះ​បំផ្លាញ។

15 អ៊ីស្រា‌អែល​អើយ!

យើង​នាំ​ប្រជា‌ជាតិ​មួយ​មក​ពី​ស្រុក​ឆ្ងាយ

ដើម្បី​ដាក់​ទោស​អ្នក​រាល់​គ្នា

- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់-

គឺ​ប្រជា‌ជាតិ​មួយ​ដ៏​ខ្លាំង​ពូកែ

ជា​ប្រជា‌ជាតិ​ដែល​កកើត​ឡើង

តាំង​ពី​យូរ‌លង់​មក​ហើយ

ជា​ប្រជា‌ជាតិ​ដែល​អ្នក​រាល់​គ្នា​មិន​យល់​ភាសា

ហើយ​ក៏​មិន​យល់​សេចក្ដី​ដែល​គេ​និយាយ​ដែរ។

16 ទាហាន​របស់​គេ​សុទ្ធ​តែ​ចំណានៗ

ព្រួញ​របស់​គេ​នឹង​ប្រល័យ​ជីវិត​អ្នក​រាល់​គ្នា។

17 ពួក​គេ​នឹង​បំផ្លាញ​ស្រូវ បំផ្លាញ​អាហារ

របស់​អ្នក​រាល់​គ្នា

ពួក​គេ​សម្លាប់​កូន​ប្រុស​កូន​ស្រី​របស់​អ្នក​រាល់​គ្នា

ពួក​គេ​សម្លាប់​ហ្វូង​ចៀម និង​ហ្វូង​គោ

របស់​អ្នក​រាល់​គ្នា

ពួក​គេ​កម្ទេច​ចម្ការ​ទំពាំង‌បាយ‌ជូរ

និង​ចម្ការ​ឧទុម្ពរ​របស់​អ្នក​រាល់​គ្នា

ហើយ​រំលាយ​ក្រុង​ដែល​មាន​កំពែង​រឹង‌មាំ

ជា​ក្រុង​ដែល​អ្នក​រាល់​គ្នា​ពឹង​ផ្អែក។

18 ប៉ុន្តែ នៅ​គ្រា​នោះ ទោះ​បី​យ៉ាង​ណា​ក្តី ក៏​យើង​មិន​កម្ទេច​អ្នក​រាល់​គ្នា​ឲ្យ​វិនាស​ទាំង​ស្រុង​ទេ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ 19 យេរេមី​អើយ ប្រសិន​បើ​ពួក​គេ​សួរ​ថា: “ហេតុ​អ្វី​បាន​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង ប្រព្រឹត្ត​បែប​នេះ​ចំពោះ​យើង?” ចូរ​ឆ្លើយ​ទៅ​គេ​វិញ​ថា: “ដោយ​អ្នក​រាល់​គ្នា​បោះ​បង់​ចោល​ព្រះ‌អម្ចាស់ ទៅ​គោរព​បម្រើ​ព្រះ​របស់​ជន​បរទេស ដែល​ស្ថិត​នៅ​ក្នុង​ស្រុក​របស់​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​ទៅ​បម្រើ​ជន​បរទេស​នៅ​ក្នុង​ស្រុក​មួយ ដែល​មិន​មែន​ជា​ស្រុក​របស់​អ្នក​រាល់​គ្នា”»។

ព្រះ‌អម្ចាស់​ដាក់​ទោស​អ៊ីស្រា‌អែល

20 «ចូរ​ប្រាប់​ឲ្យ​កូន​ចៅ​របស់​លោក​យ៉ាកុប​ដឹង

ចូរ​ប្រកាស​ដល់​ប្រជាជន​នៅ​ស្រុក​យូដា​ថា:

21 ប្រជាជន​ល្ងី‌ល្ងើ​ឥត​ដឹង​ខ្យល់​អ្វី​អើយ ចូរ​ស្ដាប់!

អ្នក​រាល់​គ្នា​មាន​ភ្នែក តែ​មើល​មិន​ឃើញ

អ្នក​រាល់​គ្នា​មាន​ត្រចៀក តែ​ស្ដាប់​មិន​ឮ

22ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា

តើ​អ្នក​រាល់​គ្នា​មិន​កោត​ខ្លាច ហើយ​ញាប់‌ញ័រ

នៅ​ចំពោះ​មុខ​យើង​ទេ​ឬ?

យើង​ដាក់​ឆ្នេរ​ខ្សាច់​ជា​ព្រំ‌ដែន​អស់​កល្ប‌ជានិច្ច

សម្រាប់​សមុទ្រ ទឹក​សមុទ្រ​ពុំ​អាច​ឆ្លង​ហួស​បាន

ទោះ​បី​រលក​បក់​បោក កញ្ជ្រោល​ខ្លាំង​យ៉ាង​ណា

ក៏​ពុំ​អាច​ឆ្លង​ព្រំ‌ដែន​នេះ​បាន​ដែរ។

23 រីឯ​ប្រជាជន​នេះ​វិញ គេ​មាន​ចិត្ត​រឹង‌រូស

បះ‌បោរ​ប្រឆាំង​នឹង​យើង

ហើយ​នាំ​គ្នា​ដក​ខ្លួន​ចាក​ចេញ​ពី​យើង។

24 គេ​ពុំ​ព្រម​រិះ‌គិត​ក្នុង​ចិត្ត​ថា

“ចូរ​យើង​នាំ​គ្នា​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់

ជា​ព្រះ​នៃ​យើង។

ព្រះ‌អង្គ​ប្រទាន​ទឹក​ភ្លៀង​មក​យើង

តាម​រដូវ​កាល គឺ​ភ្លៀង​នៅ​ដើម​រដូវ

និង​ភ្លៀង​នៅ​ចុង​រដូវ

ហើយ​ព្រះ‌អង្គ​ក៏​បាន​កំណត់​ទុក​នូវ​សប្តាហ៍

ដែល​យើង​ត្រូវ​ច្រូត​កាត់​ដែរ”។

25 កំហុស​របស់​អ្នក​រាល់​គ្នា​ធ្វើ​ឲ្យ

ធាតុ​អាកាស​ប្រែ‌ប្រួល

អំពើ​បាប​របស់​អ្នក​រាល់​គ្នា​ធ្វើ​ឲ្យ

អ្នក​រាល់​គ្នា​បាត់​បង់​ពរ​ទាំង​នោះ។

26 មាន​ជន‌ពាល​ស្ថិត​នៅ​ក្នុង​ចំណោម

ប្រជា‌រាស្ដ្រ​របស់​យើង

ពួក​គេ​ដាក់​អន្ទាក់​ចាំ​ចាប់​មនុស្ស

ដូច​ព្រាន​ដាក់​អន្ទាក់​ចាំ​ចាប់​សត្វ។

27 ផ្ទះ​របស់​ពួក​គេ​មាន​ពោរ‌ពេញ​ដោយ​ទ្រព្យ

ដែល​គេ​ប្លន់​យក​បាន

ដូច​ទ្រុង​ពេញ​ដោយ​សត្វ​ស្លាប

គឺ​ពួក​គេ​មាន​អំណាច និង​មាន​ទ្រព្យ​ជា​ច្រើន

ដោយ‌សារ​តែ​អំពើ​ទុច្ចរិត​របស់​ខ្លួន។

28 ពួក​គេ​ដុះ​ក្បាល​ពោះ មុខ​ឡើង​ខ្លាញ់

ពួក​គេ​ប្រព្រឹត្ត​អំពើ​អាក្រក់​ហួស​កម្រិត

ពួក​គេ​មិន​គិត​ពី​យុត្តិធម៌​ទេ

ហើយ​ក៏​មិន​គោរព​សិទ្ធិ​របស់​ក្មេង​កំព្រា​ដែរ។

ពួក​គេ​ចេះ​តែ​ចម្រើន​ឡើង

ពួក​គេ​មិន​រក​យុត្តិធម៌​ឲ្យ​ជន​ក្រីក្រ​ឡើយ។

29 តើ​មិន​គួរ​ឲ្យ​យើង​ធ្វើ​ទារុណ‌កម្ម​ពួក​គេ

ព្រោះ​តែ​អំពើ​ទាំង​នោះ​ទេ​ឬ?

តើ​មិន​គួរ​ឲ្យ​យើង​សង‌សឹក​ប្រជា‌ជាតិ

អាក្រក់​បែប​នេះ​ទេ​ឬ?

- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

30 នៅ​ក្នុង​ស្រុក​នេះ​មាន​កើត​រឿង​អាស្រូវ

ដ៏​ថោក​ទាប​បំផុត

31 គឺ​ពួក​ព្យាការី​នាំ​គ្នា​ថ្លែង​ពាក្យ

ក្នុង​នាម​ព្រះ​ក្លែង‌ក្លាយ

ក្រុម​បូជា‌ចារ្យ​គិត​តែ​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន

ហើយ​ប្រជា‌រាស្ដ្រ​របស់​យើង​ពេញ​ចិត្ត​នឹង

អំពើ​ទាំង​នោះ​ណាស់!

ទៅ​អនាគត តើ​អ្នក​រាល់​គ្នា​នឹង​ធ្វើ

យ៉ាង​ណា​ទៀត?»។