ជំពូក ១៧

ព្រះ‌អម្ចាស់​ប្រកាស​អំពើ​បាប​របស់​ជន​ជាតិ​យូដា

1 «អំពើ​បាប​របស់​ជន​ជាតិ​យូដា

មាន​ចារឹក​ទុក​ដូច​អក្សរ​ចារឹក

លើ​ថ្ម ដោយ​ដែក​ដែល​មាន​ត្បូង​ពេជ្រ

នៅ​ខាង​ចុង។

អំពើ​បាប​នេះ​បាន​ចារឹក​ទុក​ក្នុង​ចិត្ត​របស់​ពួក​គេ

និង​នៅ​លើ​ជ្រុង​អាសនៈ​របស់​ពួក​គេ។

2 ដូច្នេះ កូន​ចៅ​របស់​គេ​នឹង​នឹក​ឃើញ

អាសនៈ​របស់​ពួក​គេ

ព្រម​ទាំង​នឹក​ឃើញ​បង្គោល​របស់​ព្រះ‌អាសេ‌រ៉ា

នៅ​ក្បែរ​ដើម​ឈើ​ដ៏​ខៀវ​ខ្ចី

ដែល​ស្ថិត​នៅ​លើ​កំពូល​ភ្នំ។

3 ជន​ជាតិ​យូដា​អើយ ដោយ​អ្នក​ចូល​ចិត្ត

គោរព​ព្រះ​ក្លែង‌ក្លាយ នៅ​លើ​ភ្នំ​របស់​យើង

យើង​នឹង​ឲ្យ​ខ្មាំង​សត្រូវ​រឹប​អូស​យក

ទ្រព្យ‌សម្បត្តិ និង​ធន‌ធាន​ទាំង​ប៉ុន្មាន​របស់​អ្នក

ពួក​គេ​នឹង​កម្ទេច​កន្លែង​សក្ការៈ​របស់​អ្នក

ដែល​ស្ថិត​នៅ​តាម​ទួល​ខ្ពស់ៗ

ព្រោះ​អ្នក​បាន​ប្រព្រឹត្ត​អំពី​បាប

នៅ​ពាស‌ពេញ​លើ​ទឹក​ដី​នេះ។

4 អ្នក​នឹង​ប្រគល់​ស្រុក​ដែល​យើង​បាន​ចែក

ឲ្យ​អ្នក ទៅ​សាសន៍​ដទៃ។

យើង​នឹង​ឲ្យ​អ្នក​ក្លាយ​ទៅ​ជា​ទាសករ

របស់​ខ្មាំង​ក្នុង​ស្រុក​មួយ​ដែល​អ្នក​ពុំ​ស្គាល់

ដ្បិត​អ្នក​រាល់​គ្នា​បាន​បញ្ឆេះ​កំហឹង​របស់​យើង

ហើយ​ភ្លើង​នៃ​កំហឹង​នេះ​នឹង​ឆេះ​រហូត​ត​ទៅ»។

5ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា

ជន​ណា​ផ្ញើ​ជីវិត​លើ​មនុស្ស

ហើយ​ទុក​ចិត្ត​លើ​អ្វីៗ​ដែល​ជា​លោកីយ៍

ដោយ​បែរ​ចិត្ត​ចេញ​ពី​ព្រះ‌អម្ចាស់

ជន​នោះ​មុខ​ជា​ត្រូវ​បណ្ដាសា​ពុំ‌ខាន!

6 គេ​ប្រៀប​បាន​នឹង​ដើម​ឈើ​ក្រិន

នៅ​តាម​ព្រៃ​ល្បោះ

គេ​ពុំ​អាច​ជួប​នឹង​សុភមង្គល​ឡើយ។

គេ​រស់​នៅ​តាម​កន្លែង​ក្ដៅ​ហួត‌ហែង

ក្នុង​វាល​រហោ‌ស្ថាន​ជា​ដី​ដែល​គ្មាន​អ្វី​ដុះ

និង​គ្មាន​មនុស្ស​នៅ។

7 រីឯ​អ្នក​ដែល​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់

និង​យក​ព្រះ‌អង្គ​ធ្វើ​ជា​បង្អែក

ពិត​ជា​ទទួល​ព្រះ‌ពរ​មិន​ខាន!

8 អ្នក​នោះ​ប្រៀប​បាន​នឹង​ដើម​ឈើ

ដុះ​នៅ​ក្បែរ​ផ្លូវ​ទឹក

ដែល​មាន​ឫស​ចាក់​ទៅ​រក​ទឹក​ហូរ

វា​មិន​ខ្លាច​កម្ដៅ

ហើយ​ស្លឹក​របស់​វា​នៅ​ខៀវ​ខ្ចី​ជា‌និច្ច។

នៅ​ពេល​រាំង​ស្ងួត វា​មិន​ព្រួយ​បារម្ភ​អ្វី​ទេ

គឺ​វា​នៅ​តែ​បង្កើត​ផ្លែ​ផ្កា​ដដែល។

9 ចិត្ត​របស់​មនុស្ស​តែង‌តែ​វៀច‌វេរ

មិន​អាច​កែ​តម្រង់​បាន​ឡើយ

ហើយ​ក៏​គ្មាន​នរណា​អាច​មើល​ចិត្ត​ធ្លុះ​ដែរ។

10ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា:

យើង​ឈ្វេង​យល់​ជម្រៅ​ចិត្ត​របស់​មនុស្ស

យើង​មើល​ធ្លុះ​អាថ៌‌កំបាំង​របស់​គេ

ដូច្នេះ យើង​នឹង​តប​ស្នង​ឲ្យ​មនុស្ស​ម្នាក់ៗ

តាម​កិរិយា​មារយាទ​របស់​ខ្លួន

និង​តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។

11 អ្នក​ដែល​រក​បាន​ទ្រព្យ‌សម្បត្តិ​ដោយ​អយុត្តិធម៌

ប្រៀប​បាន​នឹង​សត្វ​ទទា​ក្រាប​ស៊ុត​សត្វ​ដទៃ។

នៅ​ពេល​ពាក់​កណ្ដាល​អាយុ

ទ្រព្យ‌សម្បត្តិ​នឹង​ចាក​ចេញ​ពី​អ្នក​នោះ​ទៅ

ហើយ​នៅ​ទី​បញ្ចប់

គេ​ក្លាយ​ទៅ​ជា​មនុស្ស​មិន​ដឹង​ខុស​ត្រូវ។

12 ទី‌សក្ការៈ​របស់​យើង​ជា​បល្ល័ង្ក​មួយ​ដ៏​រុង‌រឿង

តាំង​ពី​ដើម​ដំបូង​រៀង​មក។

13 ឱ​ព្រះ‌អម្ចាស់​អើយ

ព្រះ‌អង្គ​ជា​ទី​សង្ឃឹម​របស់​ជន​ជាតិ​អ៊ីស្រា‌អែល!

អស់​អ្នក​ដែល​បោះ​បង់​ចោល​ព្រះ‌អង្គ

នឹង​ត្រូវ​អាម៉ាស់

អស់​អ្នក​ដែល​ងាក​ចេញ​ពី​ព្រះ‌អង្គ

នឹង​ត្រូវ​វិនាស​ទៅ​ជា​ធូលី​ដី

ដ្បិត​ពួក​គេ​បាន​បោះ​បង់​ចោល​ព្រះ‌អម្ចាស់

ដែល​ជា​ប្រភព​ទឹក​ផ្តល់​ជីវិត។

លោក​យេរេមី​ទូល​សូម​ព្រះ‌អម្ចាស់​ជួយ

14 ឱ​ព្រះ‌អម្ចាស់​អើយ សូម​ប្រោស​ទូល‌បង្គំ​ឲ្យ​ជា

នោះ​ទូល‌បង្គំ​នឹង​បាន​ជា

សូម​សង្គ្រោះ​ទូល‌បង្គំ នោះ​ទូល‌បង្គំ​នឹង​រួច​ជីវិត

ដ្បិត​ព្រះ‌អង្គ​តែង​ប្រោស​ប្រទាន​ឲ្យ

ទូល‌បង្គំ​សរសើរ​តម្កើង​ព្រះ‌អង្គ!

15 ពួក​គេ​ពោល​មក​ទូល‌បង្គំ​ថា:

“តើ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​នៅ​ឯ​ណា

ចូរ​ឲ្យ​ព្រះ‌បន្ទូល​នោះ​សម្រេច​ជា​រូប​រាង​ចុះ!”

16 ចំណែក​ឯ​ទូល‌បង្គំ​វិញ ទូល‌បង្គំ​ពុំ​បាន​ទទូច​សូម

ព្រះ‌អង្គ​ដាក់​ទោស​ពួក​គេ​ជា​ប្រញាប់​ទេ។

ព្រះ‌អង្គ​ជ្រាប​ស្រាប់​ហើយ​ថា

ទូល‌បង្គំ​មិន​ចង់​ឃើញ​ថ្ងៃ​អន្តរាយ​នោះ

កើត​មាន​ចំពោះ​ពួក​គេ​ឡើយ។

ព្រះ‌អង្គ​ជ្រាប​នូវ​ពាក្យ​សម្ដី

របស់​ទូល‌បង្គំ​ច្បាស់​ណាស់។

17 សូម​កុំ​បំភ័យ​ទូល‌បង្គំ​ឡើយ

ដ្បិត​ព្រះ‌អង្គ​ជា​ជម្រក​របស់​ទូល‌បង្គំ

នៅ​ថ្ងៃ​ដែល​ទូល‌បង្គំ​ជួប​ទុក្ខ​លំបាក។

18 សូម​ឲ្យ​អស់​អ្នក​ដែល​បៀត‌បៀន​ទូល‌បង្គំ

ត្រូវ​អាម៉ាស់

តែ​កុំ​ឲ្យ​ទូល‌បង្គំ​ត្រូវ​អាម៉ាស់​ឡើយ!

សូម​ឲ្យ​ពួក​គេ​ញ័រ​រន្ធត់

តែ​កុំ​ឲ្យ​ទូល‌បង្គំ​ញ័រ​រន្ធត់​ឡើយ!

សូម​ឲ្យ​ថ្ងៃ​លំបាក​វេទនា​ធ្លាក់​មក​លើ​ពួក​គេ

សូម​ប្រហារ​ពួក​គេ​ឲ្យ​វិនាស​អន្តរាយ​ទៅ!

ការ​គោរព​ថ្ងៃ​សប្ប័ទ

19ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «ចូរ​ទៅ​ឈរ​នៅ​មាត់ “ទ្វារ​ប្រជាជន” ជា​ទ្វារ​ដែល​ស្តេច​ស្រុក​យូដា​តែង‌តែ​ចេញ​ចូល និង​ទ្វារ​ទាំង​ប៉ុន្មាន​ទៀត​នៅ​ក្រុង​យេរូ‌សាឡឹម។ 20 ចូរ​ប្រកាស​ប្រាប់​ពួក​គេ​ថា: “ព្រះ‌មហា​ក្សត្រ និង​ប្រជាជន​យូដា​ទាំង​មូល ព្រម​ទាំង​អ្នក​ក្រុង​យេរូ‌សាឡឹម​ទាំង​អស់ ដែល​ចេញ​ចូល​តាម​ទ្វារ​ទាំង​នេះ​អើយ ចូរ​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ 21ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: ចូរ​អ្នក​រាល់​គ្នា​ប្រយ័ត្ន​ខ្លួន! កុំ​លី​សែង​អ្វី​នៅ​ថ្ងៃ​សប្ប័ទ*​ឡើយ ហើយ​ក៏​កុំ​យក​របស់​ទាំង​នោះ​ឆ្លង​កាត់​ទ្វារ​ក្រុង​យេរូ‌សាឡឹម​ដែរ ។ 22 កុំ​លី​សែង​អ្វី​ចេញ​ពី​ផ្ទះ​របស់​អ្នក​រាល់​គ្នា នៅ​ថ្ងៃ​សប្ប័ទ គឺ​កុំ​ធ្វើ​ការ​អ្វី​ទាំង​អស់។ ត្រូវ​ញែក​ថ្ងៃ​សប្ប័ទ​ទុក​សម្រាប់​យើង ដូច​យើង​បាន​បង្គាប់​ដូន‌តា​របស់​អ្នក​រាល់​គ្នា​ស្រាប់​ហើយ  23 តែ​ពួក​គេ​ពុំ​បាន​ត្រង‌ត្រាប់​ស្ដាប់​យើង​ទេ ពួក​គេ​តាំង​ចិត្ត​រឹង‌រូស មិន​ព្រម​ស្ដាប់ មិន​ព្រម​ទទួល​មេរៀន​សោះ។ 24ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា: រីឯ​អ្នក​រាល់​គ្នា​វិញ ប្រសិន​បើ​អ្នក​រាល់​គ្នា​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​យើង មិន​លី​សែង​អ្វី​កាត់​តាម​ទ្វារ​ក្រុង​នេះ ហើយ​ញែក​ថ្ងៃ​សប្ប័ទ​ទុក​សម្រាប់​យើង ដោយ​មិន​ធ្វើ​ការ​អ្វី​ទាំង​អស់​នៅ​ថ្ងៃ​នោះ​ទេ 25 ស្តេច​ទាំង‌ឡាយ​ដែល​ស្នង​រាជ្យ​ដាវីឌ​នឹង​ជិះ​រទេះ ជិះ​សេះ​កាត់​ទ្វារ​ក្រុង​នេះ​ត​ទៅ​មុខ​ទៀត ដោយ​មាន​មេ​ដឹក​នាំ ព្រម​ទាំង​ប្រជាជន​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម​ហែ‌ហម ហើយ​នឹង​មាន​មនុស្ស​រស់​នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម​ត​ទៅ​មុខ​ទៀត។ 26 ប្រជាជន​នឹង​នាំ​គ្នា​មក​ពី​ក្រុង​នានា​ក្នុង​ស្រុក​យូដា តំបន់​ជិត​ខាង​ក្រុង​យេរូ‌សាឡឹម ស្រុក​បេន‌យ៉ាមីន ស្រុក​ដែល​នៅ​ខាង​លិច​ជើង​ភ្នំ ព្រម​ទាំង​តំបន់​ភ្នំ និង​តំបន់​ណេកិប ដើម្បី​នាំ​យក​តង្វាយ​ដុត​ទាំង​មូល យញ្ញ‌បូជា តង្វាយ​ផ្សេងៗ និង​គ្រឿង​ក្រអូប មក​ថ្វាយ ដើម្បី​អរ​ព្រះ‌គុណ​ព្រះ‌អម្ចាស់ នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ។ 27 ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ស្ដាប់​យើង ដោយ​មិន​ញែក​ថ្ងៃ​សប្ប័ទ​ទុក​សម្រាប់​យើង គឺ​អ្នក​រាល់​គ្នា​លី​សែង​អ្វី​កាត់​ទ្វារ​ក្រុង​យេរូ‌សាឡឹម​នៅ​ថ្ងៃ​សប្ប័ទ នោះ​យើង​នឹង​ធ្វើ​ឲ្យ​មាន​ភ្លើង​ឆេះ​កម្ទេច​ទ្វារ​ក្រុង​នេះ ព្រម​ទាំង​ឆេះ​បំផ្លាញ​វិមាន​នៅ​ក្រុង​យេរូ‌សាឡឹម​ទៀត​ផង ភ្លើង​នោះ​នឹង​មិន​រលត់​ឡើយ”»។