ជំពូក ៣៧
លោកយេរេមីជាប់ឃុំឃាំង
1 ព្រះចៅនេប៊ូកានេសារ ជាស្តេចស្រុកបាប៊ីឡូន បានលើកព្រះបាទសេដេខ្យាស បុត្ររបស់ព្រះបាទយ៉ូស្យាស ឲ្យឡើងគ្រងរាជ្យលើស្រុកយូដា ជំនួសស្តេចយេកូនីយ៉ា ជាបុត្ររបស់ព្រះបាទយ៉ូយ៉ាគីម។ 2 នៅគ្រានោះ ទាំងស្តេច ទាំងនាម៉ឺន ទាំងប្រជាជននៅក្នុងស្រុក គ្មាននរណាម្នាក់ស្ដាប់ព្រះបន្ទូលដែលព្រះអម្ចាស់ថ្លែងតាមរយៈព្យាការីយេរេមីឡើយ។
3 ព្រះបាទសេដេខ្យាសចាត់លោកយេហូកាល់ ជាកូនរបស់លោកសេលេមីយ៉ា និងលោកបូជាចារ្យសេផានី ជាកូនរបស់លោកម៉ាសេយ៉ា ឲ្យទៅជួបព្យាការីយេរេមី ហើយប្រាប់ថា៖ «ចូរទូលអង្វរព្រះអម្ចាស់ ជាព្រះនៃយើង សូមព្រះអង្គប្រណីសន្ដោសយើងផង»។ 4 គ្រានោះ លោកយេរេមីមានសេរីភាពរស់នៅជាមួយប្រជាជននៅឡើយ គឺគេពុំទាន់ឃុំឃាំងលោកទេ។
5 កងទ័ពខាល់ដេដែលឡោមព័ទ្ធក្រុងយេរូសាឡឹមឮដំណឹងថា កងទ័ពរបស់ព្រះចៅផារ៉ោនលើកគ្នាចេញពីស្រុកអេស៊ីបមក ពួកគេក៏ដកថយពីក្រុងយេរូសាឡឹម។ 6 ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្យាការីយេរេមី ដូចតទៅ៖ 7 «ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា: ចូរទៅប្រាប់ស្តេចដែលបានចាត់អ្នករាល់គ្នាឲ្យមកសួរយើងថា “កងទ័ពស្តេចផារ៉ោនដែលចេញមកជួយអ្នករាល់គ្នានោះ នឹងវិលត្រឡប់ទៅស្រុករបស់គេវិញ គឺស្រុកអេស៊ីប 8 ហើយជនជាតិខាល់ដេនឹងវិលមកវាយលុកក្រុងនេះសាជាថ្មី គេនឹងដណ្ដើមយកក្រុងនេះ ហើយដុតកម្ទេចចោលទៀតផង”។ 9ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា “កុំបញ្ឆោតចិត្តខ្លួនឯង ដោយនឹកស្មានថា ពួកខាល់ដេដកទ័ពចេញពីអ្នករាល់គ្នារហូតនោះឡើយ ដ្បិតគេមិនចាកចេញទៅទេ។ 10 ទោះបីអ្នករាល់គ្នាធ្វើឲ្យកងទ័ពខាល់ដេទាំងមូល ដែលមកច្បាំងនឹងអ្នករាល់គ្នា ត្រូវបរាជ័យនៅសល់តែអ្នករបួសក្តី ក៏ពួកគេអាចក្រោកឡើង ចាកចេញពីជំរំរបស់ខ្លួន មកដុតកម្ទេចក្រុងនេះបានដែរ”»។
11 កាលកងទ័ពខាល់ដេដកថយពីក្រុងយេរូសាឡឹម ដើម្បីចៀសវាងការប៉ះទង្គិចនឹងកងទ័ពរបស់ព្រះចៅផារ៉ោន 12 លោកយេរេមីមានបំណងចេញពីក្រុងយេរូសាឡឹម ធ្វើដំណើរទៅស្រុកបេនយ៉ាមីន ដើម្បីទទួលដីជាចំណែកមត៌កក្នុងចំណោមបងប្អូនរបស់លោក។ 13 ពេលលោកមកដល់មាត់ទ្វារក្រុង ឈ្មោះទ្វារបេនយ៉ាមីន មេបញ្ជាការកងរក្សាក្រុង ឈ្មោះយីរីយ៉ា ជាកូនរបស់លោកសេលេមីយ៉ា និងជាចៅរបស់លោកហាណានីយ៉ា ស្ថិតនៅទីនោះ។ គាត់ចាប់ព្យាការីយេរេមី ទាំងពោលថា៖ «អ្នកឯងទៅចូលដៃជាមួយពួកខាល់ដេ!»។ 14 លោកយេរេមីតបថា៖ «មិនពិតទេ! ខ្ញុំមិនចូលដៃជាមួយពួកខាល់ដេឡើយ»។ ប៉ុន្តែ លោកយីរីយ៉ាមិនព្រមស្ដាប់ពាក្យលោកទេ គាត់ចាប់លោកយេរេមីនាំទៅជួបពួកមន្ត្រី។ 15 ពួកមន្ត្រីខឹងនឹងលោកយេរេមីជាខ្លាំង ពួកគេវាយលោក ហើយឃុំលោកក្នុងទីឃុំឃាំងនៅផ្ទះលោកយ៉ូណាថាន ជាស្មៀនហ្លួង ដ្បិតគេបានប្រើផ្ទះនេះជាទីឃុំឃាំង។ 16 នៅទីបញ្ចប់ គេឃុំលោកយេរេមីនៅក្នុងអណ្ដូងក្រោមដី ដែលគេប្រើជាគុកងងឹត ហើយលោកជាប់នៅទីនោះយ៉ាងយូរ។
17 ព្រះបាទសេដេខ្យាសចាត់គេឲ្យទៅហៅលោកមក ហើយសាកសួរលោកជាសម្ងាត់នៅក្នុងវាំងថា៖ «តើលោកបានទទួលព្រះបន្ទូលណាមួយពីព្រះអម្ចាស់ឬទេ?»។ លោកយេរេមីតបថា៖ «ក្រាបទូល! ព្រះករុណានឹងត្រូវធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ស្តេចស្រុកបាប៊ីឡូន»។ 18 លោកយេរេមីទូលព្រះបាទសេដេខ្យាសទៀតថា៖ «តើទូលបង្គំបានប្រព្រឹត្តអ្វីខុសចំពោះព្រះករុណា ឬខុសចំពោះពួកនាម៉ឺន និងប្រជាជននេះ បានជាគេយកទូលបង្គំមកឃុំឃាំងដូច្នេះ? 19 តើពួកព្យាការីដែលបានប្រកាសប្រាប់ព្រះករុណា និងប្រជាជនថា “ស្តេចស្រុកបាប៊ីឡូននឹងមិនមកប្រហារអ្នករាល់គ្នា ឬឈ្លានពានស្រុកនេះ” ទៅណាបាត់អស់ហើយ? 20 បពិត្រព្រះករុណាជាអម្ចាស់ សូមព្រះអង្គមេត្តាសណ្ដាប់ពាក្យអង្វរកររបស់ទូលបង្គំសិន សូមកុំឲ្យទូលបង្គំវិលទៅផ្ទះលោកស្មៀនយ៉ូណាថានទៀតឡើយ បើមិនដូច្នោះទេ ទូលបង្គំពិតជាត្រូវស្លាប់មិនខាន!»។ 21 ព្រះបាទសេដេខ្យាសក៏បញ្ជាឲ្យគេឃុំលោកយេរេមីទុកនៅក្នុងបន្ទាយកងរក្សាស្តេច ហើយឲ្យគេយកនំបុ័ងពីហាងនៅតាមផ្លូវមកជូនលោកពិសា រហូតទាល់តែក្នុងក្រុងទាំងមូល លែងមាននៅសល់នំបុ័ងទៀត។ ដូច្នេះ លោកយេរេមីក៏ស្នាក់នៅក្នុងបន្ទាយកងរក្សាស្តេច។