ជំពូក ៣១

ស្រុក​អ៊ីស្រា‌អែល និង​ស្រុក​យូដា នឹង​ត្រូវ​ស្តារ​ឡើង​វិញ

1ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖

«នៅ​គ្រា​នោះ យើង​នឹង​ធ្វើ​ជា

ព្រះ​របស់​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ទាំង​មូល

ពួក​គេ​នឹង​ធ្វើ​ជា​ប្រជា‌រាស្ដ្រ​របស់​យើង»។

2ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖

«នៅ​វាល​រហោ‌ស្ថាន

យើង​បាន​សម្ដែង​ការ​ប្រណី​សន្ដោស​ដល់

ប្រជាជន​ដែល​សេស‌សល់​ពី​ស្លាប់​ក្នុង​ចម្បាំង

ហើយ​អ៊ីស្រា‌អែល​នឹង​បាន​សុខ‌សាន្ត‌ត្រាណ។

3 ពួក​គេ​ពោល​ថា ព្រះ‌អម្ចាស់​បាន​សម្ដែង​ព្រះ‌អង្គ

ឲ្យ​ខ្ញុំ​ឃើញ​ពី​ចម្ងាយ។

ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា

“យើង​ស្រឡាញ់​អ្នក ដោយ​ចិត្ត​ស្រឡាញ់

ដែល​នៅ​ស្ថិត‌ស្ថេរ​អស់​កល្ប‌ជានិច្ច។

ហេតុ​នេះ​ហើយ​បាន​ជា​យើង​ទាក់‌ទាញ​ចិត្ត​អ្នក

ព្រោះ​យើង​ជំពាក់​ចិត្ត​នឹង​អ្នក​យ៉ាង​ខ្លាំង។

4 នាង​ព្រហ្មចារី​អ៊ីស្រា‌អែល​អើយ!

យើង​នឹង​ស្អាង​នាង​ឲ្យ​មាំ‌មួន​ឡើង​វិញ

រួច​នាង​នឹង​ចេញ​មក​លោត​រាំ

ទាំង​លេង​ក្រាប់​យ៉ាង​សប្បាយ។

5 នាង​នឹង​ដាំ​ទំពាំង‌បាយ‌ជូរ​ក្នុង​ចម្ការ

នៅ​តាម​ភ្នំ​ក្នុង​ស្រុក​សាម៉ារី​ឡើង​វិញ។

អ្នក​ណា​ដាំ អ្នក​នោះ​នឹង​បេះ​ផ្លែ​បរិភោគ”។

6 បន្តិច​ទៀត ពួក​អ្នក​យាម​នឹង​ស្រែក

នៅ​លើ​ភ្នំ​អេប្រា‌អ៊ីម​ថា:

“ចូរ​ក្រោក​ឡើង!

យើង​នាំ​គ្នា​ឡើង​ទៅ​លើ​ភ្នំ​ស៊ីយ៉ូន

ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​យើង!”»

7ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖

«ចូរ​ហ៊ោ​កញ្ជ្រៀវ​អបអរ‌សាទរ​កូន​ចៅ​យ៉ាកុប!

ចូរ​ទទួល​ប្រជាជន​ដែល​ជា​មេ​ដឹក​នាំ

នៃ​ប្រជា‌ជាតិ​ទាំង‌ឡាយ

ឲ្យ​បាន​គគ្រឹក‌គគ្រេង​ឡើង!

ចូរ​បន្លឺ​សំឡេង ចូរ​លើក​តម្កើង​ព្រះ‌អម្ចាស់!

ហើយ​ពោល​ថា: “ព្រះ‌អម្ចាស់​អើយ!

សូម​សង្គ្រោះ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ

គឺ​ជន​ជាតិ​អ៊ីស្រា‌អែល​ដែល​នៅ​សេស‌សល់”។

8 យើង​នឹង​នាំ​ពួក​គេ​មក​ពី​ស្រុក​ខាង​ជើង

ហើយ​ក៏​ប្រមូល​ពួក​គេ​ពី​ទី​ដាច់​ស្រយាល

នៃ​ផែន‌ដី​មក​វិញ​ដែរ។

ពួក​គេ​មក​ទាំង​អស់​គ្នា

គឺ​មាន​ទាំង​មនុស្ស​ខ្វាក់​មនុស្ស​ខ្វិន

ស្ត្រី​មាន​ផ្ទៃ​ពោះ និង​ស្ត្រី​ទើប​សម្រាល​កូន។

ពួក​គេ​វិល​ត្រឡប់​មក​វិញ​យ៉ាង​ច្រើន​ឥត​គណនា។

9 ពួក​គេ​មក​ដល់ ទាំង​យំ​ផង ទាំង​ទូល‌អង្វរ​ផង

យើង​នឹង​ដឹក​នាំ​ពួក​គេ​ដើរ​តាម​ផ្លូវ​រាប​ស្មើ

គ្មាន​អ្វី​ជំពប់​ជើង

តម្រង់​ទៅ​កន្លែង​ដែល​មាន​ទឹក​ហូរ

ដ្បិត​យើង​ជា​ឪពុក​របស់​ជន​ជាតិ​អ៊ីស្រា‌អែល

ហើយ​អេប្រា‌អ៊ីម​ជា​កូន​ច្បង​របស់​យើង»។

10 ប្រជា‌ជាតិ​ទាំង‌ឡាយ​អើយ

ចូរ​នាំ​គ្នា​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់

ហើយ​ផ្សព្វ‌ផ្សាយ​រហូត​ដល់​កោះ​ឆ្ងាយៗ!

ចូរ​ប្រកាស​ថា:

«ព្រះ​ដែល​កម្ចាត់‌កម្ចាយ​ជន​ជាតិ​អ៊ីស្រា‌អែល

ព្រះ‌អង្គ​ប្រមូល​ពួក​គេ​មក​វិញ​ហើយ

ព្រះ‌អង្គ​ថែ‌រក្សា​អ៊ីស្រា‌អែល

ដូច​គង្វាល​រក្សា​ហ្វូង​ចៀម​របស់​ខ្លួន។

11ព្រះ‌អម្ចាស់​រំដោះ​កូន​ចៅ​របស់​លោក​យ៉ាកុប

ព្រះ‌អង្គ​លោះ​ពួក​គេ​ឲ្យ​រួច​ពី​ខ្មាំង

ដែល​មាន​កម្លាំង​ខ្លាំង​ជាង​ពួក​គេ។

12 ពួក​គេ​ត្រឡប់​មក​វិញ

ទាំង​ស្រែក​ហ៊ោ​ដោយ​អំណរ នៅ​លើ​ភ្នំ​ស៊ីយ៉ូន

ពួក​គេ​នាំ​គ្នា​រត់​ទៅ​ទទួល​ទ្រព្យ‌សម្បត្តិ

ដែល​ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ

គឺ​មាន​ស្រូវ ស្រា​ទំពាំង‌បាយ‌ជូរ​ថ្មី ប្រេង

ហ្វូង​ចៀម និង​ហ្វូង​គោ។

ចិត្ត​របស់​ពួក​គេ​ប្រៀប​ដូច​សួន​ឧទ្យាន

ដែល​មាន​ទឹក​ស្រោច​ស្រព

ពួក​គេ​នឹង​លែង​ខ្សោះ​ល្វើយ​ទៀត​ហើយ។

13 ពេល​នោះ ស្ត្រី​ក្រមុំ​នឹង​នាំ​គ្នា​រាំ​យ៉ាង​សប្បាយ

ហើយ​ពួក​យុវជន និង​ពួក​ចាស់​ទុំ

ក៏​នឹង​រាំ​យ៉ាង​សប្បាយ​ដែរ។

យើង​នឹង​ធ្វើ​ឲ្យ​ទុក្ខ​ព្រួយ​របស់​ពួក​គេ

ប្រែ​ទៅ​ជា​អំណរ​រីក‌រាយ

យើង​នឹង​សម្រាល​ទុក្ខ​ពួក​គេ

ហើយ​ធ្វើ​ឲ្យ​ពួក​គេ​មាន​អំណរ​សប្បាយ

ឡើង​វិញ។

14 យើង​នឹង​ឲ្យ​សាច់​ដ៏​ល្អៗ​ដល់

ពួក​បូជា‌ចារ្យ​បរិភោគ​យ៉ាង​ស្កប់‌ស្កល់

ហើយ​យើង​នឹង​ផ្តល់​សម្បត្តិ​ដ៏​បរិបូណ៌

ដល់​ប្រជា‌រាស្ដ្រ​របស់​យើង»

- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

15ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖

«មាន​ឮ​សំឡេង​យំ​នៅ​ភូមិ​រ៉ាម៉ា

ជា​ទំនួញ​សោក‌សៅ និង​សម្រែក​ឈឺ​ចាប់

គឺ​នាង​រ៉ាខែល​យំ​សោក​អាណិត​កូន

នាង​មិន​ព្រម​ឲ្យ​នរណា​លួង‌លោម​ឡើយ

ព្រោះ​កូន​របស់​នាង​បាត់​បង់​ជីវិត​អស់​ទៅ​ហើយ»។

16ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖

«ឈប់​យំ​សោក និង​ឈប់​បង្ហូរ​ទឹក​ភ្នែក​ទៅ!

ដ្បិត​នាង​ទទួល​ផល​ពី​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត

កូន​ចៅ​របស់​នាង​នឹង​វិល​ត្រឡប់​ពី​ស្រុក

របស់​ខ្មាំង​សត្រូវ​មក​វិញ

- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ -

17 អនាគត​នាង​ពោរ‌ពេញ​ដោយ​សេចក្ដី​សង្ឃឹម

ព្រោះ​កូន​ចៅ​របស់​នាង​វិល​ត្រឡប់​មក

ទឹក​ដី​របស់​ខ្លួន​វិញ

- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

18 យើង​ឮ​អេប្រា‌អ៊ីម​យំ​រៀប​រាប់​ថា:

“ព្រះ‌អង្គ​បាន​ដាក់​ទោស​ទូល‌បង្គំ

ហើយ​ទូល‌បង្គំ​ក៏​ទទួល​ទោស

ដូច​កូន​គោ​ដែល​មិន​ទាន់​ផ្សាំង។

សូម​នាំ​ទូល‌បង្គំ​ឲ្យ​វិល​មក​វិញ

នោះ​ទូល‌បង្គំ​នឹង​វិល​មក​វិញ

ដ្បិត​ព្រះ‌អង្គ​ជា​ព្រះ‌អម្ចាស់

និង​ជា​ព្រះ​របស់​ទូល‌បង្គំ។

19 ទូល‌បង្គំ​វិល​មក​វិញ ទាំង​នឹក​ស្តាយ​កំហុស។

ពេល​ដឹង​ខ្លួន​ខុស ទូល‌បង្គំ​ក៏​គក់​ទ្រូង

នឹក​ស្តាយ ហើយ​អៀន​ខ្មាស។

ទូល‌បង្គំ​បាក់​មុខ ព្រោះ​តែ​អំពើ​ដែល​ទូល‌បង្គំ

ប្រព្រឹត្ត​កាល​នៅ​ពី​ក្មេង”។

20 អេប្រា‌អ៊ីម​ជា​កូន​សម្លាញ់

ជា​កូន​សំណព្វ​ចិត្ត​របស់​យើង។

ពេល​ណា​យើង​គិត​នឹង​ដាក់​ទោស​អេប្រា‌អ៊ីម

យើង​ចេះ​តែ​នឹក​ឃើញ​គេ​ជា‌និច្ច

យើង​ខ្លោច​ចិត្ត​អាណិត​គេ

យើង​ស្រឡាញ់​គេ​ខ្លាំង​ណាស់»

- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

21 «ចូរ​លើក​ទង់​សញ្ញា និង​បង្គោល​ចំណាំ​ឡើង

ចូរ​ប្រុង​ប្រយ័ត្ន​នឹង​ផ្លូវ​ដែល​អ្នក​ដើរ

នាង​ព្រហ្មចារី​អ៊ីស្រា‌អែល​អើយ

ចូរ​វិល​ត្រឡប់​មក​វិញ

ចូរ​វិល​ត្រឡប់​មក​ក្រុង​នានា​របស់​នាង​វិញ។

22 កូន​ស្រី​ដែល​បះ‌បោរ​អើយ

តើ​នាង​នៅ​តែ​ដើរ​តែល‌តោល

ដល់​កាល​ណា​ទៀត?

ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​មាន​ការ​មួយ​ថ្មី

កើត​ឡើង​នៅ​លើ​ផែន‌ដី​នេះ

គឺ​ប្រពន្ធ​បែរ​ជា​ស្វែង​រក​ប្ដី​ទៅ​វិញ!»។

សម្ពន្ធ‌មេត្រី​ថ្មី

23ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​ពេល​ដែល​យើង​ស្តារ​ស្រុក​ទេស​ឡើង​វិញ ប្រជាជន​ក្នុង​ស្រុក​យូដា និង​ក្នុង​ក្រុង​ទាំង‌ឡាយ នឹង​ពោល​ថា:

“អ្នក​ជា​ព្រះ‌ដំណាក់​ដ៏​សុចរិត និង​ជា​ភ្នំ​ដ៏‌វិសុទ្ធ

សូម​ព្រះ‌អម្ចាស់​ប្រទាន​ពរ​អ្នក!”

24 អ្នក​ស្រែ​ចម្ការ ព្រម​ទាំង​អ្នក​ចិញ្ចឹម​សត្វ នឹង​រស់​នៅ​ជា​មួយ​គ្នា នៅ​តាម​ទីក្រុង​ទាំង​ប៉ុន្មាន​ក្នុង​ស្រុក​យូដា។ 25 យើង​នឹង​ឲ្យ​ទឹក​ដល់​អ្នក​ដែល​ស្រេក ហើយ​ជួយ​អ្នក​ខ្សោះ​ល្វើយ​ឲ្យ​មាន​កម្លាំង​ឡើង​វិញ»។ 26 ពេល​នោះ ខ្ញុំ​ភ្ញាក់​ឡើង​ហើយ ឃើញ​ថា ខ្ញុំ​ដេក​លក់​យ៉ាង​ស្កប់‌ស្កល់!។

27ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​គ្រា​ខាង​មុខ​យើង​នឹង​ធ្វើ​ឲ្យ​ទាំង​មនុស្ស ទាំង​សត្វ កើន​ចំនួន​ច្រើន​ឡើង នៅ​ស្រុក​អ៊ីស្រា‌អែល និង​ស្រុក​យូដា។ 28 ពី​មុន យើង​ធ្លាប់​មក​រក​ពួក​គេ ដើម្បី​រំលើង រំលំ កម្ទេច និង​បំផ្លាញ​ឲ្យ​វិនាស​យ៉ាង​ណា យើង​នឹង​មក​រក​ពួក​គេ ដើម្បី​សង់ និង​ដាំ​ឡើង​វិញ​យ៉ាង​នោះ​ដែរ -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ 29 នៅ​គ្រា​នោះ គេ​លែង​ពោល​ថា “ឪពុក​បរិភោគ​ក្តឹប​ទំពាំង‌បាយ‌ជូរ តែ​កូន​បែរ​ជា​ឈឺ​ធ្មេញ” ទៀត​ហើយ 30 គឺ​ម្នាក់ៗ​ត្រូវ​ស្លាប់ ព្រោះ​តែ​កំហុស​របស់​ខ្លួន។ អ្នក​ណា​បរិភោគ​ក្តឹប​ទំពាំង‌បាយ‌ជូរ អ្នក​នោះ​នឹង​ឈឺ​ធ្មេញ»។

31ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​គ្រា​ខាង​មុខ​យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​ថ្មី​ជា​មួយ​ប្រជាជន​អ៊ីស្រា‌អែល និង​ប្រជាជន​យូដា។ 32 សម្ពន្ធ‌មេត្រី​ថ្មី​នេះ​មិន​ដូច​សម្ពន្ធ‌មេត្រី ដែល​យើង​បាន​ចង​ជា​មួយ​បុព្វ‌បុរស​របស់​ពួក​គេ នៅ​គ្រា​ដែល​យើង​ដឹក​ដៃ​បុព្វ‌បុរស​នោះ នាំ​ចេញ​ពី​ស្រុក​អេស៊ីប​ទេ។ ទោះ​បី​យើង​ជា​ម្ចាស់​របស់​ពួក​គេ​ក្តី ក៏​ពួក​គេ​ផ្ដាច់​សម្ពន្ធ‌មេត្រី​របស់​យើង​ដែរ។ 33 សម្ពន្ធ‌មេត្រី​ថ្មី ដែល​យើង​នឹង​ចង​ជា​មួយ​ប្រជាជន​អ៊ីស្រា‌អែល​នៅ​ពេល​ខាង​មុខ មាន​ដូច​ត​ទៅ: យើង​នឹង​ដាក់​វិន័យ​របស់​យើង​នៅ​ក្នុង​ជម្រៅ​ចិត្ត​របស់​ពួក​គេ យើង​នឹង​ចារ​វិន័យ​នោះ​ក្នុង​ចិត្ត​គំនិត​របស់​ពួក​គេ យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​ពួក​គេ ពួក​គេ​ធ្វើ​ជា​ប្រជា‌រាស្ដ្រ​របស់​យើង - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ 34 គេ​នឹង​លែង​បង្រៀន​ជន​រួម​ជាតិ​របស់​ខ្លួន គេ​ក៏​លែង​និយាយ​ប្រាប់​បង‌ប្អូន​របស់​ខ្លួន​ថា “ត្រូវ​តែ​ស្គាល់​ព្រះ‌អម្ចាស់” ទៀត​ហើយ ព្រោះ​តាំង​ពី​អ្នក​តូច​បំផុត​រហូត​ដល់​អ្នក​ធំ​បំផុត គេ​នឹង​ស្គាល់​យើង​គ្រប់ៗ​គ្នា។ យើង​អត់‌ឱន​ឲ្យ​គេ​ចំពោះ​អំពើ​ទុច្ចរិត ដែល​គេ​បាន​ប្រព្រឹត្ត ហើយ​យើង​ក៏​លែង​នឹក​នា​ពី​អំពើ​បាប​របស់​គេ​ទៀត​ដែរ» -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

35ព្រះ‌អម្ចាស់​ដែល​តែង‌តាំង​ព្រះ‌អាទិត្យ

ឲ្យ​បំភ្លឺ​នៅ​ពេល​ថ្ងៃ

ហើយ​ព្រះ‌ច័ន្ទ និង​ហ្វូង‌តារា

បំភ្លឺ​នៅ​ពេល​យប់ តាម​ពេល​កំណត់

ព្រះ‌អង្គ​ធ្វើ​ឲ្យ​កក្រើក​ទឹក​សមុទ្រ

និង​មាន​រលក​បក់​បោក

ព្រះ‌អង្គ​ដែល​មាន​ព្រះ‌នាម​ថា

“ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល”

មាន​ព្រះ‌បន្ទូល​ថា៖

36 «ប្រសិន​បើ​ច្បាប់​ធម្ម‌ជាតិ​ទាំង​នេះ​លែង​មាន

នោះ​អ៊ីស្រា‌អែល​ក៏​លែង​មាន​ឈ្មោះ​ជា

ប្រជា‌ជាតិ​នៅ​ចំពោះ​មុខ​យើង

រហូត​ត​ទៅ​ដែរ»

- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

37ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖

«ប្រសិន​បើ​គេ​អាច​វាស់​បណ្តោយ​ផ្ទៃ​មេឃ

និង​ជម្រៅ​ផែន‌ដី​បាន

នោះ​យើង​ក៏​បោះ​បង់​ចោល​ពូជ‌ពង្ស​អ៊ីស្រា‌អែល

ព្រោះ​តែ​អំពើ​ទាំង​ប៉ុន្មាន

ដែល​ពួក​គេ​ប្រព្រឹត្ត​ដែរ»

- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

38 នៅ​គ្រា​ខាង​មុខ គេ​នឹង​សង់​ទីក្រុង​ឡើង​វិញ​ថ្វាយ​ព្រះ‌អម្ចាស់ គឺ​ចាប់​តាំង​ពី​ប៉ម​ហាណា‌អែល​រហូត​ដល់​ទ្វារ​នៅ​ជ្រុង​កំពែង។ 39 គេ​នឹង​កំណត់​ព្រំ‌ប្រទល់​ថ្មី​របស់​ទីក្រុង ចាប់​ពី​កន្លែង​នោះ​ឆ្ពោះ​ទៅ​ទិស​ខាង​លិច រហូត​ដល់​ភ្នំ​ការេប រួច​បត់​ឆ្ពោះ​ទៅ​កូអាត។ 40 ជ្រលង​ភ្នំ​សាក‌សព និង​ផេះទាំង​មូល ហើយ​ចន្លោះ​ទាំង​ប៉ុន្មាន​ដែល​លាត​សន្ធឹង​រហូត​ដល់​ជ្រោះ​កេដ្រូន និង​ជ្រុង​ទ្វារ​សេះ​ដែល​នៅ​ខាង​កើត ត្រូវ​ញែក​ថ្វាយ​ព្រះ‌អម្ចាស់។ កន្លែង​ទាំង​នោះ នឹង​មិន​ត្រូវ​គាស់ ឬ​កម្ទេច​ឡើយ។