ជំពូក ៣៣

ព្រះ‌បន្ទូល​សន្យា​អំពី​ការ​ស្តារ​ស្រុក​ឡើង​វិញ

1ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យេរេមី​សា​ជា​ថ្មី នៅ​ក្នុង​ទី​ឃុំ‌ឃាំង។

2ព្រះ‌អម្ចាស់​ដែល​បាន​បង្កើត​អ្វីៗ​ទាំង​អស់ ព្រះ‌អម្ចាស់​ដែល​បាន​សូន​ផែន‌ដី ហើយ​ដាក់​ឲ្យ​នៅ​មាំ‌មួន ឥត​រង្គើ ព្រះ‌អង្គ​ដែល​មាន​ព្រះ‌នាម​ថា ព្រះ‌អម្ចាស់ មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ៖ 3 «ចូរ​អង្វរ​រក​យើង នោះ​យើង​នឹង​ឆ្លើយ​តប​មក​អ្នក​វិញ។ យើង​នឹង​សម្ដែង​ឲ្យ​អ្នក​ដឹង​អំពី​ការ​អស្ចារ្យ​ផ្សេងៗ ជា​ការ​លាក់​កំបាំង ដែល​អ្នក​ពុំ​ធ្លាប់​ដឹង​ពី​មុន​មក»។

4ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ថា៖ «ផ្ទះ​នានា​ក្នុង​ក្រុង​នេះ ព្រម​ទាំង​ដំណាក់​របស់​ស្តេច​ស្រុក​យូដា នឹង​ត្រូវ​ផ្តួល​រំលំ​ដោយ​ខ្មាំង​លើក​ទួល វាយ​លុក។ 5 ប្រជាជន​ខ្លះ​នៅ​ក្នុង​ក្រុង​នេះ​ខំ​តទល់​នឹង​ពួក​ខាល់ដេ​ដែរ ជា​ហេតុ​បណ្តាល​ឲ្យ​ផ្ទះ​របស់​គេ​មាន​ពេញ​ដោយ​សាក‌សព ដែល​យើង​ប្រហារ ដោយ‌សារ​កំហឹង​ដ៏​ខ្លាំង​របស់​យើង។ អំពើ​អាក្រក់​របស់​ពួក​គេ​ធ្វើ​ឲ្យ​យើង​លែង​អាណិត​មេត្តា​ដល់​ក្រុង​នេះ។ 6 ប៉ុន្តែ យើង​នឹង​ព្យាបាល​មុខ​របួស​របស់​គេ​ឲ្យ​ជា​ទាំង​ស្រុង យើង​នឹង​ប្រោស​ពួក​គេ​ឲ្យ​ជា យើង​នឹង​ផ្តល់​សេចក្ដី​សុខ‌សាន្ត និង​សន្តិ‌សុខ​មក​លើ​ពួក​គេ​យ៉ាង​បរិបូណ៌។ 7 យើង​នឹង​ស្តារ​ស្រុក​យូដា និង​ស្រុក​អ៊ីស្រា‌អែល យើង​នឹង​ឲ្យ​ប្រជាជន​រស់​នៅ​ដូច​ដើម​ឡើង​វិញ។ 8 យើង​នឹង​ជម្រះ​ពួក​គេ​ឲ្យ​បរិសុទ្ធ* រួច​ផុត​ពី​អំពើ​បាប​ទាំង​ប៉ុន្មាន ដែល​ពួក​គេ​ប្រព្រឹត្ត​ទាស់​នឹង​យើង ហើយ​បះ‌បោរ​ប្រឆាំង​នឹង​យើង​ទៀត​ផង។ 9 ក្រុង​នេះ​នឹង​ធ្វើ​ឲ្យ​យើង​មាន​អំណរ​សប្បាយ ហើយ​មាន​កេរ្តិ៍​ឈ្មោះ​ល្បី។ ពេល​ប្រជា‌ជាតិ​ទាំង​អស់​នៅ​លើ​ផែន‌ដី​ឮ​ដំណឹង​ថា យើង​ឲ្យ​ពរ​ដល់​ក្រុង​នេះ គេ​នឹង​នាំ​គ្នា​លើក​តម្កើង​យើង គេ​នឹង​ស្ងើច​សរសើរ ហើយ​រំជួល​ចិត្ត​ដោយ​ឃើញ​សុភមង្គល និង​ភាព​ចម្រុង​ចម្រើន​គ្រប់​យ៉ាង ដែល​យើង​ផ្តល់​ឲ្យ​ក្រុង​នេះ»។

10ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ៖ «អ្នក​រាល់​គ្នា​ធ្លាប់​ពោល​ថា “ទឹក​ដី​នេះ​វិនាស​អន្តរាយ​អស់​ហើយ លែង​មាន​មនុស្ស លែង​មាន​សត្វ។ ក្រុង​នានា​ក្នុង​ស្រុក​យូដា និង​ផ្លូវ​នានា​ក្នុង​ក្រុង​យេរូ‌សាឡឹម ជា​កន្លែង​ស្ងាត់​ជ្រងំ លែង​មាន​មនុស្ស លែង​មាន​សត្វ​រស់​នៅ​ទៀត​ហើយ”។ ប៉ុន្តែ នៅ​ពេល​ខាង​មុខ 11 គេ​នឹង​ឮ​សូរ​ស័ព្ទ​បទ​ចម្រៀង​យ៉ាង​សែន​សប្បាយ ព្រម​ទាំង​ឮ​ភ្លេង​ការ និង​ឮ​ចម្រៀង​របស់​អស់​អ្នក​ដែល​ថ្វាយ​យញ្ញ‌បូជា​អរ​ព្រះ‌គុណ នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។ ពួក​គេ​សរសើរ​តម្កើង​ថា “ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ដ្បិត​ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​សប្បុរស ហើយ​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​របស់​ព្រះ‌អង្គ​នៅ​ស្ថិត‌ស្ថេរ​អស់​កល្ប‌ជានិច្ច!”។ ពិត​មែន​ហើយ! យើង​នឹង​ស្តារ​ស្រុក​នេះ​ឲ្យ​ដូច​ដើម​វិញ» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

12ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​ក្នុង​ក្រុង​ដែល​វិនាស​បាក់​បែក នឹង​គ្មាន​មនុស្ស គ្មាន​សត្វ ហើយ​នៅ​តាម​ក្រុង​ឯ​ទៀតៗ ពួក​គង្វាល​នឹង​នាំ​គ្នា​ធ្វើ​ក្រោល ជា​ជម្រក​សម្រាប់​ហ្វូង​សត្វ​របស់​ខ្លួន​សា​ជា​ថ្មី។ 13 ក្នុង​ក្រុង​នានា​នៅ​តំបន់​ភ្នំ តំបន់​វាល​ទំនាប តំបន់​ណេកិប ក្នុង​ទឹក​ដី​បេន‌យ៉ាមីន តំបន់​ជុំ‌វិញ​ក្រុង​យេរូ‌សាឡឹម និង​នៅ​តាម​ក្រុង​នានា​ក្នុង​ស្រុក​យូដា គង្វាល​នឹង​រាប់​ចំនួន​ចៀម​របស់​ខ្លួន​សា​ជា​ថ្មី» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

14ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​គ្រា​ខាង​មុខ យើង​នឹង​សម្រេច​តាម​ពាក្យ​ដែល​យើង​បាន​សន្យា​ជា​មួយ​ប្រជាជន​អ៊ីស្រា‌អែល និង​ប្រជាជន​យូដា។ 15 នៅ​គ្រា​នេះ យើង​នឹង​ធ្វើ​ឲ្យ​មាន​ស្តេច​មួយ​អង្គ​ដ៏​សុចរិត កើត​ចេញ​ពី​ពូជ‌ពង្ស​របស់​ដាវីឌ។ ស្តេច​នោះ​នឹង​គ្រប់‌គ្រង​ស្រុក​ដោយ​សុចរិត និង​យុត្តិធម៌។ 16 នៅ​គ្រា​នោះ ជន​ជាតិ​យូដា​នឹង​ទទួល​ការ​សង្គ្រោះ ក្រុង​យេរូ‌សាឡឹម​នឹង​មាន​សន្តិ‌សុខ។ គេ​នឹង​ដាក់​ឈ្មោះ​ក្រុង​នោះ​ថា “ព្រះ‌អម្ចាស់​ជា​សេចក្ដី​សុចរិត​របស់​យើង”»។

17ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ដាវីឌ​នឹង​មិន​ខ្វះ​ពូជ‌ពង្ស​គ្រង​រាជ្យ​លើ​ជន​ជាតិ​អ៊ីស្រា‌អែល​ឡើយ។ 18 ពួក​បូជា‌ចារ្យ និង​ពួក​លេវី ក៏​មិន​ខ្វះ​ពូជ‌ពង្ស​ឈរ​នៅ​ចំពោះ​មុខ​យើង ដើម្បី​ថ្វាយ​តង្វាយ​ដុត និង​ដុត​គ្រឿង​ក្រអូប ជា​មួយ​តង្វាយ​ផ្សេងៗ ហើយ​ថ្វាយ​យញ្ញ‌បូជា​ជា​រៀង​រាល់​ថ្ងៃ​ដែរ»។

19ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យេរេមី ដូច​ត​ទៅ៖ 20 «យើង​បាន​ធ្វើ​ឲ្យ​មាន​ថ្ងៃ មាន​យប់ តាម​កំណត់​ពេល​វេលា​របស់​វា ប្រសិន​បើ​អ្នក​រាល់​គ្នា​អាច​បញ្ឈប់​ចលនា​របស់​ថ្ងៃ និង​យប់​បាន 21 យើង​ក៏​ផ្ដាច់​សម្ពន្ធ‌មេត្រី​ដែល​យើង​បាន​ចង​ជា​មួយ​ដាវីឌ ជា​អ្នក​បម្រើ​របស់​យើង​ដូច្នោះ​ដែរ គឺ​លែង​មាន​ពូជ‌ពង្ស​របស់​គេ​ស្នង​រាជ្យ ហើយ​ក៏​លែង​មាន​ពួក​បូជា‌ចារ្យ​លេវី​បំពេញ​មុខ‌ងារ​នៅ​ចំពោះ​មុខ​យើង​ទៀត​ដែរ។ 22 ផ្ទុយ​ទៅ​វិញ យើង​នឹង​ឲ្យ​ពូជ‌ពង្ស​របស់​ដាវីឌ ជា​អ្នក​បម្រើ​យើង ព្រម​ទាំង​ពួក​បូជា‌ចារ្យ​លេវី ដែល​បំពេញ​មុខ‌ងារ​នៅ​ចំពោះ​មុខ​យើង កើន​ចំនួន​ច្រើន​ឥត​គណនា ដូច​ផ្កាយ​នៅ​លើ​មេឃ និង​គ្រាប់​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ»។

23ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យេរេមី ដូច​ត​ទៅ៖ 24 «តើ​អ្នក​ឮ​ពាក្យ​របស់​ប្រជាជន​នេះ​ឬ​ទេ? ពួក​គេ​ពោល​ថា: “ព្រះ‌អម្ចាស់​បាន​បោះ​បង់​ចោល​អំបូរ​ទាំង​ពីរ ដែល​ព្រះ‌អង្គ​បាន​ជ្រើស‌រើស​នោះ​ហើយ”។ អ្នក​ណា​ពោល​ដូច្នេះ អ្នក​នោះ​មើល‌ងាយ​ប្រជាជន​របស់​យើង ហើយ​លែង​រាប់​ពួក​គេ​ជា​ប្រជា‌ជាតិ​មួយ​ទៀត​ផង»។ 25ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «យើង​បាន​ធ្វើ​ឲ្យ​មាន​ថ្ងៃ និង​យប់ តាម​ពេល​កំណត់ ហើយ​យើង​ក៏​បាន​ដាក់​ច្បាប់​ធម្ម‌ជាតិ​សម្រាប់​ផ្ទៃ​មេឃ និង​ផែន‌ដី​ដែរ។ 26 ដូច្នេះ តើ​ឲ្យ​យើង​បោះ​បង់​ចោល​ពូជ‌ពង្ស​របស់​យ៉ាកុប និង​ពូជ‌ពង្ស​របស់​ដាវីឌ ជា​អ្នក​បម្រើ​របស់​យើង ដូច​ម្ដេច​បាន? តើ​យើង​លែង​ជ្រើស‌រើស​មេ​ដឹក​នាំ ពី​ក្នុង​ចំណោម​ពូជ‌ពង្ស​របស់​គេ ឲ្យ​គ្រប់‌គ្រង​លើ​ពូជ‌ពង្ស​អប្រា‌ហាំ អ៊ីសាក និង​យ៉ាកុប​កើត​ឬ? ទេ! យើង​នឹង​ស្តារ​ពួក​គេ​ឡើង​វិញ ព្រម​ទាំង​សម្ដែង​ចិត្ត​អាណិត‌អាសូរ​ពួក​គេ​ថែម​ទៀត​ផង»។