ជំពូក ៣៨
លោកយេរេមីត្រូវគេឃុំនៅក្នុងអណ្ដូង
1 លោកសេផាទីយ៉ាជាកូនរបស់លោកម៉ាតន លោកកេដេលីយ៉ា ជាកូនរបស់លោកប៉ាសួរ លោកយូកាល់ ជាកូនរបស់លោកសេលេមីយ៉ា និងលោកប៉ាសួរ ជាកូនរបស់លោកម៉ាល់គីយ៉ា បានឮពាក្យដែលលោកយេរេមីធ្លាប់ប្រកាសប្រាប់ប្រជាជនទាំងមូលថា៖ 2 «ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: អ្នកដែលនៅក្នុងក្រុងនេះតទៅមុខទៀត នឹងត្រូវស្លាប់ដោយមុខដាវ ដោយទុរ្ភិក្ស និងដោយជំងឺអាសន្នរោគ។ រីឯអ្នកដែលចេញទៅចុះចូលនឹងជនជាតិខាល់ដេនឹងបានរួចជីវិត 3 ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលថា ក្រុងនេះពិតជាធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់កងទ័ពស្តេចស្រុកបាប៊ីឡូន ហើយគេនឹងដណ្ដើមយកបានមិនខាន»។
4 មន្ត្រីទាំងនោះទូលស្តេចថា៖ «សូមប្រហារជីវិតជននោះចោលទៅ! ដ្បិតគាត់និយាយឲ្យពលទាហានដែលនៅសេសសល់ក្នុងក្រុងនេះ និងប្រជាជនទាំងមូលបាក់ទឹកចិត្ត។ គាត់មិនរកសេចក្ដីសុខជូនប្រជារាស្ដ្រទេ គឺនាំទុក្ខវេទនាមកឲ្យពួកគេវិញ»។ 5 ព្រះបាទសេដេខ្យាសតបថា៖ «គាត់នៅក្នុងកណ្ដាប់ដៃរបស់អស់លោកស្រាប់ហើយ ខ្ញុំជាស្តេចមែន តែខ្ញុំពុំអាចឃាត់អស់លោកបានទេ»។ 6 គេចាប់លោកយេរេមីទៅទម្លាក់ក្នុងអណ្ដូងរបស់សម្តេចម៉ាល់គីយ៉ា ជាបុត្ររបស់ស្តេច។ អណ្ដូងនោះស្ថិតនៅក្នុងបន្ទាយរបស់កងរក្សាស្តេច។ គេយកខ្សែពួរមកចងលោកយេរេមី សម្រូតចុះទៅក្នុងអណ្ដូងដែលគ្មានទឹកទេ គឺមានតែភក់ ហើយលោកយេរេមីជាប់ផុងនៅក្នុងភក់នោះ។
7 លោកអេបេដ-មេលេក ជាជនជាតិអេត្យូពី និងជាមហាតលិកនៅក្នុងវាំង បានឮដំណឹងថា គេដាក់លោកយេរេមីនៅក្នុងអណ្ដូង។ ពេលស្តេចគង់កាត់ក្តីនៅមាត់ទ្វារបេនយ៉ាមីន 8 លោកអេបេដ-មេលេកចេញពីវាំង ហើយទូលស្តេចដូចតទៅ៖ 9 «បពិត្រព្រះករុណាជាអម្ចាស់ អ្នកទាំងនេះប្រព្រឹត្តអាក្រក់ចំពោះព្យាការីយេរេមីពន់ពេកណាស់ គឺគេយកលោកទម្លាក់ក្នុងអណ្ដូង លោកមុខជាស្លាប់ដោយអត់អាហារ ក្នុងអណ្ដូងនោះពុំខាន ដ្បិតគ្មានស្បៀងអាហារក្នុងក្រុងទៀតឡើយ!»។ 10 ព្រះបាទសេដេខ្យាសបញ្ជាទៅលោកអេបេដ-មេលេក ជាជនជាតិអេត្យូពីនោះថា៖ «ចូរនាំទាហានសាមសិបនាក់ទៅជាមួយ ហើយស្រង់ព្យាការីយេរេមីចេញពីអណ្ដូងមក កុំឲ្យគាត់ស្លាប់ទាន់»។ 11 លោកអេបេដ-មេលេកក៏នាំទាហានទៅជាមួយឆ្ពោះទៅវាំងស្តេច ហើយទៅខាងក្រោមឃ្លាំងព្រះរាជ្យទ្រព្យ។ គាត់យកសម្លៀកបំពាក់រិចរឹល និងក្រណាត់ចាស់ៗមកចងនឹងខ្សែពួរ សម្រូតចុះទៅឲ្យលោកយេរេមី នៅក្នុងអណ្ដូង។ 12 លោកអេបេដ-មេលេក ជាជនជាតិអេត្យូពី ស្រែកប្រាប់លោកយេរេមីថា៖ «សូមលោកយកសម្លៀកបំពាក់រិចរឹល និងក្រណាត់ចាស់ៗនោះទ្រាប់ពីក្រោមក្លៀក ហើយយកខ្សែពួរចងពីលើទៅ!»។ លោកយេរេមីក៏ធ្វើតាម។ 13 ពួកគេទាញខ្សែពួរ លើកលោកយេរេមីឡើងពីអណ្ដូងមក ហើយលោកយេរេមីក៏ស្ថិតនៅក្នុងបន្ទាយកងរក្សាស្តេចនោះ។
ព្រះបាទសេដេខ្យាសពិភាក្សាជាមួយលោកយេរេមី
14 ព្រះបាទសេដេខ្យាសបានចាត់គេឲ្យទៅអញ្ជើញព្យាការីយេរេមីមកគាល់ នៅក្លោងទ្វារទីបីនៃព្រះដំណាក់របស់ព្រះអម្ចាស់។ ស្តេចមានរាជឱង្ការទៅកាន់លោកយេរេមីថា៖ «ខ្ញុំសុំសួរលោកនូវសំណួរតែមួយ កុំលាក់អ្វីនឹងខ្ញុំឲ្យសោះ!»។ 15 លោកយេរេមីទូលព្រះបាទសេដេខ្យាសថា៖ «ប្រសិនបើទូលបង្គំទូលសេចក្ដីពិតថ្វាយព្រះករុណា ព្រះករុណាពិតជាប្រហារជីវិតទូលបង្គំមិនខាន។ ប្រសិនបើទូលបង្គំថ្វាយយោបល់ ក៏ព្រះករុណាមិនស្ដាប់ទូលបង្គំដែរ»។ 16 ព្រះបាទសេដេខ្យាសមានរាជឱង្ការស្បថជាសម្ងាត់ មកលោកយេរេមីថា៖ «ខ្ញុំសូមស្បថក្នុងនាមព្រះអម្ចាស់ ជាព្រះដ៏មានព្រះជន្មគង់នៅ ហើយដែលបានប្រទានជីវិតមកយើងថា ខ្ញុំនឹងមិនប្រហារជីវិតលោក ឬប្រគល់លោកទៅក្នុងកណ្ដាប់ដៃរបស់អស់អ្នកដែលចង់ប្រហារជីវិតលោកឡើយ»។ 17 លោកយេរេមីក៏ទូលស្តេចថា៖ «ព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូល និងជាព្រះនៃជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលដូចតទៅ: ប្រសិនបើព្រះករុណាចេញទៅសុំចុះចូលនឹងពួកមេទ័ពរបស់ស្តេចស្រុកបាប៊ីឡូន ព្រះករុណានឹងបានរួចជីវិត ហើយក្រុងនេះនឹងមិនត្រូវគេដុតកម្ទេចចោលឡើយ រីឯព្រះករុណា ព្រមទាំងរាជវង្សក៏នឹងរស់រានមានជីវិតដែរ។ 18 ប៉ុន្តែ ប្រសិនបើព្រះករុណាមិនចេញទៅសុំចុះចូលនឹងពួកមេទ័ពរបស់ស្តេចស្រុកបាប៊ីឡូនទេ ក្រុងនេះមុខជាធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ជនជាតិខាល់ដេ ពួកគេនឹងដុតបំផ្លាញទីក្រុង ព្រះករុណា និងរាជវង្ស ពុំអាចគេចផុតពីកណ្ដាប់ដៃរបស់ពួកគេឡើយ»។ 19 ព្រះបាទសេដេខ្យាសមានរាជឱង្ការមកកាន់លោកយេរេមីថា៖ «ខ្ញុំនឹកបារម្ភអំពីជនជាតិយូដា ដែលបានទៅចុះចូលនឹងពួកខាល់ដេ ខ្ញុំខ្លាចក្រែងខ្មាំងប្រគល់ខ្ញុំទៅក្នុងកណ្ដាប់ដៃរបស់ជនជាតិយូដា ហើយពួកគេនឹងប្រមាថមាក់ងាយខ្ញុំ»។ 20 លោកយេរេមីទូលស្តេចថា៖ «គេនឹងមិនប្រគល់ព្រះករុណាទៅក្នុងកណ្ដាប់ដៃរបស់ជនជាតិយូដាឡើយ។ សូមព្រះករុណាធ្វើតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ដែលទូលបង្គំទូលថ្វាយព្រះករុណា នោះព្រះករុណានឹងបានសុខសាន្ត ហើយរួចជីវិតមិនខាន។ 21 ផ្ទុយទៅវិញ ប្រសិនបើព្រះករុណាមិនព្រមចេញទៅចុះចូលទេ ព្រះអម្ចាស់សម្ដែងឲ្យទូលបង្គំដឹងដូចតទៅ: 22 ស្ត្រីទាំងអស់ដែលស្ថិតនៅក្នុងវាំងរបស់ស្តេចស្រុកយូដា នឹងត្រូវគេចាប់យកទៅឲ្យពួកមេទ័ពរបស់ស្តេចស្រុកបាប៊ីឡូន នាងទាំងនោះនឹងពោលថា
ពួកជំនិតរបស់ព្រះករុណាបានបញ្ឆោត
និងមានប្រៀបលើព្រះករុណា
ពេលព្រះករុណាមានអាសន្ន
ពួកគេនាំគ្នាបោះបង់ចោលព្រះករុណាអស់។
23 គេចាប់ពួកស្រីស្នំ និងបុត្រាបុត្រីរបស់ព្រះករុណា យកទៅឲ្យពួកខាល់ដេ។ ចំណែកឯព្រះករុណាវិញ ព្រះករុណាពុំអាចគេចខ្លួនឡើយ គឺស្តេចស្រុកបាប៊ីឡូននឹងចាប់ព្រះករុណា ព្រមទាំងដុតកម្ទេចក្រុងនេះផង»។
24 ព្រះបាទសេដេខ្យាសមានរាជឱង្ការទៅកាន់លោកយេរេមីថា៖ «កុំឲ្យនរណាដឹងអំពីព្រះបន្ទូលទាំងនេះជាដាច់ខាត បើមិនដូច្នោះទេ លោកនឹងត្រូវស្លាប់។ 25 ប្រសិនបើពួកមន្ត្រីដឹងថា ខ្ញុំបានសន្ទនាជាមួយលោក ហើយបើពួកគេមកនិយាយជាមួយលោកថា “ចូររៀបរាប់ប្រាប់ពួកយើងមើល តើលោកបាននិយាយអ្វីជាមួយស្តេច ហើយស្តេចនិយាយមកលោកវិញដូចម្ដេចដែរ កុំលាក់ជាមួយពួកយើង បើលាក់លោកនឹងត្រូវស្លាប់”។ 26 លោកត្រូវប្រាប់ពួកគេវិញថា “ខ្ញុំបានមកអង្វរស្តេច សូមកុំបញ្ជូនខ្ញុំទៅផ្ទះរបស់លោកយ៉ូណាថានវិញ ក្រែងលោខ្ញុំត្រូវស្លាប់”»។
27 មន្ត្រីទាំងអស់នាំគ្នាមកជួបលោកយេរេមី ហើយសួរចម្លើយលោក។ លោកឆ្លើយទៅពួកគេវិញ តាមពាក្យដែលស្តេចបានបង្គាប់។ ពួកគេក៏លែងដេញដោលសួរលោក ហើយការទាំងនោះក៏នៅជាការអាថ៌កំបាំង។
28 លោកយេរេមីស្នាក់នៅក្នុងបន្ទាយរបស់កងរក្សាស្តេច រហូតដល់ថ្ងៃដែលកងទ័ពបាប៊ីឡូនវាយយកបានក្រុងយេរូសាឡឹម។