ជំពូក ៤៥
លោកយេរេមីសម្រាលទុក្ខលោកបារូក
1 នៅឆ្នាំទីបួននៃរជ្ជកាលព្រះបាទយ៉ូយ៉ាគីម បុត្ររបស់ព្រះបាទយ៉ូស្យាស ជាស្តេចស្រុកយូដា លោកបារូក ជាកូនរបស់លោកនេរីយ៉ា សរសេរព្រះបន្ទូលទាំងនេះតាមលោកយេរេមីថ្លែងប្រាប់ ទុកក្នុងក្រាំងមួយ។ ពេលនោះ លោកយេរេមីមានប្រសាសន៍មកកាន់លោកបារូកថា៖
2 «បារូកអើយ ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលអំពីអ្នកដូចតទៅ: 3 អ្នកពោលថា “ខ្ញុំត្រូវវេទនាហើយ! ដ្បិតព្រះអម្ចាស់ធ្វើឲ្យខ្ញុំមានទុក្ខកង្វល់ ថែមពីលើការឈឺចាប់ ដែលខ្ញុំកំពុងតែមានស្រាប់ ខ្ញុំថ្ងូររហូតដល់អស់កម្លាំង ខ្ញុំមានទុក្ខឥតស្បើយ”។ 4 ព្រះអង្គឲ្យខ្ញុំប្រាប់អ្នកថា “យើងនឹងកម្ទេចចោលនូវអ្វីៗដែលយើងបានសង់ យើងនឹងដកចោលនូវអ្វីៗដែលយើងបានដាំ។ យើងធ្វើដូច្នេះនៅលើផែនដីទាំងមូល។ 5 រីឯអ្នក តើអ្នកប្រាថ្នាចង់បានភាពឧត្តុង្គឧត្ដមឬ? កុំមានបំណងដូច្នេះទៀតឡើយ! ដ្បិតយើងនឹងធ្វើឲ្យទុក្ខវេទនា កើតមានដល់សត្វលោកទាំងមូល - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់- តែយើងនឹងឲ្យអ្នកបានរួចជីវិត នៅគ្រប់ទីកន្លែងដែលអ្នកទៅ”»។