ជំពូក ៤៤
ព្រះបន្ទូលស្តីបន្ទោសជនជាតិយូដាដែលភៀសខ្លួនទៅស្រុកអេស៊ីប
1ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយេរេមី ស្តីអំពីជនជាតិយូដាទាំងអស់ ដែលតាំងទីលំនៅក្នុងស្រុកអេស៊ីប គឺអ្នកនៅក្រុងមីគដូល ក្រុងតាផាណែស ក្រុងណូប និងនៅស្រុកប៉ាត្រូស ដូចតទៅ:
2ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា៖ «អ្នករាល់គ្នាឃើញគ្រោះកាចទាំងប៉ុន្មាន ដែលយើងបានធ្វើឲ្យកើតមាននៅក្រុងយេរូសាឡឹម និងនៅក្រុងនានាក្នុងស្រុកយូដា។ សព្វថ្ងៃ ក្រុងទាំងនោះនៅសល់តែគំនរបាក់បែក គ្មានប្រជាជនរស់នៅទេ។ 3 ហេតុការណ៍ទាំងនេះកើតមាន មកពីប្រជាជនប្រព្រឹត្តអំពើបាប ដោយដុតគ្រឿងក្រអូប គោរពបម្រើព្រះដទៃ ជាព្រះដែលពួកគេផ្ទាល់ និងដូនតារបស់ពួកគេពុំធ្លាប់ស្គាល់ ជាហេតុនាំឲ្យយើងខឹងនឹងពួកគេ។ 4 យើងបានចាត់អ្នកបម្រើទាំងប៉ុន្មានរបស់យើង គឺពួកព្យាការី ឲ្យមករកអ្នករាល់គ្នាជារៀងរហូតមក ដើម្បីប្រាប់ថា “កុំប្រព្រឹត្តអំពើគួរឲ្យស្អប់ខ្ពើម ដែលយើងមិនពេញចិត្តនេះឡើយ”។ 5 ប៉ុន្តែ ពួកគេពុំបានត្រងត្រាប់ស្ដាប់ ហើយងាកចេញពីអំពើអាក្រក់ទេ ពួកគេមិនព្រមឈប់ដុតគ្រឿងក្រអូបសែនព្រះដទៃឡើយ។ 6 កំហឹងរបស់យើងក៏ឆេះឆួលឡើង ដូចភ្លើងឆេះកម្ទេចក្រុងនានា នៅស្រុកយូដា និងផ្លូវទាំងប៉ុន្មាននៅក្រុងយេរូសាឡឹម ឲ្យនៅសល់តែគំនរបាក់បែក និងក្លាយទៅជាទីស្មសានដូចសព្វថ្ងៃ»។ 7 ឥឡូវនេះ ព្រះអម្ចាស់ ជាព្រះនៃពិភពទាំងមូល និងជាព្រះនៃជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាធ្វើបាបខ្លួនឯងខ្លាំងយ៉ាងនេះ គឺអ្នករាល់គ្នាយកប្រជាជនទាំងប្រុស ទាំងស្រី ទាំងក្មេង ទាំងទារក ចេញពីស្រុកយូដា ធ្វើឲ្យហិនហោច ឥតមាននៅសេសសល់នរណាម្នាក់ដូច្នេះ? 8 អ្នករាល់គ្នាបញ្ឆេះកំហឹងរបស់យើង ដោយគោរពបម្រើព្រះក្លែងក្លាយ ដែលជាស្នាដៃរបស់អ្នករាល់គ្នា អ្នករាល់គ្នាដុតគ្រឿងក្រអូបសែនព្រះដទៃ នៅស្រុកអេស៊ីប ជាស្រុកដែលអ្នករាល់គ្នាមករស់នៅ។ អ្នករាល់គ្នាមុខជាផុតពូជ ហើយត្រូវប្រជាជាតិទាំងអស់នៅលើផែនដីយកឈ្មោះអ្នករាល់គ្នាទៅដាក់បណ្ដាសា និងជេរប្រមាថពុំខាន។ 9 តើអ្នករាល់គ្នាភ្លេចអំពើអាក្រក់ដែលដូនតារបស់អ្នករាល់គ្នា ស្តេចស្រុកយូដា ពួកស្រីស្នំ អ្នករាល់គ្នា និងប្រពន្ធរបស់អ្នករាល់គ្នា បានប្រព្រឹត្តក្នុងស្រុកយូដា និងនៅតាមដងផ្លូវនៃក្រុងយេរូសាឡឹមហើយឬ? 10 រហូតមកទល់សព្វថ្ងៃ គ្មាននរណាម្នាក់នឹកស្តាយដោយខ្លួនបានធ្វើខុស គ្មាននរណាម្នាក់គោរពកោតខ្លាចយើង ហើយក៏គ្មាននរណាម្នាក់ប្រតិបត្តិតាមវិន័យ និងដំបូន្មានដែលយើងប្រគល់ឲ្យអ្នករាល់គ្នា និងដូនតារបស់អ្នករាល់គ្នាដែរ»។
11 ហេតុនេះហើយបានជាព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា៖ «យើងសម្រេចចិត្តដាក់ទោសអ្នករាល់គ្នា ហើយលុបបំបាត់ជនជាតិយូដាទាំងមូល។ 12 យើងនឹងប្រហារជនជាតិយូដាដែលនៅសេសសល់ ហើយចេញមករស់នៅក្នុងស្រុកអេស៊ីប។ ពួកគេនឹងត្រូវវិនាសសូន្យនៅស្រុកអេស៊ីបនេះ ពួកគេនឹងត្រូវស្លាប់ ដោយមុខដាវ និងដោយទុរ្ភិក្ស។ តាំងពីអ្នកតូចរហូតដល់អ្នកធំ ពួកគេត្រូវវិនាសសូន្យទាំងអស់គ្នា ដោយមុខដាវ និងដោយទុរ្ភិក្ស។ ប្រជាជាតិទាំងឡាយយកឈ្មោះពួកគេ ទៅដាក់បណ្ដាសា ជេរប្រមាថ និងចំអកឡកឡឺយ។ 13 យើងនឹងដាក់ទោសអស់អ្នកដែលរស់នៅក្នុងស្រុកអេស៊ីប ដូចយើងបានដាក់ទោសអ្នកក្រុងយេរូសាឡឹម ឲ្យស្លាប់ដោយមុខដាវ ដោយទុរ្ភិក្ស និងដោយជំងឺអាសន្នរោគដែរ។ 14 ក្នុងចំណោមជនជាតិយូដាដែលនៅសេសសល់ ហើយមករស់នៅស្រុកអេស៊ីបនេះ គ្មាននរណាម្នាក់រត់រួច និងរស់រានមានជីវិតឡើយ។ ទោះបីពួកគេប្រាថ្នាចង់វិលត្រឡប់ទៅស្រុកយូដាវិញក្តី ក៏ពួកគេវិលទៅវិញមិនបានដែរ លើកលែងតែមនុស្សមួយចំនួនតូចប៉ុណ្ណោះ»។
15 អស់អ្នកដែលដឹងថាប្រពន្ធរបស់ខ្លួនតែងតែដុតគ្រឿងក្រអូបសែនព្រះដទៃ ព្រមទាំងស្រីៗទាំងអស់ដែលប្រជុំគ្នាយ៉ាងច្រើនកុះករនៅទីនោះ និងប្រជាជនទាំងអស់ដែលរស់នៅក្រុងប៉ាត្រូស ក្នុងស្រុកអេស៊ីប នាំគ្នាតបទៅលោកយេរេមីវិញថា៖ 16 «ទោះបីលោកមានប្រសាសន៍មកយើងក្នុងនាមព្រះអម្ចាស់ក្តី ក៏យើងមិនចង់ស្ដាប់ពាក្យរបស់លោកដែរ។ 17 យើងចង់ធ្វើអ្វីៗតាមការសម្រេចរបស់យើង គឺដុតគ្រឿងក្រអូប និងច្រួចស្រាសែនម្ចាស់ក្សត្រិយ៍នៅស្ថានសួគ៌ ដូចយើង និងដូនតារបស់យើង ព្រមទាំងស្តេច និងពួកមន្ត្រីធ្លាប់ធ្វើនៅតាមក្រុងនានាក្នុងស្រុកយូដា និងនៅតាមដងផ្លូវក្នុងក្រុងយេរូសាឡឹម។ កាលនោះ យើងមានអាហារបរិភោគបរិបូណ៌ បានសុខក្សេមក្សាន្ត ឥតមានទុក្ខវេទនាទាល់តែសោះ។ 18 ប៉ុន្តែ តាំងពីយើងឈប់ដុតគ្រឿងក្រអូប និងឈប់ច្រួចស្រាសែនម្ចាស់ក្សត្រិយ៍នៅស្ថានសួគ៌ យើងខ្វះខាតសព្វគ្រប់ ព្រមទាំងត្រូវវិនាសដោយមុខដាវ និងដោយទុរ្ភិក្ស»។ 19 ស្រីៗទាំងនោះនិយាយបន្ថែមថា៖ «ពេលយើងដុតគ្រឿងក្រអូប និងច្រួចស្រាថ្វាយម្ចាស់ក្សត្រិយ៍នៅស្ថានសួគ៌នោះ ប្ដីរបស់យើងបានយល់ស្របទាំងស្រុង។ ពេលយើងធ្វើនំថ្វាយព្រះនាង ព្រមទាំងច្រួចស្រា ក៏ប្ដីយើងយល់ស្របដែរ»។
20 ពេលនោះ លោកយេរេមីមានប្រសាសន៍ទៅកាន់ប្រជាជនទាំងមូល ទាំងប្រុស ទាំងស្រី និងអស់អ្នកដែលបានឆ្លើយតបមកលោកថា៖ 21 «គ្រឿងក្រអូបដែលអ្នករាល់គ្នា និងដូនតារបស់អ្នករាល់គ្នា ព្រមទាំងស្តេច មន្ត្រី និងអ្នកស្រុក បានដុតតាមក្រុងនានាក្នុងស្រុកយូដា និងនៅតាមដងផ្លូវក្នុងក្រុងយេរូសាឡឹម ព្រះអម្ចាស់ក៏បានឃើញ និងចងចាំជានិច្ចដែរ។ 22ព្រះអម្ចាស់ពុំអាចទ្រាំនឹងអំពើអាក្រក់ ព្រមទាំងអំពើដ៏គួរឲ្យស្អប់ខ្ពើម ដែលអ្នករាល់គ្នាបានប្រព្រឹត្តនោះ តទៅមុខទៀតឡើយ ហេតុនេះហើយបានជាស្រុករបស់អ្នករាល់គ្នាក្លាយទៅជាគំនរបាក់បែក ជាទីស្មសាន ជាដីត្រូវបណ្ដាសា ហើយគ្មានមនុស្សរស់នៅដូចសព្វថ្ងៃ។ 23 ទុក្ខលំបាកដែលកើតមានដល់អ្នករាល់គ្នាដូចសព្វថ្ងៃ មកពីអ្នករាល់គ្នាដុតគ្រឿងក្រអូប និងប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យរបស់ព្រះអម្ចាស់ គឺអ្នករាល់គ្នាមិនព្រមស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់ មិនប្រតិបត្តិតាមវិន័យ ដំបូន្មាន និងការដាស់តឿនរបស់ព្រះអង្គ»។
24 លោកយេរេមីមានប្រសាសន៍ទៅកាន់ប្រជាជនទាំងមូល និងស្រីៗទាំងនោះថា៖ «ជនជាតិយូដាទាំងអស់ដែលរស់នៅស្រុកអេស៊ីបអើយ ចូរនាំគ្នាស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់! 25ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលដូចតទៅ: អ្នករាល់គ្នា និងប្រពន្ធរបស់អ្នករាល់គ្នាបាននិយាយ ហើយធ្វើតាមពាក្យរបស់ខ្លួនភ្លាម គឺអ្នករាល់គ្នានិយាយថា “យើងចង់ធ្វើតាមពាក្យដែលយើងបន់ស្រន់ ដោយដុតគ្រឿងក្រអូប និងច្រួចស្រាសែនម្ចាស់ក្សត្រិយ៍នៅស្ថានសួគ៌”។ ដូច្នេះ ចូរអ្នករាល់គ្នាគោរព និងធ្វើតាមពាក្យដែលខ្លួនបន់ស្រន់នោះទៅ!»។ 26 ហេតុនេះ ជនជាតិយូដាទាំងអស់ ដែលរស់នៅស្រុកអេស៊ីបអើយ ចូរស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់ដូចតទៅ៖ «យើងសូមស្បថក្នុងនាមដ៏ឧត្ដមរបស់យើងផ្ទាល់ថា: យើងលែងឲ្យជនជាតិយូដាណាម្នាក់ ដែលរស់នៅស្រុកអេស៊ីប យកឈ្មោះយើងមកស្បថ ដោយពោលថា “ព្រះជាអម្ចាស់ដ៏មានព្រះជន្មគង់នៅ” ទៀតហើយ!។ 27 យើងតាមមើលពួកគេ ដើម្បីដាក់ទោស គឺមិនមែនផ្តល់សុភមង្គលទេ។ ប្រជាជនយូដាទាំងអស់ដែលរស់នៅស្រុកអេស៊ីប នឹងត្រូវវិនាសដោយមុខដាវ និងដោយទុរ្ភិក្ស រហូតដល់ផុតពូជ។ 28 មនុស្សមួយចំនួនតូច ដែលគេចផុតពីមុខដាវ នឹងចាកចេញពីស្រុកអេស៊ីប វិលត្រឡប់ទៅស្រុកយូដាវិញ។ ដូច្នេះ ជនជាតិយូដាដែលនៅសេសសល់ទាំងប៉ុន្មាន ពីចំណោមអស់អ្នក ដែលមករស់នៅស្រុកអេស៊ីបនេះ មុខជាដឹងថា ពាក្យរបស់នរណាបានសម្រេចជារូបរាង តើពាក្យរបស់យើង ឬពាក្យរបស់ពួកគេ»។ 29ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា យើងនឹងផ្តល់ទីសម្គាល់មួយឲ្យអ្នករាល់គ្នាដឹងថា យើងដាក់ទោសអ្នករាល់គ្នាឲ្យរងទុក្ខវេទនានៅស្រុកនេះ ស្របតាមពាក្យរបស់យើងមែន 30 គឺយើងនឹងប្រគល់ផារ៉ោនហូប្រា ជាស្តេចស្រុកអេស៊ីប ទៅក្នុងកណ្ដាប់ដៃរបស់អស់អ្នកដែលចង់ប្រហារជីវិតស្តេចនេះ ដូចយើងបានប្រគល់សេដេខ្យាស ជាស្តេចស្រុកយូដា ទៅក្នុងកណ្ដាប់ដៃរបស់នេប៊ូកានេសារ ស្តេចស្រុកបាប៊ីឡូន ជាសត្រូវដែលចង់ប្រហារជីវិតសេដេខ្យាសយ៉ាងនោះដែរ។