ជំពូក ៤៣
លោកយេរេមីត្រូវគេនាំទៅស្រុកអេស៊ីប
1 កាលលោកយេរេមីថ្លែងប្រាប់ប្រជាជនទាំងមូលនូវព្រះបន្ទូលទាំងប៉ុន្មានរបស់ព្រះអម្ចាស់ ជាព្រះរបស់ពួកគេ គឺព្រះបន្ទូលដែលព្រះអង្គប្រគល់ឲ្យលោកនាំមកប្រាប់ពួកគេ ចប់សព្វគ្រប់ហើយ 2 លោកអសារីយ៉ា ជាកូនរបស់លោកហូសាយ៉ា លោកយ៉ូហាណានជាកូនរបស់លោកការ៉ា និងអស់អ្នកដែលវាយឫកខ្ពស់ ពោលមកកាន់លោកយេរេមីថា៖ «លោកនិយាយកុហក! ព្រះអម្ចាស់ ជាព្រះរបស់យើង ពុំបានចាត់លោកឲ្យមកហាមពួកយើងទៅរស់នៅស្រុកអេស៊ីបឡើយ 3 គឺបារូក ជាកូនរបស់លោកនេរីយ៉ាទេតើ ដែលអុជអាលលោកឲ្យប្រឆាំងនឹងពួកយើង ដើម្បីប្រគល់ពួកយើងទៅក្នុងកណ្ដាប់ដៃរបស់ពួកខាល់ដេ ហើយពួកនោះនឹងសម្លាប់ ឬចាប់ពួកយើងទៅជាឈ្លើយនៅបាប៊ីឡូន»។ 4 លោកយ៉ូហាណាន ជាកូនរបស់លោកការ៉ា ពួកមេទ័ព និងប្រជាជនទាំងអស់ មិនព្រមស្ដាប់ព្រះបន្ទូលដែលព្រះអម្ចាស់បង្គាប់ឲ្យពួកគេរស់នៅក្នុងស្រុកយូដាឡើយ។ 5 លោកយ៉ូហាណាន ជាកូនរបស់លោកការ៉ា និងពួកមេទ័ព នាំប្រជាជនយូដាទាំងអស់ដែលនៅសេសសល់ គឺប្រជាជនដែលពីមុនភៀសខ្លួនទៅនៅក្នុងចំណោមប្រជាជាតិជិតខាងទាំងប៉ុន្មាន ហើយវិលមករស់នៅក្នុងស្រុកយូដាវិញ 6 រួមមានទាំងប្រុស ទាំងស្រី ទាំងក្មេងៗ ទាំងបុត្រីរបស់ស្តេច និងអ្នកឯទៀតៗដែលលោកនេប៊ូសារ៉ាដន ជារាជប្រតិភូ បានទុកឲ្យនៅជាមួយលោកកេដេលីយ៉ា? ជាកូនរបស់លោកអហ៊ីកាំ និងជាចៅរបស់លោកសាផនទៅជាមួយ។ គេក៏នាំព្យាការីយេរេមី និងលោកបារូក ជាកូនរបស់លោកនេរីយ៉ាទៅដែរ។ 7 ពួកគេពុំព្រមស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់ទេ គឺពួកគេចេញដំណើរទៅស្រុកអេស៊ីប ហើយទៅដល់ក្រុងតាផាណែស។
ព្រះបន្ទូលស្តីអំពីព្រះចៅនេប៊ូកានេសារវាយលុកស្រុកអេស៊ីប
8 នៅតាផាណែស ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយេរេមីដូចតទៅ៖
9 «ចូរយកដុំថ្មធំៗទៅកប់ក្នុងដីឥដ្ឋ ដែលស្ថិតនៅព្រលានធ្វើពីឥដ្ឋខាងមុខមាត់ទ្វារដំណាក់របស់ស្តេចផារ៉ោន នាក្រុងតាផាណែស ឲ្យប្រជាជនយូដាឃើញ 10 រួចប្រាប់ពួកគេថា ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលដូចតទៅ: យើងនឹងប្រើគេឲ្យទៅហៅនេប៊ូកានេសារ ស្តេចស្រុកបាប៊ីឡូន ជាអ្នកបម្រើរបស់យើងមក។ យើងនឹងដាក់បល្ល័ង្ករបស់នេប៊ូកានេសារត្រង់កន្លែងកប់ថ្មនេះ ហើយនេប៊ូកានេសារក៏ដំឡើងស្វេតច្ឆត្ររបស់ខ្លួននៅកន្លែងនេះដែរ។ 11 នេប៊ូកានេសារនឹងមកវាយស្រុកអេស៊ីប។ ពេលនោះ អ្នកណាដែលតម្រូវឲ្យស្លាប់ អ្នកនោះត្រូវតែស្លាប់ អ្នកណាដែលតម្រូវឲ្យជាប់ជាឈ្លើយ អ្នកនោះនឹងត្រូវគេកៀរយកទៅជាឈ្លើយ អ្នកណាដែលតម្រូវឲ្យស្លាប់ដោយមុខដាវ អ្នកនោះនឹងស្លាប់ដោយមុខដាវ! 12 យើងនឹងដុតកម្ទេចវិហាររបស់ព្រះនានានៃស្រុកអេស៊ីប គឺនេប៊ូកានេសារនឹងដុតកម្ទេចរូបបដិមាទាំងនោះ ហើយនាំយកខ្លះទៅជាជ័យភ័ណ្ឌផង។ នេប៊ូកានេសារនឹងរឹបអូសយកអ្វីៗចេញអស់ពីស្រុកអេស៊ីប ដូចគេយកចៃចេញពីអាវរោមសត្វដែរ។ បន្ទាប់មក នេប៊ូកានេសារចាកចេញទៅវិញ ដោយសុខសាន្ត។ 13 ស្តេចស្រុកបាប៊ីឡូននឹងកម្ទេចស្តូបទាំងឡាយ នៅក្រុងបេតសេមេសក្នុងស្រុកអេស៊ីប ព្រមទាំងដុតកម្ទេចទីសក្ការៈរបស់ព្រះនានានៃស្រុកអេស៊ីបផង»។