ជំពូក ៤១
1 នៅខែទីប្រាំពីរ លោកអ៊ីស្មាអែល ជាកូនរបស់លោកនេតានីយ៉ា ជាចៅរបស់លោកអេលីសាម៉ា ដែលជាប់ពូជស្តេច ហើយធ្លាប់កាន់មុខតំណែងនៅក្នុងវាំង បានមកជួបលោកកេដេលីយ៉ា ជាកូនរបស់លោកអហ៊ីកាំ នៅមីសប៉ា ដោយនាំទាហានដប់នាក់មកជាមួយផង។ ពេលកំពុងតែបរិភោគជាមួយគ្នា 2 លោកអ៊ីស្មាអែល ជាកូនរបស់លោកនេតានីយ៉ា ក្រោកឡើងជាមួយទាហានរបស់គាត់ទាំងដប់នាក់ ហើយយកដាវចាក់សម្លាប់លោកកេដេលីយ៉ា? ជាកូនរបស់លោកអហ៊ីកាំ ដែលស្តេចស្រុកបាប៊ីឡូនបានតែងតាំងឲ្យគ្រប់គ្រងស្រុក។ 3 លោកអ៊ីស្មាអែលក៏បានសម្លាប់ជនជាតិយូដាទាំងអស់ ព្រមទាំងទាហានជាតិខាល់ដេដែលនៅជាមួយលោកកេដេលីយ៉ា នៅមីសប៉ាដែរ។
4 ពេលនោះ គ្មាននរណាដឹងអំពីការធ្វើឃាតលោកកេដេលីយ៉ាទេ។ នៅថ្ងៃបន្ទាប់ 5 មានប្រជាជនប៉ែតសិបនាក់ធ្វើដំណើរពីភូមិស៊ីគែម ពីស៊ីឡូ និងពីក្រុងសាម៉ារី មកដល់ទាំងកោរពុកចង្កា និងស្លៀកសម្លៀកបំពាក់រហែក ហើយឆូតសាច់ខ្លួនឯងផង។ ពួកគេកាន់តង្វាយ និងគ្រឿងក្រអូប ដើម្បីយកទៅថ្វាយនៅក្នុងទីសក្ការៈរបស់ព្រះអម្ចាស់។ 6 លោកអ៊ីស្មាអែល ជាកូនរបស់លោកនេតានីយ៉ា ចេញពីមីសប៉ា ដើរទៅរកពួកគេ ទាំងយំផង។ ពេលជួបពួកគេហើយ គាត់ពោលថា៖ «សូមអញ្ជើញទៅផ្ទះលោកកេដេលីយ៉ា ជាកូនរបស់លោកអហ៊ីកាំសិន»។ 7 ពេលទៅដល់កណ្ដាលទីក្រុង លោកអ៊ីស្មាអែល ជាកូនរបស់លោកនេតានីយ៉ា បានសម្លាប់ពួកគេ រួចបោះសាកសពទៅក្នុងអណ្ដូង ដោយមានអស់អ្នកដែលនៅជាមួយគាត់ជួយផង។ 8 ប៉ុន្តែ ក្នុងចំណោមពួកគេ មានដប់នាក់ពោលទៅកាន់លោកអ៊ីស្មាអែលថា៖ «សូមកុំសម្លាប់យើងខ្ញុំអី យើងខ្ញុំមានស្បៀងអាហារលាក់ទុកនៅក្នុងចម្ការ គឺមានស្រូវ មានអង្ករ ប្រេង និងទឹកឃ្មុំ»។ លោកអ៊ីស្មាអែលក៏ទុកជីវិតឲ្យអ្នកទាំងដប់នោះ។ 9 រីឯអណ្ដូងដែលលោកអ៊ីស្មាអែលបោះសាកសពអ្នកដែលគាត់បានសម្លាប់ ជាអណ្ដូងដែលព្រះបាទអសា ជាស្តេចស្រុកយូដាបានជីក នៅគ្រាធ្វើសឹកជាមួយព្រះបាទបេសា ជាស្តេចស្រុកអ៊ីស្រាអែល។ លោកអ៊ីស្មាអែលបោះសាកសពពេញក្នុងអណ្ដូងនោះ។ 10 លោកអ៊ីស្មាអែលចាប់ប្រជាជនដែលនៅសេសសល់នៅមីសប៉ា ព្រមទាំងពួកបុត្រីរបស់ស្តេច និងអស់អ្នកដែលរស់នៅមីសប៉ា គឺអស់អ្នកដែលលោកនេប៊ូសារ៉ាដន ជារាជប្រតិភូ ផ្ទុកផ្តាក់ទៅឲ្យលោកកេដេលីយ៉ា ជាកូនរបស់លោកអហ៊ីកាំ មើលខុសត្រូវ នាំទៅជាឈ្លើយ។ លោកអ៊ីស្មាអែលចាប់អ្នកទាំងនោះជាឈ្លើយនាំទៅស្រុកអាំម៉ូន។
11 កាលលោកយ៉ូហាណាន ជាកូនរបស់លោកការ៉ា និងមេទាហានទាំងអស់ដែលនៅជាមួយ ដឹងពីអំពើអាក្រក់ទាំងប៉ុន្មានដែលលោកអ៊ីស្មាអែល ជាកូនរបស់លោកនេតានីយ៉ាបានប្រព្រឹត្ត 12 ពួកគេក៏នាំទាហានទាំងអស់ដែលនៅជាមួយ ចេញទៅតាមវាយលោកអ៊ីស្មាអែល ជាកូនរបស់លោកនេតានីយ៉ា ពួកគេតាមគាត់ទាន់នៅបឹងកាបូន។ 13 ប្រជាជនដែលលោកអ៊ីស្មាអែលចាប់នាំមកជាមួយ ឃើញលោកយ៉ូហាណាន ជាកូនរបស់លោកការ៉ា និងមេទាហានទាំងអស់ដែលនៅជាមួយលោក គេត្រេកអរយ៉ាងខ្លាំង។ 14 ពេលនោះ ប្រជាជន ដែលលោកអ៊ីស្មាអែលចាប់ទៅជាឈ្លើយ នាំគ្នាបកក្រោយ ចូលដៃជាមួយលោកយ៉ូហាណាន ជាកូនរបស់លោកការ៉ា។ 15 រីឯលោកអ៊ីស្មាអែល ជាកូនរបស់លោកនេតានីយ៉ា និងបក្សពួករបស់គាត់ប្រាំបីនាក់ បានគេចខ្លួនរួច ហើយរត់ទៅដល់ស្រុកអាំម៉ូន។ 16 លោកយ៉ូហាណាន ជាកូនរបស់លោកការ៉ា ព្រមទាំងពួកមេទាហាននៅជាមួយបាននាំប្រជាជន ដែលលោករំដោះពីលោកអ៊ីស្មាអែលនៅកាបូនមកវិញ គឺទាំងទាហាន ទាំងស្ត្រី ទាំងក្មេងៗ ទាំងមហាតលិកដែលនៅសេសសល់ ហើយត្រូវលោកអ៊ីស្មាអែលចាប់ពីមីសប៉ា ក្រោយបានសម្លាប់លោកកេដេលីយ៉ា ជាកូនរបស់លោកអហ៊ីកាំ 17 ពួកគេនាំគ្នាចេញដំណើរ ហើយឈប់នៅផ្ទះសំណាក់គីមហាំ ជិតភូមិបេថ្លេហិម បម្រុងនឹងបន្តដំណើរទៅស្រុកអេស៊ីប 18 ដើម្បីគេចពីពួកខាល់ដេ ព្រោះពួកគេនឹកខ្លាច ដោយលោកអ៊ីស្មាអែល ជាកូនរបស់លោកនេតានីយ៉ា បានសម្លាប់លោកកេដេលីយ៉ា ជាកូនរបស់លោកអហ៊ីកាំ ដែលស្តេចស្រុកបាប៊ីឡូនតែងតាំងឲ្យគ្រប់គ្រងស្រុក។