ជំពូក ៣៦
ស្តេចយ៉ូយ៉ាគីមដុតក្រាំងរបស់ព្យាការីយេរេមី
1 នៅឆ្នាំទីបួននៃរជ្ជកាលព្រះបាទយ៉ូយ៉ាគីម បុត្ររបស់ព្រះបាទយ៉ូស្យាស ស្តេចស្រុកយូដា ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយេរេមីដូចតទៅ៖
2 «ចូរសរសេរសេចក្ដីទាំងប៉ុន្មាន ដែលយើងបានប្រាប់អ្នក ស្តីអំពីប្រជាជាតិអ៊ីស្រាអែល ប្រជាជាតិយូដា និងប្រជាជាតិទាំងអស់ ចាប់ពីថ្ងៃដែលយើងបាននិយាយជាមួយអ្នក នៅរជ្ជកាលស្តេចយ៉ូស្យាស រហូតមកដល់សព្វថ្ងៃ ទុកនៅក្នុងក្រាំងមួយ។ 3 ជនជាតិយូដាប្រហែលជាដឹងខ្លួនថា យើងនឹងដាក់ទោសពួកគេ ហើយពួកគេប្រហែលជានាំគ្នាងាកចេញពីផ្លូវអាក្រក់ ដើម្បីយើងលើកលែងទោសពួកគេឲ្យរួចពីបាប»។
4 លោកយេរេមីហៅលោកបារូក ជាកូនរបស់លោកនេរីយ៉ាមក ហើយលោកយេរេមីក៏ថ្លែងឲ្យលោកបារូកសរសេរតាម នូវសេចក្ដីទាំងប៉ុន្មាន ដែលព្រះអម្ចាស់មានព្រះបន្ទូលមកលោក។ 5 បន្ទាប់មក លោកយេរេមីបញ្ជាទៅលោកបារូកថា៖ «ខ្ញុំមិនអាចទៅព្រះដំណាក់របស់ព្រះអម្ចាស់នៅពេលនេះឡើយ។ 6 នៅថ្ងៃធ្វើពិធីតមអាហារ ចូរអ្នកទៅព្រះវិហារ ហើយអានព្រះបន្ទូលរបស់ព្រះអម្ចាស់ ដែលខ្ញុំបង្គាប់ឲ្យអ្នកសរសេរក្នុងក្រាំងនេះ ឲ្យប្រជាជនស្ដាប់។ ចូរអានឲ្យប្រជាជនទាំងអស់ដែលមកពីក្រុងនានាក្នុងស្រុកយូដាស្ដាប់ដែរ។ 7 ពួកគេប្រហែលជានាំគ្នាទូលអង្វរព្រះអម្ចាស់ ហើយងាកចេញពីផ្លូវអាក្រក់ ដ្បិតព្រះអង្គព្រះអង្គព្រះពិរោធយ៉ាងខ្លាំងទាស់នឹងប្រជាជននេះ»។
8 លោកបារូក ជាកូនរបស់លោកនេរីយ៉ា ធ្វើតាមពាក្យទាំងប៉ុន្មាន ដែលព្យាការីយេរេមីបង្គាប់ គឺគាត់ទៅព្រះវិហារ ហើយអានព្រះបន្ទូលរបស់ព្រះអម្ចាស់ដែលមានសរសេរទុកនៅក្នុងក្រាំង។
9 ក្នុងឆ្នាំទីប្រាំនៃរជ្ជកាលព្រះបាទយ៉ូយ៉ាគីម បុត្ររបស់ព្រះបាទយ៉ូស្យាស ជាស្តេចស្រុកយូដា នៅខែទីប្រាំបួន គេបានប្រកាសឲ្យប្រជាជននៅក្រុងយេរូសាឡឹម និងប្រជាជនដែលមកពីក្រុងនានាក្នុងស្រុកយូដា តមអាហារ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។ 10 លោកបារូកអានសេចក្ដីដែលលោកយេរេមីបង្គាប់ឲ្យគាត់សរសេរទុកនៅក្នុងក្រាំង ឲ្យប្រជាជនទាំងអស់ស្ដាប់នៅក្នុងព្រះវិហារ។ គាត់នៅក្នុងបន្ទប់របស់លោកកេម៉ារីយ៉ា ជាកូនរបស់លោកសាផន និងជាស្មៀនហ្លួង បន្ទប់នោះស្ថិតនៅទីធ្លាខាងលើ ជិតទ្វារថ្មីនៃព្រះដំណាក់របស់ព្រះអម្ចាស់។ 11 កាលលោកមីកា ជាកូនរបស់លោកកេម៉ារីយ៉ា និងជាចៅរបស់លោកសាផន ឮព្រះបន្ទូលទាំងប៉ុន្មានរបស់ព្រះអម្ចាស់ ដែលមានសរសេរក្នុងក្រាំងនោះ 12 គាត់ក៏ចុះទៅវាំង ហើយចូលក្នុងការិយាល័យរបស់ស្មៀនហ្លួង។ ពេលនោះ ពួកមន្ត្រីទាំងអស់កំពុងជួបជុំគ្នា គឺមានលោកអេលីសាម៉ា ជាស្មៀនហ្លួង លោកដេឡាយ៉ា ជាកូនរបស់លោកសេម៉ាយ៉ា លោកអែលណាតន ជាកូនរបស់លោកអាប់គរ លោកកេម៉ារីយ៉ា ជាកូនរបស់លោកសាផន និងលោកសេដេខ្យាស ជាកូនរបស់លោកហាណានីយ៉ា ព្រមទាំងមន្ត្រីឯទៀតៗ។ 13 លោកមីការៀបរាប់នូវសេចក្ដីទាំងប៉ុន្មាន ដែលគាត់បានឮលោកបារូកអានឲ្យប្រជាជនស្ដាប់។
14 ពេលនោះ គណៈរដ្ឋមន្ត្រីចាត់លោកយេហ៊ូឌី ជាកូនរបស់លោកនេតានីយ៉ា ជាចៅរបស់លោកសេលេមីយ៉ា និងជាចៅទួតរបស់លោកគូស៊ី ឲ្យទៅជួបលោកបារូក ប្រាប់ថា៖ «ចូរយកក្រាំងដែលអ្នកអានឲ្យប្រជាជនស្ដាប់នោះមក!»។ លោកបារូក ជាកូនរបស់លោកនេរីយ៉ា ក៏យកក្រាំងទៅជួបពួកមន្ត្រី។ 15 ពួកគេបង្គាប់គាត់ថា៖ «សុំអង្គុយចុះ អានឲ្យយើងស្ដាប់!»។ លោកបារូកក៏អានឲ្យពួកលោកស្ដាប់។ 16 ពេលឮព្រះបន្ទូលទាំងនោះ ពួកគេសម្លឹងមើលមុខគ្នាទៅវិញទៅមក ទាំងតក់ស្លុត រួចហើយពួកគេពោលទៅលោកបារូកថា៖ «យើងត្រូវតែនាំសេចក្ដីទាំងនេះទៅទូលព្រះរាជាឲ្យបានជ្រាប»។ 17 ពួកគេសួរលោកបារូកទៀតថា៖ «ប្រាប់យើងមើល តើអ្នកសរសេរពាក្យទាំងនេះរបៀបណា?»។ 18 លោកបារូកតបថា៖ «លោកយេរេមីបានថ្លែងពាក្យទាំងនេះប្រាប់ខ្ញុំប្របាទ ហើយខ្ញុំប្របាទក៏យកទឹកខ្មៅមកសរសេរទុកក្នុងក្រាំងនេះ»។ 19 ពួកមន្ត្រីពោលទៅលោកបារូកថា៖ «ចូរអ្នកទៅរកកន្លែងពួនទៅ ហើយលោកយេរេមីក៏ត្រូវពួនដែរ កុំឲ្យនរណាដឹងថា អ្នកទាំងពីរនៅកន្លែងណាឡើយ»។
20 បន្ទាប់មក ពួកមន្ត្រីទុកក្រាំងនោះនៅក្នុងការិយាល័យរបស់លោកអេលីសាម៉ា ជាស្មៀនហ្លួង រួចនាំគ្នាទៅគាល់ព្រះរាជា ហើយទូលថ្វាយអំពីព្រះបន្ទូលទាំងនោះ។ 21 ព្រះរាជាចាត់លោកយេហ៊ូឌីឲ្យទៅយកក្រាំងនោះមក។ លោកយេហ៊ូឌីក៏ទៅយកក្រាំងពីការិយាល័យរបស់លោកអេលីសាម៉ា ជាស្មៀនហ្លួង ហើយអានឲ្យព្រះរាជា និងមន្ត្រីទាំងអស់ដែលឈរអមព្រះរាជាស្ដាប់។ 22 ពេលនោះ ព្រះរាជាគង់នៅក្នុងដំណាក់សម្រាប់រដូវរងា (ព្រោះជាខែទីប្រាំបួន) ហើយអាំងភ្លើងនឹងជើងក្រានមួយដែលនៅក្បែរនោះ។ 23 ពេលលោកយេហ៊ូឌីអានបានបី ឬបួនទំព័រ ស្តេចយកកន្ត្រៃរបស់ស្មៀនហ្លួងមកកាត់ទំព័រនោះ បោះទៅក្នុងជើងក្រាន។ ស្តេចធ្វើដូច្នេះបន្តិចម្ដងៗរហូតដល់អស់ក្រាំង។ 24 ព្រះរាជា និងនាម៉ឺនសព្វមុខមន្ត្រី បានឮព្រះបន្ទូលទាំងនោះ តែគ្មាននរណាភ័យញ័ររន្ធត់ ឬហែកសម្លៀកបំពាក់របស់ខ្លួនទេ។ 25 លោកអែលណាតន លោកដេឡាយ៉ា និងលោកកេម៉ារីយ៉ា ទទូចអង្វរព្រះរាជា សូមកុំឲ្យដុតក្រាំងនោះដែរ តែស្តេចពុំស្ដាប់ពាក្យលោកទាំងបីឡើយ។ 26 ព្រះរាជាបង្គាប់ទៅសម្តេចយេរ៉ាមេអែល ជាបុត្រ និងលោកសេរ៉ាយ៉ា ជាកូនរបស់លោកអាសរីអែល ព្រមទាំងលោកសេលេមីអា ជាកូនរបស់លោកអាប់ដេអែល ឲ្យទៅចាប់ព្យាការីយេរេមី និងលោកបារូកជាស្មៀន តែព្រះអម្ចាស់បានលាក់លោកទាំងពីរ។
27 ក្រោយពេលព្រះរាជាដុតក្រាំង ដែលលោកយេរេមីបានបង្គាប់ឲ្យលោកបារូកសរសេរនោះមក ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយេរេមីដូចតទៅ៖ 28 «ចូរយកក្រាំងមួយទៀតមក រួចសរសេរសេចក្ដីទាំងប៉ុន្មានដែលមានចែងទុកក្នុងក្រាំងមុន គឺក្រាំងដែលយ៉ូយ៉ាគីម ជាស្តេចស្រុកយូដា បានដុតចោលនោះ។ 29 បន្ទាប់មក ចូរប្រកាសប្រឆាំងនឹងយ៉ូយ៉ាគីម ជាស្តេចស្រុកយូដាដូចតទៅ: ព្រះអម្ចាស់មានព្រះបន្ទូលថា “អ្នកបានដុតក្រាំងនោះ ទាំងបន្ទោសយេរេមីដែលបានសរសេរថា ស្តេចស្រុកបាប៊ីឡូនពិតជាមកកម្ទេចស្រុកនេះ ហើយបំផ្លាញជីវិតមនុស្ស និងសត្វ។ 30 ហេតុនេះ ព្រះអម្ចាស់មានព្រះបន្ទូលប្រឆាំងនឹងយ៉ូយ៉ាគីម ជាស្តេចស្រុកយូដាថា: គ្មានពូជពង្សណាម្នាក់របស់យ៉ូយ៉ាគីម ស្នងរាជ្យស្តេចដាវីឌទេ។ សាកសពរបស់យ៉ូយ៉ាគីមនឹងត្រូវគេទុកចោលហាលថ្ងៃហាលភ្លៀង។ 31 យើងនឹងដាក់ទោសយ៉ូយ៉ាគីម និងពូជពង្ស ព្រមទាំងពួកនាម៉ឺន ព្រោះតែអំពើទុច្ចរិតរបស់ពួកគេ។ យើងនឹងធ្វើឲ្យទុក្ខវេទនាកើតមានដល់អ្នកទាំងនោះ ព្រមទាំងអ្នកក្រុងយេរូសាឡឹម និងអ្នកស្រុកយូដា ដូចយើងបានប្រកាសទុក តែពួកគេពុំបានស្ដាប់យើងទេ”»។
32 លោកយេរេមីយកក្រាំងមួយទៀតប្រគល់ឲ្យលោកបារូក ជាកូនរបស់លោកនេរីយ៉ា និងជាស្មៀន។ លោកយេរេមីថ្លែងសេចក្ដីទាំងប៉ុន្មានក្នុងក្រាំងដែលព្រះបាទយ៉ូយ៉ាគីម ជាស្តេចស្រុកយូដា បានដុតចោល ឲ្យលោកបារូកសរសេរតាម។ លោកបន្ថែមសេចក្ដីជាច្រើនទៀត ដែលមានន័យស្រដៀងគ្នា ទៅក្នុងក្រាំងថ្មីនេះដែរ។