ជំពូក ៣៤
ព្រះបន្ទូលស្តីអំពីស្តេចសេដេខ្យាស
1 នៅគ្រាដែលព្រះចៅនេប៊ូកានេសារ ជាស្តេចស្រុកបាប៊ីឡូន និងកងទ័ពទាំងមូល ព្រមទាំងនគរទាំងប៉ុន្មាន និងប្រជាជនទាំងអស់ ដែលជាចំណុះរបស់ស្តេចស្រុកបាប៊ីឡូន នាំគ្នាលើកទ័ពមកវាយលុកក្រុងយេរូសាឡឹម ព្រមទាំងក្រុងនានានៅជុំវិញ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយេរេមីដូចតទៅ:
2ព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា៖ «ចូរទៅប្រាប់សេដេខ្យាស ជាស្តេចស្រុកយូដាថា ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: “យើងនឹងប្រគល់ក្រុងនេះទៅក្នុងកណ្ដាប់ដៃរបស់ស្តេចស្រុកបាប៊ីឡូន ស្តេចនោះនឹងដុតកម្ទេចទីក្រុង។ 3 រីឯអ្នកវិញ អ្នកពុំអាចគេចផុតពីកណ្ដាប់ដៃរបស់ស្តេចនោះឡើយ។ គេនឹងចាប់ចងអ្នកប្រគល់ទៅឲ្យស្តេចស្រុកបាប៊ីឡូន អ្នកនឹងឃើញស្តេចនោះផ្ទាល់នឹងភ្នែក ស្តេចនោះនឹងនិយាយទល់មុខគ្នាជាមួយអ្នក ហើយអ្នកត្រូវទៅស្រុកបាប៊ីឡូន”»។
4 បពិត្រព្រះករុណាសេដេខ្យាស ជាស្តេចស្រុកយូដា សូមព្រះអង្គសណ្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់! ព្រះអង្គមានព្រះបន្ទូលមកព្រះករុណាថា៖ «អ្នកនឹងមិនស្លាប់ដោយមុខដាវឡើយ 5 តែអ្នកនឹងស្លាប់តាមសម្រួល។ គេនឹងដុតគ្រឿងក្រអូបអប់សពអ្នក ដូចគេដុតសម្រាប់ដូនតា និងស្តេចឯទៀតៗដែលសោយរាជ្យមុនអ្នកដែរ។ គេយំកាន់ទុក្ខអ្នក ដោយរៀបរាប់ថា: “គួរអនិច្ចា ព្រះករុណាជាអម្ចាស់! យើងប្រាប់អ្នកឲ្យដឹងជាមុន”» -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
6 ព្យាការីយេរេមីក៏នាំព្រះបន្ទូលទាំងនោះទៅទូលព្រះបាទសេដេខ្យាស ជាស្តេចស្រុកយូដា នៅក្រុងយេរូសាឡឹម។ 7 ពេលនោះ កងទ័ពរបស់ស្តេចស្រុកបាប៊ីឡូនវាយលុកក្រុងយេរូសាឡឹម និងក្រុងឯទៀតៗនៅស្រុកយូដា ព្រមទាំងក្រុងឡាគីស និងក្រុងអាសេកា ជាក្រុងមានកំពែងរឹងមាំ ហើយកំពុងតែទប់ទល់នឹងខ្មាំងសត្រូវនៅឡើយ។
អំពីការដោះលែងទាសករ
8 នេះជាព្រះបន្ទូលដែលព្រះអម្ចាស់ថ្លែងមកកាន់លោកយេរេមី ក្រោយពេលព្រះបាទសេដេខ្យាសចេញបញ្ជាឲ្យប្រជាជនទាំងមូល នៅក្រុងយេរូសាឡឹម ធ្វើកិច្ចសន្យាដោះលែងទាសករ 9 គឺប្រជាជនគ្រប់ៗរូបត្រូវដោះលែងទាសាទាសីរបស់ខ្លួនដែលជាជាតិហេប្រឺ។ មិនត្រូវឲ្យនរណាម្នាក់ទុកជនជាតិយូដា ដែលជាបងប្អូនរបស់ខ្លួន ជាទាសករតទៅទៀតឡើយ។ 10 មន្ត្រី និងប្រជាជនទាំងអស់ ដែលចូលរួមចុះកិច្ចសន្យានោះ នាំគ្នាអនុវត្តតាម ហើយដោះលែងទាសាទាសីរបស់ខ្លួន គឺម្នាក់ៗអនុវត្តតាមកិច្ចសន្យា ដោយបើកឲ្យទាសករទាំងនោះមានសេរីភាព។ 11 ប៉ុន្តែ ក្រោយមក ពួកគេដូរគំនិត ហើយចាប់ពួកទាសាទាសីដែលខ្លួនបានដោះលែងនោះមកវិញ រួចបង្ខំឲ្យធ្វើជាទាសាទាសីដូចដើម។
12 ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយេរេមី ដូចតទៅ៖ 13 «យើងជាព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល បានចុះកិច្ចសន្យាជាមួយបុព្វបុរសរបស់អ្នករាល់គ្នា នៅថ្ងៃដែលយើងនាំពួកគេចាកចេញពីស្រុកអេស៊ីប គឺនៅស្រុកដែលពួកគេជាប់ជាទាសករ។ យើងបានពោលទៅពួកគេថា: 14 “ប្រាំពីរឆ្នាំម្ដង អ្នករាល់គ្នាត្រូវតែដោះលែងជនជាតិហេប្រឺ ដែលអ្នករាល់គ្នាទិញយកមកធ្វើជាទាសករ។ គេនៅបម្រើអ្នកប្រាំមួយឆ្នាំ បន្ទាប់មក ត្រូវដោះលែងគេឲ្យមានសេរីភាព”។ ប៉ុន្តែ បុព្វបុរសរបស់អ្នករាល់គ្នាពុំស្ដាប់បង្គាប់យើងទេ គឺពួកគេពុំត្រងត្រាប់ស្ដាប់ពាក្យរបស់យើងឡើយ។ 15 រីឯអ្នករាល់គ្នាវិញ នៅពេលថ្មីៗនេះ អ្នករាល់គ្នាបានកែប្រែចិត្តគំនិត ដោយប្រព្រឹត្តអំពើសុចរិតដែលយើងពេញចិត្ត គឺម្នាក់ៗបានប្រកាសថា នឹងប្រគល់សេរីភាពឲ្យបងប្អូនរបស់ខ្លួន ហើយអ្នករាល់គ្នាបានចុះកិច្ចសន្យា នៅចំពោះមុខយើង និងនៅក្នុងដំណាក់របស់យើងផ្ទាល់។ 16 ប៉ុន្តែ ឥឡូវនេះ អ្នករាល់គ្នាបែរជាដូរគំនិត ហើយប្រមាថនាមរបស់យើង ដោយចាប់ទាសាទាសីដែលអ្នករាល់គ្នាបានដោះលែងនោះមកវិញ រួចបង្ខំឲ្យធ្វើជាទាសាទាសីដូចដើម»។
17 ហេតុនេះ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ដោយអ្នករាល់គ្នាពុំបានស្ដាប់បង្គាប់យើង ក្នុងការដោះលែងបងប្អូន ដែលជាសាច់ឈាមរបស់ខ្លួនទេនោះ យើងក៏នឹងបណ្តោយឲ្យសង្គ្រាម ជំងឺអាសន្នរោគ និងទុរ្ភិក្សកើតមានដល់អ្នករាល់គ្នាដែរ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ពេលនគរទាំងប៉ុន្មាននៅផែនដីឃើញអ្នករាល់គ្នា គេនឹងតក់ស្លុតយ៉ាងខ្លាំង។ 18 យើងនឹងប្រព្រឹត្តចំពោះពួកអ្នកដែលបានរំលោភលើកិច្ចសន្យារបស់យើង ដោយកាប់កូនគោជាពីរ ហើយនាំគ្នាដើរនៅចន្លោះសាច់ទាំងពីរចំហៀងយ៉ាងនោះដែរ ដ្បិតពួកគេមិនបានគោរពល័ក្ខខ័ណ្ឌ ដែលគេបានសន្យាជាមួយយើង នៅពេលចុះកិច្ចសន្យានោះឡើយ។ 19 យើងនឹងប្រគល់ពួកមន្ត្រីនៅស្រុកយូដា ពួកមន្ត្រីនៅក្រុងយេរូសាឡឹម ពួកមហាតលិក ពួកបូជាចារ្យ និងប្រជាជននៅស្រុកទាំងមូល ដែលបានដើរកាត់ចន្លោះសាច់ទាំងពីរចំហៀងរបស់កូនគោនោះ 20 ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ និងក្នុងកណ្ដាប់ដៃរបស់អស់អ្នកដែលចង់ប្រហារជីវិតពួកគេ។ សាកសពរបស់ពួកគេក្លាយទៅជាចំណីរបស់ត្មាត និងឆ្កែចចក។ 21 យើងនឹងប្រគល់សេដេខ្យាស ជាស្តេចស្រុកយូដា និងពួកមន្ត្រី ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ ក្នុងកណ្ដាប់ដៃរបស់អស់អ្នកដែលចង់ប្រហារជីវិតពួកគេ និងក្នុងកណ្ដាប់ដៃកងទ័ពរបស់ស្តេចស្រុកបាប៊ីឡូន ទោះបីកងទ័ពបាប៊ីឡូនដកថយមួយរយៈសិនក៏ដោយ។ 22 យើងនឹងបញ្ជាឲ្យពួកគេវិលមកវាយក្រុងនេះវិញ ពួកគេនឹងវាយយកបានទីក្រុង ព្រមទាំងដុតកម្ទេចចោលទៀតផង។ យើងនឹងធ្វើឲ្យក្រុងនានានៅស្រុកយូដា ក្លាយទៅជាទីស្មសាន គ្មានប្រជាជនរស់នៅ»។