ជំពូក ២៩
លិខិតផ្ញើទៅប្រជាជនដែលជាឈ្លើយសឹក
1 ព្យាការីយេរេមីផ្ញើលិខិតមួយច្បាប់ពីក្រុងយេរូសាឡឹម ទៅជូនក្រុមព្រឹទ្ធាចារ្យ ព្រមទាំងក្រុមបូជាចារ្យ ក្រុមព្យាការី និងប្រជាជនទាំងអស់ ដែលព្រះចៅនេប៊ូកានេសារបានកៀរពីក្រុងយេរូសាឡឹម យកទៅជាឈ្លើយនៅស្រុកបាប៊ីឡូន 2 ក្រោយពេលដែលព្រះបាទយេកូនីយ៉ា សម្តេចមាតា ពួកមហាតលិក ពួកមន្ត្រីរបស់ជនជាតិយូដា ព្រមទាំងពួកជាងឈើ និងជាងដែក បានចាកចេញពីក្រុងយេរូសាឡឹមទៅ។ 3 ព្យាការីយេរេមីផ្ញើលិខិតនេះទៅក្រុងបាប៊ីឡូន តាមលោកអេឡាសារ ជាកូនរបស់លោកសាផន និងលោកកេម៉ារីយ៉ា ជាកូនរបស់លោកហ៊ីលគីយ៉ា ដែលព្រះបាទសេដេខ្យាស ជាស្តេចស្រុកយូដា ចាត់ឲ្យទៅគាល់ព្រះចៅនេប៊ូកានេសារ ជាស្តេចស្រុកបាប៊ីឡូន។ សេចក្ដីក្នុងសំបុត្រនោះមានដូចតទៅ៖
4 «ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលមកកាន់អស់អ្នកដែលព្រះអង្គឲ្យគេកៀរពីក្រុងយេរូសាឡឹម យកមកជាឈ្លើយនៅស្រុកបាប៊ីឡូនថា: 5 “ចូរសង់ផ្ទះ ហើយរស់នៅក្នុងផ្ទះនោះ ចូរដាំដំណាំ ហើយបរិភោគផលពីដំណាំនោះ។ 6 ចូររៀបការ ហើយបង្កើតកូនប្រុសកូនស្រី ចូរទុកដាក់កូនចៅឲ្យមានគូស្រករ ដើម្បីបង្កើតកូនបន្តពូជ។ អ្នករាល់គ្នារស់នៅកន្លែងណា ចូរបង្កើតកូន ពូនជាចៅឲ្យបានកើនចំនួនច្រើនឡើងនៅកន្លែងនោះ កុំចុះថយឡើយ។ 7 យើងដាក់អ្នករាល់គ្នានៅក្រុងណា ចូរខិតខំធ្វើឲ្យក្រុងនោះចម្រុងចម្រើនឡើង ចូរទូលអង្វរឲ្យក្រុងនោះ ដ្បិតអ្នករាល់គ្នាបានសុខ លុះត្រាតែក្រុងនោះបានសុខដែរ”។ 8ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា: “មិនត្រូវចាញ់បោកពួកព្យាការី ឬពួកគ្រូទាយ ដែលរស់នៅក្នុងចំណោមអ្នករាល់គ្នាឡើយ ហើយក៏មិនត្រូវយកចិត្តទុកដាក់នឹងការយល់សប្ដិរបស់អ្នករាល់គ្នាដែរ 9 ដ្បិតអ្នកទាំងនោះប្រើឈ្មោះយើងប្រកាសពាក្យក្លែងក្លាយ។ យើងមិនបានចាត់ពួកគេឲ្យមកទេ” -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
10ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា: “កាលស្រុកបាប៊ីឡូនត្រួតត្រាលើស្រុកទាំងឡាយបានគម្រប់ចិតសិបឆ្នាំហើយ យើងនឹងមករកអ្នករាល់គ្នា យើងនឹងសម្រេចតាមពាក្យសន្យារបស់យើង គឺនាំអ្នករាល់គ្នាវិលទៅស្រុកកំណើតវិញ។ 11 យើងស្គាល់ច្បាស់នូវគម្រោងការដែលយើងបានគ្រោងទុក សម្រាប់អ្នករាល់គ្នា ជាគម្រោងការដែលផ្តល់សេចក្ដីសុខសាន្តដល់អ្នករាល់គ្នា គឺមិនមែនឲ្យអ្នករាល់គ្នាត្រូវវេទនាទេ។ យើងនឹងផ្តល់សេចក្ដីសង្ឃឹម និងអនាគតល្អឲ្យអ្នករាល់គ្នា - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ 12 ពេលនោះ អ្នករាល់គ្នានឹងអធិស្ឋាន អ្នករាល់គ្នានឹងធ្វើដំណើរទៅទូលអង្វរយើង ហើយយើងនឹងឆ្លើយតបមកអ្នករាល់គ្នាវិញ។ 13 អ្នករាល់គ្នាស្វែងរកយើង ហើយនឹងជួបយើងមិនខាន ព្រោះអ្នករាល់គ្នាស្វែងរកយើង ដោយចិត្តស្មោះ។ 14 យើងនឹងឲ្យអ្នករាល់គ្នារកយើងឃើញ -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ - យើងនឹងស្តារប្រជាជាតិអ្នករាល់គ្នាឡើងវិញ យើងនឹងប្រមូលអ្នករាល់គ្នាពីក្នុងចំណោមប្រជាជាតិទាំងអស់ ពីគ្រប់កន្លែងដែលយើងកម្ចាត់កម្ចាយអ្នករាល់គ្នាឲ្យទៅនៅ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ យើងនឹងនាំអ្នករាល់គ្នាវិលត្រឡប់មកស្រុករបស់អ្នករាល់គ្នាវិញ។ 15 ប៉ុន្តែ អ្នករាល់គ្នាបានពោលថា ព្រះជាម្ចាស់ប្រទានព្យាការីមកឲ្យពួកយើង នៅស្រុកបាប៊ីឡូន!”។
16ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ស្តេច ដែលគ្រងរាជ្យលើបល្ល័ង្កព្រះបាទដាវីឌ ព្រមទាំងប្រជាជនទាំងអស់នៅក្នុងក្រុងនេះ និងបងប្អូនរបស់អ្នករាល់គ្នាដែលសត្រូវមិនបានកៀរយកទៅជាឈ្លើយដូចតទៅ: 17ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា “យើងនឹងប្រើដាវ ទុរ្ភិក្ស និងជំងឺអាសន្នរោគ ទៅប្រហារពួកគេ គឺយើងធ្វើឲ្យពួកគេបានដូចផ្លែឧទុម្ពរ ស្អុយដែលបរិភោគមិនកើត។ 18 យើងនឹងតាមប្រហារពួកគេ ដោយមុខដាវ ទុរ្ភិក្ស និងជំងឺអាសន្នរោគ។ យើងធ្វើឲ្យនគរទាំងប៉ុន្មាននៅផែនដីញ័ររន្ធត់ ដោយឃើញមហន្តរាយកើតមានដល់ពួកគេ។ ក្នុងចំណោមប្រជាជាតិទាំងឡាយ ដែលយើងកម្ចាត់កម្ចាយពួកគេឲ្យទៅនៅ មនុស្សម្នានឹងស្រឡាំងកាំង ហើយប្រើឈ្មោះពួកគេសម្រាប់ជេរប្រមាថ និងដាក់បណ្ដាសាគ្នាផង។ 19 ការទាំងនេះកើតមាន ព្រោះពួកគេមិនស្ដាប់ពាក្យយើង -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់- យើងបានចាត់ព្យាការី ជាអ្នកបម្រើរបស់យើង ឲ្យទៅរកពួកគេ ជារៀងរហូតមក តែពួកគេពុំព្រមស្ដាប់ទេ” -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
20 រីឯអ្នកទាំងអស់គ្នាដែលព្រះអម្ចាស់បានដេញចេញពីក្រុងយេរូសាឡឹមមកបាប៊ីឡូន ចូរស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គ!។
21ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលស្តីអំពីអខាប់ ជាកូនរបស់កូឡាយ៉ា និងសេដេខ្យាស ជាកូនរបស់ម៉ាសេយ៉ា ថា: “អ្នកទាំងពីរបានប្រកាសពាក្យក្លែងក្លាយ ក្នុងនាមយើង ប្រាប់អ្នករាល់គ្នា។ ហេតុនេះ យើងប្រគល់គេទៅក្នុងកណ្ដាប់ដៃរបស់នេប៊ូកានេសារ ជាស្តេចស្រុកបាប៊ីឡូន ហើយស្តេចនេប៊ូកានេសារនឹងប្រហារជីវិតអ្នកទាំងពីរ នៅមុខអ្នករាល់គ្នា។ 22 ក្នុងចំណោមប្រជាជនយូដាទាំងអស់ដែលជាប់ជាឈ្លើយនៅស្រុកបាប៊ីឡូន គេនឹងយកឈ្មោះអ្នកទាំងពីរទៅដាក់បណ្ដាសាគ្នាថា: សូមព្រះអម្ចាស់ដាក់ទោសឯង ដូចសេដេខ្យាស និងអខាប់ ដែលស្តេចស្រុកបាប៊ីឡូន ឲ្យគេយកទៅដុតនៅក្នុងភ្លើង! 23 អ្នកទាំងពីរបានប្រព្រឹត្តអំពើដ៏អាស្រូវក្នុងស្រុកអ៊ីស្រាអែល គឺប្រព្រឹត្តអំពើផិតក្បត់ជាមួយប្រពន្ធអ្នកដទៃ ហើយពោលពាក្យក្លែងក្លាយក្នុងនាមយើង ដោយយើងមិនបានបង្គាប់ឲ្យគេប្រកាសសោះ។ យើងជាសាក្សីដឹងឮអំពីរឿងនេះមែន! -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់”»។
24 «ចូរប្រាប់សេម៉ាយ៉ា ជាអ្នកស្រុកនេហេឡាំថា 25ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលដូចតទៅ: អ្នកបានផ្ញើសំបុត្រក្នុងនាមអ្នកផ្ទាល់ ទៅឲ្យប្រជាជនទាំងមូលនៅក្រុងយេរូសាឡឹម ព្រមទាំងបូជាចារ្យសេផានី ជាកូនរបស់ម៉ាសេយ៉ា និងបូជាចារ្យទាំងអស់ មានសេចក្ដីដូចតទៅ: 26 “លោកសេផានីអើយ ព្រះអម្ចាស់តែងតាំងលោកជាបូជាចារ្យ ជំនួសបូជាចារ្យយេហូយ៉ាដា ដើម្បីឲ្យលោកទទួលខុសត្រូវលើការងារក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ហើយពិនិត្យមើលក្រែងលោមាននរណាម្នាក់កើតគំនិតលេលាតាំងខ្លួនជាព្យាការី។ លោកត្រូវតែយកជនប្រភេទនោះដាក់ច្រវាក់ និងយកឃ្នាងមកដាក់កដែរ។ 27 ឥឡូវនេះ ហេតុដូចម្ដេចបានជាលោកមិនដាក់ទោសយេរេមី ជាអ្នកស្រុកអាណាតូត ដែលតាំងខ្លួនជាព្យាការីក្នុងចំណោមអ្នករាល់គ្នាដូច្នេះ? 28 គាត់សរសេរសំបុត្រមកពួកយើងនៅស្រុកបាប៊ីឡូននេះថា: អ្នករាល់គ្នាត្រូវតែរស់នៅទីនេះយ៉ាងយូរ ចូរសង់ផ្ទះ ហើយរស់នៅក្នុងផ្ទះនោះ ចូរដាំដំណាំ ហើយបរិភោគផលពីដំណាំនោះ!”»។
29 បូជាចារ្យសេផានីអានសំបុត្រនោះឲ្យព្យាការីយេរេមីស្ដាប់។ 30ព្រះអម្ចាស់ក៏មានព្រះបន្ទូលមកកាន់លោកយេរេមីដូចតទៅ៖ 31 «ចូរចាត់គេឲ្យទៅប្រាប់ប្រជាជនទាំងអស់ ដែលជាប់ជាឈ្លើយថា ព្រះអម្ចាស់មានព្រះបន្ទូលស្តីអំពីសេម៉ាយ៉ា ជាអ្នកស្រុកនេហេឡាំ ដូចតទៅ: សេម៉ាយ៉ាថ្លែងប្រាប់អ្នករាល់គ្នានូវសេចក្ដីផ្សេងៗ ធ្វើឲ្យអ្នករាល់គ្នាសង្ឃឹមលើពាក្យមិនពិត តែយើងពុំបានចាត់គាត់ឲ្យមកទេ។ 32 ហេតុនេះ យើងនឹងដាក់ទោសសេម៉ាយ៉ា ជាអ្នកស្រុកនេហេឡាំ និងកូនចៅរបស់គាត់។ គ្មាននរណាម្នាក់ក្នុងក្រុមគ្រួសាររបស់គាត់ អាចរស់នៅក្នុងចំណោមប្រជារាស្ដ្រនេះ ហើយឃើញប្រជារាស្ដ្ររបស់យើងទទួលសុភមង្គល ដែលយើងនឹងផ្តល់ឲ្យនោះឡើយ ដ្បិតសេម៉ាយ៉ាបានប្រកាសឲ្យគេបះបោរប្រឆាំងនឹងព្រះអម្ចាស់» -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។