ជំពូក ២៨
លោកយេរេមីតទល់នឹងលោកហាណានីយ៉ា
1 ក្នុងឆ្នាំដដែល នៅដើមរជ្ជកាលព្រះបាទសេដេខ្យាស ជាស្តេចស្រុកយូដា គឺនៅខែទីប្រាំ ក្នុងឆ្នាំទីបួន លោកហាណានីយ៉ា ជាកូនរបស់លោកអាស្សួរ ដែលជាព្យាការីនៅភូមិកាបូន ពោលមកខ្ញុំក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ នៅចំពោះមុខក្រុមបូជាចារ្យ និងប្រជាជនទាំងមូលថា៖
2 «ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលដូចតទៅ: “យើងនឹងបំបាក់នឹមស្តេចស្រុកបាប៊ីឡូន! 3 ពីរឆ្នាំទៀត យើងនឹងនាំសម្ភារៈទាំងប៉ុន្មាននៃព្រះដំណាក់របស់ព្រះអម្ចាស់ ដែលនេប៊ូកានេសារ ជាស្តេចស្រុកបាប៊ីឡូន បានដឹកទៅនោះ យកមកទុកនៅកន្លែងនេះវិញ។ 4 យើងក៏នាំយេកូនីយ៉ា ជាបុត្ររបស់យ៉ូយ៉ាគីម ស្តេចស្រុកយូដា និងអ្នកស្រុកយូដាទាំងប៉ុន្មាន ដែលគេកៀរយកទៅជាឈ្លើយសឹកនៅស្រុកបាប៊ីឡូននោះត្រឡប់មកវិញដែរ ដ្បិតយើងនឹងបំបាក់នឹមរបស់ស្តេចស្រុកបាប៊ីឡូន”»។
5 ព្យាការីយេរេមីបានតបទៅព្យាការីហាណានីយ៉ា នៅចំពោះមុខក្រុមបូជាចារ្យ និងប្រជាជនទាំងមូល ដែលស្ថិតនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ថា៖ 6 «អាម៉ែន! សូមព្រះអម្ចាស់ធ្វើតាមពាក្យរបស់លោក! សូមព្រះអម្ចាស់សម្រេចតាមពាក្យដែលលោកប្រកាសនេះចុះ! គឺសូមព្រះអង្គនាំសម្ភារៈរបស់ព្រះវិហារ និងប្រជាជនដែលគេកៀរយកទៅជាឈ្លើយសឹកនោះមកវិញ! 7 ប៉ុន្តែ សូមស្ដាប់សេចក្ដីដែលខ្ញុំយកមកជម្រាបលោក និងប្រជាជនទាំងមូល ឲ្យបានជ្រាប ដូចតទៅ: 8 ព្យាការីទាំងប៉ុន្មានដែលរស់នៅមុនយើងទាំងពីរនាក់ បានថ្លែងព្រះបន្ទូលតាំងពីយូរយារណាស់មកហើយថា ប្រទេស និងនគរធំៗជាច្រើន ត្រូវកើតសង្គ្រាម កើតអន្តរាយ និងកើតជំងឺអាសន្នរោគ។ 9 ប្រសិនបើមានព្យាការីណាម្នាក់ប្រកាសថា ស្រុកបានសុខសាន្ត យើងដឹងថា ព្រះអម្ចាស់ចាត់ព្យាការីនោះឲ្យមកមែន លុះត្រាណាតែស្រុកបានសុខសាន្ត ដូចពាក្យគាត់ប្រកាស»។
10 ពេលនោះ ព្យាការីហាណានីយ៉ាបានដោះនឹមចេញពីស្មារបស់ព្យាការីយេរេមី មកកាច់បំបាក់ 11 ហើយពោលនៅចំពោះមុខប្រជាជនទាំងអស់ដូចតទៅ៖ «ព្រះអម្ចាស់មានព្រះបន្ទូលថា: ពីរឆ្នាំទៀត យើងនឹងបំបាក់នឹមរបស់នេប៊ូកានេសារ ជាស្តេចស្រុកបាប៊ីឡូន ហើយរំដោះប្រជាជាតិទាំងអស់»។ ព្យាការីយេរេមីក៏ដើរចេញពីកន្លែងនោះទៅ។
12 បន្ទាប់ពីព្យាការីហាណានីយ៉ាបំបាក់នឹមដែលស្ថិតនៅលើស្មារបស់ព្យាការីយេរេមី ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្យាការីយេរេមីដូចតទៅ៖ 13 «ចូរទៅប្រាប់ហាណានីយ៉ាថា: ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅនេះ: អ្នកបានបំបាក់នឹមដែលធ្វើពីឈើ តែយើងនឹងយកនឹមដែកមកដាក់ជំនួសវិញ។ 14ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា យើងដាក់នឹមដែកលើប្រជាជាតិទាំងនោះ ដើម្បីបង្ក្រាបពួកគេឲ្យនៅក្រោមអំណាចនេប៊ូកានេសារ ជាស្តេចស្រុកបាប៊ីឡូន។ ប្រជាជាតិទាំងនោះនឹងបម្រើនេប៊ូកានេសារ សូម្បីតែសត្វព្រៃក៏យើងប្រគល់ឲ្យស្តេចនោះដែរ»។
15 បន្ទាប់មក ព្យាការីយេរេមីមានប្រសាសន៍ទៅកាន់ព្យាការីហាណានីយ៉ាថា៖ «លោកហាណានីយ៉ាអើយ! សូមស្ដាប់ខ្ញុំសិន! ព្រះអម្ចាស់មិនបានចាត់លោកឲ្យមកទេ! លោកនាំប្រជាជននេះឲ្យសង្ឃឹមលើពាក្យមិនពិត។ 16ព្រះអម្ចាស់មានព្រះបន្ទូលថា យើងនឹងបណ្តេញអ្នកឲ្យចាកចេញពីផែនដី! ឆ្នាំនេះ អ្នកត្រូវតែស្លាប់ ព្រោះអ្នកបានប្រកាសឲ្យគេបះបោរប្រឆាំងនឹងព្រះអម្ចាស់»។ 17 ព្យាការីហាណានីយ៉ាក៏ទទួលមរណភាព នៅខែទីប្រាំពីរ នាឆ្នាំនោះ។