ជំពូក ២០

លោក​យេរេមី និង​បូជា‌ចារ្យ​ប៉ាសួរ

1 ពេល​លោក​បូជា‌ចារ្យ​ប៉ាសួរ ជា​កូន​របស់​លោក​អ៊ីមែរ និង​ជា​អនុ‌រក្ស​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ បាន​ឮ​លោក​យេរេមី​ថ្លែង​ព្រះ‌បន្ទូល​ទាំង​នេះ 2 គាត់​ទះ​កំផ្លៀង​លោក​យេរេមី រួច​បញ្ជា​ឲ្យ​គេ​ដាក់​ច្រវាក់​លោក នៅ​ទ្វារ​បេន‌យ៉ាមីន​ផ្នែក​ខាង​លើ ជាប់​នឹង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។ 3 នៅ​ថ្ងៃ​បន្ទាប់ លោក​ប៉ាសួរ​មក​ស្រាយ​លោក​យេរេមី លោក​យេរេមី​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «ព្រះ‌អម្ចាស់​មិន​ហៅ​លោក​ថា “ប៉ាសួរ” ទៀត​ទេ គឺ​ព្រះ‌អង្គ​នឹង​ហៅ​លោក​ថា “ម៉ាកូរ-‌មីស្សា‌ប៊ីប” វិញ 4 ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: “យើង​នឹង​ធ្វើ​ឲ្យ​ការ​ព្រឺ‌ខ្លាច​កើត​មាន​ដល់​អ្នក និង​មិត្ត‌ភក្ដិ​របស់​អ្នក។ មិត្ត‌ភក្ដិ​ទាំង​នោះ​នឹង​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ​របស់​ខ្មាំង នៅ​ក្រោម​ក្រសែ‌ភ្នែក​របស់​អ្នក។ យើង​នឹង​ប្រគល់​ជន​ជាតិ​យូដា​ទាំង​មូល ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្តេច​ស្រុក​បាប៊ីឡូន​ដែរ ស្តេច​នោះ​នឹង​កៀរ​ពួក​គេ​យក​ទៅ​ជា​ឈ្លើយ​សឹក​នៅ​ស្រុក​បាប៊ីឡូន ហើយ​ប្រហារ​ពួក​គេ​ដោយ​មុខ​ដាវ។ 5 យើង​នឹង​ប្រគល់​ស្បៀង​អាហារ​ទាំង​ប៉ុន្មាន​នៃ​ក្រុង​នេះ ព្រម​ទាំង​សម្បត្តិ​ទ្រព្យ​ដែល​ជា​ផល​នៃ​ការ‌ងារ​របស់​គេ និង​អ្វីៗ​ទាំង​អស់​ដ៏​មាន​តម្លៃ​ទៅ​ឲ្យ​ខ្មាំង។ យើង​នឹង​ប្រគល់​រាជ‌ទ្រព្យ​ទាំង​ប៉ុន្មាន​របស់​ស្តេច​ស្រុក​យូដា ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ ពួក​គេ​នឹង​រឹប​អូស​យក​ជា​ជ័យ‌ភ័ណ្ឌ ហើយ​ដឹក​ជញ្ជូន​ទៅ​ស្រុក​បាប៊ីឡូន។ 6 រីឯ​អ្នក​វិញ ប៉ាសួរ​អើយ អ្នក ព្រម​ទាំង​ក្រុម​គ្រួសារ​របស់​អ្នក​នឹង​ត្រូវ​គេ​កៀរ​ទៅ​ជា​ឈ្លើយ​សឹក​នៅ​បាប៊ីឡូន ហើយ​អ្នក​នឹង​ស្លាប់​នៅ​ទី​នោះ។ គេ​នឹង​បញ្ចុះ​សព​អ្នក ព្រម​ទាំង​សព​មិត្ត‌ភក្ដិ​ទាំង​អស់​ដែល​អ្នក​បាន​ថ្លែង​ព្រះ‌បន្ទូល​ក្លែង‌ក្លាយ​ប្រាប់​ពួក​គេ”»។

លោក​យេរេមី​ត្អូញ‌ត្អែរ​ដាក់​ព្រះ‌អម្ចាស់

7 បពិត្រ​ព្រះ‌អម្ចាស់!

ព្រះ‌អង្គ​បាន​លួង‌លោម​ទូល‌បង្គំ

ហើយ​ទូល‌បង្គំ​ក៏​យល់​ព្រម​តាម

ព្រះ‌អង្គ​បាន​បង្ខំ​ទូល‌បង្គំ

ហើយ​ព្រះ‌អង្គ​ក៏​បាន​ឈ្នះ​ទូល‌បង្គំ។

រៀង​រាល់​ថ្ងៃ ប្រជាជន​ទាំង​អស់​នាំ​គ្នា

សើច​ចំអក និង​ប្រមាថ​មាក់‌ងាយ​ទូល‌បង្គំ។

8 គ្រប់​ពេល​ដែល​ទូល‌បង្គំ​និយាយ

ទូល‌បង្គំ​ស្រែក​ប្រកាស​តែ​អំពី​ការ​ឃោរ‌ឃៅ

និង​មហន្ត‌រាយ។

ព្រោះ​តែ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់

ពួក​គេ​ត្មះ‌តិះ‌ដៀល និង​សើច​ចំអក

ឲ្យ​ទូល‌បង្គំ តាំង​ពី​ព្រលឹម​ទល់​ព្រលប់។

9 ប្រសិន​បើ​ទូល‌បង្គំ​សម្រេច​ចិត្ត​ថា

ឈប់​នឹក​នា​ពី​ព្រះ‌បន្ទូល

ហើយ​លែង​និយាយ​ក្នុង​នាម​ព្រះ‌អង្គ​ទៀត​នោះ

ទូល‌បង្គំ​នឹង​អន្ទះ‌សា​នៅ​ក្នុង​ខ្លួន

ដូច​មាន​ភ្លើង​ឆាប‌ឆេះ​រហូត​ដល់​ឆ្អឹង

ទូល‌បង្គំ​ខំ​ប្រឹង​ពន្លត់​ភ្លើង​នេះ​រហូត​អស់​កម្លាំង

តែ​វា​មិន​ព្រម​រលត់​ទេ។

10 ទូល‌បង្គំ​ឮ​មហា‌ជន​និយាយ​មួល​បង្កាច់​ទូល‌បង្គំ

ថា “អ្នក​នេះ​ដើរ​បំភ័យ​គេ​គ្រប់​ទី​កន្លែង

ចូរ​ប្ដឹង​គាត់! ចូរ​យើង​នាំ​គ្នា​ទៅ​ប្ដឹង​គាត់!”។

សូម្បី​មិត្ត​សម្លាញ់​ជិត‌ដិត​របស់​ទូល‌បង្គំ

ក៏​ចាំ​តែ​ចាប់​កំហុស​ទូល‌បង្គំ​ដែរ។

គេ​និយាយ​គ្នា​ថា

“បើ​យើង​លួង‌លោម​បញ្ឆោត​គាត់

យើង​នឹង​ចាប់​គាត់​បាន

ហើយ​យក​គាត់​មក​ធ្វើ​បាប​សង‌សឹក​តាម​ចិត្ត”។

11 ប៉ុន្តែ ព្រះ‌អម្ចាស់​គង់​នៅ​ជា​មួយ​ទូល‌បង្គំ

ព្រះ‌អង្គ​ចាំ​ជួយ​ទូល‌បង្គំ ដូច​វីរ‌បុរស​ដ៏​អង់‌អាច

ហេតុ​នេះ អស់​អ្នក​ដែល​បៀត‌បៀន​ទូល‌បង្គំ

មុខ​ជា​ដួល ហើយ​មិន​អាច​ឈ្នះ​ទូល‌បង្គំ​បាន។

ពួក​គេ​នឹង​ត្រូវ​អាម៉ាស់​ជា​ខ្លាំង

ព្រោះ​ធ្វើ​អ្វី​ទូល‌បង្គំ​មិន​កើត

ពួក​គេ​នឹង​បាក់​មុខ​រហូត​ត​ទៅ ឥត​ភ្លេច​ឡើយ។

12ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​ស្ទង់​មើល

ចិត្ត​គំនិត​របស់​មនុស្ស​សុចរិត

ព្រះ‌អង្គ​ឈ្វេង​យល់​ចិត្ត​ថ្លើម​របស់​គេ។

ទូល‌បង្គំ​នឹង​ឃើញ​ព្រះ‌អង្គ​សង‌សឹក​ពួក​គេ

ជំនួស​ទូល‌បង្គំ

ដ្បិត​ទូល‌បង្គំ​ផ្ញើ​ជីវិត​ទាំង​ស្រុង​លើ​ព្រះ‌អង្គ។

13 សូម​ច្រៀង​ថ្វាយ​ព្រះ‌អម្ចាស់!

សូម​សរសើរ​តម្កើង​ព្រះ‌អម្ចាស់!

ដ្បិត​ព្រះ‌អង្គ​រំដោះ​ជីវិត​មនុស្ស​ទុរគត

ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​មនុស្ស​អាក្រក់។

14 សូម​ឲ្យ​ថ្ងៃ​កំណើត​របស់​ទូល‌បង្គំ

ត្រូវ​បណ្ដាសា!

សូម​កុំ​ឲ្យ​មាន​នរណា​ចាត់​ទុក​ថ្ងៃ​ដែល​ម្ដាយ

របស់​ទូល‌បង្គំ​បង្កើត​ទូល‌បង្គំ​មក​នោះ

ថា​ជា​ថ្ងៃ​ប្រកប​ដោយ​ព្រះ‌ពរ​ឡើយ!

15 រីឯ​អ្នក​ដែល​បាន​នាំ​ដំណឹង​ទៅ​ជម្រាប

ឪពុក​ទូល‌បង្គំ ថា “អ្នក​មាន​កូន​ប្រុស​មួយ”

ហើយ​ធ្វើ​ឲ្យ​ឪពុក​ទូល‌បង្គំ

រីក‌រាយ​យ៉ាង​ខ្លាំង

សូម​ឲ្យ​អ្នក​នោះ​ត្រូវ​បណ្ដាសា!

16 សូម​ឲ្យ​អ្នក​នោះ​បាន​ដូច​ក្រុង​នានា

ដែល​ព្រះ‌អម្ចាស់​រំលាយ ដោយ​ឥត​នឹក​ស្តាយ!

ពេល​ព្រឹក សូម​ឲ្យ​អ្នក​នោះ​ឮ​សម្រែក

ប្រកាស​ភាព​អាសន្ន

ហើយ​នៅ​ថ្ងៃ​ត្រង់ ឮ​សម្រែក​ខ្មាំង​មក​ដល់!

17 ប្រសិន​បើ​ព្រះ‌អង្គ​ទុក​ឲ្យ​ទូល‌បង្គំ​ស្លាប់

មុន​ពេល​ទូល‌បង្គំ​កើត​មក​នោះ​ប្រសើរ​ជាង។

ម្ដាយ​របស់​ទូល‌បង្គំ​នឹង​ក្លាយ​ទៅ​ជា

ផ្នូរ​របស់​ទូល‌បង្គំ

ហើយ​ទូល‌បង្គំ​នឹង​ស្ថិត​នៅ​ក្នុង​ផ្ទៃ​ម្ដាយ

រហូត​ត​ទៅ។

18 ហេតុ​អ្វី​បាន​ជា​ទូល‌បង្គំ​ចេញ​ពី​ផ្ទៃ​ម្ដាយ

ដើម្បី​ឃើញ​តែ​ទុក្ខ​វេទនា និង​ការ​ឈឺ​ចាប់

ហើយ​ត្រូវ​អាម៉ាស់​អស់​មួយ​ជីវិត​ដូច្នេះ?