ជំពូក ៨

1ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​គ្រា​នោះ គេ​នឹង​យក​ធាតុ​ស្តេច​របស់​ស្រុក​យូដា ធាតុ​របស់​មន្ត្រី ធាតុ​របស់​បូជា‌ចារ្យ ធាតុ​របស់​ព្យាការី ព្រម​ទាំង​ធាតុ​របស់​អ្នក​ក្រុង​យេរូ‌សាឡឹម​ចេញ​ពី​ផ្នូរ 2 ទៅ​ដាក់​ហាល​ចោល​ក្រោម​ព្រះ‌អាទិត្យ ក្រោម​ព្រះ‌ច័ន្ទ និង​ក្រោម​ហ្វូង​ផ្កាយ​ទាំង​ប៉ុន្មាន ដែល​ពួក​គេ​ធ្លាប់​ស្រឡាញ់ ធ្លាប់​គោរព​បម្រើ ធ្លាប់​ជំពាក់​ចិត្ត ធ្លាប់​យក​មក​ទស្សន៍‌ទាយ និង​ធ្លាប់​ក្រាប​ថ្វាយ‌បង្គំ។ គ្មាន​នរណា​ប្រមូល​ធាតុ​ទាំង​នោះ​យក​ទៅ​បញ្ចុះ​វិញ​ទេ គឺ​គេ​ទុក​ចោល​នៅ​លើ​ដី​ដូច​លាមក​សត្វ។ 3 រីឯ​អ្នក​ដែល​នៅ​សេស‌សល់​ពី​ពូជ​មនុស្ស​ដ៏​អាក្រក់ ដែល​យើង​បំបរ‌បង់​ឲ្យ​ទៅ​នៅ​គ្រប់​ទី​កន្លែង​នោះ​វិញ គេ​ចង់​ស្លាប់​ជាង​នៅ​រស់» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។

ប្រជា‌ជាតិ​នេះ​ឥត​យល់​អ្វី​ទាំង​អស់

4 ចូរ​ប្រាប់​ពួក​គេ​ថា ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល

ដូច​ត​ទៅ:

«ធម្មតា អ្នក​ដួល​តែង‌តែ​ក្រោក​ឡើង​វិញ

ហើយ​អ្នក​វង្វេង​ផ្លូវ

ក៏​តែង‌តែ​បក​ក្រោយ​វិញ​ដែរ។

5 ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​ប្រជាជន

ក្រុង​យេរូ‌សាឡឹម​នាំ​គ្នា​វង្វេង​ចេញ​ពី​យើង

ហើយ​ចេះ​តែ​មាន​ចិត្ត​សាវ៉ា​ដូច្នេះ?

ពួក​គេ​នៅ​តែ​ឈ្លក់​ចិត្ត​នឹង​ព្រះ​ក្លែង‌ក្លាយ

ពួក​គេ​ពុំ​ព្រម​វិល​ត្រឡប់​មក​វិញ​ទេ!។

យើង​ផ្ទៀង​ត្រចៀក​ស្ដាប់

ឮ​ពួក​គេ​ពោល​ពាក្យ​សុទ្ធ​តែ​ឥត​ខ្លឹមសារ

គ្មាន​នរណា​ម្នាក់​សោក​ស្តាយ​ថា

ខ្លួន​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ ដោយ​ពោល​ថា

“ខ្ញុំ​បាន​ធ្វើ​ខុស​ហើយ” នោះ​ឡើយ

គឺ​ពួក​គេ​ទាំង​អស់​គ្នា​រត់​ទៅ​ប្រព្រឹត្ត​តាម

អំពើ​ចិត្ត​របស់​ខ្លួន​ដូច​សេះ​បោល​ក្នុង​សមរ‌ភូមិ។

7 កុក​ដែល​ហើរ​នៅ​លើ​មេឃ​ចេះ​ស្គាល់​រដូវ​កាល

ហើយ​លលក ត្រចៀក‌កាំ និង​ស្មោញ

ក៏​ចេះ​សម្គាល់​មើល​ថា

តើ​ពេល​ណា​វា​ត្រូវ​វិល​មក​វិញ​ដែរ

ប៉ុន្តែ ប្រជាជន​របស់​យើង​មិន​ស្គាល់

ដំបូន្មាន​របស់​យើង​ទេ។

8 តើ​ធ្វើ​ម្ដេច​ឲ្យ​អ្នក​រាល់​គ្នា​អាច​ពោល​ថា

“ពួក​យើង​ជា​មនុស្ស​មាន​ប្រាជ្ញា

ដ្បិត​ពួក​យើង​មាន​វិន័យ​របស់​ព្រះ‌អម្ចាស់”

បើ​ស្មៀន​ចម្លង​គម្ពីរ‌វិន័យ

នាំ​គ្នា​ចម្លង​ទាំង​បង្ខុស​ដូច្នេះ?

9 អ្នក​ប្រាជ្ញ​របស់​អ្នក​រាល់​គ្នា​នឹង​ត្រូវ​អាម៉ាស់

ពួក​គេ​នឹង​វង្វេង‌វង្វាន់ ជាប់​អន្ទាក់។

ពួក​គេ​មាក់‌ងាយ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់

ដូច្នេះ តើ​គេ​មាន​ប្រាជ្ញា​អ្វី?

10 ហេតុ​នេះ យើង​នឹង​ប្រគល់​ប្រពន្ធ​របស់​ពួក​គេ

ទៅ​ឲ្យ​អ្នក​ដទៃ

ប្រគល់​ស្រែ​ចម្ការ​របស់​ពួក​គេ​ទៅ​ឲ្យ

អស់​អ្នក​ដែល​នឹង​មក​ចាប់​យក

ដ្បិត​ពួក​គេ​ទាំង​អស់​គ្នា​គិត​តែ​ពី​ស្វែង​រក

ប្រយោជន៍​ផ្ទាល់​ខ្លួន

គឺ​ចាប់​តាំង​ពី​អ្នក​តូច​រហូត​ដល់​អ្នក​ធំ

ហើយ​ចាប់​តាំង​ពី​ព្យាការី​រហូត​ដល់​បូជា‌ចារ្យ

សុទ្ធ​តែ​ជា​អ្នក​បោក​ប្រាស់។

11 ពួក​គេ​មិន​ឈឺ‌ឆ្អាល​នឹង​ទុក្ខ​វេទនា

នៃ​ប្រជាជន​របស់​យើង​ទេ។

ពួក​គេ​និយាយ​ពី «សន្តិ‌ភាព! សន្តិ‌ភាព!»

តែ​គ្មាន​សន្តិ‌ភាព​ទាល់​តែ​សោះ!។

12 ពួក​គេ​គួរ​តែ​អាម៉ាស់

ដោយ​បាន​ប្រព្រឹត្ត​អំពើ​ព្រៃ‌ផ្សៃ។

ប៉ុន្តែ ពួក​គេ​មាន​មុខ​ក្រាស់

មិន​យល់​ថា គេ​បន្ថោក​ខ្លួន​ឯង​ឡើយ។

ហេតុ​នេះ​ហើយ​បាន​ជា​ពួក​គេ​ត្រូវ​វិនាស

ជា​មួយ​អស់​អ្នក​ដែល​ត្រូវ​វិនាស។

នៅ​ថ្ងៃ​ដែល​យើង​វិនិច្ឆ័យ​ទោស​ពួក​គេ

ពួក​គេ​នឹង​ត្រូវ​ដួល​ជា​មិន​ខាន»

- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

13ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា:

«យើង​សម្រេច​ចិត្ត​បំផ្លាញ​ពួក​គេ​ចោល

ព្រោះ​ពេល​យើង​ចង់​ប្រមូល​ផល

ពួក​គេ​គ្មាន​ផល​អ្វី​ទាល់​តែ​សោះ

គឺ​ដូច​ចម្ការ​ទំពាំង‌បាយ‌ជូរ​ដែល​គ្មាន​ផ្លែ

ដូច​ដើម​ឧទុម្ពរ​ដែល​គ្មាន​ផ្លែ

ហើយ​ស្លឹក​របស់​វា​ក៏​ស្វិត​ក្រៀម។

ដូច្នេះ យើង​នឹង​ប្រគល់​ដី​ឲ្យ

អស់​អ្នក​ដែល​ដើរ​កាត់​តាម​នោះ»។

14 «ហេតុ​អ្វី​បាន​ជា​នាំ​គ្នា​អង្គុយ​ស្ងៀម​ដូច្នេះ

ចូរ​ប្រមែ‌ប្រមូល​គ្នា​មក

ពួក​យើង​នឹង​ទៅ​ទីក្រុង​ដែល​មាន​កំពែង​រឹង‌មាំ

ហើយ​សំងំ​ចាំ​ស្លាប់​នៅ​ទី​នោះ

ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង

ធ្វើ​ឲ្យ​យើង​វិនាស

ព្រះ‌អង្គ​ឲ្យ​យើង​ផឹក​ទឹក​ដែល​មាន​ពិស‌ពុល

ព្រោះ​យើង​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង

ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ។

15 ពួក​យើង​សង្ឃឹម​ថា​នឹង​បាន​សុខ

តែ​គ្មាន​អ្វី​ល្អ​ប្រសើរ​កើត​ឡើង​សោះ!

យើង​សង្ឃឹម​ថា នឹង​មាន​ពេល​មួយ

យើង​បាន​ជា​សះ‌ស្បើយ

តែ​យើង​បែរ​ជា​ជួប​ភ័យ​អាសន្ន​ទៅ​វិញ!

16 សន្ធឹក​ជើង​សេះ​របស់​ខ្មាំង​លាន់​ឮ​ពី​ក្រុង​ដាន់

សម្រែក​របស់​វា​បាន​ធ្វើ​ឲ្យ​ផែន‌ដី​ញាប់‌ញ័រ

ពួក​គេ​មក​ដល់​ហើយ ពួក​គេ​បំផ្លាញ​ស្រុក

និង​អ្វីៗ​ដែល​មាន​នៅ​ក្នុង​ស្រុក

ពួក​គេ​បំផ្លាញ​ក្រុង

និង​ប្រជាជន​ដែល​រស់​នៅ​ក្នុង​ក្រុង»។

17 «យើង​នឹង​ប្រើ​ពស់‌វែក និង​ពស់​អសិរ‌ពិស

ឲ្យ​ទៅ​ចឹក​អ្នក​រាល់​គ្នា ជា​ពស់​ដែល

គ្មាន​គ្រូ​អាលម្ពាយ​ណា​អាច​សណ្តំ​ឡើយ»

- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

ទំនួញ​របស់​លោក​យេរេមី

18 ខ្ញុំ​ឈឺ​ចុក​ចាប់​ក្នុង​ចិត្ត​ពន់​ប្រមាណ

តែ​គ្មាន​អ្វី​អាច​សម្រាល​ទុក្ខ​របស់​ខ្ញុំ​បាន​ទេ

19 សម្រែក​យំ​សោក​នៃ​ប្រជាជន​របស់​ខ្ញុំ

លាន់​ឮ​ពី​ដែន​ដី​ដ៏​សែន​ឆ្ងាយ

ព្រះ‌អម្ចាស់​លែង​គង់​នៅ​ក្រុង​ស៊ីយ៉ូន​ហើយ​ឬ?

ក្រុង​ស៊ីយ៉ូន​លែង​មាន​ព្រះ‌មហា​ក្សត្រ​ហើយ​ឬ?

«ហេតុ​អ្វី​បាន​ជា​ពួក​គេ​ធ្វើ​ឲ្យ​យើង​ខឹង

ដោយ‌សារ​រូប​ព្រះ​ក្លែង‌ក្លាយ​ជា​ព្រះ​ឥត​បាន​ការ

របស់​សាសន៍​ដទៃ​ដូច្នេះ?»។

20 រដូវ​ចម្រូត​កន្លង​ផុត​ទៅ

រដូវ​ប្រាំង​ក៏​ជិត​ផុត​ទៅ​ដែរ

តែ​ពួក​យើង​ពុំ​បាន​ទទួល​ការ​សង្គ្រោះ​សោះ!

21 ដួង​ចិត្ត​ខ្ញុំ​ត្រូវ​ខ្ទេច‌ខ្ទាំ

ដោយ‌សារ​មហន្ត‌រាយ​នៃ​ប្រជាជន​របស់​ខ្ញុំ

ខ្ញុំ​វិល‌វល់​ស្មារតី ដោយ‌សារ​ទុក្ខ​ព្រួយ​ដ៏​ធ្ងន់។

22 តើ​នៅ​ស្រុក​កាឡាដ​លែង​មាន​ប្រេង

សម្រាប់​រឹត​ឲ្យ​បាន​ធូរ​ស្រាល​ហើយ​ឬ?

តើ​នៅ​ទី​នោះ លែង​មាន​គ្រូ‌ពេទ្យ​ហើយ​ឬ?

ហេតុ​អ្វី​បាន​ជា​ដំបៅ​នៃ​ប្រជាជន​របស់​ខ្ញុំ

មិន​ព្រម​សះ​ដូច្នេះ?

23(៩.១) ប្រសិន​បើ​ខ្ញុំ​សម្បូណ៌​ទឹក​ភ្នែក

ហើយ​ទឹក​ភ្នែក​ខ្ញុំ​អាច​ហូរ​ដូច​ទឹក​ទន្លេ

ម៉្លេះ​សម​ខ្ញុំ​យំ​ទាំង​ថ្ងៃ​ទាំង​យប់

ស្រណោះ​សាក‌សព​ប្រជាជន​របស់​ខ្ញុំ។